តើ​ថៃ​អាច​គេច​ចេញ​ពី​ការ​អនុវត្ត​សាលក្រម​តុលាការ​អន្តរជាតិ​រឿង​ជម្លោះ​ព្រំដែន​ដែរ​ឬ​ទេ?

តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ បាន​បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​ជិត​ប្រាសាទ​ព្រះវិហារ ឱ្យ​កម្ពុជា ឈ្នះ​ក្ដី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។ រហូត​មក​ដល់​ពេល​នេះ​ជិត ១​ខែ​កន្លះ​ទៅ​ហើយ គឺ​គេ​មិន​ទាន់​ឃើញ​ភាគី​កម្ពុជា និង​ថៃ បាន​ជួប​ប្រជុំ​ទ្វេ​ភាគី ដើម្បី​ជជែក​ជុំវិញ​បញ្ហា​ដក​កងទ័ព​ថៃ ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ទៅ​តាម​សាល​ដីកា​តុលាការ​នៅ​ឡើយ​ទេ។
ដោយ ហង្ស សាវយុត
2013-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៨-មេសា-២០១៣៖ ទិដ្ឋភាព​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
១៨-មេសា-២០១៣៖ ទិដ្ឋភាព​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
RFA/Chun Chanboth

មជ្ឈដ្ឋាន​ខ្លះ បាន​យល់​ថា ថៃ កំពុង​បង្ក​ឱ្យ​មាន​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ បំណង​គេច​ចេញ​ពី​ការ​អនុវត្ត​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ នោះ។ តើ​ថៃ អាច​គេច​ចេញ​ពី​ការ​អនុវត្ត​សាលក្រម​របស់​តុលាការ​អន្តរជាតិ បាន​ឬ​ទេ តាម​រយៈ​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​នេះ?

សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (អាយ.ស៊ី.ជេ = ICJ) កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា កម្ពុជា មាន​អធិបតេយ្យ​ភាព​ពេញ​លេញ​លើ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទាំង​មូល។

សាលក្រម​នេះ​ក៏​នឹង​អនុវត្ត​ដោយ​តម្រូវ​ឱ្យ​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែរ។ ក៏ប៉ុន្ដែ ក្រោយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​បាន​តែ​ប៉ុន្មាន​ថ្ងៃ ក្រុម​អ្នក​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ចុះ​ចេញ​ពី​តំណែង​ដែល​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​មាន​ភាព​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន។

វិបត្តិ​នយោបាយ​របស់​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់ អ្នកស្រី យីងឡាក់ សុខ​ចិត្ត​រំលាយ​ចោល​រដ្ឋសភា ហើយ​រង់ចាំ​ការ​បោះ​ឆ្នោត​ជា​ថ្មី​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា និង​ថៃ ជាប់​គាំង​នូវ​ការ​ជជែក​គ្នា​ទ្វេ​ភាគី​អំពី​រឿង​ដក​កងទ័ព​ថៃ ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទៅ​តាម​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៃ​ទីក្រុង​ឡាអេ។

ក៏ប៉ុន្តែ ទោះ​យ៉ាង​ណា ទាំង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​អ្នក​វិភាគ​ឯករាជ្យ សុទ្ធ​តែ​យល់​ឃើញ​ថា ប្រទេស​ថៃ មិន​អាច​យក​លេស​នៃ​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង ដើម្បី​គេច​ចេញ​ពី​សាលក្រម​ដែល​តម្រូវ​ឱ្យ​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ នោះ​បាន​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​លោក ហោ ណាំហុង។ លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​មេដាយ​ជូន​មេធាវី​បរទេស ដែល​ការពារ​ក្ដី​រឿង​ប្រាសាទ​ព្រះវិហារ ឱ្យ​ភាគី​កម្ពុជា ថា ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ គឺ​ជា​ប្រវត្តិសាស្ត្រ​ទី​២​របស់​កម្ពុជា ក្នុង​ការ​ដណ្ដើម​បាន​មក​វិញ​នូវ​ដែនដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ កម្ពុជា ធ្លាប់​បាន​ឈ្នះ​ក្ដី​ម្ដង​មក​ហើយ។

លោក ហោ ណាំហុង បាន​បញ្ជាក់​ទៀត​ថា ថៃ ត្រូវ​តែ​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទៅ​តាម​សាលក្រម​របស់​តុលាការ​អន្តរជាតិ បាន​កំណត់៖ «ប៉ុន្តែ​អាច​នឹង​រង់ចាំ​បន្តិច សភាពការណ៍​ថៃ មាន​ភាព​ប្រក្រតី​វិញ ដើម្បី​យើង​ចរចា​ឱ្យ​ថៃ ដក។ ឯ​បញ្ហា​ភ្នំ​ត្រប់ ដែល​តុលាការ​មិន​ទាន់​កំណត់​ថា​ជា​របស់​អ្នក​ណា ក៏ប៉ុន្តែ​តុលាការ​ឆ្នាំ​១៩៦២ ក៏​ដូច​ជា​ឆ្នាំ​២០១៣ បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ផែនទី​ឧបសម្ពន្ធ​១ ជា​ផែនទី​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ ដូច្នេះ តាម​ផែនទី​ឧបសម្ពន្ធ​១​នេះ ភ្នំ​ត្រប់ គឺ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា»

អ្នក​វិភាគ​បញ្ហា​សង្គម​បាន​យល់​ឃើញ​ថា នៅ​ក្នុង​ពេល​ដែល​ប្រទេស​ថៃ កំពុង​មាន​វិបត្តិ​នយោបាយ​នេះ គឺ​ប្រទេស​កម្ពុជា អាច​ពិបាក​ក្នុង​ការ​កោះ​ប្រជុំ​គណៈកម្មការ​ព្រំដែន​លក្ខណៈ​ជា​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ថៃ ក៏ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ថៃ អាច​គេចវេស​ដោយ​យក​លេស​ថា​មាន​វិបត្តិ​នយោបាយ​នោះ​បាន​យូរ​អង្វែង​ទេ។

លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​អំណាច​មួយ បើ​ទោះ​បី​ជា​ប្រទេស​ថៃ មាន​វិបត្តិ​នយោបាយ​រហូត​ដល់​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​ក៏ដោយ ក៏​អ្នក​ដែល​ត្រូវ​ឡើង​កាន់​អំណាច​ជំនាន់​ក្រោយ គឺ​ត្រូវ​តែ​អនុវត្ត​សាលក្រម​ដែល​បាន​បកស្រាយ​រួច​មក​ហើយ​នោះ។ លោក កែម ឡី បាន​យល់​ថា កម្ពុជា នៅ​មាន​ប្រៀប​ជា​ច្រើន​ទៀត ប្រសិន​បើ​ថៃ ប្រកែក​មិន​ព្រម​អនុវត្ត​សាលក្រម​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ទេ៖ «នៅ​ពេល​ដែល​ការ​អនុវត្ត​សាលក្រម​ដោយ​ស្ម័គ្រចិត្ត​ទៅ​មិន​រួច ឬ​ក៏​ជជែក​លក្ខណៈ​ទ្វេ​ភាគី​ទៅ​មិន​រួច​ទេ ខ្ញុំ​គិត​ថា ប្រទេស​ខ្មែរ​យើង​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ប្ដឹង​ទៅ​រក​យន្តការ​អន្តរជាតិ​ណា​មួយ​ដែល​សមស្រប ដើម្បី​បង្ខំ​ឱ្យ​អនុវត្ត​សាលក្រម​នោះ​តែ​ម្ដង ហើយ​ក៏​ថៃ មិន​អាច​យក​ហេតុផល​នយោបាយ​ផ្ទៃ​ក្នុង​មក​ទប់ស្កាត់​ការ​អនុវត្ត​សាលក្រម​ជា​រៀង​រហូត​បាន​ដែរ។ ខ្ញុំ​គិត​ថា មិន​ជា​កត្តា​សម​ហេតុផល​ទេ»

ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ បាន​កើត​មាន​ជា​លើក​ទី​២ កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ពេល​ដែល​ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​ច្រើន​រយ​នាក់​ចូល​លុក​លុយ​ទី​វត្ត​ខ្មែរ​កែវសិក្ខាគីរីស្វារៈ។

ចាប់​តាំង​ពី​កងទ័ព​ថៃ រំលោភ​ចូល​ព្រំដែន​ខ្មែរ​ពី​ឆ្នាំ​២០០៨ រហូត​មក​ដល់​ឆ្នាំ​២០១១ គឺ​កងទ័ព​ទាំង​សង​ខាង​បាន​ប្រយុទ្ធ​គ្នា​ជាច្រើន​លើក​នៅ​ជិត​ប្រាសាទ​ព្រះវិហារ តំបន់​ភ្នំ​ត្រប់ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ និង​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បណ្ដាល​ឱ្យ​កងទ័ព​ខ្មែរ និង​ថៃ ស្លាប់ និង​រង​របួស​មួយ​ចំនួន។

«សំឡេង​បាញ់»

ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ចង់​ឃើញ​ប្រទេស​ថៃ គោរព​តាម​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​សម្រេច​រឿង​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ នោះ ដើម្បី​នាំ​មក​នូវ​សន្តិភាព។

អ្នក​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ដែល​នៅ​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ប្រាសាទ​ព្រះវិហារ គឺ​អ្នកស្រី ង៉ែត គឿន បាន​មាន​ប្រសាសន៍​ថា ជា​ញឹកញាប់​គាត់​តែង​បន់ស្រន់​ដល់​បារមី​នៃ​វត្ថុ​សក្ដិសិទ្ធិ ឱ្យ​ជួយ​ការពារ​ប្រាសាទ​ព្រះវិហារ និង​ឱ្យ​ប្រទេស​ថៃ យល់​ព្រម​បញ្ចប់​ជម្លោះ​ព្រំដែន៖ «សូម​ឱ្យ​តា​ឌី​អី​ជួយ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ កុំ​ឱ្យ​ថៃ យក​របស់​ខ្មែរ​បាន។ បើ​យើង​អត់​មាន​បញ្ហា​ថៃ មក​ឈ្លាន​ពាន​អ៊ីចឹង យើង​នៅ​ភូមិ​ធម្មជាតិ​នេះ​រស់​នៅ​ស្រួល​រក​ស៊ី​បាន»

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ថ្លែង​នៅ​ស្រប​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បកស្រាយ​សាលក្រម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា កន្លង​ទៅ​ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​អន្តរជាតិ​ធ្លាប់​បាន​ប្រកាស​ជា​ឯកច្ឆន្ទ​ថា កម្ពុជា មាន​អធិបតេយ្យ​ភាព​ពេញ​លេញ​លើ​បូរណភាព​ទឹក​ដី និង​តំបន់​ព្រៃ​ភ្នំ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដូច​មាន​កំណត់​នៅ​ក្នុង​កថា​ខណ្ឌ​ទី​៩៨ នៃ​ដីកា។ ក្នុង​កថា​ខណ្ឌ​នោះ តុលាការ​បាន​ប្រកាស​ឱ្យ​ប្រទេស​ថៃ ដក​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ កង​នគរបាល អ្នក​ថែ​រក្សា ឬ​ឆ្មាំ​យាម​ផ្សេងៗ​ចេញ​ពី​ទឹក​ដី​នេះ៖ «កថា​ខណ្ឌ​ទី​៩៨ នៃ​សាល​ដីកា​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​កំណត់​ទីតាំង​នៃ​តំបន់​ពយ​ភ្នំ​នេះ។ នេះ​ជា​ជំហាន​ទៅ​មុខ​ដ៏​មាន​សារសំខាន់ និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​នៅ​ក្នុង​ការ​ខិតខំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សំដៅ​ដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ នូវ​បញ្ហា​វិវាទ​រវាង​កម្ពុជា និង​ថៃ»

នាយក​រដ្ឋមន្ត្រី​ថៃ គឺ​អ្នកស្រី យីងឡាក់ ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​អំឡុង​ខែ​មេសា ថា មិន​ថា​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ចេញ​មក​បែប​ណា​ទេ គឺ​ត្រូវ​តែ​កុំ​ឱ្យ​មាន​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ​ចេញ​ពី​ចំណុច​តូច​មួយ​ទៅ​ទូទាំង​ព្រំដែន និង​ចេញ​ពី​ចំណុច​តូច​មួយ​ទៅ​ជា​ទូទាំង​គ្រប់​វិស័យ​​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Eagle Master

ពី Pa (USA)

It is an optional,THAILAND can withdraw troops home and pretending don't know what was went on .

Dec 26, 2013 03:34 AM

អ្នក​អាន​អនាមិក

Thais do many trick to take our land.
but our gov' do everything to keep power.
so ashame...

Dec 25, 2013 10:48 PM

គេហទំព័រ​ទាំងមូល