សង្គម​ស៊ីវិល​យល់​ខុស​គ្នា​អំពី​សន្ធិសញ្ញា​ច្បាប់​ព្រហ្មទណ្ឌ​រវាង​កម្ពុជា-​វៀតណាម

ដោយ ម៉ម មុនីរតន៍
2016-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ពេល​ចេញ​ពី​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Morm Moniroth
លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ពេល​ចេញ​ពី​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

ក្រុម​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា សន្ធិសញ្ញា​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​គឺ​កម្ពុជា-​វៀតណាម បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្នែក​ច្បាប់​ស្ដីពី​ច្បាប់​ព្រហ្មទណ្ឌ គឺ​ជា​រឿង​មួយ​ដែល​មាន​ភាព​ចម្លែក។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ខាង​ភាគី​កម្ពុជា លោក អង្គ វង្សវឌ្ឍានា ដែល​ដើរ​តួនាទី​ក្នុង​ការ​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម លើ​សន្ធិសញ្ញា​នេះ រង​ការ​រិះគន់​ថា ជា​ការ​អនុវត្ត​ដែល​មាន​មន្ទិល​សង្ស័យ ព្រោះ​កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ផ្ទុយ​ពី​វៀតណាម ដែល​ប្រកាន់​របប​កុម្មុយនិស្ត។

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ក្នុង​រយៈពេល ២​ថ្ងៃ នៅ​ប្រទេស​វៀតណាម លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រតិភូ​ពី​កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ផ្នែក ក្នុង​នោះ​សម​ភាគី​ទាំង​ពីរ​បាន​បង្កើត​ឲ្យ​មាន​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត គឺ​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​ផ្នែក​ច្បាប់​ស្ដីពី​ព្រហ្មទណ្ឌ​វិញ​ម្ដង។

ព័ត៌មាន​ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្ទាល់ របស់​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ របស់​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា វៀតណាម បាន​ចុះ​សន្ធិសញ្ញា​រួម​គ្នា​មួយ​ស្ដីពី​ជំនួយ​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​លើ​វិស័យ​ព្រហ្មទណ្ឌ។ នេះ​ជា​សន្ធិសញ្ញា​មួយ​ក្នុង​ចំណោម​សន្ធិសញ្ញា ២ ផ្សេង​ទៀត ជាអាទិ៍ ការ​ផ្ទេរ​ទណ្ឌិត ឬ​អ្នកទោស និង​កិច្ច​ព្រមព្រៀង​ស្ដីពី​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា ជាមួយ​គណៈកម្មាធិការ​នៃ​ជនជាតិ​របស់​ប្រទេស​វៀតណាម។

ជុំវិញ​រឿង​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា វា​ជា​រឿង​ដែល​ចម្លែក​សម្រាប់​កម្ពុជា ដែល​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​ផ្នែក​ច្បាប់​នេះ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ (LICADHO) ហាក់​នៅ​មាន​ស្ទាក់ស្ទើរ​នៅ​ឡើយ​ក្នុង​ការ​អត្ថាធិប្បាយ​ចំពោះ​សេចក្ដី​សម្រេច​នៅ​ពេល​នេះ​របស់​រដ្ឋាភិបាល ថា​តើ​នេះ​ជា​ការ​បង្កើត​ឲ្យ​ឲ្យ​ទៅ​ជា​របៀប​ធ្វើ​បត្យាប័ន ឬ​យ៉ាង​ណា?

លោក​បន្ត​ថា ផ្អែក​នីតិវិធី កម្ពុជា​កំណត់​យ៉ាង​ច្បាស់​អំពី​បទល្មើស​ព្រហ្មទណ្ឌ គឺ​ការ​អនុវត្ត​មាន​ដែន​កំណត់​ត្រឹម​កម្ពុជា ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ បើ​ចង់​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​វៀរលែង​តែ​ជា​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ លោក អំ សំអាត យល់​ឃើញ​ថា វា​ចម្លែក​ដែល​កម្ពុជា បង្កើត​មិន​ត្រឹម​តែ​ជា​កិច្ចព្រមព្រៀង​ទេ ប៉ុន្តែ​រឿង​នេះ​ថែម​ទាំង​ជំរុញ​ឲ្យ​ក្លាយ​ទៅ​ជា​សន្ធិសញ្ញា​ថែម​ទៀត​ផង៖ «បើ​និយាយ​ពី​បទល្មើស​ព្រហ្មទណ្ឌ គឺ​វា​អត់​អាច​ទៅ​រួច​ទេ ពីព្រោះ​យើង​មាន​ក្រម​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស ហើយ​ច្បាប់​មួយៗ បទល្មើស​ព្រហ្មទណ្ឌ​វា​ខុស​គ្នា។ គេ​អនុវត្ត​ទៅ​តាម​ស្តង់ដារ​ដូច​លើក​ឡើង​អ៊ីចឹង​ថា ប្រទេស​មួយ​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​មួយ​ទៀត​ប្រកាន់​របប​កុម្មុយនិស្ត។ដូច្នេះ​បទល្មើស​ព្រហ្មទណ្ឌ​វា​អាច​បទល្មើស​ខុស​គ្នា​ច្រើន​ដែល​គេ​កំណត់។ អ៊ីចឹង​បើ​យើង​ធ្វើ​សន្ធិសញ្ញា​ហើយ​នៅ​ក្នុង​ពិភពលោក​ពុំ​មាន​អ្នក​ណា​ធ្វើ​សន្ធិសញ្ញា​ទាក់ទង​បទល្មើស​ព្រហ្មទណ្ឌ​ហ្នឹង​ទេ»

