គ្រួសារ​លោក ជា វិជ្ជា ស្វែង​រក​អន្តរាគមន៍​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​ឃាតក​ពិត

ក្រុម​គ្រួសារ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​ឃាតក​បាញ់​សម្លាប់​កាល​ឆ្នាំ​២០០៤ កន្លង​ទៅ បាន​អះអាង​ថា សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ពីព្រោះ​ជន​ដៃ​ដល់​ជា​ឃាតក​ពិត សមត្ថកិច្ច​មិន​ទាន់​វែក​មុខ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។ ការ​អះអាង​នេះ បន្ទាប់​ពី​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង លោក ប៊ន សំណាង និង លោក សុខ សំអឿន ដែល​ជា​ឃាតក​សិប្បនិម្មិត​ពី​ពន្ធនាគារ​ឲ្យ​រួច​ផុត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​លើ លោក ជា វិជ្ជា។
ដោយ ខែ សុណង
2013-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​បច្ចុប្បន្ន និង​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​លោក ជា វិជ្ជា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ក្បែរ​របង​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១។
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​បច្ចុប្បន្ន និង​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​លោក ជា វិជ្ជា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ក្បែរ​របង​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១។
RFA

ប្អូន​ប្រុស លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ កំពុង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដើម្បី​ស្វែង​រក​ការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​អសមត្ថភាព​ក្នុង​ការ​ស្វែង​រក​ឃាតក​ពិត​ដែល​បាន​បាញ់​សម្លាប់​បង​ប្រុស​របស់​លោក។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថា សំណុំ​រឿង​ឃាតក​លើ លោក ជា វិជ្ជា នឹង​មិន​ផុត​រលត់​នោះ​ទេ ប្រសិន​ណា​ឃាតក​ពិត​មិន​ត្រូវ​បាន​នាំ​យក​មក​ផ្ដន្ទាទោស​នោះ។ លោក​ថា ក្រុម​គ្រួសារ លោក ជា វិជ្ជា និង​សាច់​ញាតិ​ទាំងអស់ នៅ​តែ​រង់ចាំ​យុត្តិធម៌​ជានិច្ច។ លោក ជា មុនី បាន​បញ្ជាក់​ទៀត​ថា លោក​កំពុង​សិក្សា​ពី​បញ្ហា​ផ្លូវ​ច្បាប់ ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​បន្ត​ទៀត​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ដូចជា អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដែល​មាន​ទំនុក​ចិត្ត​ជាង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៣ តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង លោក ប៊ន សំណាង និង លោក សុខ សំអឿន ពី​ពន្ធនាគារ​ឲ្យ​រួច​ផុត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​លើ លោក ជា វិជ្ជា និង​រួច​ផុត​ពី​សំណង​រដ្ឋប្បវេណី​ចំនួន ៤០​លាន​រៀល​ទៅ​ដើម​បណ្ដឹង។

លោក ប៊ន សំណាង និង លោក សុខ សំអឿន បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជិត ៦​ឆ្នាំ ដោយ​គ្មាន​ទោសពៃរ៍ ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើ​វិស័យ​ការពារ​សិទ្ធិ​មនុស្ស ហៅ​អ្នក​ទាំង​ពីរ​ថា​ជា​ឃាតក​សិប្បនិម្មិត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​អ្នក​ទាំង​ពីរ​ក្ដី ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​បិទ​សំណុំ​រឿង​នេះ​ទេ ពីព្រោះ​ឃាតក​ពិត​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មាន​មតិ​ថា លោក​គាំទ្រ​ចំពោះ​ក្រុម​គ្រួសារ លោក ជា វិជ្ជា នៅ​តែ​ចង់​បាន​យុត្តិធម៌។ សូម្បី​តែ​ប្រជាជន​ខ្មែរ ក៏​ត្រូវ​ការ​យុត្តិធម៌​ដែរ។

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្កា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អស់​រយៈពេល​ជិត ១០​ឆ្នាំ​ហើយ សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត​នៅ​ឡើយ។

កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​យល់​ព្រម​កសាង​រូប​សំណាក លោក ជា វិជ្ជា តាម​សំណើ​របស់​កម្មករ​សហជីព ដើម្បី​រំលឹក​ពី​វីរភាព​តស៊ូ​ទាមទារ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជូន​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

it's high time hun sen stepped down and apologized to the victims under his ruthless rule of close to 30 years.

Oct 01, 2013 07:42 AM

គេហទំព័រ​ទាំងមូល