CCHR បញ្ជូន​ញត្តិ​រូបថត​បញ្ចប់​និទ្ទណ្ឌភាព​ទៅ​ក្រសួង​យុត្តិធម៌

ដោយ តាំង សារ៉ាដា
2014-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​យុត្តិធម៌
ក្រសួង​យុត្តិធម៌
RFA/Sek Bandith

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ធ្នូ នេះ​ នាំ​យក​ញត្តិ​រូបថត​ជិត ៣០០​សន្លឹក ទៅ​កាន់​ក្រសួង​យុត្តិធម៌ ក្នុង​យុទ្ធនា​កាស​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ទទួល​យក​ញត្តិ ដោយ​សន្យា​ថា នឹង​ពិភាក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី១ ធ្នូ ថា ញត្តិ​ទាំង​នេះ​គឺ​ជា​សារ​ដ៏​សំខាន់​មួយ​របស់​ពលរដ្ឋ​ក្នុង​ការ​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ជាច្រើន​ទៀត ចាត់​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​ក្នុង​សង្គម៖ «មាន​ករណី​ជា​ច្រើន​ដែល​យើង​សង្ឃឹម​ថា រដ្ឋាភិបាល​ដែល​គាត់​បាន​ប្ដេជ្ញា​ថា នឹង​មាន​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​ហ្នឹង ហើយ​ក្នុង​ការ​ប្ដេជ្ញា​ជា​ច្រើន​ហ្នឹង ឃើញ​មាន​លើក​អំពី​កំណែ​ទម្រង់​យុត្តិធម៌​ច្រើន។ អ៊ីចឹង​យើង​ឃើញ​ថា ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នេះ​នឹង​ជួយ​បន្ទរ​សំឡេង​ដល់​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​គាត់​ធ្វើការ​ដោះស្រាយ»

យុទ្ធនាការ​ប្រឆាំង​និទណ្ឌភាព​នៅ​កម្ពុជា ឆ្នាំ​២០១៤ ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា មក។ គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា មាន​មនុស្ស​ចំនួន ២៦៣​នាក់ បាន​ថតរូប​របស់​ខ្លួន​មាន​ភ្ជាប់​នូវ​សារ «សូម​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា» ផ្ញើ​មក​កាន់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ។

​អ្នកស្រី ចក់ សុភាព ថ្លែង​ថា និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ស​ពៃរ៍​នៅ​តែ​ជា​វប្បធម៌​ដ៏​អាក្រក់​សម្រាប់​សង្គម​កម្ពុជា ដែល​សមត្ថកិច្ច​នៅ​តែ​ព្រងើយ​កន្តើយ។

អំពើ​និទណ្ឌភាព​ទាំង​នោះ​រួម​មាន​ករណី​អតីត​អភិបាល​ក្រុង​បាវិត ឈូក បណ្ឌិត បាញ់​កម្មការិនី ៣​នាក់​ឱ្យ​របួស​ដែល​តុលាការ​នៅ​មិន​ទាន់​នាំ​ខ្លួន​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ករណី​កម្មករ​ស្លាប់​ក្នុង​ហេតុការណ៍​សមត្ថកិច្ច​ប្រើ​ហិង្សា​បាញ់​បង្ក្រាប​ការ​តវ៉ា​លើ​ផ្លូវ​វ៉េងស្រេង ករណី​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ករណី​សម្លាប់​អ្នក​កាសែត​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ​ដែល​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

យុត្តិថោកគ្មានលេខដាក់សូម្បីឋាននរកឬទេវតាក៍ដឹងខុសត្រូ
វដែរតែប្រទេសដែលខ្ញុំមិនចង់ចាប់កំណើតជាលើកទីពីរ១នេះ
ផ្ទុយពីពិភពលោកទៅវិញគឺមនុស្សចិត្តតេរឆ្ឆានទើបរស់បាន
យូរអង្វែង!តុលាកោឬតុលាកាប់ច្បាប់គ្មានសាលាកើតចេញ
ពីអំណាចផ្តាច់ការនៃមនុស្សអវិជ្ជាច្រឡោងខាមគ្មានពូជ្ញ
សូមអោយលោកអ្នកសុខសប្បាយទៅចុះសូមលាទាំងក្តី
សោមនស្សក្រៃលេង!

Dec 02, 2014 07:06 AM

គេហទំព័រ​ទាំងមូល