តុលាការ​កោះហៅ​ភិក្ខុ ប៊ុត ប៊ុនតិញ អោយ​ចូល​បំភ្លឺ​ជា​លើក​ទី​២

ដោយ​ សុ ជីវី
2016-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Chuop Sereyroth

សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជា​លើក​ទី​២ អោយ​ចូល​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ ដែល​ប្ដឹង​ដោយ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។

ព្រះរាជ​អាជ្ញា​រង លោក ស្រី ម៉ាកនី បាន​ចេញ​ដីកា​កោះ​ថ្មី​មួយ​ទៅ​អតីត​ប្រធាន​​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដោយ​តម្រូវ​អោយ​ព្រះអង្គ​ចូល​ទៅ​បំភ្លឺ​​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ វេលា​ម៉ោង​៩។

ករណី​នេះ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា ព្រះអង្គ​សោកស្ដាយ​ដែល​ព្រះរាជអាជ្ញា​រង​រូប​នេះ​មិន​បាន​ប្រើ​ពាក្យ​និមន្ត​ជំនួស​អោយ​ពាក្យ​អញ្ជើញ​នៅ​ក្នុង​ដីកា​កោះ។ ព្រះអង្គ​លើក​ឡើង​ទៀត​ថា ព្រះអង្គ​អាច​នឹង​បំភ្លឺ​តាម​បណ្ដាញ​ទំនាក់ទំនង វាត់ស្អាប់ (WhatsApp)។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ប្ដឹង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពី​បទ​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា ព្រះអង្គ ប៊ុត ប៊ុនតិញ មូល​បង្កាច់​លោក​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ ដើម្បី​ផ្ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ឲ្យ​តំណែង​តំណាងរាស្ត្រ​ដល់​លោក និង​ភរិយា។ លោក​ថា សម្ដី​នេះ​ប៉ះពាល់​ដល់​កិត្តិយស​លោក គណបក្ស​លោក និង​អ្នក​គាំទ្រ​លោក។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទទួល​ស្គាល់​ថា ព្រះអង្គ​ពិត​ជា​បាន​ថ្លែង​ដូច្នេះ​មែន។ តែ​ព្រះអង្គ​លើក​ឡើង​ថា នេះ​ជា​សេរីភាព​បញ្ចេញ​មតិ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អតីត​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​និមន្ត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ករណី​បណ្ដឹង​របស់​លោក ម៉ម សុណង់ដូ នេះ​ទេ។

ក្នុង​សំណុំ​រឿង​នេះ លោក ម៉ម សុណង់ដូ ទាមទារ​ប្រាក់​ជំងឺ​ចិត្ត ១​ម៉ឺន​រៀល ដែល​លោក​ថា ជា​និមិត្តរូប​ពី​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល