បុរស​ព្នង​ម្នាក់​ដែល​ត្រូវ​ជនជាតិ​វៀតណាម​បាញ់​ឲ្យ​របួស​ដៃ​អំពាវនាវ​រក​យុត្តិធម៌

ដោយ រដ្ឋា វិសាល
2016-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង មួយ​រូប​រស់នៅ​ភូមិ​ពីទឺត ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​យុត្តិធម៌​ពី​ការ​បាញ់​ឲ្យ​របួស​ដៃ​ពី​សំណាក់​ជនជាតិ​វៀតណាម ម្នាក់ ដែល​ឆ្លង​ដែន​មក​បាញ់​សត្វ​ក្នុង​ដី​ខេត្ត​មណ្ឌលគិរី ហើយ​បាញ់​ឲ្យ​គាត់​របួស ដោយសារ​គាត់​បាន​ហៅ​ជនជាតិ​វៀតណាម ឲ្យ​ឈប់​ដើម្បី​សាកសួរ។

ជាង​មួយ​ខែ​ហើយ​ដែល​ជន​រងគ្រោះ​ដោយសារ​ជនជាតិ​វៀតណាម ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ដើម្បី​បរបាញ់​សត្វ បាញ់​ឲ្យ​របួស​ដៃ ហើយ​រត់​គេច​ខ្លួន។ ចំណែក​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី មិន​ទាន់​រក​ឃើញ​ជន​ប្រព្រឹត្តិ​ល្មើស​នោះ​នៅ​ឡើយ។

ជនជាតិ​ដើម​ភាគតិច​ព្នង អាយុ ៣៣​ឆ្នាំ លោក នេត សាវី រៀបរាប់​ថា ជា​គ្រោះថ្នាក់​ចៃដន្យ​បំផុត​ដែល​លោក​ត្រូវ​គេ​បាញ់​ធ្លាយ​ដៃ​ខាង​ឆ្វេង​ពី​ម្ខាង​ទៅ​ម្ខាង ដោយសារ​គ្រាប់​កាំភ្លើង​បាញ់​សត្វ​ប្រភេទ​វាំងដឺឡុង​មាន​កែវយឹត។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា វេលា​ម៉ោង​ប្រមាណ ២ និង ៣០​នាទី​រសៀល នេត សាវី ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ចេញ​ពី​ការដ្ឋាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​កូវីហ្វាម៉ា ដែល​មាន​ទីតាំង​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧ ក្នុង​ឃុំ​ប៊ូស្រា បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ម្នាក់​ចេញ​ពី​ព្រៃ​ចម្ការ​កៅស៊ូ​ប្រដាប់​ដោយ​អាវុធ​បាញ់​សត្វ​មួយ​ដើម។ សាវី មិន​ស្គាល់​អត្តសញ្ញាណ​ជនជាតិ​វៀតណាម នោះ​ទេ ក៏ប៉ុន្តែ​នៅ​ចងចាំ​មុខ​មាត់​ជន​នោះ​ច្បាស់ បន្ទាប់​ពី​រូប​គេ​ប្រទះ​ឃើញ​បុរស​ជនជាតិ​វៀតណាម នោះ​ឆ្លង​ផ្លូវ​ចម្ការ​កៅស៊ូ ប៉ុន្តែ​បាន​រត់​ចូល​ព្រៃ​វិញ​បន្ទាប់​ពី សាវី ស្រែក​ហៅ​ឲ្យ​ឈប់។ ភ្លាមៗ​បន្ទាប់​ពី​ជនជាតិ​វៀតណាម រូប​នោះ​ព្យាយាម​រត់​ចូល​ព្រៃ​វិញ ស្នូរ​កាំភ្លើង​មួយ​គ្រាប់​ផ្ទុះ​ឡើង សាវី មាន​អារម្មណ៍​ឈឺ​ចាប់​ដៃ ទើប​ដឹង​ថា​ដៃ​ខាង​ឆ្វេង​របស់​ខ្លួន​ត្រូវ​របួស​ដោយសារ​គ្រាប់​កាំភ្លើង៖ «វា​បម្រុង​ឆ្លង​ផ្លូវ វា​អត់​ឈប់​ទេ វា​បក​ទៅ​ជើង​វិញ ហើយ​វា​មក​ចូល​ព្រៃ​វិញខ្ញុំ​បម្រុង​បក់​ដៃ​ហៅ​មក​បក់​ដៃ​ឆ្វេង ដៃ​ស្តាំ​កាន់​ហ្គែ​ម៉ូតូ វា​ចេញ​ទៅ​ព្រៃ​ប្រហែល ៧០​ម៉ែត្រ ស្រាប់​តែ​ឮ​ផាំង​មក​ប៉ើង​ដៃ ស្រាប់​តែ​មើល​ទៅ​ដៃ​ត្រូវ​គ្រាប់​ហើយ»

បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​នេះ សាវី ត្រូវ​បុគ្គលិក​ពេទ្យ​ក្រុមហ៊ុន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បន្ត​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ។

សាវី មាន​ឋានៈ​ជា​មេការ​ទទួល​ខុស​ត្រូវ​គ្រឿងចក្រ​ធ្វើ​ផ្លូវ​សម្រាប់​ក្រុមហ៊ុន​កូវីហ្វាម៉ា រយៈពេល​បី​ឆ្នាំ​កន្លង​ទៅ គាត់​បាន​ចងចាំ​មុខ​មាត់​ជន​ល្មើស និង​សង្ស័យ​ថា​គេ​ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​មួយ​របស់​វៀតណាម មាន​ភូមិសាស្ត្រ​ជាប់​នឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧ និង​បាន​ឆ្លង​ដែន​ពី​ទឹក​ដី​វៀតណាម ចូល​ព្រៃ​ចម្ការ​កៅស៊ូ​ដើម្បី​បរបាញ់​សត្វ។

សាវី បាន​ធ្វើ​កំណត់​ហេតុ​ក្រោយ​ពេល​មួយ​ថ្ងៃ​នៃ​ការ​បាញ់​ឲ្យ​របួស ខណៈ​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ចុះ​ស៊ើប​អង្កេត និង​ធ្វើ​កំណត់​ហេតុ​ពាក់ព័ន្ធ​ការ​បាញ់​ឲ្យ​របួស​នេះ។

សាវី កត់​សម្គាល់​ថា ដោយសារ​គេ​បាន​ឃើញ​ច្បាស់​មុខ​មាត់​របស់​ជន​ល្មើស​ដែល​ជា​ខ្មាន់​កាំភ្លើង រូប​គេ​បាន​ផ្តល់​ព័ត៌មាន​ទៅ​សាច់ញាតិ​រស់នៅ​ប្រទេស​វៀតណាម ក្នុង​ភូមិ​ដែល​សង្ស័យ​ថា​ជន​ល្មើស​ស្នាក់នៅ និង​បាន​ទទួល​រូបថត​ជន​សង្ស័យ​ពី​សាច់ញាតិ​វិញ​បង្ហាញ​ថា រូបថត​នោះ​ពិត​ជា​ជន​ដែល សាវី បាន​ជួប​នៅ​ថ្ងៃ​បាញ់​គេ​ឲ្យ​របួស​នោះ​ហើយ៖ «បាន​បង​ប្អូន​នៅ​វៀតណាម ហ្នឹង ជនជាតិ​ព្នង ដូច​គ្នា គាត់​ផ្ញើ​រូបថត​ឲ្យ​មើល​តើ! ស្គាល់​អត់ ខ្ញុំ​មើល​បាន​ថា​ម្នាក់​ហ្នឹង​ច្បាស់​មួយ​រយ​ភាគរយ។ ខ្ញុំ​មាន​ទាំង​រូបថត​ស្គាល់​អាសយដ្ឋាន​គេ​ទៀត»

