ប្រជាពលរដ្ឋ និង ក្រុមអតីតនិស្សិតជនជាតិចាម បានផ្ដួចផ្ដើមគំនិតបង្កើតជាមូលនិធិមួយ ដើម្បីជួយដល់លោក អះម៉ាត់ យ៉ះយ៉ា ដែលកំពុងជាប់ពន្ធនាគារ។ ប្រជាពលរដ្ឋ និង ក្រុមអតីតនិស្សិតជនជាតិចាមទាំងនោះ នៅតែយល់ថា លោក អះម៉ាត់ យ៉ះយ៉ា មិនប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
ប្រជាពលរដ្ឋ និងអតីតនិស្សិតជនជាតិចាមរួមគ្នា បង្កើតមូលនិធិនេះ ដោយសារកាលពីគ្រាមុន លោក អះម៉ាត់ យ៉ះយ៉ា បានជួយឧបត្ថម្ភឲ្យពួកគេបានរៀនជ្រៅជ្រះ ចប់ចុងចប់ដើម ហើយពេលនេះលោកកំពុងជួបទុក្ខលំបាក ដែលតម្រូវឱ្យពួកគេត្រូវរួមគ្នាជួយលោក អះម៉ាត់ យ៉ះយ៉ា វិញម្ដង។ មូលនិធិនេះឈ្មោះ មូលនិធិ អះម៉ាត់ យ៉ះយ៉ា ដែលអ្នកគោរពស្រឡាញ់លោក អាចបរិច្ចាគថវិកាតាមរយៈធនាគារ ឬតាមទូរស័ព្ទ។
តំណាងអតីតនិស្សិតជនជាតិចាម លោក មីន ណាហ្វី ប្រាប់អាស៊ីសេរីថា សប្បុរសជនដែលផ្ញើលុយក្នុងមូលនិធិនេះ ភាគច្រើន គឺជាអតីតនិស្សិត ដែលធ្លាប់លោក អះម៉ាត់ យ៉ះយ៉ា ជួយទំនុកបម្រុងក្នុងការរៀនសូត្រកន្លងមក ហើយក្រៅពីនេះក៏មានពលរដ្ឋនៅតាមបណ្ដាខេត្តនានាដែរ។ លោកប្រាប់ថា មូលហេតុនៃការបង្កើតមូលនិធិនេះ ព្រោះពួកលោកមើលឃើញថា លោក អះម៉ាត់ យ៉ះយ៉ា ជាបង្គោលក្នុងគ្រួសារ ប៉ុន្តែពេលនេះ គាត់ត្រូវជាប់ពន្ធនាគារ ធ្វើឲ្យគ្រួសារលោកទាំងមូលជួបការលំបាក៖ «ខ្ញុំមើលទៅឃើញថា គាត់ (អះម៉ាត់ យ៉ះយ៉ា) ជួបការលំបាកច្រើនគាត់អត់មានការងារយូរហើយដែរ គាត់ជួយទំនុកបម្រុងលើរូបខ្ញុំកន្លងមកច្រើនដែរ ក្នុងពេលសិក្សាកន្លងមក គឺបានគាត់ជួយតែម្តង។ អ៊ីចឹងទេ អ្វីដែលចង់តបស្នងទៅគាត់ គឺយើងប្រឹង»។
លោក មីន ណាហ្វី អះអាងទៀតថា បើគ្មានលោក អះម៉ាត់ យ៉ះយ៉ា ទេនោះ លោកក៏គ្មានលទ្ធភាពរៀនចប់រហូតអាចមានការងារល្អធ្វើដូចពេលនេះដែរ។ លោកចាត់ទុកលោក អះម៉ាត់ យ៉ះយ៉ា ជាឪពុកទី២ របស់លោក។ តំណាងនិស្សិតរូបនេះមិនជឿទេថា លោក អះម៉ាត់ យ៉ះយ៉ា ដែលជួយជ្រោមជ្រែងនិស្សិតជាងមួយពាន់នាក់ ឱ្យបានរៀនសូត្រចូលមហាវិទ្យាល័យនោះ គឺជាឈ្មួញជួញដូរមនុស្ស ដូចការចោទប្រកាន់របស់តុលាការឡើយ៖ «ជាការយល់ដឹងរបស់ខ្ញុំ បើសិនគាត់មានគំនិតចង់ជួញដូរអីយ៉ាងម៉េច មិនមែនគាត់ជួយមនុស្សច្រើនអ៊ីចឹងទេ»។
ក្រុមអ្នកគោរពស្រឡាញ់លោក អះម៉ាត់ យ៉ះយ៉ា បានបង្កើតទំព័រហ្វេសប៊ុកមួយឈ្មោះថា អតីតនិស្សិតមូស្លីមកម្ពុជា ឬជាភាសាអង់គ្លេស Muslim Alumni of Cambodia ដើម្បីផ្សព្វផ្សាយពីមូលនិធិនេះ។ ក្រុមនិស្សិតចាមដែលតែងហៅ លោក អះម៉ាត់ យ៉ះយ៉ា ថា ជា “អូង” ដែលមានន័យថា “តា” នោះ បានសរសេររៀបរាប់ក្នុងទំព័រហ្វេសប៊ុកថា មូលនិធិនេះ ជាអ្វីដែលពួកគេស្ម័គ្រចិត្តធ្វើដើម្បីអូង ទោះបីជាគាត់មិនបានប្រាប់ពួកគេឲ្យធ្វើក៏ដោយ។
