រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដីពី​ការ​បង្ការ​និង​ពន្លត់​អគ្គីភ័យ

ដោយ អ៊ុក សាវបូរី
2013-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ការ​ពន្លត់​អគ្គីភ័យ នា​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៣។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ការ​ពន្លត់​អគ្គីភ័យ នា​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Ouk Savborey

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គីភ័យ មាន​គោល​បំណង​លើក​កម្ពស់​ការ​បង្ការ និង​ការ​ពន្លត់​អគ្គីភ័យ សំដៅ​ការពារ​អាយុ​ជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម។

ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ជន​គ្រប់​រូប និង​អំពី​លក្ខខណ្ឌ វិធានការ​នានា ដើម្បី​បង្ការ និង​ពន្លត់​អគ្គីភ័យ។

សមាជិក​សភា​ចំនួន ៩៤​រូប ក្នុង​ចំណោម ៩៧​រូប បាន​អនុម័ត​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គីភ័យ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី៧ ខែ​ឧសភា ឆ្នាំ​២០១៣។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​នោះ​ថា ច្បាប់​ស្ដីពី​ការ​បង្ការ និង​ការ​ពន្លត់​អគ្គីភ័យ​មាន ៨​ជំពូក ចែក​ចេញ​ជា ៣៣​មាត្រា។ ច្បាប់​នេះ​បង្កើត​ឡើង​ក្នុង​បំណង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​អគ្គីភ័យ ដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចេះ​តែ​មាន​កំណើន​គួរ​ឲ្យ​ព្រួយ​បារម្ភ គំរាម​កំហែង​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ ប៉ះពាល់​អាយុ​ជីវិត សុខុមាលភាព និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ បរិស្ថាន ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជ​រដ្ឋាភិបាល៖ «ជំពូក​៣ ការ​បង្ការ​អគ្គីភ័យ​មាន ៧​មាត្រា ចាប់​ពី​មាត្រា​ទី១៤ ដល់​មាត្រា​២០។ ជំពូក​នេះ​ចែង​អំពី​វិធាន​ការ​នានា​ក្នុង​ការ​បង្ការ​កុំ​ឲ្យ​មាន​អគ្គីភ័យ​កើត​ឡើង»

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ថ្លែង​ថា មន្ត្រី​ប៉ូលិស​ពន្លត់​អគ្គីភ័យ​តែង​តែ​រង​នូវ​ការ​ចោទ​ថា បាន​ទារ​ប្រាក់ និង​ត​ថ្លៃ​អ្នក​ដែល​មាន​ផ្ទះ និង​សម្ភារៈ​ត្រៀម​ឆេះ​មុន​សិន មុន​នឹង​បាញ់​ទឹក​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​ជាដើម៖ «វា​ទាល់​តែ​មាន​ការ​សូកប៉ាន់ បាន​ធ្វើ​ការ​ពន្លត់ និង​ពន្លឿន​ការ​ពន្លត់ តែ​បើ​មិន​មាន​ការ​សូកប៉ាន់​ទេ រេរា​ធ្វើ​ការ​ពន្លត់​អគ្គីភ័យ​ជួយ​ប្រជាពលរដ្ឋ ការពារ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ រឿង​នេះ​ជា​រឿង​ដែល​កើត​មាន​ឡើង​ជាក់ស្តែង​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ»

លោក ស ខេង បាន​ការពារ​ថា ក្រសួង​មហាផ្ទៃ មិន​ដែល​ទទួល​បាន​លិខិត ឬ​ពាក្យ​បណ្ដឹង​អំពី​បញ្ហា​សមត្ថកិច្ច​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ បាន​យក​ប្រាក់​ពី​ជន​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​នោះ​ម្តង​ណា​ឡើយ៖ «គ្មាន​ពាក្យ​បណ្ដឹង​ណា​ជាក់លាក់​ចង្អុល​មុខ​មនុស្ស​ឲ្យ​ជាក់លាក់ ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​បាន​ទេ។ តែ​យើង​បាន​ធ្វើ​ការ ព្រោះ​ឥឡូវ​នេះ​នៅ​ក្រសួង​មហាផ្ទៃ ក៏​មាន​អគ្គាធិការដ្ឋាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​អធិការកិច្ច ការ​គ្រប់គ្រង​រដ្ឋបាល​ទាំងអស់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ទាក់ទង​នឹង​មន្ត្រី ទាំង​ស៊ីវិល ទាំង​នគរបាល។ បើ​មាន​ពាក្យ​បណ្ដឹង​ជាក់លាក់ គឺ​យើង​ទៅ​ធ្វើ​អធិការកិច្ច​ភ្លាម ទៅ​ស្រាវជ្រាវ​ភ្លាម»

