សង្គម​ស៊ីវិល​ជជែក​រឿង​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ផ្នែក​បរិស្ថាន

ដោយ ប្រាជ្ញ ចេវ
2016-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) លោក ណែប ស៊ីនថៃ ផ្ដល់​បទសម្ភាសន៍​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Phann Yasy
នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) លោក ណែប ស៊ីនថៃ ផ្ដល់​បទសម្ភាសន៍​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Phann Yasy
RFA/Phann Yasy

ក្រុម​សង្គម​ស៊ីវិល​ជួបជុំ​ជជែក​គ្នា​រឿង​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដើម្បី​ស្នើ​ទៅ​ក្រសួង​ព័ត៌មាន ឲ្យ​ដាក់បញ្ចូល ឬ​និយាយ​លម្អិត​ទាក់ទង​ការ​បើក​ចំហ ឬ​ផ្ដល់​ព័ត៌មាន​ក្នុង​វិស័យ​បរិស្ថាន។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន ដែល​ធ្វើ​ការងារ​លើ​រឿង​នេះ ស្វាគមន៍​មតិយោបល់​ដែល​សង្គម​ស៊ីវិល​លើក​ឡើង​នេះ។

​ខណៈ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន បង្ហាញ​ជាបឋម​ឲ្យ​សង្គម​ស៊ីវិល​បាន​ពិនិត្យ។ ក្រុម​សង្គម​ស៊ីវិល​​ស្នើ​ឲ្យ​មាន​ការ​កែតម្រូវ​មាត្រា​ខ្លះ និង​បញ្ជាក់​ចំណុច​ខ្លះៗ​ទៀត​នៅ​ក្នុង​សេចក្ដី​ព្រាង​នេះ ឲ្យ​កាន់​តែ​ច្បាស់លាស់ ជៀសវាង​ចែង​ទូលាយ​ពេក។ ជា​ឧទាហរណ៍​ ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​អ្វី​ជា​រឿង​សង្ងាត់​របស់​ជាតិ​ដែល​មិន​អាច​ផ្តល់ព័ត៌មាន។

​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) លោក ណែប ស៊ីនថៃ ឲ្យ​អាស៊ីសេរី​ដឹង​ថា ដោយសារ​សេចក្ដី​ព្រាង​ច្បាប់​នេះ មិន​បាន​ចែង​លម្អិត​ក្នុង​ការ​បើក​ចំហ​រលើ​វិស័យ​មួយៗ ទើប​ក្រុម​សង្គម​ស៊ីវិល​ចង់​ឲ្យ​អនុក្រឹត្យ​ចែង​លម្អិត​បន្ថែម​លើ​សេចក្ដី​ច្បាប់​នេះ។ លោក​រំពឹង​ថា សំណើ​នេះ​នឹង​ត្រូវ​ក្រសួង​ព័ត៌មាន ឬ​អ្នក​ពាក់ព័ន្ធ​យល់ព្រម​ទទួល​យក៖ «ទុន​មួយ​ដែល​យើង​ធ្វើ​ការ​វិភាគ​បើសិន​ច្បាប់​នេះ​មិន​គ្រប់​ដណ្តប់​ទៅ​ព័ត៌មាន​ជាក់លាក់​លើ​វិស័យ​នេះ វា​អាច​មាន​ពីរ ទី​មួយ​ច្បាប់​នេះ​គួរ​ពិចារណា​ឡើង​វិញ ជំរើស​មួយ​ទៀត​ប្រហែល​ច្បាប់​អត់​បញ្ចូល​វិស័យ​ជាក់លាក់ ប៉ុន្តែ​លើក​ទឹក​ចិត្ត​ឲ្យ​សាមី​ស្ថាប័ន​ផ្សេងៗ​នោះ​អនុវត្ត​តាម»