ហ្វេសប៊ុកដដែលរៀបរាប់ទៀតថា អូង ដែលធ្លាប់បានជួយពួកគេឱ្យមានកន្លែងស្នាក់នៅ និងជំរុញឲ្យពួកគេប្រឹងប្រែងរៀនសូត្រ ព្រមទាំងរំលឹកពួកគេ ឲ្យយកចិត្តទុកដាក់លើការអប់រំ សេដ្ឋកិច្ច និងសាសនា និងចេញមុខជួយការពារវិហារឥស្លាមនៅបឹងកក់នោះ កំពុងតែជួបនឹងទុក្ខលំបាកហើយ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ សីហា បានផ្ដន្ទាទោសអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសរបស់លោក គឺលោក អ៊ីស្មាឯល ពិន អូស្មាន ដែលជាបេក្ខជនតំណាងរាស្ត្រមិនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារម្នាក់ ១៥ឆ្នាំ និងពិន័យជាប្រាក់រួមគ្នាចំនួន ២០០លានរៀល ឬប្រមាណ ៥ម៉ឺនដុល្លារ ទៅឱ្យដើមបណ្ដឹងរដ្ឋប្បវេណី២ នាក់។ តុលាការកាត់ទោសថ្នាក់ដឹកនាំឥស្លាមទាំងពីររូបដោយយោងច្បាប់ប្រឆាំងការជួញដូរមនុស្ស បន្ទាប់ពីអ្នកទាំងពីរត្រូវបានចោទប្រកាន់ថា បាននាំពលករទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ី សាអូឌីត ដោយខុសច្បាប់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា ក្នុងពេលសវនាការសួរដេញដោល តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសនោះឡើយ ហើយដើមបណ្ដឹងមួយចំនួនក៏មិនបានបង្ហាញខ្លួនក្នុងអង្គសវនាការនោះដែរ។ លោកបន្តថា សំណុំរឿងនេះនៅមានភាពមិនប្រក្រតីមួយចំនួនទៀត ក៏ប៉ុន្តែតុលាការបែរជាផ្ដន្ទាទោសអ្នកទាំងពីរ ដែល ការសម្រេចនេះធ្វើឲ្យបាត់បង់ប្រយោជន៍ និងភាពយុត្តិធម៌សម្រាប់ជនជាប់ចោទ។ មន្ត្រីសង្គមស៊ីវិលរូបនេះអះអាងថា អង្គការ លីកាដូ នឹងតាមដានសំណុំរឿងនេះបន្តទៀត នៅពេលមានការប្ដឹងទាស់ទៅតុលាការជាន់ខ្ពស់៖ «យើងកំពុងធ្វើការតាមដានទៅលើសាលាឧទ្ធរណ៍ថា តើសាលាឧទ្ធរណ៍គាត់នឹងសម្រេចយ៉ាងណា?»។
លោក អះម៉ាត់ យ៉ះយ៉ា បានប្រាប់អាស៊ីសេរីនៅមុនពេលគេចាប់ខ្លួនលោកថា សំណុំរឿងចាប់ខ្លួនក្មួយប្រុសលោក និងការចោទប្រកាន់លោក ពីបទជួញដូរមនុស្សនេះ គឺជាការប្រឌិតឡើង ដោយក្មួយជីដូនមួយរបស់លោក គឺលោក អូស្មាន់ ហាសាន់ ដែលបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ លោកបញ្ជាក់ថា លោក អូស្មាន់ ហាសាន់ ជាអ្នកនៅពីក្រោយខ្នងការចង់ចាប់ខ្លួនលោក ដោយសារតែលោក និងពលរដ្ឋជាច្រើនទៀត ធ្លាប់មានទំនាស់ជាមួយលោក អូស្មាន ហាស្សាន់ រឿងមិនគាំទ្រការពុះដីវិហារបឹងកក់ ដើម្បីធ្វើផ្លូវ។ ទោះជាយ៉ាងណា លោក អូស្មាន់ ហាសាន់ បានបដិសេធការចោទប្រកាន់នេះ និងអះអាងថា លោកមិនជាប់ទាក់ទងនឹងសំណុំរឿងនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។