គណៈ​មេធាវី​អន្តរជាតិ​​រក​ឃើញ​ការ​រំលោភ​ច្បាប់​ជុំវិញ​សវនាការ​លោក នី ចរិយា

ដោយ យ៉ង ចាន់តារា
2016-11-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (ABA Center for Human Rights) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រួត​ពិនិត្យ​ច្បាប់​​ឡើង​វិញ​ជុំវិញ​ករណី​​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ច្បាប់​ស្រប​តាម​កាតព្វកិច្ច​​អន្តរជាតិ។

​របាយកាណ៍​អង្កេត​មួយ​ជុំវិញ​ករណី​​លោក នី ចរិយា របស់​គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្រោយ​ការ​អង្កេត​សវនាការ​លោក នី ចរិយា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ផ្សាយ​ថា តុលាការ​ក្រុង​ភ្នំពេញ បាន​បរាជ័យ​ក្នុង​ធានា​នូវ​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​លោក នី ចរិយា ត្បិត​ភាគី​ដើម​បណ្តឹង​សុទ្ធ​តែ​អវត្តមាន​នៅ​ក្នុង​អង្គសវនាការ។ លើស​ពី​នេះ តុលាការ​ក៏​បាន​បដិសេធ​ចោល​នូវ​ការ​ព្យាយាម​ពន្យល់ និង​ដោះ​បន្ទុក​របស់​លោក នី ចរិយា ផង​ដែរ។

គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នឹង​តាម​ដាន​ករណី​នេះ​ជា​​បន្ត​ទៀត ព្រម​ទាំង​ស្នើ​ឱ្យ​កម្ពុជា​ លុប​ចោល​បទ​បរិហារកេរ្តិ៍​ចេញ​ពី​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​និយាម​អន្តរជាតិ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា លោក នី ចរិយា ដែល​ជា​អតីត​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ​កាត់​ទោស​ឱ្យ​ជាប់​​​ពន្ធនាគារ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៦​លាន​រៀល ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍ បរិហារ​បង្កាច់​កេរ្តិ៍ និង​ពី​បទ​ប្រើប្រាស់​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​តុលាការ​ខេត្ត​សៀមរាប។

ក្រៅ​ពី​បណ្ដឹង​បរិហារកេរ្តិ៍​នេះ លោក នី ចរិយា ក៏​កំពុង​ជាប់​បណ្ដឹង​មួយ​ទៀត​ដែរ គឺ​បណ្ដឹង​ទាក់ទង​នឹង​រឿង​អា​ស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយ​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ពី​បទ​សមគំនិត​សូក​ប៉ាន់​សាក្សី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

one day someone will responsible for all this monkey court decisions.

Nov 19, 2016 02:26 AM

គេហទំព័រ​ទាំងមូល