តុលាការ​នឹង​បើក​សវនាការ​រឿង​លោក វន់ ពៅ សុំ​នៅ​ក្រៅ​ឃុំ​ជា​ថ្មី​នៅ​ថ្ងៃ​៤ មេសា

ដោយ វោហារ ជាតិ
2014-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​លោក​ដឹក​នាំ​ការ​តវ៉ា​សុំ​ឲ្យ​ទំនិញ​ចុះ​ថោក កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៣។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​លោក​ដឹក​នាំ​ការ​តវ៉ា​សុំ​ឲ្យ​ទំនិញ​ចុះ​ថោក កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៣។
RFA/Sek Bandith

សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៤ មេសា លើ​សំណុំ​រឿង លោក វន់ ពៅ សុំ​នៅ​ក្រៅ​ឃុំ​តាម​បណ្ដឹង​របស់​លោក​មេធាវី គីម សុជាតិ ដែល​ការពារ​ក្ដី​អោយ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូប​នេះ។

សវនាការ​នៅ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ជា​សវនាការ​លើក​ទី​២​ហើយ គឺ​បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី លោក វន់ ពៅ បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​កូន​ក្ដី​របស់​លោក គឺ​លោក វន់ ពៅ សុំ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ​បី​លើក​រួច​មក​ហើយ។

មេធាវី​នៃ​សហភាព​ការងារ​កម្ពុជា លោក គីម សុជាតិ ដែល​ការពារ​ក្ដី លោក វន់ ពៅ បញ្ជាក់​នៅ​ថ្ងៃ​ទី​៣ មេសា ថា ទោះ​បី​ជា​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ច្រើន​ដង​មក​ហើយ​ក៏ដោយ ក៏​លោក​នៅ​តែ​ព្យាយាម​ឲ្យ​អស់​លទ្ធភាព ដើម្បី​ឲ្យ​កូន​ក្ដី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​មុន​ថ្ងៃ​ជំនុំ​ជម្រះ​ក្ដី​មក​ដល់ ព្រោះ​ថា សុខភាព​របស់​កូន​ក្ដី​លោក​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់៖ «ស្អែក​នេះ គឺ​សវនាការ​នៅ​សាលា​ដំបូង​ពាក់ព័ន្ធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ខ្ញុំ ដែល​បាន​ដាក់​ជូន​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១៤ ហ្នឹង។ ព្រោះ​អី​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង យើង​អនុវត្ត​នីតិវិធី គឺ​សំណុំ​រឿង​របស់ វន់ ពៅ ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ហើយ។ អ៊ីចឹង នីតិវិធី​នៅ​មុន​សវនាការ​ហ្នឹង គឺ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​សុំ​នៅ​ក្រៅ​ឃុំ។ អ៊ីចឹង តុលាការ​ត្រូវ​បើក​សវនាការ​មុន​អង្គ​សេចក្ដី ពាក់ព័ន្ធ​នៅ​ក្រៅ​ឃុំ​ហ្នឹង»

សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​បដិសេធ​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​របស់ លោក វន់ ពៅ ពីរ​លើក​រួច​មក​ហើយ គឺ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ និង​ថ្ងៃ​ទី​២៤ ខែ​មីនា បន្ទាប់​ពី​សាលា​ដំបូង​បាន​បើក​សវនាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ដូច​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​៨ មករា ឆ្នាំ​២០១៤ កន្លង​ទៅ។

ស្រប​ពេល​នេះ​ដែរ អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយា​របស់ លោក វន់ ពៅ បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​គុក​ត្រពាំងផ្លុង ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៣ មេសា ហើយ​អះអាង​ថា សុខភាព​ប្ដី​អ្នកស្រី​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ដដែល។ ទោះ​យ៉ាង​ណា អ្នកស្រី​បាន​ពោល​ថា អ្នកស្រី​បាន​ធូរ​ទ្រូង​បន្តិច ដោយសារ​អ្នកស្រី​បាន​ធ្វើ​ពិធី​ខួប​កំណើត​ដ៏​កំសត់​ជូន​ប្ដី ដែល​ចូល​ឆ្នាំ​ថ្មី​នេះ​មាន​អាយុ ៤០​ឆ្នាំ នៅ​ក្នុង​គុក​នៅ​ថ្ងៃ​ទី​៣ មេសា នេះ៖ «ខ្ញុំ​បាន​ទិញ​នំ​ខួប​កំណើត​សម្រាប់​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​គាត់​នៅ​ពន្ធនាគារ ចំពោះ​ស្វាមី​ខ្ញុំ គាត់​រំភើប​នឹង​ភរិយា​ធ្វើ​ឲ្យ តែ​គាត់​មិន​សូវ​សប្បាយ​ចិត្ត ដោយសារ​តែ​យើង​ធ្វើ​ខួប​កំណើត​ម្ដង​នេះ​នៅ​ក្នុង​ពន្ធនាគារ ដូច​ជា​វា​ក្រៀមក្រោះ និង​ឈឺ​ចាប់​ដែរ»

លោក វន់ ពៅ រួម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ២០​នាក់​ទៀត បាន​ជាប់​ឃុំ​ជាង ២​ខែ​ហើយ ដោយ​ជាប់​ចោទ​ពី​បទ​ពាក់ព័ន្ធ​អំពើ​ហិង្សា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ នៅ​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ជាមួយ​កម្មករ នៅ​ថ្ងៃ​ទី​២ និង​ទី​៣ មករា ឆ្នាំ​២០១៤ នៅ​ជាយ​រាជធានី​ភ្នំពេញ ទាមទារ​ប្រាក់​ខែ​គោល​កម្មករ ១៦០​ដុល្លារ មិន​បាន​សម្រេច។

សាលា​ដំបូង​នឹង​បើក​សវនាការ​លើ​អង្គ​សេចក្ដី​ជំនុំ​ជម្រះ​ទោស លោក វន់ ពៅ និង​អ្នក​ទាំង ២០​នាក់​ទៀត​នោះ នៅ​ថ្ងៃ​ទី​១៨ មេសា ឆ្នាំ​២០១៤ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

អាចោររួចខ្លួនរីឯម្ចាស់ជាប់គុក

Apr 03, 2014 09:07 PM

គេហទំព័រ​ទាំងមូល