សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​រឿង​ក្ដី​លោកស្រី ឈិន សុគន្ធារី

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ប្រកាស​លើក​ពេល​សវនាការ​បណ្ដឹង​ទាស់​របស់​លោកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ ដោយ​គ្មាន​ថ្ងៃ​កំណត់​ច្បាស់លាស់។ មូលហេតុ​នៃ​ការ​ពន្យារ​ពេល​នេះ ត្រូវ​បាន​ចៅក្រម​ពន្យល់​ថា ធ្វើ​ឡើង​តាម​សំណើ​សុំ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​ដើម​បណ្ដឹង ដែល​ជាប់​រវល់​មិន​អាច​ចូល​រួម​បាន។
ដោយ ទេព សុរ៉ាវី
2013-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សុក សំអឿន មេធាវី​ការពារ​ក្ដី​ឲ្យ​លោកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​សវនាការ​លើក​ពេល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១៣។
លោក សុក សំអឿន មេធាវី​ការពារ​ក្ដី​ឲ្យ​លោកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​សវនាការ​លើក​ពេល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Tep Soravy

មេធាវី​ការពារ​ក្ដី​ឲ្យ​លោកស្រី ឈិន សុគន្ធារី បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​លុប​ដីកា​ចាប់​ខ្លួន​កូន​ក្ដី​របស់​លោក​ឲ្យ​ផុត​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ខណៈ​ដែល​ចៅក្រម​សាលាឧទ្ធរណ៍​ប្រកាស​លើក​ពេល​សវនាការ​ដោយ​គ្មាន​ថ្ងៃ​កំណត់។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក ងួន អ៊ីម បាន​ប្រកាស​ពន្យារ​ពេល​សវនាការ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ទៅ​ថ្ងៃ​ក្រោយ​វិញ តាម​ពាក្យ​ស្នើ​សុំ​របស់​មេធាវី​ដើម​បណ្ដឹង​ក្រោម​ហេតុផល​ថា គាត់​មិន​ទាន់​មាន​ពេល​គ្រប់គ្រាន់​សិក្សា​លើ​សំណុំ​រឿង​នេះ​នៅ​ឡើយ ដោយ​ទើប​តែ​ទទួល​បាន​សិទ្ធិ​ពី​ថ្នាក់​ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ តែងតាំង​ជា​មេធាវី​ការពារ​ក្ដី និង​ម្យ៉ាង​ទៀត ដោយ​ជាប់​មាន​ធុរៈ​ផង។

យ៉ាង​ណា​ភ្លាមៗ ក្រោយ​មាន​ការ​ប្រកាស​ពន្យារ​ពេល​សវនាការ​មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ឈិន សុគន្ធារី គឺ​លោក សុក សំអឿន បាន​ស្នើ​សុំ​ចំពោះ​មុខ​ចៅក្រម​ជំនុំជម្រះ​ឲ្យ​លុប​ដីកា​ចាប់​ខ្លួន​កូន​ក្តី​របស់​លោក​ដោយ​សំអាង​ថា ការ​ពន្យារ​ពេល​របស់​តុលាការ​ដោយ​គ្មាន​ថ្ងៃ​កំណត់​នេះ កំពុង​ធ្វើ​ឲ្យ​លោកស្រី ឈិន សុគន្ធារី បាត់បង់​សិទ្ធិ​សេរីភាព​មិន​ហ៊ាន​ចូល​ស្រុក។

លោក សុក សំអឿន៖ «ការ​ពន្យារ​នេះ​ជា​ការ​ពន្យារ​របស់​ភាគី​ដើម​បណ្ដឹង ព្រោះ​បើ​អត់​ពន្យារ​ថ្ងៃ​នេះ គឺ​អាច​កាត់​ក្ដី ហើយ​កូន​ក្ដី​ខ្ញុំ​អាច​រួច​ខ្លួន នេះ​ឧទាហរណ៍​អ៊ីចឹង បើ​សិន​ជា​ពន្យារ​អ៊ីចឹង វា​ធ្វើ​ឲ្យ​កូន​បាត់បង់​សិទ្ធិ​សេរីភាព អត់​ហ៊ាន​ចូល​ស្រុក​ដោយសារ​ការ​ពន្យារ»

យ៉ាង​ណា​សំណើ​សុំ​របស់​លោក សុក សំអឿន ត្រូវ​បាន​ចៅក្រម​បង្គាប់​ឲ្យ​ដាក់​លិខិត​សុំ​ផ្លូវការ​ទៅ​តុលាការ ហើយ​លោក​សន្យា​ថា នឹង​ដាក់​លិខិត​នោះ​ក្នុង​ពេល​ឆាប់ៗ។

ក្នុង​លិខិត​ផ្ញើ​មក​វិទ្យុ​អាស៊ីសេរី លោកស្រី សុគន្ធារី បញ្ជាក់​ថា លោកស្រី​បាន​ទិញ​ដី​ទំហំ​ជាង ៣៤​ហិកតារ នៅ​សង្កាត់​ភ្នំពេញថ្មី តាំង​ពី​ឆ្នាំ​១៩៩៩ ដោយ​មាន​លិខិត​ផ្ទេរ​សិទ្ធិ ១៨​ច្បាប់ និង​មាន​ការ​ទទួល​ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បាន​បង់​ពន្ធ​អាករ​ជូន​រដ្ឋ​រាប់​ម៉ឺន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១១។

លោកស្រី​បញ្ជាក់​ក្នុង​លិខិត​ថា សាលា​រាជធានី​ភ្នំពេញ ដែល​កាល​ណោះ​គ្រប់គ្រង​ដោយ​លោក កែប ជុតិមា បាន​រំលោភ​យក​ដី​របស់​គាត់​ទាំង​អស់​ដាក់​ជា​សម្បត្តិ​រដ្ឋ​តាម​អនុក្រឹត្យ​លេខ ១០១ ចេញ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ក្រោម​លេស​ថា ទុក​ធ្វើ​ជា​អាង​ស្តុក​ទឹក​នៅ​រដូវ​វស្សា។ ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ពី​រឹប​អូស​ដី​របស់​លោកស្រី​រួច​ហើយ​នោះ សាលាក្រុង​បែរ​ជា​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ម្ដង​ទៀត ដោយ​អនុបយោគ​ដី​នោះ​ពី​ដី​របស់​រដ្ឋ​ទៅ​ដី​ឯកជន​របស់​រដ្ឋ​វិញ។ បច្ចុប្បន្ន​ដី​មាន​ទំនាស់​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បុរី​ពិភពថ្មី ដែល​កំពុង​សាង​សង់​ផ្ទះ​រាប់​រយ​ល្វែង​សម្រាប់​លក់។

លោក សុក សំអឿន មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី សុគន្ធារី បញ្ជាក់​ថា តាម​ច្បាប់​តុលាការ​មិន​ត្រូវ​ចោទ​ប្រកាន់​គាត់​ពី​បទ​ព្រហ្មទណ្ឌ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ដី​នោះ​ត្រូវ​បាន​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​ហើយ​នោះ ត្រូវ​ប្រគល់​ឲ្យ​ម្ចាស់​ដើម គឺ​លោកស្រី ឈិន សុគន្ធារី ដែល​គ្រប់គ្រង​ដី​នោះ​រយៈពេល ១៣​ឆ្នាំ​មក​ហើយ។

លោក សុក សំអឿន៖ «មិន​គួរ​ណា​យក​បទ​ព្រហ្មទណ្ឌ​ទៅ​ដាក់​ទោស​គាត់​អ៊ីចឹង​ទេ ហើយ​ម្យ៉ាង​ទៀត ដី​ហ្នឹង​ទៅ​ជា​ឯកជន​របស់​រដ្ឋ​ហើយ ហ្នឹង​តាម​ច្បាប់​ត្រូវ​ប្រគល់​ឲ្យ​គាត់​វិញ យក​ដី​របស់​គាត់​ដាក់​រដ្ឋ ដល់​ពេល​រួច​ដាក់​ឯកជន​វិញ អ៊ីចឹង​វា​គួរ​តែ​ប្រគល់​ឲ្យ​គាត់​វិញ​បាន​ត្រឹមត្រូវ ដាក់​ទោស​គាត់​ជា​អ្នក​រំលោភ»

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

លោកស្រី ឈិន សុគន្ធារី ត្រូវ​បាន​ជាប់​ងារ​ជា​យាយ​ក្រពើ បន្ទាប់​ពី​លោកស្រី​ប្រមូល​ទិញ​ដី​ពី​ពលរដ្ឋ​ជាង ៣៤​ហិកតារ នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ត្រៀម​សាងសង់​សួន​អភិរក្ស​សត្វ​ក្រពើ​ខ្នាត​អន្តរជាតិ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍។

លោកស្រី​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ​កន្លះ ពី​បទ​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ តាម​បណ្ដឹង​សាលា​រាជធានី​ភ្នំពេញ ដែល​កាល​ណោះ​គ្រប់គ្រង​ដោយ​លោក កែប ជុតិមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សុគន្ធធារី ហៅយាយក្រពើ មិនខុសពីយាយភូ និង យាយផាន ទេ
មេបោកខាងរកសុីដី ទិញដីព័ទ្ធបិតផ្លូវ និង មានប្រវត្តិអាក្រក់
សូមលោកសុកសំអឿនដែលជាមេធាវីដ៏យុត្តិធម៏កុំ ការពារ គាត់អី
គួទុកសំណុំរឿងនេះ អោយមេធាវីណាចទ្រីប្រសើជាង
សុកសំអឿន ជាមនុស្សឯករាជ្យ ដែលសមទទួលបានជា ប្រធានតុលាការ នៅស្រុកខ្មែរ សូមលោកពូ សុកសំអឿន ចាំថា
រឿងក្តីនេះ ពាល សុីពាល បើលោកពូចូលរួមដែរ វាអាចប៉ះពាល់ដល់កេរ្ត៏ឈ្មោះលោក ពូ ព្រោះរឿងលោកពូមិន
អាច ឈ្មះ ម៉ាបានទេ

Nov 07, 2013 11:36 PM

(

«***ល្ងង់ចង់ធ្វើចេះ» តាំងខ្លួនជាតុលាការវិនិច្ឆ័យថា លោក សុក សំអឿន មិនអាចឈ្នះម៉ាបានទេ ។ តើ***បានមើលសំណុំរឿងហើយឬនៅ? ចេះមកប្រដៅលោកមេធាវី សុក សំអឿន ផង «អាគោពាក់ប៉ោត» យាយភូ យកបឹងកក់ យាយផាន់ យកបុរីកីឡា តើយាយក្រពើយកដីអ្នកណាខ្លះ? បើ***ដឹងច្បាស់យកភស្តុតាងចេញមក ។ ពួកឯងនេះ ***ម៉ា និង ***ផាត់ ជួល***ថ្លៃប៉ុន្មាន ? ***ស្គាល់មេធាវី ណាច ទ្រី ច្បាស់ជាងឯងទៅទៀត មេធាវី ណាច ទ្រី គាត់ជំនាញតែកាន់លុយក្រខ្វក់ពីអាផាត់យកទៅចែកចាយតុលាការតែប៉ុណ្ណោះ គាត់មិនសូវមើលសំណុំរឿងទេ *** ។


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Dec 04, 2013 01:02 PM

គេហទំព័រ​ទាំងមូល