មេធាវីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក គុជ រដ្ឋា ឲ្យដឹងថា ចៅក្រមជំនុំជម្រះនៅសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ទុកជាបានការ គឺបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្ត្រីសហជីពសេរីកម្មករ ៨រូប។
លោក គុជ រដ្ឋា បញ្ជាក់ថា ការសម្រេចរបស់ចៅក្រមនេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែកក្កដា ប៉ុន្តែនៅមិនទាន់ចេញសាលដីកាផ្លូវការនៅឡើយទេ។ លោកបន្តថា ពេលបានទទួលសាលដីកាចេញភ្លាម លោកនឹងបន្តប្ដឹងសារទុក្ខទៅតុលាការកំពូលទៀត ប្រឆាំងនឹងសាលដីកាសម្រេចរបស់សាលាឧទ្ធរណ៍។
លោក គុជ រដ្ឋា៖ «ជាលទ្ធផលបានដឹងហើយថា គាត់តម្កល់ការសម្រេចរបស់តុលាការដំបូង គឺមិនអនុញ្ញាតឲ្យអ្នកទាំង៨ នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំទេ ដែលគាត់មានសម្អាងហេតុរបស់គាត់ ប៉ុន្តែអាហ្នឹង ត្រូវបញ្ជាក់នៅលើសាលដីកា តែអានេះជាលទ្ធផលនៃការប្រកាសរបស់គាត់ ឥឡូវគាត់មិនទាន់ប្រគល់សាលដីកាឲ្យយើងនៅឡើយទេ»។
តុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនមន្ត្រីសហជីពសេរីកម្មករ ៨នាក់ ដាក់ក្នុងពន្ធនាគារខេត្ត ក្រោមបទចោទចំនួន២ គឺទី១ ផ្ដើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងទី២ ផ្ដើមគំនិតឲ្យមានការខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២៨ មាត្រា២១៨ និងមាត្រា៤១១ ក្នុងក្រមព្រហ្មទណ្ឌថ្មី។ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពនៃបទចោទប្រកាន់មែន មន្ត្រីសហជីពទាំងនោះអាចជាប់ពន្ធនាគារខ្ពស់បំផុត ៥ឆ្នាំ។
រោងចក្រ សាប្រ៊ីណា បានដាក់ពាក្យប្ដឹងទាមទារចំពោះការខូចខាតទ្រព្យសម្បត្តិ និងទារថ្លៃជំងឺចិត្តចំនួន ១៥ម៉ឺនដុល្លារ ចំពោះមន្ត្រីសហជីពសេរីកម្មករ ៨នាក់ ដែលក្រុមហ៊ុនអះអាងថាជាអ្នកផ្ដើមឲ្យមានការផ្ទុះហិង្សាកើតឡើង នៅគ្រាដែលកម្មករជិត ២ពាន់នាក់ បានធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១៤ដុល្លារ បន្ថែម កាលពីថ្ងៃទី៣ ខែមិថុនា។
រោងចក្រ សាប្រ៊ីណា ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានចាត់ទុកជារោងចក្រគំរូលំដាប់ផ្កាយ៥ ខាងផ្នែកគោរពលក្ខខណ្ឌការងារ កំពុងមានបញ្ហាខ្លះជាមួយអ្នកបញ្ជាទិញដ៏ធំរបស់ក្រុមហ៊ុន ណៃគី។ បន្ទាប់ពីមានរឿងអាស្រូវនៃការធ្វើកូដកម្ម រហូតឈានដល់ការប្រើអំពើហិង្សា និងធ្វើឲ្យកម្មការិនីរោងចក្រ ២នាក់ រលូតកូន និងកម្មករច្រើនទៀតរងរបួស។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ថា តុលាការគួរតែពិចារណាលើបញ្ហាសុំសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នរបស់មន្ត្រីសហជីពសេរីកម្មករ។ មួយទៀត តុលាការត្រូវស៊ើបអង្កេតឲ្យបានច្បាស់លាស់ទៅលើថ្នាក់ដឹកនាំសហជីពទាំង ៨នាក់នោះ ថាតើពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតមែន ឬយ៉ាងណា?
លោក អំ សំអាត៖ «តុលាការលោកគួរតែពិនិត្យទៅលើក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌដែលគេថា ជ្រើសរើសយកសេរីភាពនៅក្រៅឃុំច្រើនជាងនៅក្នុងឃុំ។ ទាល់តែបទល្មើសណាមិនអាចអនុញ្ញាតឲ្យនៅក្រៅឃុំបាន ព្រោះមានមូលហេតុចាំបាច់យើងសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ប៉ុន្តែប្រសិនជាបទល្មើសណាដែលអាចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបាន គួរតែពិនិត្យពិចារណាទៅលើចំណុចនេះ ព្រោះវាពាក់ព័ន្ធសិទ្ធិសេរីភាពរបស់បុគ្គល»។
សមាគមកាត់ដេរកម្ពុជា ធ្លាប់បានទទូចស្នើសុំឲ្យរដ្ឋាភិបាល ធានាឲ្យទំនុកចិត្តដល់វិនិយោគិន និងធ្វើឲ្យឧស្សាហកម្មកាត់ដេរអាចបន្តផ្ដល់ឱកាសការងារដល់ពលរដ្ឋប្រមាណជាង ៥សែននាក់ ដោយត្រូវផ្ដន្ទាទោសតាមច្បាប់ចំពោះអ្នកបង្កឲ្យមានអំពើហិង្សាកើតឡើងក្នុងពេលធ្វើកូដកម្ម បាតុកម្ម នៅខាងមុខរោងចក្រ សាប្រ៊ីណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។