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៣ ខែ​ធ្នូ នេះ​មាន​រយៈពេល​ជាង ១​ខែ​ហើយ ដែល សាវី រង់ចាំ​ការ​ស៊ើប​អង្កេត និង​ការ​ស្វែងរក​ជន​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ប្រើ​អាវុធ​ឆ្លង​ដែន និង​បាញ់​ឲ្យ សាវី របួស​ដៃ។ សាវី និយាយ​ថា រូប​គេ​កំពុង​រង់ចាំ​យុត្តិធម៌​ពី​ក្រុម​សមត្ថកិច្ច​ដែល​មាន​ភារៈ​ស៊ើប​អង្កេត​ករណី​នេះ៖ «គេ​ជា​អន្តោប្រវេសន៍ខុស​ច្បាប់។ គេ​មាន​កាំភ្លើង ហើយ​គេ​បាញ់​យើង​ទៀត។ ខ្ញុំ​ឲ្យ​រក​យុត្តិធម៌។ វា​មក​លើ​ដី​យើង វា​ចូល​មកចម្ការយើង»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ សាវី បាន​ធ្វើ​ដំណើរ​មក​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស ជួយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​បង្កើន​ការ​ស៊ើប​អង្កេត​រក​ជន​ល្មើស​មក​ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​ប្រើប្រាស់​អាវុធ និង​បាញ់​ពលរដ្ឋ​ខ្មែរ​ឲ្យ​របួស​នេះ។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់​ទុក​ករណី​នេះ​ជា​ការ​រំលោភ​ច្បាប់ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​របស់​ពលរដ្ឋ​វៀតណាម ដែល​ប្រើប្រាស់​អាវុធ​បាញ់​ពលរដ្ឋ​ខ្មែរ​ឲ្យ​របួស​ថែម​ទៀត។ លោក​ថា នឹង​ធ្វើ​លិខិត​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​ជន​រងគ្រោះ ជូន​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​អ្នក​រងគ្រោះ៖ «ករណី​ហ្នឹង​ជា​ការ​ប្រើ​អាវុធ​ខុស​ច្បាប់​ផង និង​ឆ្លង​ដែន​មក​ទៀត។ អ៊ីចឹង​គឺ​ជា​ការ​រំលោភ​បំពាន​ច្បាប់​ទាំង​ស្រុង»

ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី មាន​ព្រំដែន​គោក​ជាប់​នឹង​ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ជនជាតិ​វៀតណាម ជា​ក្រុម​បាន​ឆ្លង​ដែន​ចូល​មក​ប្រមាញ់​សត្វ និង​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ដោយ​ប្រើ​ឧបករណ៍​កាត់​ឈើ និង​គ្រឿងចក្រ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម បើ​ទោះ​បី​មាន​តម្រួត​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ក្តី។

សហគមន៍​ព្នង ឃុំ​ប៊ូស្រា ចាប់​ពី​ឆ្នាំ​២០១៥ រហូត​មក បាន​ស្ទាក់​ចាប់​ជនជាតិ​វៀតណាម ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ ត្រាក់ទ័រ និង​មាន​អាវុធ​ការពារ​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍​បាន​ជាច្រើន​នាក់ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់។

ទាក់ទិន​ការ​សង្ស័យ​ជនជាតិ​វៀតណាម បាញ់ សាវី ឲ្យ​រង​របួស​នេះ ស្នងការ​រង​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក សូ សុវណ្ណ បញ្ជាក់​ថា សមត្ថកិច្ច​ប៉ូលិស​បាន​សហការ​ជាមួយ​ប៉ូលិស​វៀតណាម ដែល​មាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​ឃុំ​ប៊ូស្រា ដើម្បី​ស្វែងរក​ជន​សង្ស័យ ក៏ប៉ុន្តែ​រហូត​ពេល​នេះ ប៉ូលិស​វៀតណាម មិន​ទាន់​បាន​ឆ្លើយតប​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ។ លោក​ថា ជា​ការ​ពិបាក ពីព្រោះ​អត្តសញ្ញាណ​ជន​សង្ស័យ​មិន​មាន​ភស្តុតាង​ជាក់លាក់ ហេតុ​នេះ​ប៉ូលិស​ពិបាក​នឹង​ស៊ើប​អង្កេត​រក​ជន​សង្ស័យ​មក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ៖ «យើង​បាន​ទាក់ទង​ទៅ​ខាង​វៀតណាម ឲ្យ​ស្រាវជ្រាវ​មុខ​សញ្ញា​ហ្នឹង​ហើយ។ វៀតណាម កំពុង​ស្រាវជ្រាវ តែ​រក​មុខ​សញ្ញា​ហ្នឹង​អត់​ឃើញ»

ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ សាវី នៅ​តែ​ទទូច​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ខេត្ត យក​ចិត្ត​ទុក​ដាក់​ស៊ើប​អង្កេត​ករណី​ជន​បរទេស​ប្រើប្រាស់​អាវុធ និង​បាញ់​ពលរដ្ឋ​ខ្មែរ​លើ​ទឹក​ដី​ខ្មែរ។ ចំពោះ សាវី នៅ​តែ​ចង់​បាន​យុត្តិធម៌ និង​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌ ថា​តើ​ជនជាតិ​វៀតណាម ដែល​ប្រើប្រាស់​អាវុធ​បាញ់​គាត់​ឲ្យ​របួស នឹង​ត្រូវ​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​វៀតណាម រក​ឃើញ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល