ហេតុ​អ្វី​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មិន​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់?

ដោយ ជី វិតា
2014-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​កំពូល
តុលាការ​កំពូល
Photo: RFA

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​អោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​និវត្តន៍។ ប៉ុន្តែ បច្ចុប្បន្ន​មាន​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន ដែល​មាន​អាយុ​ហួស​ច្បាប់​កំណត់​ទៅ​ហើយ​នោះ មិន​ត្រឹម​តែ​មិន​ចូល​និវត្តន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​នឹង​ត្រូវ​ឡើង​បុណ្យស័ក្តិ​ទៀត​ផង ប្រសិន​បើ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ដែល​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ឡាយ​ព្រះហស្តលេខា​លើ​បញ្ជី​ឈ្មោះ​ដំឡើង​ឋានៈ​ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំង​នោះ​នៅ​ដើម​សប្ដាហ៍​ក្រោយ។

តើ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំង​នោះ​ជា​នរណា?

ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​មាន​អាយុ​កាន់​តែ​ចាស់​ជរា ត្រូវ​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់ ប៉ុន្តែ​នៅ​ប្រឹង​បន្ត​ការងារ​ទៀត​នោះ រួម​មាន លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល លោក ជីវ កេង ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ និង​លោក ជុំ សំបាន ព្រះរាជ​អាជ្ញា​ខេត្ត​កំពត។

យោង​តាម​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៥ កញ្ញា ឆ្នាំ​២០០៥ បាន​ត្រាស់​បង្គាប់​អោយ​ចៅក្រម​ត្រូវ​ចូល​និវត្តន៍​នៅ​ពេល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ទាំង លោក ឌិត មន្ទី ដែល​មាន​អាយុ ៦៥​ឆ្នាំ លោក ឃឹម ប៉ុណ្ណ ដែល​មាន​អាយុ ៧៤​ឆ្នាំ លោក ជីវ កេង ដែល​មាន​អាយុ ៦៣​ឆ្នាំ និង​លោក ជុំ សំបាន ដែល​មាន​អាយុ ៦២​ឆ្នាំ នៅ​តែ​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​បារម្ភ។ ដោយ​គ្មាន​ការ​បារម្ភ ប្រហែល​ជា​ដោយសារ​តែ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំង​នេះ សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទំនង​ជា​អ្នក​គាំទ្រ​ពី​ក្រោយ។

យោង​តាម​ប្រភព​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ក្រៅ​តែ​ពី​មិន​ត្រូវ​បាន​បង្ខំ​អោយ​ចូល​និវត្តន៍​តាម​ការ​កំណត់​នៃ​ច្បាប់ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំង​នេះ នឹង​ត្រូវ​បាន​ឡើង​ឋានៈ​ថែម​ទៀត។

ប្រភព​ដដែល​អោយ​ដឹង​ថា នឹង​មាន​ការ​កោះ​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ស្ដីពី​ការ​ផ្លាស់​ប្ដូរ និង​ដំឡើង​បុណ្យស័ក្តិ​ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន ក្រោម​ព្រះរាជ​អធិបតីភាព​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នូវ​បញ្ជី​ឈ្មោះ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ជាច្រើន​នាក់ ដើម្បី​អោយ​ព្រះអង្គ​ពិនិត្យ និង​សម្រេច​ផ្លាស់​ប្ដូរ​តួនាទី។ ក្នុង​បញ្ជី​ឈ្មោះ​នោះ លោក ជីវ កេង បច្ចុប្បន្ន​ជា​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ឡើង​ឋានៈ​ជា​អនុប្រធាន​តុលាការ​កំពូល។ លោក និល ណុន បច្ចុប្បន្ន​ជា​ប្រធាន​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម នឹង​មាន​មុខ​តំណែង​ថ្មី​មួយ​ទៀត គឺ​អនុប្រធាន​តុលាការ​កំពូល​ដែរ។ ហើយ លោក ជុំ សំបាន បច្ចុប្បន្ន​ជា​ព្រះរាជ​អាជ្ញា​ខេត្ត​កំពត នឹង​ឡើង​ឋានៈ​ជា​ព្រះរាជ​អាជ្ញា​នៅ​តុលាការ​កំពូល។

យោង​តាម​គោលការណ៍ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​លើស​អាយុ​តាម​ច្បាប់​កំណត់ ហើយ​ចង់​បន្ត​ការងារ​ទៀត​នោះ ត្រូវ​មាន​ព្រះរាជក្រឹត្យ​អនុញ្ញាត​អោយ​បន្ត​ការងារ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំងអស់​នេះ បាន​បន្ត​បំពេញ​ការងារ​ដោយ​គ្មាន​ព្រះរាជក្រឹត្យ​អនុញ្ញាត​ពី​ព្រះមហាក្សត្រ។ អ្វី​ដែល​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ថា ប្រសិន​បើ​បញ្ជី​ឈ្មោះ​ដំឡើង​ឋានៈ​ដែល​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម នឹង​ថ្វាយ​ជូន​ព្រះមហាក្សត្រ​អោយ​ឡាយ​ព្រះហស្តលេខា​នោះ​បាន​សម្រេច វា​ជា​ការ​បំពាន​ច្បាប់​ទ្វេដង ពីព្រោះ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​បំពាន​ច្បាប់​ចូល​និវត្តន៍ មិន​ត្រូវ​បាន​ដាក់​អោយ​ចូល​និវត្តន៍ ប៉ុន្តែ​បែរ​ជា​ត្រូវ​ឡើង​បុណ្យស័ក្តិ​ថែម​ទៀត។

និយាយ​អំពី​មូលហេតុ​ដែល​មន្ត្រី​រាជការ​មិន​ចង់​ចូល​និវត្តន៍​វិញ នៅ​កម្ពុជា ទំនង​ជា​គ្មាន​នរណា​ចង់​ចូល​និវត្តន៍​ទេ ពីព្រោះ​ប្រាក់​ខែ​សម្រាប់​អ្នក​ចូល​និវត្តន៍​បាន​តិច​ជាង​ប្រាក់​ខែ​ដែល​កំពុង​បំពេញ​ការងារ។ ប្រាក់​ខែ​របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នៅ​កម្ពុជា ក្នុង​ពេល​បំពេញ​ការងារ​មាន​ចំនួន​ជាង ២​លាន​រៀល ស្មើ​នឹង​ជាង ៥០០​ដុល្លារ​អាមេរិក។ ក្រោយ​ចូល​និវត្តន៍ ពួក​គេ​បាន​ត្រឹម​ពី ២០ ទៅ ៣០​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា អ្នក​ច្បាប់​អោយ​ដឹង​ថា ច្បាប់ គឺ​ច្បាប់​ដែល​មនុស្ស​រាល់​រូប​ត្រូវ​តែ​គោរព ជាពិសេស​ដែល​មាន​តួនាទី​អនុវត្តន៍​ច្បាប់​ខ្លួន​ឯង​នេះ​តែ​ម្តង។ ម៉្យាង​ទៀត ការ​ចូល​និវត្តន៍​នៅ​ពេល​ដល់​អាយុ​កំណត់​ដោយ​ច្បាប់ គឺ​ជា​ការ​ទុក​ឱកាស​អោយ​អ្នក​ថ្មី ឬ​អ្នក​ទើប​ចេញ​ពី​សាលា អាច​ចូល​បម្រើ​ការងារ ដើម្បី​ដក​ពិសោធន៍ និង​នាំ​មក​នូវ​គំនិត​ថ្មី ដែល​អាច​នឹង​ធ្វើ​អោយ​គុណភាព​ការងារ​មាន​ភាព​ជឿនលឿន។

ទោះ​ជា​យ៉ាង​ណា មនុស្ស​ចាស់​ព្រឹទ្ធាចារ្យ​មាន​បទ​ពិសោធន៍​ច្រើន ដែល​អាច​ចែក​រំលែក​ដល់​មនុស្ស​ជំនាន់​ក្រោយ។

លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា ចាស់​ព្រឹទ្ធាចារ្យ​ដែល​មាន​បទ​ពិសោធន៍​ការងារ​ពេញ​ខ្លួន អាច​ធ្វើ​ជា​អ្នក​ពិគ្រោះ ឬ​អ្នក​ផ្តល់​យោបល់ ប៉ុន្តែ​មិន​គួរ​នៅ​កាន់​ការ​ជា​ថ្នាក់​ដឹក​នាំ​ទេ៖ «ដូច​នៅ​ប្រទេស​ថៃ បើ​សិន​ជា​ដល់​ចូល​និវត្តន៍​ហើយ ចៅក្រម​ខ្លួន​ឯង​គាត់​ចង់​បន្ត ហើយ​សុខភាព​គាត់​អាច​នៅ​បម្រើ​ការងារ​បាន គេ​អនុញ្ញាត​ឲ្យ​បន្ត​ទៀត​បាន ប៉ុន្តែ​គេ​ត្រូវ​មើល​ប៉ុន្មាន​ឆ្នាំ​ម្ដង ពិនិត្យ​សុខភាព។ ប៉ុន្តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា បើ​សិន​ជា​គាត់​បន្ត គាត់​មិន​អាច​កាន់​តួនាទី​ជា​អ្នក​ដឹក​នាំ​ទេ គាត់​អត់​អាច​ជា​ប្រធាន​តុលាការ អត់​អាច​ជា​ប្រធាន​តុលាការ​កំពូល អត់​អាច​ជា​ប្រធាន​សាលា​ឧទ្ធរណ៍​អី​អត់​ទេ គឺ​បាន​តែ​ចូល​រួម​កាត់​ក្ដី។ ហេតុ​អី? ដោយសារ​គេ​គិត​ថា គាត់​ជា​ចៅក្រម​ល្អ ហើយ​កាល​ណា​គាត់​អាយុ​កាន់​តែ​ច្រើន គាត់​គិត​ធម៌​អារ្យ គាត់​គិត​រឿង​យុត្តិធម៌​ច្រើន​ជាង​យើង​នៅ​ក្មេងៗ ព្រោះ​យើង​ក្មេងៗ ពេល​ខ្លះ​អត់​សូវ​គិត​រឿង​ធម៌​អារ្យ​ឡូកឡំ អ៊ីចឹង​ការ​កាត់​ក្ដី ជួន​កាល​លម្អៀង​ដែរ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​គេ​មើល​ពី​សុខភាព​ដែរ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា ផល​ប៉ះពាល់​ដល់​ភាព​បរិសុទ្ធ​យុត្តិធម៌​នៃ​រឿង​ក្តី អាច​នឹង​កើត​មាន​ឡើង​នៅ​ពេល​សាលា​ក្តី​មួយ​មាន​ប្រធាន​តុលាការ ឬ​ចៅក្រម​ព្រះរាជ​អាជ្ញា​ជាន់​ខ្ពស់​ចាស់​ជរា និង​ភ្លេចភ្លាំង​ស្មារតី នៅ​តែ​បន្ត​ដឹក​នាំ​សវនាការ។ លោក​ថា ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ត្រូវ​ធ្វើ​ការ​ថ្លឹងថ្លែង​អំពី​រឿង​នេះ៖ «សំខាន់​ឧត្ដម​ក្រុម​ប្រឹក្សា​ចៅក្រម​ត្រូវ​សម្រេច​ចិត្ត​ដោយ​ច្បាស់​លាស់ ហើយ​សាមី​ខ្លួន ខ្លួន​ឯង​ត្រូវ​តែ​មាន​សីលធម៌​ដោយ​ខ្លួន​ឯង​ដែរ។ បើ​យើង​ដឹង​ថា​សុខភាព​យើង​មិន​បាន​ហើយ ភ្លេចភ្លាំង​ច្រើន​ហើយ យើង​នៅ​ក្រាញ​ធ្វើ​អី​ទៀត»

ទាក់ទង​នឹង​ស្មារតី​ចុះ​ខ្សោយ​ដោយសារ​តែ​មាន​វ័យ​កាន់​តែ​ជរា​នេះ លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៤​ឆ្នាំ និង​លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល ដែល​មាន​អាយុ ៦៥​ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​ភាំងៗ និង​ភ្លេច​មុខ​ភ្លេច​ក្រោយ នៅ​ពេល​កំពុង​បើក​សវនាការ និង​ក្នុង​ពេល​បំពេញ​ការងារ​ផ្សេងៗ។

ទោះ​ជា​យ៉ាង​ណា កត្តា​ដែល​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន​ដែល​ហួស​អាយុ​ចូល​និវត្តន៍ ហើយ​នៅ​តែ​អាច​បន្ត​ការងារ​ទៀត​នោះ ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ដោយសារ​តែ​យុទ្ធសាស្ត្រ​របស់​បក្ស​កាន់​អំណាច​ផង។ មន្ត្រី​តុលាការ​ដែល​ត្រូវ​ចូល​និវត្តន៍​ទាំង​នោះ សុទ្ធតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច។ ឧទាហរណ៍ លោក ឌិត មុន្ទី បច្ចុប្បន្ន​ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​សមាជិក​គណៈ​ប្រចាំ​ការ​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ជីវ កេង ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ក្រៅ​តែ​ពី​មាន​សម្ព័ន្ធភាព​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ លោក និង​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល សុទ្ធសឹងតែ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​មេធាវី សុក សំអឿន បន្ត​ថា ការ​ទុក​អោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​ហួស​អាយុ​ចូល​និវត្តន៍ បន្ត​ការងារ​ដើម្បី​សម្រេច​គោលដៅ​ផ្សេង ជា​ជាង​ដើម្បី​យុត្តិធម៌​សង្គម គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «គុណ​វិបត្តិ​ត្រង់​ថា បើ​សិន​ជា​យើង​ចេះ​តែ​ទុក​មនុស្ស​គ្រាន់​តែ...។ មួយ​ទុក​ក្នុង​គោល​បំណង​ដើម្បី​បម្រើ​វិស័យ​យុត្តិធម៌ មួយ​ទុក​ដើម្បី​គោល​បំណង​ផ្សេង ដើម្បី​គាំទ្រ​សែ​នេះ​សែ​នោះ​អ៊ីចឹង អា​ហ្នឹង​វា​ទៅ​ជា​គុណ​វិបត្តិ​ហើយ»

ដូច្នេះ បើ​គេ​និយាយ​អំពី​ផល​ប្រយោជន៍​វិញ ទាំង​មន្ត្រី​តុលាការ​ដែល​ត្រូវ​ចូល​និវត្តន៍ និង​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​បាន​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​ថា គ្រាន់​តែ​បន្ត​ភក្តី​ភាព​ចំពោះ​បក្ស និង​បម្រើ​ផល​ប្រយោជន៍​ជូន​បក្ស​ជា​ការ​ស្រេច សម្រាប់​ជា​ថ្នូរ​បាន​បន្ត​ការងារ​ដែល​មាន​ប្រាក់​ខែ​អាច​រស់​បាន​គ្រាន់​បើ​ជាង​ប្រាក់​ខែ​ចូល​និវត្តន៍។ ហើយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា វិញ ការ​ដែល​មាន​ចៅក្រម ព្រះរាជ​អាជ្ញា និង​ប្រធាន​តុលាការ​ដែល​ស្មោះស្ម័គ្រ​ចំពោះ​បក្ស​នោះ វា​ស្មើ​នឹង​មាន​ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត បើ​ទោះ​ជា​ខុស​ច្បាប់​ក៏ដោយ​ចុះ។

សម្រាប់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន​មាន លោក ជីវ កេង ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​ចាប់​បង្ខំ​អោយ​ចូល​និវត្តន៍​តាម​ច្បាប់​ជា​ធរមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​នឹង​ត្រូវ​ឡើង​បុណ្យស័ក្តិ​ជា​អនុប្រធាន​តុលាការ​កំពូល​ថែម​ទៀត ប្រសិន​បើ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា​លើ​កញ្ជាប់​បញ្ជី​ឈ្មោះ​ដែល​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​រៀប​ចំ​ជា​ស្រេច​សម្រាប់​ដាក់​ថ្វាយ​ព្រះអង្គ​អោយ​ពិនិត្យ និង​សម្រេច នៅ​ថ្ងៃ​ទី​៨ មេសា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Ong Ya

ពី Chodoc

Concur with Kon Chen How old is King ? He is more than 60 years old already why he did not retire and select a new king ? How about Chea Sim How old is he ? More than 80 and many many more you count it.King retire or not retire won't make any different.

Apr 02, 2014 01:06 PM

Kon Chen

ពី YUNAN

Why they don't retire by the age 60 or older,because in CAMBODIA no one can do as
Prime Minister,President Assembly, Senate President,Supreme Court,Court,Corruption,Eviction,Land Graps etc...Only all of them can do that.

Apr 02, 2014 12:52 PM

គេហទំព័រ​ទាំងមូល