ឧទ្ធរណ៍​សម្រេច​ឲ្យ​កូន​ប្រុស​ឧកញ៉ា ឌួង ងៀប នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ សម្រេច​ឲ្យ​លោក ឌួង គឹមឡុង នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដោយ​ចាត់​ទុក​ថា ភាគី​ដើម​បណ្ដឹង​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ឈ្មោះ ឌួង គឹមឡុង និង​ថា​ជន​ជាប់​ចោទ​នៅ​ពុំ​ទាន់​គ្រប់​អាយុ​នៅ​ឡើយ។
ដោយ ម៉ម មុនីរតន៍
2013-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ឌួង គឹមឡុង ជា​កូន​ប្រុស​លោក ឌួង ងៀប ដែល​មាន​ងារ​ជា​អ្នក​ឧកញ៉ា និង​ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ។

ការ​សម្រេច​ដោះលែង​ឲ្យ​ឈ្មោះ ឌួង គឹមឡុង នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នេះ ធ្វើ​ឡើង​ក្រោម​ការ​ជំនុំ​ជម្រះ​ជា​អសាធារណៈ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ឧសភា។ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី១៤ មេសា ស្ថិត​នៅ​ហាង​ឈ្មោះ ហ្គេឡាង ឡារ៉ង់ ក្នុង​ខណ្ឌ​ចំការមន។

ចៅក្រម​ជំនុំ​ជម្រះ លោក ជួន ស៊ុនឡេង អនុប្រធាន​សាលា​ឧទ្ធរណ៍ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ ឧសភា ថា អ្វី​ដែល​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​ឈ្មោះ ឌួង គឹមឡុង នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នេះ គឺ​ផ្អែក​លើ​ហេតុផល​មួយ​ចំនួន ដូច​ជា ជន​រងគ្រោះ​សម្រេច​ផ្សះផ្សា និង​បញ្ចប់​វិវាទ​វិញ។ ឈ្មោះ ឌួង គឹមឡុង ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ប្រើប្រាស់​ហិង្សា​ដោយ​ផ្ទាល់ និង​ម្យ៉ាង ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា​នេះ នៅ​ពុំ​ទាន់​គ្រប់​អាយុ​នៅ​ឡើយ។

លោក​បន្ត​ថា បើ​ទោះ​ជា​ជន​សង្ស័យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្ដី ក៏ប៉ុន្តែ​ថា លោក ឌួង គឹមឡុង នៅ​តែ​បន្ត​ជាប់​បណ្ដឹង​អាជ្ញា​នៅ​ឡើយ៖ «ហើយ​នែក​ក្មេង​ហ្នឹង​វា​អនីតិជន ទើប​អាយុ​១៧។ ហើយ​ខាង​ជន​រងគ្រោះ​គេ​ដក​បណ្ដឹង​អស់​ហើយ អ៊ីចឹង​វា​ការ​ដែល​ឃុំ​ខ្លួន ក៏​លែង​ចាំបាច់​អស់​ហើយ ដូច​ថា​ជន​រងគ្រោះ​ហ្នឹង​គេ​ត្រូវ​គ្នា​អស់​ហើយ​ណាស់។ យើង​ឃុំ​ខ្លួន​ដើម្បី​ធានា​ការ​ស៊ើបសួរ ចុះ​បើ​ដើម​បណ្ដឹង​ហ្នឹង​គេ​ដក​ពាក្យ​បណ្ដឹង ហើយ​គេ​អត់​ទាំង​ទាមទារ​អី​ផង យើង​ឃុំ​យ៉ាង​ម៉េច។ ហើយ​ណា​មួយ​ជា​សិស្ស​ផង​ណា»

កូន​ប្រុស​លោក​ឧកញ៉ា ឌួង ងៀប ម្នាក់​ទៀត​ឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឆាយ បង​ប្រុស​របស់​ឈ្មោះ ឌួង គឹមឡុង និង​អង្គរក្ស​ម្នាក់​ទៀត​ឈ្មោះ យី រ៉ាយុទ្ធ នៅ​បន្ត​ជាប់​ឃុំ​នៅ​ឡើយ​នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ។

មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បណ្ដឹង​របស់​លោក មុំ ឌីណា បាន​ចោទ​ប្រកាន់​ថា ក្រុម​កូន​លោក​ឧកញ៉ា ឌួង ងៀប បាន​វាយ​ដំ និង​ទាញ​អាវុធ​មក​ភ្ជង់​គំរាម​លើ​ពួក​គេ ដែល​កំពុង​សប្បាយ​កាល​ពី​រាត្រី​ថ្ងៃ​ទី១៤ មេសា នៅ​មុន​ពិធី​ចូល​ឆ្នាំ​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ខុ្ញុំមិនចង់អោយមានការស្សះសារឡើយ,ត្រូវធ្វើអ្វីតាមច្បាប់,មិនចឹងអោយតែមានលុយនឹងអំណាចនឹងអាចធ្វើអីតាមតែចិត្តហើយ,អាងតែអាចស្សះសារគ្នាបាន.តើអ្នកគិតដូចខ្ញុំទេ.

May 17, 2013 09:07 PM

អ្នក​អាន​អនាមិក

អាយុទើបតែ១៧ឆ្នាំ​មានលុយធ្វើជា​អ្នកឧញ៉ា​ពិតជាបុគ្គលមិនធម្មតា​នៅក្នុងសង្គម​។តើអ្នកទាំងអស់នោះរកស៊ីអីបានមានលឿនម៉្លេះ។​​​

May 17, 2013 11:14 AM

គេហទំព័រ​ទាំងមូល