​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បាន​ធ្វើ​ការងារ​ដើម្បី​ជំរុញ​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាំង​ពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ។ ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ (UNESCO) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​អនុវត្ត​គម្រោង​លើក​កម្ពស់​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន កាល​ពី​ឆ្នាំ​២០១៤ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ជាង ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​ចំណែក​នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ឲ្យ​ដឹង​ក្រោយ​ពី​បាន​អាន​សេចក្តីព្រាង​នេះ​ថា ក្រសួង​គួរ​កែ​តម្រូវ​រយៈពេល​នៃ​ការ​ផ្ដល់​ព័ត៌មាន​មាត្រា​១៣ ១៤ ១៥ ១៦ ២១ និង​មាត្រា ២២។

ទាក់ទង​វិស័យ​បរិស្ថាន លោក តឹក វណ្ណា លើក​ឡើង​ទៀត​ថា ក្នុង​ករណី​អភិវឌ្ឍន៍​ដែល​ប៉ះពាល់​ដល់​បរិស្ថាន តើ​ច្បាប់​នេះ​អាច​បើក​ចំហ​ឲ្យ​សាធារណជន ឬ​អ្នក​ពាក់ព័ន្ធ​បាន​ដឹង​ពី​ព័ត៌មាន​នេះ​កម្រិត​ណា៖ «ក្នុង​ការ​អភិវឌ្ឍ​ទំនប់​ធំៗ​នៅ​តួ​មេ​ទន្លេ​មេគង្គ​ដែល​មាន​ពាក់ព័ន្ធ​ដល់​ប្រាំមួយ​ប្រទេស ដែល​ត្រូវ​ជូន​ដំណឹង​ដល់​ប្រទេស​ពាក់ព័ន្ធ​លើ​ក្រោម​ហ្នឹង ដើម្បី​ឲ្យ​ប្រជាជន​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ជា​មុន ពិភាក្សា​គ្នា​អំពី​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សេដ្ឋកិច្ច​របស់​គាត់»

​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន ៩​ជំពូក និង ៣៦​មាត្រា។ ប៉ុន្តែ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ភាព​ចម្រូងចម្រាស​គ្នា​ច្រើន​រវាង​ក្រុម​ការងារ​បច្ចេកទេស ដោយសារ​នៅ​ក្នុង​ជំពូក​មួយ​ចំនួន​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាមទារ​ឲ្យ​កែប្រែ​មាត្រា​មួយ​ចំនួន។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ដែល​កំពុង​ធ្វើ​ការងារ​លើ​សេចក្ដី​ព្រាង​នេះ មាន​ប្រសាសន៍​ថា សំណើ​របស់​សង្គម​ស៊ីវិល​ដែល​ចង់​ឲ្យ​ក្រសួង​ព័ត៌មាន ដាក់​បញ្ចូល​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ ឬ​ធ្វើ​អនុក្រឹត្យ និយាយ​លម្អិត​ជុំវិញ​ការ​បើក​ចំហ ឬ​ផ្ដល់​ព័ត៌មាន​ក្នុង​វិស័យ​បរិស្ថាន គឺ​ជា​សំណើ​ល្អ។ ប៉ុន្តែ​ត្រង់​ចំណុច​ដែល​ស្នើ​ឲ្យ​ចែង​លម្អិត​ទាក់ទង​រឿង​សម្ងាត់​របស់​ជាតិ លោក​ថា នេះ​ជា​រឿង​ពិបាក​ធ្វើ៖ «ជា​គំនិត​មួយ​ល្អ ត្រូវ​តែ​មាន​ការ​ណែនាំ នៃ​ការ​អនុវត្ត ព្រោះ​នៅ​ក្នុង​ច្បាប់​មិន​ទាន់​សរសេរ​លម្អិត​អស់»

អនុរដ្ឋលេខាធិកា​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ប្រាប់​ថា ដំណើរការ​នៃ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ក្រសួង​ព័ត៌មាន បាន​ជួប​គ្នា​ចុង​ក្រោយ​ជជែក​គ្នា​ជាមួយ​អ្នក​ពាក់ព័ន្ធ ដល់​ជំពូក​៣ មាត្រា​១៣ ១៤ និង​មាត្រា ១៥  ហើយ​ការ​ជជែក​គ្នា​មិន​ទាន់​បាន​បន្ត​ទៀត​ទេ ដោយសារ​ការ​ជជែក​នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល