តុលាការ​សម្រេច​ផ្ដន្ទាទោស​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦ខែ

ដោយ រ៉ាន់ សំណាង
2016-11-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី។
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី។
Photo supplied

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល ទាក់ទង​នឹង​បណ្ដឹង​របស់​លោក ហ៊ុន សែន។ ទោះបីជា​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក៏ដោយ មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ថា នឹង​ប្ដឹង​ទាស់​សេចក្ដី​សម្រេច​នេះ ទៅ​សាលាឧទ្ធរណ៍​តាម​នីតិវិធី​អម​ដោយ​ភស្តុតាង​ដោះ​បន្ទុក​ផង។

ការ​ប្រកាស​ផ្ដន្ទាទោស អ្នកស្រី ថាក់ ឡានី ក្រោម​បទ​ចោទ​ថា ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ដល់​សន្តិសុខ​សង្គម​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ធ្វើ​ឡើង​នៅ​មុខ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​លោក ហ៊ុន សែន គឺ​លោក គី តិច មេធាវី​ការពារ​ក្ដី លោក សំ សុគង់ និង​ស្វាមី​អ្នកស្រី ថាក់ ឡានី។

ក្រៅ​ពី​ប្រកាស​ផ្ដន្ទាទោស​អ្នកស្រី ថាក់ ឡានី ដាក់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពិន័យ​ប្រាក់​បង់​ចូល​រដ្ឋ ៨​លាន​រៀល ចៅក្រម អ៊ី ឋាវរៈ ក៏​តម្រូវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​សង​ជំងឺចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០​រៀល  និង​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ទៅ​ឃុំ​តាម​ផ្លូវ​ច្បាប់។

ក្រោយ​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រម​នេះ ស្វាមី​អ្នកស្រី ថាក់ ឡានី លោក ឈុន ប៊ុនសាន មិន​ជឿ​ថា ភរិយា​របស់​លោក​ហ៊ាន​និយាយ​ថា លោក ហ៊ុន សែន ទៅ​បាញ់​សម្លាប់​លោក កែម ឡី នោះ​ទេ។ លោក​ផ្ដល់​សិទ្ធិ​ឲ្យ​មេធាវី​ការពារ​ក្ដី​បន្ត​រឿង​នេះ​ទៅ​តុលាការ​ជាន់​ខ្ពស់«បាទ! ខ្ញុំ​ថា​កាត់​ត​មិន​កាត់​ត តែ​ខ្ញុំ​ស្ដាប់​ទៅ​វា​អន់​ត្រង់​ថា គាត់​និយាយ​ថា ហ៊ុន សែន ទៅ​បាញ់ កែម ឡី។ វា​អន់​ត្រង់​ហ្នឹង មិន​ដែល​នឹក​ឃើញ​ថា គាត់​ហ៊ាន​ថា​ដល់​ប៉ុណ្ណឹង»

​លោក ឈុន ប៊ុនសាន ឲ្យ​ដឹង​ថា នៅ​ពេល​អ្នកស្រី ថាក់ ឡានី កំពុង​រស់​នៅ​ប្រទេស​ស៊ុយអែត ក្រោម​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ។ ការ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នេះ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​កាល​ពី​ខែ​សីហា ជុំវិញ​ពាក្យ​បណ្ដឹង​លោក ហ៊ុន សែន ប្ដឹង​អ្នកស្រី ថាក់ ឡានី និង​លោក សម រង្ស៊ី ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ជុំវិញ​រឿង​នេះ មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ គឺ​ពន្លឿន​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន និង​បំបាត់​ការ​ចោទ​ប្រកាន់​នានា របស់​សាធារណជន។

​ទាក់ទង​នឹង​សំណួរ​ទៅ​លោក សំ សុគង់ ថា​ហេតុ​អ្វី​បាន​ជា​មិន​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក​ក្នុង​ដំណាក់កាល​ការពារ​ក្ដី​នៅ​សាលាដំបូង លោក សំ សុគង់ ឆ្លើយ​ថា ការ​មិន​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក​នៅ​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង ដោយសារ​លោក​មិន​ទុក​ចិត្ត​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​មួយ​នេះ។ មេធាវី​រូប​នេះ​ថា នឹង​បង្ហាញ​ឃ្លិប វីដេអូ ដោះ​បន្ទុក​អ្នកស្រី ថាក់ ឡានី នៅ​ពេល​រឿង​នេះ​ដល់​ដៃ​ចៅក្រម​នៅ​សាលាឧទ្ធរណ៍«ដោយសារ​ភស្តុតាង​ហ្នឹង ពេល​ខ្លះ​យើង​មាន​ហើយ យើង​មិន​បាន​រៀបចំ ឬ​ក៏​មិន​ទាន់​ដាក់​ធ្វើ​មាន​របៀប​ល្អ​ទី​១ ហើយ​ទី​២ យើង​សង្ឃឹម​នៅ​តុលាការ​ជាន់​ខ្ពស់​ច្រើន​ជាង​តុលាការ​ជាន់​ទាប ដោយសារ​តុលាការ​ជាន់​ទាប​នេះ សេចក្ដី​សម្រេច​នឹង​មិន​សូវ​ជា​មាន​ក្ដី​សង្ឃឹម​ក្នុង​ពិនិត្យ​ភស្តុតាង​ប៉ុន្មាន​នោះ​ទេ»

​ទោះ​បី​ជា​ដឹង​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ជា​ឧបករណ៍​របស់​បក្ស​អំណាច​ក្ដី លោក​មេធាវី សំ សុគង់ មិន​រុញ​រា​ទេ ក្នុង​ការ​ប្ដឹង​ទាស់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​តុលាការ​ជាន់​ខ្ពស់​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក


សម្តេចកំពុងតែបង្ហាញសាធារណជនឲ្យឃើញកាន់តែច្បាស់ក្នុងការភ័យខ្លាចរបស់សម្តេច មិនដឹងថាសម្តេចគេងលក់ស្រួលឬអត់ទេរាល់យប់ព្រោះព្រឹកឡើងចាប់មនុស្យស្លូតត្រង់ដាក់គុកគគ្រឹកគគ្រេងដូចគ្មានសម្រាកសោះ។ ប៉ុន្មានថ្ងៃមុនចាប់កូនក្មែងដាក់គុកដាក់ច្រវ៉ាក់ពេលដែលគ្នាកំពុងដើរលេងកំសាន្តតាមផ្លូវយ៉ាងសប្បាយរីករាយតែឥឡូវសម្តេចធ្វើឲ្យគេមានទុក្ខធំ។ បាបធ្ងន់ណាស់។

អ្នកដឹកនាំពិភពលោកគេក្រោកឡើងពិគ្រោះគ្នាធ្វើយ៉ាងណាឲ្យប្រទេសជាតិគេរីកចម្រើន ចំណែកសម្តេចវិញក្រោកឡើងពិគ្រោះគ្នាធ្វើយ៉ាងណាឲ្យគុកកាន់តែរីកធំដោយយករឿងបរិហាកេរី្តមកធ្វើជាលេស សម្តេចអត់មានកេរ្តីផងហ្នឹង តើឲ្យគេបរិហាយ៉ាងម៉េចទៅ?

សព្វថ្ងៃសម្តេចកំពុងតែបិទច្រមុះរាស្រ្តទុកតែច្រមុះខ្លួនឯងឲ្យដកដង្ហើមស្រួល សម្តេចមានដែលពិចារណាថាបើគេបិទច្រមុះខ្លួនឯងវិញតើវាថប់ទេ? យុត្តិធម៌ជាដង្ហើមរបស់រាស្រ្ត បើសម្តេចបិទយុត្តិធម៌ក៍ដូចជាបិទដង្ហើមរាស្រ្ត ហើយរាស្ត្រនៅតែរើបម្រះនាទីណាគ្មានយុត្តិធម៌ ។

Nov 17, 2016 09:20 PM

គេហទំព័រ​ទាំងមូល