សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​លោក ម៉ម សូណង់ដូ

សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១៣ ហើយ។ លោក ម៉ម សូណង់ដូ នឹង​ត្រូវ​គេ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា វេលា​ម៉ោង ៨​ព្រឹក។
ដោយ សុ ជីវី
2013-03-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ លើក​ដៃ​ពី​មាត់​បង្អួច​សាលាឧទ្ធរណ៍ បន្ទាប់​ពី​ចៅក្រម​សម្រេច​ដោះលែង​លោក នៅ​ថ្ងៃ​១៤ មីនា ឆ្នាំ​២០១៣។
ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ លើក​ដៃ​ពី​មាត់​បង្អួច​សាលាឧទ្ធរណ៍ បន្ទាប់​ពី​ចៅក្រម​សម្រេច​ដោះលែង​លោក នៅ​ថ្ងៃ​១៤ មីនា ឆ្នាំ​២០១៣។
RFA

ចៅក្រម​សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​ប្រម៉ា ២​នាក់​ទៀត ឲ្យ​មាន​សេរីភាព តាម​រយៈ​ការ​​សម្រាល​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ពី ៨ ទៅ ១០​ខែ ពោល​គឺ​កាត់​តម្រឹម​អោយ​ស្មើ​នឹង​រយៈ​ពេល​ដែល​ពួក​គាត់​ត្រូវ​ចាប់ និង​ឃុំ​ខ្លួន​រួច​មក​ហើយ។

ក្នុង​ពេល​ប្រកាស​សាលដីកា​នៅ​ចំពោះ​មុខ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​ប្រម៉ា ២​នាក់​ទៀត លោក​ចៅក្រម ឃុន លាងម៉េង បាន​ប្រកាស​ថា សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​ទុក​ជា​បាន​ការ ប៉ុន្តែ​បាន​កែ​ប្រែ​ចំណុច​មួយ​ចំនួន​ត្រង់​ការ​ផ្ដន្ទា​ទោស។

ក្នុង​នោះ​ក៏​បាន​សម្រេច បន្ថយ​ទោស​ឲ្យ​លោក ម៉ម សូណង់ដូ ពី ២០​ឆ្នាំ មក​នៅ​ត្រឹម ៥​ឆ្នាំ ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៨​ខែ ឯ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។ ចំណែក​អ្នក​ភូមិ​ប្រម៉ា ២​នាក់ ក៏​ត្រូវ​បន្ធូរ​បន្ថយ​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ត្រឹម ១០​ខែ។

ទោះ​យ៉ាង​ណា លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ រួម​មាន​ត្រូវ​មាន​វត្តមាន​នៅ​រាល់​ពេល​មាន​ការ​កោះ​ហៅ និង​មិន​អាច​ចាកចេញ​ពី​ប្រទេស​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​ជាដើម។

លោក​ចៅក្រម ឃុន លាងម៉េង មាន​ប្រសាសន៍​ថា លោក ម៉ម សូណង់ដូ ដែល​មាន​វ័យ​ចាស់ និង​អ្នក​ភូមិ ២​នាក់ ដែល​ពុំ​សូវ​មាន​ចំណេះ​ដឹង និង​មិន​ធ្លាប់​មាន​ទោស​ត្រូវ​ទទួល​បាន​ការ​សម្រាល​ទោស។ លោក​បន្ត​ថា បទ​ចោទ​លើ​លោក ម៉ម សូណង់ដូ ចុង​ក្រោយ គឺ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ៖ «មិន​មែន​ពាក់​ព័ន្ធ​នឹង​កុបកម្ម តែ​​ជា​ការ​ផ្ដើម​គំនិត​ក្នុង​ការ​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ»

ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ បាន​ផ្ដើម​គំនិត​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​តាម​មាត្រា ៩៧ ចំណុច​ទី ៦ នៃ​ច្បាប់​ព្រៃ​ឈើ និង​ផ្ដើម​គំនិត​ជ្រៀត​ជ្រែក​មុខងារ​រាជការ​សាធារណៈ ​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា ២៨ ៥០៤ និង ៦០៩ នៃ​ក្រម​ព្រហ្មទណ្ឌ។

គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​គម្រប់ ៨​ខែ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា។ ដូច​គ្នា​នេះ​ដែរ​អ្នក​ភូមិ​ប្រម៉ា ២​នាក់ ក៏​នឹង​បាន​ជាប់​ឃុំ​រយៈ​ពេល ១០​ខែ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​មីនា។

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែល​ត្រូវ​អនុរក្ស​ពន្ធនាគារ​នាំ​ឡើង​ឡាន​ឲ្យ​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ដើម្បី​រង់​ចាំ​ការ​ដោះលែង បាន​ថ្លែង​អំណរគុណ​អ្នក​ដែល​គាំទ្រ​លោក៖ «ខ្មែរ​ទាំង​អស់​គ្នា និង​បរទេស​ទាំង​អស់​គ្នា ដែល​បាន​គាំ​ទ្រ និង​រក​យុត្តិធម៌​អោយ​បង!»

សហ​មេធាវី​ការពារ​លោក ម៉ម សូណង់ដូ លោក ស សូវាន មាន​ប្រសាសន៍​ថា ជា​ការ​ប្រសើរ​ដែល​កូន​ក្ដី​របស់​ត្រូវ​រួច​ខ្លួន ប៉ុន្តែ​លោក​នឹង​ពិចារណា​ប្ដឹង​ទៅ​សាលា​កំពូល​ទៀត ដ្បិត​កូន​ក្ដី​របស់​លោក​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «ព្រះរាជអាជ្ញា​លើក​ឡើង​ចុង​ក្រោយ​​បំផុត ដោយ​ប្ដូរ​បទ​ចោទ ការ​ចោទ​ប្រកាន់។ រួច​ព្រៃ​ឈើ​ហ្នឹង​មាន​ឯណា? វា​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ខុស​គ្នា​នឹង​ព្រៃ​ឈើ ដូច្នេះ​ខ្ញុំ​បើ​ចៅ​ក្រម​បើក​សិទ្ធិ​ទៅ​សាលា​កំពូល​យើង​នឹង​ប្ដឹង»

បើ​ទោះ​ជា​យ៉ាង​ណា ការ​ដោះ​លែង​ឲ្យ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​បាន​រួច​ពី​ពន្ធនាគារ​បាន​ទទួល​ការ​សាទរ​ពី​ក្រុម​អ្នក​ឃ្លាំ​មើល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​បាន​មើល​ឃើញ​ពី​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ចំពោះ​ការ​កាត់​សេចក្ដី​ដោយ​សាលា​ឧទ្ធរណ៍។ យ៉ាង​នេះ​ក្ដី​លោក​ថា លោក ម៉ម សូណង់ដូ គឺ​ពុំ​មាន​ទោស​ទេ​ប្រសិន​បើ​តុលាការ​ពិចារណា​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន។

លោក អ៊ូ វីរៈ៖ «លោក ម៉ម សូណង់ដូ ជា​អ្នក​ដែល​គ្មាន​ទោស​ទាល់​តែ​សោះ ជា​អ្នក​ស្អាត​ស្អំ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មើល​ទៅ​ប្រជាពលរដ្ឋ​អ្នក​សង្កេត​ការណ៍​ទាំង​អស់ មន្ត្រី​ភាគ​ច្រើន​ក៏​ឃើញ​ថា រឿង​ក្ដី​នេះ​មិន​សម​ស្រប​ដែរ។ ខ្ញុំ​មើល​ទៅ​មតិ​ភាគ​ច្រើន ទាំង​សហគមន៍​ជាតិ អន្តរជាតិ ដល់​ប្រជាពលរដ្ឋ គឺ​​សុទ្ធ​តែ​យល់​ថា រឿង​ក្ដី​នេះ​កឺ​មិន​ត្រឹម​ត្រូវ​ទេ»

កាល​​ពី​ថ្ងៃ​ទី​១​ ខែ​តុលា ឆ្នាំ​២០១២ លោក ម៉ម សូណង់ដូ ដែល​មាន​វ័យ ៧២​ឆ្នាំ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

នៅ​ខាង​ក្រៅ​សាលាឧទ្ធរណ៍ អ្នក​គាំទ្រ លោក ម៉ម សូណង់ដូ ដែល​ភាគ​ច្រើន​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រមាណ ៥០០​នាក់ បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​សាទរ​ចំពោះ​ការ​ដោះលែង​លោក ម៉ម សូណង់ដូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (17)
Share

Kim Phong

ពី ខេត្តឃ្លាំង កម្ពុជាក្រោម

ជំនាន់ណាក៏ដូចជំនាន់ណា បើមនុស្សមានការសិក្សារៀនសូត្រនិងមានការអប់រំល្អបុគ្គលប្រុសស្រីទាំងនោះនឹងមានចំណេះវិជ្ជាចេះដឹង,ជីវិតនឹងជីវភាពរបស់អ្នកទាំងនោះពិតជាមាន ឥរិយាបថសមរម្យនឹងមានភ័ព្វសំណាង់ល្អ ចួនកាលក៏ជាទីពឹង,ជាពំនាក់ចំពោះជនានុជនដែលខ្វះ លទ្ធភាពសិក្សារៀនសូត្រ។ ក៏ប៉ុន្តែអ្នកខ្មែរ!...បានស័ក្តិមាក់ងាយសង្ឈទៅវិញ! ត្រង់នឹងហើយដែល សៀមនឹងយួនដៀលថាខ្មែរល្ងីល្ងើល្ងង់ខ្លៅឆ្កួត ឈ្លោះសុទ្ធតែគ្នាឯង។ ខ្មែរគ្មានការត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ទើបមានជម្លោះមិនចេះចប់មិនហើយ, សូមមេត្តាចេះគិតនឹងគេផងកុំឲ្យគេដៀលតទៅទៀត។

Mar 15, 2013 01:38 PM

អ្នក​អាន​អនាមិក

ពី Banteay Mean Chey Province

សូមអបអរសាទរ និងជូនពរលោកអ៊ំ ម៉មសុណង់ដូរ ដែល
ត្រូវបានរួចទោសនូវការចោទប្រកាន់បែបអយុត្តិធម៌។ អំពើ
យុត្តិធម៌ត្រូវតែឈ្នះអំពើអយុត្តិធម៌។ រួបរួមគ្នា ដើម្បីផលប្រ
យោជន៌រួម ហើយប្រមូលផ្តុំគ្នាដើម្បីលទ្ធិប្រជាធិបតេយ្យ។
សូមអោយលោកអ៊ំស្ថិតក្នុងបេះដូងកូនខ្មែរ។

Mar 14, 2013 10:27 PM

ក្មេងសុំទាន

ពី វត្តភ្នំ

ចៅក្រមសាលាដំបូងនិងចៅក្រមសាលាឧទណ្ឌ៍ប្រហែលជាបានសញ្ញា
ឃើញពីសកលវិទ្យាល័យហ៊ុន សែនដូចគ្នាហើយមើលទៅ?។

Mar 14, 2013 05:24 PM

ក្មេងវត្ត

ពី ភ្នំពេញ

ក្នុងនាមជាខ្មែរដែលស្រឡាញ់ភាពយុត្តិធម៌ក្នុងសង្គម, សូមអបអរសាទរនូវការដោះលែងលោកម៉មសូណង់ដូដែលជាអ្នកស្នេហាជាតិនិងវិរជនដ៍ឆ្នើមរបស់ខ្មែរ អ្នកណាក៍ដឹងដែរថាគាត់គ្មានទោសអ្វីទាល់តែសោះ ក៍ប៉ុន្តែដោយសារតែកំហឹងនិងគំនុំផ្ទាល់របស់ហ៊ុនសែន ជាពិសេសយើងមិនត្រូវថ្លែងអរគុណឲ្យសោះដល់តុលាការឫរដ្ឋាភិបាល ព្រោះលោកម៉មសូណង់ដូជាមនុស្សគ្មានទោស បើយើងអគុណគេដូចយើងទទួលស្គាល់ថាគាត់ជាអ្នកមានកំហុស។

Mar 14, 2013 04:38 PM

John

ពី London

What else can they accuse Mr Mam Sonando with? Hun Sen’s officials are the one that clearing our forest, so why doesn’t the court lock any of them up? This new accusation will make people effected more determine and at the same time make this court cheap and weaker.

Mar 14, 2013 02:29 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល