ក្រុម​គ្រួសារ​និង​ជន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ទាមទារ​យុត្តិធម៌

ដោយ ឆោម ចក្រា
2016-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​រងគ្រោះ​ដោយសារ​ការ​ជះ​ទឹក​អាស៊ីត អ្នកស្រី យ៉ា សុខនីម (ខាង​ឆ្វេង) និង​កញ្ញា អ៊ិន សុខលីដា ជា​ក្មួយ​ស្រី ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩។
ជន​រងគ្រោះ​ដោយសារ​ការ​ជះ​ទឹក​អាស៊ីត អ្នកស្រី យ៉ា សុខនីម (ខាង​ឆ្វេង) និង​កញ្ញា អ៊ិន សុខលីដា ជា​ក្មួយ​ស្រី ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩។
Photo: RFA

រហូត​មក​ដល់​ពេល​នេះ​ជិត ៨​ឆ្នាំ​ហើយ​ដែល កញ្ញា អ៊ិន សុខលីដា អតីត​បវរ​កញ្ញា​ទេសចរណ៍ និង​ជា​តារា​សម្ដែង​ខារ៉ាអូខេ និង​ក្រុម​គ្រួសារ នៅ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ពី​ សំណាក់​អតីត​មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធហត្ថ ទោះ​បី​សមត្ថកិច្ច​កម្ពុជា និង​ប៉ូលិស​អន្តរជាតិ (INTERPOL) បាន​ចេញ​ប័ណ្ណ​ក្រហម (Red Notice) ស្វែង​រក​ចាប់​ខ្លួន​ជន​ជាប់​ចោទ​យ៉ាង​ណា​ក្តី។

តើ​សំណុំ​រឿង​នេះ ត្រូវ​បាន​កប់​ចោល ឬ​យ៉ាង​ណា? ហើយ​ពេល​ណា​ទើប​សមត្ថកិច្ច​ជំនាញ​អាច​ចាប់​ឧក្រិដ្ឋជន​យក​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​បាន?

សំណុំ​រឿង​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​ប៉ូលិស​អន្តរជាតិ (INTERPOL) ៨​ឆ្នាំ​ហើយ​នោះ ហាក់​នៅ​សែន​ឆ្ងាយ​ពី​ពន្លឺ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដែល​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ពី​សំណាក់​អតីត​ឧត្តមសេនីយ៍​ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ បន្ទាប់​ពី​ភ្លើង​ស្នេហា​ភេទ​ដូច​គ្នា​ឈាន​ដល់​ចំណុច​បញ្ចប់​ជាមួយ​អតីត​តារា​សម្ដែង​ដ៏​ស្រស់​សោភា គឺ​កញ្ញា អ៊ិន សុខលីដា។

ប្រធាន​សមាគម​សិល្បៈ លោក សុះ ម៉ាច សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ភាព​អយុត្តិធម៌​នានា​ដែល​កើត​មាន​ឡើង​ចំពោះ​អ្នក​សិល្បៈ​នា​គ្រា​កន្លង​មក ហើយ​លោក​ទទូច​ឲ្យ​សមត្ថកិច្ច​ជួយ​វែក​មុខ​ជន​ល្មើស ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ណាស់ ដោយ​ទង្វើ​ទាំងអស់​នោះ​មក​លើ​អ្នក​សិល្បៈ បែរ​ជា​មិន​បាន​រក​យុត្តិធម៌​ដល់​ពួក​គេ​រហូត​ដល់​សព្វថ្ងៃ ហើយ​ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល មេត្តា​ជួយ​រក​យុត្តិធម៌​ទៅ​តាម​លទ្ធភាព សមត្ថភាព តាម​ជំនាញ ធ្វើ​យ៉ាង​ណា​ស្វែងរក​ជន​នៅ​ពី​ក្រោយ​ខ្នង ឬ​មួយ​ជន​បង្ក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ និង​ជន​រងគ្រោះ»

ស្រដៀង​គ្នា​នេះ​ដែរ លោក អំ សំអាត ប្រធាន​ក្រុម​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (LICADHO) សម្ដែង​នូវ​ភាព​អស់​សង្ឃឹម​ចំពោះ​ករណី​នេះ ដោយ​លោក​ថ្លែង​ថា ជា​សំណុំ​រឿង​ដែល​ត្រូវ​បាន​គេ​កប់​បិទ និង​បំភ្លេច​ចោល ខណៈ​ដែល​ជន​រងគ្រោះ​ពុំ​ទាន់​ទទួល​បាន​នូវ​យុត្តិធម៌​នៅ​ឡើយ ហើយ​ក្នុង​នាម​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លោក​ក៏​ទទូច​អំពាវនាវ​ដល់​អាជ្ញាធរ និង​រាជ​រដ្ឋាភិបាល បន្ត​ស៊ើប​អង្កេត និង​តាម​ចាប់​ខ្លួន​ជន​ល្មើស​ដែល​បាន​បាញ់​លើ​តារា​ភាពយន្ត​ផ្សេងៗ​ដែល​របួស និង​ស្លាប់​នា​ពេល​កន្លង​មក ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «ករណី​ហ្នឹង​រហូត​មក​ដល់​ពេល​នេះ ហាក់​បី​ដូចជា​បាន​កប់ ហើយ​ត្រូវ​បាន​គេ​បំភ្លេច ហើយ​រង់ចាំ​រហូត​ដល់​ស្លាប់​ខ្លួន​ទៀត ប៉ុន្តែ​ជន​ល្មើស​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ»

ក្នុង​តំណែង​ជា​អតីត​នាយក​រង​សេនាធិការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អ្នកស្រី ជា រដ្ឋា បាន​សាង​ស្នេហា​ជាមួយ​អតីត​បវរ​កញ្ញា​ទេសចរណ៍​ឆ្នាំ​២០០៣ និង​ជា​តារា​សម្ដែង ហើយ​ឈាន​ដល់​ការ​រួម​រស់​ជាមួយ​គ្នា​មួយ​រយៈ​ក្នុង​នាម​ជា​គូ​ស្នេហ៍។ អតីត​បវរ​កញ្ញា​ទេសចរណ៍​ម្នាក់​នេះ បាន​រៀបរាប់​ថា នាង​បាន​ព្យាយាម​រត់​គេច​ចេញ​ពី​ក្រញាំ​តណ្ហា​របស់ អ្នកស្រី ជា រដ្ឋា ម្តង​ជា​ពីរ​ដង រហូត​កញ្ញា​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​អង្កេត​តាម​ដាន និង​គំរាម​កំហែង ព្រម​ទាំង​ស្ថិត​ក្រោម​សម្ពាធ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដ៏​តឹងតែង​ពី​សំណាក់ អ្នកស្រី ជា រដ្ឋា។

ទីបំផុត អតីត​បវរ​កញ្ញា​អាស៊ាន​ចំណាត់​ថ្នាក់​លេខ​៥ ឆ្នាំ​២០០៣ ម្នាក់​នេះ ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ចំណង​ស្នេហ៍​ភេទ​ដូច​គ្នា ដោយ​ទៅ​សម្ងំ​ជ្រក​កោន​ជាមួយ​ម្តាយ​មីង​របស់​នាង គឺ​អ្នកស្រី យ៉ា សុខនីម។ ជា​ការ​សង​សឹក​ចំពោះ​អំពើ​ក្បត់​ចិត្ត​របស់ កញ្ញា អ៊ិន សុខលីដា អ្នកស្រី ជា រដ្ឋា ក៏​បញ្ជា​ឲ្យ​គូកន​របស់​ខ្លួន​ស្រោច​ទឹក​អាស៊ីត​លើ អ្នកស្រី យ៉ា សុខនីម កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៨។

ក្តី​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ និង​ទាំង​ផ្លូវ​ចិត្ត​របស់​គ្រួសារ កញ្ញា អ៊ិន សុខលីដា ជាពិសេស​គឺ​អ្នកស្រី យ៉ា សុខនីម បូក​រួម​ទាំង​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព បាន​ធ្វើ​ឲ្យ​ពួក​គាត់​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​អស់​ជាច្រើន​ម៉ឺន​ដុល្លារ សម្រាប់​ការ​ព្យាបាល និង​សេវា​ដទៃ​ទៀត។

ដោយ​ស្នាម​របួស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ទើប​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១១ ពោល​គឺ​ជិត ៤​ឆ្នាំ​បន្ទាប់​ពី​ទទួល​រង​នូវ​ការ​វាយ​ប្រហារ អ្នកស្រី យ៉ា សុខនីម ក៏​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​បន្សល់​ទុក​នូវ​កូន​កំព្រា​ចំនួន ៤​នាក់ ស្ថិត​ក្រោម​បន្ទុក លោក អ៊ួង វិបុល ជា​ស្វាមី។

ទោះ​បី​ជា​មរណភាព​នេះ​ហាក់​នៅ​ថ្មីៗ​សម្រាប់​គ្រួសារ កញ្ញា លីដា ក៏ដោយ តែ​ក្តី​កង្វល់ និង​ភាព​ភ័យ​រន្ធត់​នៅ​តែ​មាន​ជា​បន្ត។ ពួក​គាត់​អះអាង​ថា មាន​ការ​តាម​គំរាម​កំហែង​តែង​កើត​ឡើង​ជា​ញឹកញាប់​ពី​សំណាក់ អ្នកស្រី ជា រដ្ឋា ហើយ​ទីបំផុត ទើប​ពួក​គេ​រត់​គេច​ទៅ​ពួន​សម្ងំ​នៅ​កន្លែង​ដែល​យល់​ថា​មាន​សុវត្ថិភាព និង​ក្រោយ​មក​ត្រូវ​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ជាមួយ​សមាជិក​គ្រួសារ​ចំនួន ១៧​នាក់​ទៀត តាម​រយៈ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។

ទោះ​បី​ជា​បាន​ទៅ​ជ្រក​កោន​ដល់​ប្រទេស​មួយ​ដែល​យល់​ថា​មាន​សុវត្ថិភាព​ក៏ដោយ តែ​ក្តី​កង្វល់​របស់​ពួក​គេ​នៅ​តែ​កើត​មាន​ជា​ដរាប ព្រោះ​បើ​តាម​ការ​បញ្ជាក់​ពី​គ្រួសារ​របស់​តារា​រូប​នេះ ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​នា​គ្រា​កន្លង​មក​ថា អ្នកស្រី ជា រដ្ឋា បាន​បញ្ជូន​ខ្មាន់​កាំភ្លើង​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ទៀត​ផង។ ដោយឡែក​បន្ទាប់​ពី​ព្រឹត្តិការណ៍​សោកនាដកម្ម​នោះ​ភ្លាមៗ នៅ​ឆ្នាំ​២០០៨ ប៉ូលិស​អន្តរជាតិ (INTERPOL) ក៏​បាន​ចេញ​ប័ណ្ណ​ក្រហម​ដាក់​ការ​តាម​ចាប់ អ្នកស្រី ជា រដ្ឋា អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជីវិត​មនុស្ស និង​សុខភាព​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ដែរ។ ចំណែក​តុលាការ​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ក៏​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ អ្នកស្រី ជា រដ្ឋា ជាប់​ពន្ធនាគារ ១៨​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់ ១០​ម៉ឺន​ដុល្លារ ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន និង​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី រហូត​មក​ដល់​ពេល​នេះ ពន្លឺ​យុត្តិធម៌​សម្រាប់​គ្រួសារ​ជន​រងគ្រោះ ហាក់​នៅ​ឆ្ងាយ​ពី​ការ​ចង់​បាន​របស់​ពួក​គេ ហើយ​ឧក្រិដ្ឋជន​ហាក់​រស់នៅ​ឆ្ងាយ​ពី​សំណាញ់​ច្បាប់​នៅ​ឡើយ។

កន្លង​មក ពិរុទ្ធជន​រូប​នេះ ធ្លាប់​បាន​គេច​ខ្លួន​ទៅ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ច្រាន​ចោល​ពី​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជះ​ទឹក​អាស៊ីត​នេះ ប៉ុន្តែ​សារភាព​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ក្តី​ស្រឡាញ់​របស់​នាង​ចំពោះ កញ្ញា អ៊ិន សុខលីដា ហើយ​ថា​នឹង​ចង់​រួម​រស់​ជាមួយ​នាង​រហូត។

ជាមួយ​គ្នា​នេះ ក៏​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មហាជន​អំពី​ចំណាត់​ការ​របស់​សមត្ថកិច្ច ក្នុង​ការ​អនុវត្ត​ច្បាប់​ស្វែងរក​តាម​ចាប់​ពិរុទ្ធជន​នា​ពេល​កន្លង​មក ថា​ហាក់​មាន​ភាព​ឆក​ល្វែង និង​មាន​ភាព​លម្អៀង​ចំពោះ​អ្នក​មាន​អំណាច និង​អ្នក​មាន​បុណ្យ​ស័ក្តិ​មួយ​ចំនួន ដូចជា​ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​លើ​កម្មការិនី​ចំនួន​បី​នាក់​ឲ្យ​រង​របួស ជាដើម។

ថ្មីៗ​នេះ សមត្ថកិច្ច​បាន​ចាត់​វិធានការ​យ៉ាង​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន ព្រៃ​ឈើ អ្នក​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​ហ្វេសប៊ុក អ្នក​គំរាម​សម្លាប់ លោក សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​ព្រំដែន និង​អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន ដោយ​ក្នុង​នោះ​រួម​ទាំង​ប្រធាន​គណបក្ស​ប្រឆាំង ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ក្តី​ក្ដាំ​បី​ករណី ហើយ​កំពុង​បន្ត​រស់នៅ​បរទេស​ដោយ​ការ​គេចវេះ​ពី​សាល​ដីកា​របស់​តុលាការ។

ទាក់ទង​នឹង​សំណុំ​រឿង​នេះ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជា​មន្ត្រី​នាំ​ពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​រយៈ​កិច្ច​សម្ភាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មករា ឆ្នាំ​២០១៦ កន្លង​មក​នេះ​ថា រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​ដឹង​ពី​តម្រុយ​នៃ​កន្លែង​លាក់​ខ្លួន​របស់​ពិរុទ្ធជន​នៅ​ឡើយ ហើយ​សំណុំ​រឿង​នេះ​នៅ​តែ​បន្ត​ជានិច្ច៖ «មក​ទល់​ម៉ោង​ហ្នឹង ដូចជា​មិន​ទាន់​មាន​ដំណឹង​មាន​រឿង​មួយ​ដូច​ពាក្យ​ខ្មែរ​យើង​និយាយ​អ៊ីចឹង កុក​ភ្លេច​ជង់ តែ​ជង់​មិន​ដែល​ភ្លេច​កុក​ឡើយ មុន​និង​ក្រោយ​ទេ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី គេ​នៅ​ចងចាំ​ពី​ការ​ធ្វើ​គត​ព្រះតេជព្រះគុណ សំ ប៊ុនធឿន អតីត​ប្រធាន​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ភ្នំ​ឧត្តុង្គ កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០០៣ ការ​បាញ់​សម្លាប់ លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្ពុជា នៅ​ក្បែរ​តូប​កាសែត​កណ្ដាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ការ​បាញ់​សម្លាប់​នាដការី ពិសិដ្ឋ ពីលីកា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩ ការ​ធ្វើ​ទារុណកម្ម​ដោយ​ជះ​ទឹក​អាស៊ីត​លើ​អតីត​តារា​សម្ដែង តាត ម៉ារីណា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ការ​បាញ់​ប្រហារ​ទៅ​លើ កញ្ញា ទូច ស៊ុននិច កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០០៣ ការ​បាញ់​ប្រហារ​លើ កញ្ញា ពៅ បញ្ញាពេជ្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ជាដើម ហើយ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ជំនាញ​នៅ​ពុំ​ទាន់​បាន​ចាប់​ឃាតក​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង អ្នក​នាង អ៊ិន សុខលីដា និង​ក្រុម​គ្រួសារ ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ចំពោះ​សំណុំ​រឿង​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​ប្រភព និង​តម្រុយ​ថា នាង និង​ក្រុម​គ្រួសារ កំពុង​រស់នៅ​ទីណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

តុលាកាស្រុកខ្មែរអសមតិ្តភាព​ ដោះស្រាយបញ្ហាឲ្យជនរងគ្រោះមិនបាន

Mar 20, 2016 06:53 PM

Dina

ពី Battambag

I feel terribly sad when I look at
the victim and only shake my head. The authority or police have not found her perpetrator for eight years, but they found the little girl Kim Bopha in three days after she had posted pictures of the Prime Minister. What does it tell us about our justice system?

I hope that by continuing speaking out, it will bring some ease....

Feb 03, 2016 01:13 PM

គេហទំព័រ​ទាំងមូល