តុលាការ​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​មនុស្ស​៥​នាក់​ពាក់ព័ន្ធ​នឹង​កាប់​រំលំ​ដើម​គ្រញូង​១​ដើម

ដោយ ហង្ស សាវយុត
2016-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក ឈ ថាណាត (កំពុង​ចុះ​ពី​ឡាន​ខាង​ឆ្វេង) និង​ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌ លោក ចេវ ផល (ស្ដាំ) ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក ឈ ថាណាត (កំពុង​ចុះ​ពី​ឡាន​ខាង​ឆ្វេង) និង​ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌ លោក ចេវ ផល (ស្ដាំ) ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​មន្ត្រី​អាជ្ញាធរ​អប្សរា​ចំនួន ៥​នាក់​ហើយ ពាក់ព័ន្ធ​នឹង​ករណី​កាប់​រំលំ​ដើម​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ។ កាល​ពី​ម៉ោង​ជាង ​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា សមត្ថកិច្ច​បាន​នាំ​ខ្លួន​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក ឈរ ថាណាត ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌ លោក ចេវ ផល ព្រម​ទាំង​មន្ត្រី​ចំនួន ៣​រូប​ទៀត បញ្ជូន​ទៅ​ឲ្យ​តុលាការ​ខេត្ត​សៀមរាប។

តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី​កាប់​រំលំ​ដើម​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ បាន​ចោទ​ប្រកាន់​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ១​រូប ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌ ព្រម​ទាំង​មន្ត្រី ៣​រូប​ផ្សេង​ទៀត​រួច​ហើយ គឺ​នៅ​រង់ចាំ​តែ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ ថា​តើ​ត្រូវ​ឃុំ​ខ្លួន​អ្នក​ទាំងនោះ​ជា​បណ្ដោះអាសន្ន ឬ​ក៏​យ៉ាង​ណា?

ប្រធាន​មន្ទីរ និង​ជា​អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប គឺ​លោក យិន ស្រាង។ លោក​មាន​ប្រសាសន៍​កាល​ពី​ម៉ោង​ជាង ៤​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា ថា តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី បាន​ចោទ​ប្រកាន់​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក ឈរ ថាណាត ប្រធាន​មន្ទីរ​បរិស្ថាន និង​ទេសភាព​វប្បធម៌ លោក ចេវ ផល ព្រម​ទាំង​មន្ត្រី ៣​នាក់​ទៀត​ឈ្មោះ ខាន់ ង៉ិក ឡី ជាតិ និង ទូច ទេពត្រា ពី​បទ​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ​ជាប់​លំដាប់ ដែល​មិន​ទាន់​គ្រប់​ទំហំ​ឲ្យ​កាប់​រំលំ និង​បំផ្លាញ​ប្រភេទ​ឈើ​ដែល​កម្រ តាម​មាត្រា​៩៨ ចំណុច​៥ នៃ​ច្បាប់​ស្ដីពី​ព្រៃ​ឈើ។

លោក យិន ស្រាង បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី បាន​បញ្ជូន​អ្នក​ទាំង​៥ ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ទៅ​តាម​នីតិវិធី​បន្ត ថា​តើ​ត្រូវ​ឃុំ​ខ្លួន ឬ​ក៏​យ៉ាង​ណា?«អា​ហ្នឹង​គេ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​អំពី​ការ​ឃុំ​ខ្លួន​ហ្នឹង​ឯង តែ​មិន​ទាន់​ដឹង​ថា តើ​ចៅក្រម​ស៊ើបសួរ​ឃុំ​ខ្លួន​ហើយ​ឬ​នៅ​ទេ»

រហូត​មក​ដល់​ម៉ោង​ជាង ៥​ល្ងាច​ថ្ងៃ​ទី​១០ ទៅ​ហើយ ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្ដី​នេះ នៅ​មិន​ទាន់​សម្រេច​ថា តើ​ត្រូវ​ឃុំ​ខ្លួន​មន្ត្រី​អាជ្ញាធរ​អប្សរា​ទាំង ៥​រូប​នោះ ឬ​ក៏​យ៉ាង​ណា​នៅ​ឡើយ?

អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរធំ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរធំ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth RFA/Hang Savyouth

ទោះ​បី​ជា​យ៉ាង​ណា ស្ថាប័ន​អាជ្ញាធរ​អប្សរា​នៅ​មិន​ទាន់​បង្ហាញ​ប្រតិកម្ម​យ៉ាង​ណា​ទេ ជុំវិញ​រឿង​ដែល​តំណាង​អយ្យការ​ចោទ​ប្រកាន់​មន្ត្រី​របស់​ខ្លួន​ចំនួន ៥​នាក់ ពី​បទ​កាប់​បំផ្លាញ​ឈើ​កម្រ​ក្នុង​ឧទ្យាន​អង្គរធំ​នេះ។

នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប លោក ទា គឹមសុទ្ធ មាន​ប្រសាសន៍​ថា តាម​ជំនាញ​របស់​លោក​ដែល​ពិនិត្យ​មើល​ឈើ​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរ​នោះ គឺ​ជន​ខិលខូច​បាន​លួច​អារ​ត្រង់​កន្លែង​សាច់​ល្អៗ​អស់​ហើយ នៅ​សល់​តែ​កន្លែង​ពុក។ លោក​យល់​ថា ដើម​គ្រញូង​នោះ​វា​អាច​នឹង​រលំ​ដួល​នៅ​ពេល​ណា​មួយ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​អ្វី​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​មាន​កំហុស គឺ​នៅ​ត្រង់​ថា ពួក​គាត់​បាន​ទៅ​អារ​ផ្ដួល​រំលំ​ដើម​នោះ​ថែម​ជា​ឯកច្ឆន្ទ ដោយ​ខុស​នីតិវិធី៖ «អា​ទោស​ហ្នឹង​អាស្រ័យ​លើ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់ ពីព្រោះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​នីតិវិធី​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ធ្វើ គឺ​គាត់​ខុស​ត្រង់​នីតិវិធី»

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា មន្ត្រី​ការិយាល័យ​បរិស្ថាន ទេសភាព វប្បធម៌ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃ​ឈើ​របស់​អាជ្ញាធរ​អប្សរា​ជាច្រើន​នាក់ បាន​យក​រថយន្ត និង​រណារ​ម៉ាស៊ីន​ទៅ​កាត់​ឈើ​គ្រញូង ១​ដើម មុខ​កាត់​ទំហំ ៩​តឹក និង​កម្ពស់ ១៥​ម៉ែត្រ​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ ដោយ​គេ​សំអាង​ថា​មាន​ជន​ខិលខូច បាន​លួច​កាត់​ដើម​ឈើ​នោះ​ជិត​ដាច់​ទៅ​ហើយ បើ​ទុក​តទៅទៀត គឺ​វា​អាច​នឹង​ដួល​រលំ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​ក៏​សត្វ​ក្នុង​ពេល​ណា​មួយ។

បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​មាន​លោក ចេវ ផល ជា​អ្នក​បញ្ជា​ឲ្យ​កាប់​ដើម​គ្រញូង​នោះ​មក អ្នក​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ជាង ១០០​នាក់ បាន​លើក​គ្នា​ទៅ​ខឹងសម្បា​យ៉ាង​ខ្លាំង ដោយ​ថា​ដើម​ឈើ​នោះ គឺ​ជា​ទីកន្លែង​គោរព​សក្ការៈ​របស់​ពួក​គេ។

ស្ត្រី​អ្នក​ភូមិ​នគរក្រៅ ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត​ដែល​លើក​គ្នា​ទៅ​ចោមរោម​មើល​ដើម​គ្រញូង​ក្នុង​ពេល​ដែល​អាជ្ញាធរ​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​សៀមរាប ដឹក​យក​ទៅ​ប្រគល់​ឲ្យ​វិញ​មាន​ប្រសាសន៍​ថា រូប​គាត់​សែន​សោកស្ដាយ​នៅ​ពេល​ដែល​ឃើញ​ឈើ​គ្រញូង​នេះ​ត្រូវ​គេ​កាប់​រំលំ​យ៉ាង​ដូច្នេះ៖ «អូ! ខ្ញុំ​កើត​មក​ឃើញ​ឈើ​គ្រញូង​នេះ​ធំ​ជាង​ខ្ញុំ​រាប់​រយ​ដង។ ខ្ញុំ​តែងតែ​យក​គោ​ទៅ​ចង​ឲ្យ​វា​ស៊ី​ស្មៅ​នៅ​ក្បែរៗ​នោះ»

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង បាន​គាំទ្រ​ចំពោះ​គំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ឈើ​គ្រញូង ១​ដើម ដែល​មាន​ចំណាស់​ជាង ២០០​ឆ្នាំ​នេះ។ លោក ឃឹម ប៊ុនសុង ឲ្យ​ដឹង​ថា រូប​លោក​ដែល​ជា​អភិបាល​ខេត្ត ត្រូវ​តែ​អនុវត្ត​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​តាម​រក​មុខ​អ្នក​កាប់​ឈើ​គ្រញូង​នេះ ហើយ​នាំ​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ឈើ​ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ ហើយ​ច្បាប់​បាន​ហាមឃាត់​មែនទែន ប៉ុន្តែ​ការ​ប្រព្រឹត្ត​នេះ​ហាក់​ដូចជា​ធ្វើ​មិន​ដឹង​មិន​ឮ គឺ​ជា​រឿង​របស់​បុគ្គល​ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ»

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​ស្ដីពី​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា ដែល​ព្រះមហាក្សត្រ​ឡាយព្រះហស្ដលេខា​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០២ ត្រង់​មាត្រា​៩៨ ចែង​ថា ជន​ណា​ដែល​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ​ជាប់​លំដាប់ ដែល​មិន​ទាន់​គ្រប់​ទំហំ​ឲ្យ​កាប់​រំលំ និង​បំផ្លាញ​ប្រភេទ​ឈើ​កម្រ ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃ​ឈើ​លំដាប់​ទី​២ ដោយ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

កូនខ្មែរ

ពី ភ្នំពេញ

ក្រូមនេះកាប់មួយដេីមត្រូវគេចាប់អញ្ចឹងហេីយ
បេីកាប់រាប់រយហិចតានឹបានលេីងបុណ្យស័កជាអុកញ៉ាមិនខានឡេីយ

Nov 11, 2016 06:54 PM

កូនខ្មែរ

ពី ភ្នំពេញ

អ្នកដែលកាប់នោះគឺគាត់ធ្លាប់តែកាប់លក់អញ្ចឹងឯងព្រោះអីពួកគាត់ទទួល
បញ្ជាពីមេគឹគាត់ត្រូវតែធ្វេីដោយបានលុយប្និចន្តួច
បេីចាប់ត្រូវចាប់ពួកមេៗបានត្រូវម​​​កំុធ្វេីយកតែលេសនោះ
អារបៀបនេះពលេដ្ឋដឺងអស់ហេីយ

Nov 11, 2016 06:41 PM

ហានិភ័យ

ពី តាកែវ

"គឺ​ជន​ខិលខូច​បាន​លួច​អារ​ត្រង់​កន្លែង​សាច់​ល្អៗ​អស់​ហើយ នៅ​សល់​តែ​កន្លែង​ពុក" ស្តាប់ឃ្លានេះទៅដូចជាអត់យល់ បានន័យថាដើមគ្រញូងនេះងាប់ពុកអស់ហើយ វាគ្មានតម្លៃទៀតទេ។

Nov 10, 2016 09:13 PM

កូនខ្មែរ

ពី ភ្នំពេញ

ពិតជាពូកែដោះស្រាយណាស់ហើយស្រួល
ដូចបកចេកអញ្ជឹង គឺមានជនាញណាស់ខាង
បំផ្លាញជាតិ ថ្ងៃក្រោយគាស់ថ្មអង្គរវត្តលក់អោយ
អស់ទៅព្រោះអីវាពុកអស់ហើយ

Nov 10, 2016 08:51 PM

គេហទំព័រ​ទាំងមូល