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ​នៅ​ប្រទេស​វៀតណាម របស់​លោក ហ៊ុន សែន នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ស្ដីពី​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ទ្វេភាគី​នេះ មាន​ភាព​ជោគជ័យ និង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​រឹត​តែ​មាន​ចំណង​មិត្តភាព​កាន់​តែ​ខ្លាំង​ថែម​ទៀត​ផង។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក៏​បាន​រៀងរាប​យ៉ាង​លម្អិត​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ នៅ​ប្រទេស​វៀតណាម ដូច​ជា​ជួប​សវនាការ​ជាមួយ​មន្ត្រី​កំពូលៗ របស់​វៀតណាម និង​ដាក់​កម្រង​ផ្កា​នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស និង​យុទ្ធជន​ពលី និង​នៅ​វិមាន​តម្កល់​សព​លោក ហូ ជីមិញ ផង។

ទាក់ទិន​រឿង​នេះ​ដែរ​ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​បង្កើត​ឲ្យ​សន្ធិសញ្ញា​ផ្នែក​ច្បាប់​នេះ​ឡើង លោក​ហាក់​មិន​មាន​អ្វី​ដែល​ចម្លែក​ឡើយ។ ផ្ទុយ​ទៅ​វិញ​លោក​មើល​ឃើញ​ថា ប្រទេស​នៅ​លើ​ពិភព​លោក​តែង​អនុវត្ត​គោលនយោបាយ​បែប​នេះ មិន​ខុស​ទាស់​នោះ​ទេ។ ក្រៅ​ពី​នេះ អ្វី​ដែល​លោក អ៊ូ វីរៈ យល់​ឃើញ​ថា មាន​ភាព​ចម្លែក​នោះ គឺ​នៅ​ត្រង់​របប​នយោបាយ​ទៅ​វិញ​រវាង​កម្ពុជា និង​វៀតណាម ដោយសារ​ប្រទេស​កម្ពុជា អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ផ្ទុយ​ពី​វៀតណាម ដែល​ប្រកាន់​ភ្ជាប់​របប​កុម្មុយនិស្ត។

លោក​បន្ត​ថា៖ «វា​មិន​ប៉ះពាល់​គ្នា​ទេ​ដែល​សួរ​ហ្នឹង​វា​ពាក់ព័ន្ធ​តែ​រឿង​មួយ​ទេ គឺ​រឿង​បទល្មើស​នយោបាយ ឬ​មួយ​បញ្ហា​សេរីភាព​នយោបាយ។ ប៉ុន្តែ​បើ​អត់​មាន​ពាក់ព័ន្ធ​សេរីភាព​នយោបាយ​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ​អត់​ពាក់ព័ន្ធ​ទេ»

បើ​ទោះ​ជា​បែប​ណា រដ្ឋាភិបាល​ធ្លាប់​រង​ការ​រិះគន់​ពី​ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​អង្គការ​សង្គម​ស៊ីវិល​ម្ដង​រួច​ហើយ រឿង​ការ​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។ តាម​រយៈ​សន្ធិសញ្ញា​នេះ​ហើយ ក្រុម​អ្នក​រិះគន់​អះអាង​ថា បាន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់បង់​ទឹក​ដី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ច្រើន​ទៅ​វៀតណាម តាម​រយៈ​ការ​បង្គោល​ព្រំដែន។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែង​សង្កេត​ឃើញ​ថា មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា តែង​ទទួល​បាន​ការ​អប់រំ​ផ្នែក​ច្បាប់ និង​បទដ្ឋាន​ផ្សេងៗ​ពី​រដ្ឋាភិបាល​វៀតណាម។ ដោយ​ឡែក​មន្ត្រី​ដែល​ឈរ​ជើង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម វិញ ពួកគេ​ទាំង​នោះ​តែង​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្សេងៗ ទាំង​ជំនួយ​ថវិកា និង​គ្រឿង​ហូប​ចុក​ជាដើម​ពី​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

អាចថាល្អដែរ
ឧទាហរណ៍ បើ មន្ត្រី ឬ អ្នកនយោបាយខ្មែរ ណា លួចលុយជាតិខ្មែរ ហើយរត់ភៀសខ្លួន ទៅនៅស្រុកយួន
យួន ត្រូវតែចាប់បញ្ជូនខ្លួន ជននោះ មកអោយអាជ្ញាធរខ្មែរ

Dec 22, 2016 07:04 AM

អ្នក​អាន​អនាមិក

It is wrong between Khmer Laws and Vietnams' Laws absolute is wrong as you're doing to change out of constitution.

Dec 22, 2016 01:49 AM

គេហទំព័រ​ទាំងមូល