ចំណែក​លោក កែត ឃី តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ថ្លែង​ថា ជំពូក​ទី៦ ទោសបញ្ញត្តិ​មាត្រា​២៧ ច្បាប់​នោះ​មាន​ការ​ដាក់​ទោស​ស្រាល​ខ្លាំង​ចំពោះ​មន្ត្រី​ប៉ូលិស​អគ្គីភ័យ ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ពេល​បំពេញ​ភារកិច្ច ឬ​បំពេញ​ភារកិច្ច​ដោយ​មិន​ត្រឹមត្រូវ ក្នុង​ការ​ពន្លត់​អគ្គីភ័យ គឺ​មាន​ទោស​តែ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។ ផ្ទុយ​ពី​មាត្រា​២៩ បែរ​ជា​ដាក់​ទោស​អ្នក​ផ្តល់​ព័ត៌មាន​ក្លែង ឬ​អំពើ​បើក​កកាយ​ព័ត៌មាន​ក្លែង ដើម្បី​ធ្វើ​ឲ្យ​ជឿ​ថា​អគ្គីភ័យ​នឹង​កើត​ឡើង ឬ​អគ្គីភ័យ​បាន​កើត​ឡើង ដែល​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ២​ឆ្នាំ ពិន័យ​ជា​ប្រាក់ ២​លាន ទៅ ៤​លាន​រៀល ដែល​សុំ​ឲ្យ​កែ​តម្រូវ និង​បន្ថែម​ពាក្យពេចន៍​ទៅ​ក្នុង​ច្បាប់​នោះ។

ចំណែក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ថ្លែង​ថា សុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ម្ចាស់​អគារ​ខ្ពស់ៗ និង​មាន​អគារ​នៅ​ក្រោម​ដី ហើយ​និង​រោងចក្រ សហគ្រាស​នានា គួរ​ត្រៀម​ឧបករណ៍​ពន្លត់​អគ្គីភ័យ​ដោយ​ខ្លួន​ឯង នៅ​កន្លែង​ដែល​អគារ​មាន​កម្ពស់​លើស​ពី ៣០ ទៅ​ជាង ៤០​ជាន់ និង​ក្រោម​ដី ដែល​មាន​ជម្រៅ​ជ្រៅ​ខ្លាំង​ជាដើម៖ «អីចឹង​ទេ យើង​មិន​ទាន់​មាន​ឧបករណ៍​ដើម្បី​ទៅ​ពន្លត់​អគ្គីភ័យ​នៅ​ខាង​លើ​ជាន់​ទី៤២ នោះ​បាន​ទាន់​ពេល​វេលា​នោះ​ទេ។ មួយ​ទៀត ដូច​ជា​នៅ​ក្នុង​ដី ដែល​មាន ៥​ជាន់​នៅ​ក្នុង​ដី​ជាដើម។ល។ អីចឹង ទាមទារ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អ្នក​ដែល​គូរ​ប្លង់​ដំបូង ត្រូវ​រៀបចំ​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ការពារ និង​ការ​ពន្លត់​អគ្គីភ័យ»

ទោះ​ជា​មាន​ការ​ពិភាក្សា និង​ជូន​យោបល់​ខ្លះ​ពី​អ្នក​តំណាង​រាស្ត្រ​ក៏ដោយ ច្បាប់​ស្ដីពី​ការ​បង្ការ និង​ការ​ពន្លត់​អគ្គីភ័យ មិន​ត្រូវ​បាន​កែ​សម្រួល​ពី​សេចក្ដី​ព្រាង​ដើម​អ្វី​ទាំងអស់។

នៅ​ក្នុង​ការ​ពិភាក្សា និង​អនុម័ត​របស់​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា នេះ​ដែរ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថ្មី​ចំនួន ១​រូប ក៏​ត្រូវ​សមាជិក​សភា​បោះឆ្នោត​ជាប់ លោក ពិត តាំងសាង ជំនួស​លោក ប៉ែន ថុល ដែល​នឹង​ត្រូវ​ចប់​ភារកិច្ច​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៣ ខាង​មុខ។

រដ្ឋសភា​ក៏​បាន​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​ទី២៨ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល