សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​នៅ​ពោធិ៍សាត់

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១៣ សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​បដិសេធ​បណ្ដឹង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ការពារ​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​ពោធិ៍សាត់ លោក គុជ វេង។
ដោយ ជិន ជេដ្ឋា
2013-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គុជ វេង (អាវ​ក្រហម​ឆ្នូត) ជជែក​តវ៉ា​ជាមួយ​មេ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចំពោះ​ការ​រំលោភ​ដីធ្លី​អ្នក​ភូមិ​ពី​សំណាក់​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១២។
លោក គុជ វេង (អាវ​ក្រហម​ឆ្នូត) ជជែក​តវ៉ា​ជាមួយ​មេ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចំពោះ​ការ​រំលោភ​ដីធ្លី​អ្នក​ភូមិ​ពី​សំណាក់​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១២។
RFA

ការ​សម្រេច​ឲ្យ​លោក គុជ វេង នៅ​ក្នុង​ឃុំ​ជា​បន្ត​ទៀត​នេះ ដោយ​តុលាការ​បាន​ចាត់​ទុក​ការ​ស៊ើបសួរ​របស់​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ថា​មាន​តម្រុយ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក។ ដូច្នេះ​សាលាឧទ្ធរណ៍​ទុក​លទ្ធភាព​ឲ្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ជា​អ្នក​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ។ ចំណែក​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ ថា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គោលការ​សិទ្ធិ​មនុស្ស។

សវនាការ​សាលាឧទ្ធរណ៍​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ការពារ​ដីធ្លី​ប្រចាំ​ខេត្ត​ពោធិ៍សាត់ នេះ មាន​វត្តមាន​តែ​ចៅក្រម ៣​រូប តំណាង​អយ្យការ​មួយ​រូប និង​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គុជ វេង មួយ​រូប។

លោក​ចៅក្រម សេង ស៊ីវុត្ថា បាន​ប្រកាស​សាលដីកា​មិន​អនុញ្ញាត​ឲ្យ​លោក គុជ វេង នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ទេ បន្ទាប់​ពី​បើក​សវនាការ​ជិត​កន្លះ​ម៉ោង​រួច​មក។

ប៉ូលិស​បាន​ចាប់​ខ្លួន​លោក គុជ វេង នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៣។ លោក គុជ វេង ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រាក់​អ្នកស្រី អ៊ុំ ធារី ចំនួន ៤.៥០០​ដុល្លារ ជា​ថ្នូរ​ទៅ​នឹង​ការ​រក​មុខ​នាទី​ជា​ប៉ូលិស​ស័ក្ដិ​២ ឲ្យ​ប្ដី​អ្នកស្រី អ៊ុំ ធារី ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

មេធាវី​ការ​ពារ​ក្ដី​ឲ្យ​លោក គុជ វេង កំពុង​តែ​ពិចារណា​ជា​មួយ​ក្រុម​គ្រួសារ​កូន​ក្ដី​របស់​លោក ដើម្បី​ប្ដឹង​ទាស់​ចំពោះ​ការ​សម្រេច​សាលាឧទ្ធរណ៍​មិន​ឲ្យ​លោក ​គុជ វេង​ នៅ​ក្រៅ​ឃុំ​ នៅ​គ្រា​ដែល​បញ្ហា​សុខភាព​របស់​កូន​ក្ដី​លោក​កាន់​តែ​ទ្រុឌទ្រោម​ខ្លាំង។

មេធាវី​ការពារ​ក្ដី លោក គុជ វេង គឺ​លោក ចាន់ សុជាតិ មាន​ប្រសាសន៍​ថា លោក​ គុជ វេង កំពុង​តែ​មាន​ជំងឺ​គ្រោះ​ក្នុង​ប្រមាត់ ហើយ​ក្រុម​គ្រួសារ​របស់​គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក គុជ វេង ជាប់​ពន្ធនាគារ៖ «ការ​ដែល​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង​វា​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​រយៈ​ពេល​គាត់​ជាប់​គុក​នេះ ខាង​ពន្ធនាគារ​បញ្ជូន​គាត់​ទៅ​ពេទ្យ​ក្រៅ​ហ្នឹង​ពីរ​ដង​ហើយ»

បន្ថែម​លើ​នេះ លេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក (CHRAC) លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​ថា តុលាការ​គួរ​តែ​ពិចារណា​អំពី​ស្ថានភាព​ជាក់​ស្ដែង​របស់​ជន​ជាប់​ចោទ។

លោក​បញ្ជាក់​ថា សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​បែប​នេះ គឺ​អាច​ប៉ះពាល់​ដល់​គោលការណ៍​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «កាល​ដែល​គេ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស គឺ​គេ​តែង​តែ​សិក្សា​ស្រាវជ្រាវ​រក​មើល​អំពើ​ផ្សេងៗ​នៃ​សកម្មជន​ហ្នឹង ថា​តើ​គាត់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​បទ​អី​ផ្សេង​ទៀត ដើម្បី​គេ​ចាត់​វិធានការ​តាម​ផ្លូវ​ហ្នឹង ប៉ុន្តែ​រឿង​សំខាន់​ដែល​បង​ចង់​បញ្ជាក់ គឺ​រឿង​លោក វេង នេះ គឺ​ទាក់ទង​នឹង​ភាព​សកម្ម​និយម​របស់​គាត់​ទាក់ទង​ជាមួយ​នឹង​បញ្ហា​ដី​ធ្លី​នេះ​ឯង»

លោក​បន្ត​ថា សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ដីធ្លី​តែង​តែ​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ពី​បទ​ល្មើស​ផ្សេងៗ​ដោយ​មិន​សម​ហេតុផល។ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សិទ្ធិ​មនុស្ស​កន្លង​មក បាន​រក​ឃើញ​ថា ករណី​របស់​លោក គុជ វេង គឺ​មិន​ស៊ី​សង្វាក់​ទៅ​នឹង​អង្គហេតុ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ចៅក្រម សេង ស៊ីវុត្ថា ដើម្បី​សុំ​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម​ចំពោះ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ កក្កដា។

​ស្រប​ពេល​នេះ​ដែរ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៅ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក គុជ វេង ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​កុំ​ឲ្យ​មាន​ការ​ងើប​ឡើង​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Look at the activist picture and compare to CPP officers pictures,you can tell the situation.The land owner so skinny,not enough food to eat whereas CPP officers look like pregnant elephants.

Jul 23, 2013 09:10 AM

គេហទំព័រ​ទាំងមូល