ជនរងគ្រោះនៃការបាញ់ប្រហារនោះ អំពាវនាវឲ្យសាលាឧទ្ធរណ៍ជួយផ្តល់យុត្តិធម៌ឲ្យពួកគាត់ ដោយត្រូវចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកទទួលទោសតាមច្បាប់។
សាលាឧទ្ធរណ៍គ្រោងបើកសវនាការសំណុំរឿងរបស់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត នៅថ្ងៃទី៣១ ខែតុលា ដែលប្តឹងទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ដែលបានកាត់ឲ្យលោកមានទោសពីបទបង្ករបួសស្នាមដោយអចេតនា។
មេធាវីមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលជួយការពារក្តីឲ្យកម្មកររោងចក្រកៅវ៉េ គឺលោកស្រី សារី បុត្រចរិយា មានប្រសាសន៍ថា បណ្តឹងទាស់របស់លោក ឈូក បណ្ឌិត ត្រូវសាលាឧទ្ធរណ៍សម្រេចបើកសវនាការជម្រះនៅម៉ោង ២រសៀល ថ្ងៃទី៣១ ខែតុលា ខាងមុខ បន្ទាប់ពីបណ្តឹងនោះបានធ្លាក់ចូលក្នុងដៃសាលាឧទ្ធរណ៍តាំងពីចុងខែមិថុនា។
លោកស្រីមានជំនឿថា សាលាឧទ្ធរណ៍នៅតែផ្តល់យុត្តិធម៌ឲ្យកម្មករជាជនរងគ្រោះ ដូចការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង៖ «យើងនឹងទទួលបានយុត្តិធម៌បន្ថែមពីអ្វីដែលយើងបានទទួលពីតុលាការខេត្តស្វាយរៀង។ កម្រិតប៉ុណ្ណាយើងមិនហ៊ានសន្និដ្ឋានទេ ចំនួនប៉ុន្មានឲ្យធំបំផុតទេ តែយើងសង្ឃឹមថា យើងនៅតែទទួលបានយុត្តធម៌»។
មន្ត្រីស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា សមត្ថកិច្ចបានធ្វេសប្រហែសក្នុងការតាមច្បាប់ខ្លួនលោក ឈូក បណ្ឌិត តាមសាលក្រមរបស់ចៅក្រមសាលាដំបូងខេត្តស្វាយរៀង៖ «អ្វីដែលយើងសោកស្តាយបំផុត គឺថាទោះជាថ្មីៗនេះឧបនាយករដ្ឋមន្រ្តី ស ខេង លោកចេញបទបញ្ជាឲ្យតាមចាប់ខ្លួនលោក ឈូក បណ្ឌិត ក៏ដោយ ក៏មកដល់ពេលនេះលោក ឈូក បណ្ឌិត នៅតែមានសេរីភាពមិនទាន់មានការចាប់ខ្លួនទេ។ យើងគិតថា មានបទបញ្ជាក្តី មានសវនាការក្តី យើងមានសាលក្រម មានបទបញ្ជា។ ប៉ុន្តែលោក ឈូក បណ្ឌិត មិនមានការចាប់ខ្លួន វាហាក់បីដូចជាល្បែងមួយដើម្បីបង្រ្គប់នីតិវិធីធ្វើឲ្យល្អមើលប៉ុណ្ណោះ មិនមានចេតនាក្នុងការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះនោះទេ»។
លោក ឈូក បណ្ឌិត បន្តស្ថិតនៅក្រៅឃុំ រីឯកម្មការិនីរងគ្រោះដែលត្រូវលោក ឈូក បណ្ឌិត បាញ់ឲ្យរបួស ក៏បន្តរស់នៅក្នុងភាពភ័យខ្លាច និងខ្វះខាតថវិកាក្នុងការព្យាបាលនៅពេលដែលស្នាមរបួសធ្វើទុក្ខ។
កម្មការិនីម្នាក់ក្នុងចំណោមកម្មការិនី ៣នាក់ ដែលរងរបួស គឺលោកស្រី ប៊ុន ចិន្តា បញ្ជាក់ថា លោកស្រីនឹងមកចូលរួមក្នុងសវនាការជម្រះក្តីនៅសាលាឧទ្ធរណ៍។ លោកស្រីនៅតែមានទំនុកចិត្តចំពោះតុលាការ ថានឹងផ្តល់យុត្តិធម៌ឲ្យពួកគាត់រងគ្រោះទាំង ៣នាក់ ពិសេសត្រូវចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកផ្តន្ទាទោសតាមច្បាប់៖ «ពួកខ្ញុំរាល់ថ្ងៃភ័យខ្លាចណាស់ ព្រោះអីគេមិនទាន់ចាប់ជនដៃដល់។ ពួកខ្ញុំជាជនក្រីក្រ ពួកខ្ញុំចេះតែភ័យខ្លាចគេអ្នកមានលុយគេចង់ធ្វើអ្វីក៏បាន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេធាវីការពារឲ្យលោក ឈូក បណ្ឌិត គឺលោក ស៊ុន ប៊ុណ្ណារិទ្ធ បានទេ នៅថ្ងៃទី២៩ ខែតុលា ដោយលោកមិនលើកទូរស័ព្ទ។
ចៅក្រមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមិថុនា បានផ្តន្ទាទោសឲ្យលោក ឈូក បណ្ឌិត មានទោសរយៈពេល ១៨ខែ និងបានចេញដីកាឲ្យតាមចាប់ខ្លួនអតីតអភិបាលក្រុងបាវិតរូបនេះ ឲ្យមកទទួលទោស និងបានបង្គាប់ឲ្យបង់ប្រាក់សំណងឲ្យជនរងគ្រោះ ប៊ុន ចិន្តា ចំនួន ២០លានរៀល នុត សុខន ចំនួន ១០លានរៀល និង កែវ នា ចំនួន ៨លានរៀល។
យ៉ាងណា សំណងបណ្ដឹងរដ្ឋប្បវេណីនោះ ត្រូវបានជនរងគ្រោះអះអាងថា ជាសំណងតិចតួចដែលមិនអាចទទួលយកបាន។ តាមគម្រោងនៅក្នុងសវនាការសាលាឧទ្ធរណ៍ខាងមុខ មេធាវីការពារ និងជនរងគ្រោះ នឹងលើកអំណះអំណាងមួយចំនួនដើម្បីស្នើសុំឲ្យតុលាការសម្រេចបង្គាប់ឲ្យបានប្រាក់សំណងច្រើនជាងមុន៕