CCHR ​ចេញ​សៀវភៅ​មគ្គុទ្ទេសក៍​ស្ដីពី​នីតិវិធី​ជំនុំ​ជម្រះ​រឿង​ព្រហ្មទណ្ឌ

បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់ និង​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR = ស៊ី.ស៊ី.អេច្ឆ.អ) បាន​រក​ឃើញ​ថា ការ​ខ្វះខាត​ក្នុង​ការ​អនុវត្ត​នីតិវិធី​តាម​ច្បាប់​ព្រហ្មទណ្ឌ គឺ​ជា​បញ្ហា​មួយ​នៅ​ក្នុង​ចំណោម​បញ្ហា​យុត្តិធម៌​ជា​ច្រើន​ទៀត។
ដោយ ឡេង ម៉ាលី
2013-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្នុង​ទិសដៅ​ជួយ​កែលំអ​បញ្ហា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​សៀវភៅ​មគ្គុទ្ទេសក៍​មួយ​សម្រាប់​ឱ្យ​សាធារណជន​អាច​វាស់វែង​អំពី​ការ​អនុវត្ត​នីតិវិធី​តាម​ច្បាប់​ព្រហ្មទណ្ឌ​នៅ​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស៊ី.ស៊ី.អេច្ឆ.អ បាន​ចេញ​ផ្សាយ​សៀវភៅ​មគ្គុទ្ទេសក៍​របស់​ខ្លួន​មួយ ស្ដីពី​នីតិវិធី​មុន​ការ​ជំនុំ​ជម្រះ និង​ការ​ជំនុំ​ជម្រះ​ក្នុង​រឿង​ព្រហ្មទណ្ឌ ដែល​អនុវត្ត​នៅ​តុលាការ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៣ បាន​សរសេរ​ថា សៀវភៅ​មគ្គុទ្ទេសក៍​នេះ​មាន​គោល​បំណង​ផ្ដល់​ព័ត៌មាន​ចាំបាច់​ដល់​បុគ្គល​គ្រប់​រូប ឱ្យ​បាន​យល់​ដឹង​អំពី​វិធី​ដែល​ត្រូវ​អនុវត្ត​នៅ​តុលាការ​ដូចម្ដេច ក្នុង​ករណី​ព្រហ្មទណ្ឌ​មួយ។

មន្ត្រី​គម្រោង​សង្កេតការណ៍​សវនាការ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ មាន​ប្រសាសន៍​បញ្ជាក់​ថា សៀវភៅ​មគ្គុទ្ទេសក៍​នេះ គឺ​ជា​ការ​ដក​ស្រង់​យក​ខ្លឹមសារ និង​អំពី​របៀប​ត្រូវ​អនុវត្ត ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មក​ពន្យល់​ជា​សម្រាយ​ឱ្យ​ងាយ​យល់។

លោក​ថ្លែង​ថា សៀវភៅ​មគ្គុទ្ទេសក៍​នេះ​អាច​ជួយ​ច្រើន​ដល់​ទាំង​ពលរដ្ឋ​ធម្មតា និស្សិត និង​ទាំង​អ្នក​ច្បាប់ មាន​ដូច​ជា​មេធាវី មន្ត្រី​តុលាការ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ព្រហ្មទណ្ឌ ក្នុង​ការ​អាន​ងាយ​យល់​អំពី​នីតិវិធី​ដែល​ត្រូវ​អនុវត្ត ចាប់​តាំង​ពី​ដំណាក់​កាល​ដើម​ដំបូង​នៃ​ការ​ដាក់​បណ្ដឹង​ព្រហ្មទណ្ឌ រហូត​ដល់​បណ្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់។

លោក ឌុច ពិសិដ្ឋ ពន្យល់​ទៀត​ថា ជា​ធម្មតា ខ្លឹមសារ​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​ត្រូវ​បាន​អនុម័ត មាន​លក្ខណៈ​បច្ចេកទេស​ស្មុគស្មាញ និង​ពិបាក​យល់​សម្រាប់​មនុស្ស​ទូទៅ​ស្វែង​យល់ ជា​ពិសេស គឺ​អ្នក​ដែល​មិន​មាន​ជំនាញ​ផ្នែក​ច្បាប់។ លោក​ថា ការ​អាន​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គឺ​ត្រូវ​បើក​រក​ខ្លឹមសារ និង​នីតិវិធី​សាចុះ​សាឡើង​ទៅ​មក។

នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​នៃ​សៀវភៅ​មគ្គុទ្ទេសក៍​នេះ បាន​សរសេរ​ថា ដើម្បី​លើក​ស្ទួយ និង​ធានា​ដល់​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​មាន​សមត្ថកិច្ច ឯករាជ្យ និង​ឥត​លម្អៀង​នោះ ជា​ការ​ចាំបាច់​ដែល​សាធារណជន​ខ្មែរ និង​ភាគី​ពាក់ព័ន្ធ អាច​ស្វែង​រក និង​យល់​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​នីតិវិធី​ព្រហ្មទណ្ឌ ដូច​ដែល​បាន​បញ្ញត្តិ​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ បើ​សិន​ជា​ពុំ​មាន​ការ​យល់​ដឹង​អំពី​នីតិវិធី​មុន​ការ​ជំនុំ​ជម្រះ និង​ការ​ជំនុំ​ជម្រះ ដែល​អនុវត្ត​តាម​ច្បាប់​កម្ពុជា ទេ​នោះ ការ​ប្រតិបត្តិ​របស់​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់ ព្រះរាជអាជ្ញា និង​តុលាការ ពិត​ជា​មិន​អាច​ពិនិត្យ​វិនិច្ឆ័យ​ឱ្យ​គ្រប់គ្រាន់​ចំពោះ​ការ​គោរព​ច្បាប់​ជាតិ និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ដែរ។

សៀវភៅ​មគ្គុទ្ទេសក៍​នេះ គឺ​កើត​ចេញ​ពី​ការ​សង្កេត​សវនាការ​ព្រហ្មទណ្ឌ​នៅ​ក្នុង​តុលាការ​កម្ពុជា របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដើម្បី​វាយ​តម្លៃ​អំពី​ការ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

ទាក់ទង​នឹង​ការ​អនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ​នៅ​កម្ពុជា កន្លង​មក ត្រូវ​បាន លោក ឌុច ពិសិដ្ឋ វាយ​តម្លៃ​ថា ថ្វី​បើ​តុលាការ​អនុវត្ត​បាន​ល្អ​ប្រសើរ​ខ្លះ​ហើយ​ក្ដី ក៏​នៅ​កន្លែង​ខ្លះ​នៅ​មាន​ភាព​ខ្វះខាត​នៅ​ឡើយ។

សៀវភៅ​មគ្គុទ្ទេសក៍​ស្ដីពី​នីតិវិធី​មុន​ការ​ជំនុំ​ជម្រះ និង​ការ​ជំនុំ​ជម្រះ​ក្នុង​រឿង​ព្រហ្មទណ្ឌ ដែល​អនុវត្ត​នៅ​តុលាការ​កម្ពុជា នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ឧបករណ៍​ច្បាប់​មួយ​សម្រាប់​ណែនាំ​ដល់​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​អាជ្ញាធរ​ក្នុង​ករណី​ព្រហ្មទណ្ឌ។

សៀវភៅ​មគ្គុទ្ទេសក៍​នេះ មាន​ប្រាំ​ផ្នែក ដែល​ផ្នែក​ទី​១ លើក​ឡើង​អំពី​គោលការណ៍​ទូទៅ ដែល​សំណុំ​រឿង​ព្រហ្មទណ្ឌ​ត្រូវ​បាន​ផ្ដួចផ្ដើម។ ផ្នែក​ទី​២ ពិពណ៌នា​អំពី​ចំណាត់​ថ្នាក់​ផ្សេងៗ​គ្នា​នៃ​បទ​ល្មើស​ព្រហ្មទណ្ឌ។ ផ្នែក​ទី៣ ពិនិត្យ​មើល​ពី​នីតិវិធី​មុន​ការ​ជំនុំ​ជម្រះ នីតិវិធី​ចាប់​ពី​ការ​ស៊ើប​អង្កេត​បឋម រហូត​ដល់​ការ​ស៊ើបសួរ នីតិវិធី​បិទ​ការ​ស៊ើបសួរ និង​ចូល​ខ្លួន​របស់​ជន​ជាប់​ចោទ ព្រម​ទាំង​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ ផ្នែក​ទី៤ អធិប្បាយ​អំពី​ដំណើរ​ការ​សវនាការ រួម​ទាំង​ដីកា​បង្គាប់​ឱ្យ​សាកសួរ​ជន​ជាប់​ចោទ និង​សាក្សី ហើយ​ផ្នែក​ទី៥ គូស​បញ្ជាក់​ជា​សង្ខេប​អំពី​វិធាន​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍ ចំពោះ​សាលក្រម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ven

ពី Quebec

Dear CCHR, Could we read this book in your website?

Aug 27, 2013 08:39 PM

គេហទំព័រ​ទាំងមូល