បុរសខ្មែរនោះមានឈ្មោះ បន សូលីម (Bon SoLim) អាយុ ២៨ឆ្នាំ ត្រូវបានតុលាការវៀតណាម ធ្វើការជំនុំជម្រះកាលពីថ្ងៃទី៤ ខែធ្នូ ហើយត្រូវបានផ្ដន្ទាទោសអោយជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និង ៥ឆ្នាំទៀតពីបទប្លន់។
បណ្ដាញផ្សព្វផ្សាយ តូយត្រែ ញូវ បានអោយដឹងបន្ថែមថា ប៉ូលិសវៀតណាម ក្នុងស្រុកតឹងចូវ ខេត្តតៃនិញ បានចាប់ខ្លួន លោក បន សូលីម នៅពេលដែលគាត់កំពុងលក់ថ្នាំមេតំហ្វេតាមីន (Methamphetamine) ឬម៉ាទឹកកក ឬថ្នាំឆ្កួតប្រមាណជា ១ក្រាម អោយអ្នកទិញម្នាក់នៅឃុំតឹងដុង ហើយដែលថ្នាំញៀននោះត្រូវបានគេសង្ស័យថា លោក សូលីម នាំយកទៅពីកម្ពុជា។ លោក បន សូលីម ក៏បានសារភាពថា គាត់ធ្លាប់បានប្លន់ម៉ូតូស្ត្រីជនជាតិវៀតណាម ម្នាក់នៅស្រុកតឹងចូវ កាលពីខែមិថុនា ឆ្នាំ២០១៣។
ក្រៅពីកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ តុលាការវៀតណាម ក៏បានតម្រូវអោយ លោក សូលីម ផ្តល់សំណងអោយស្ត្រីជនជាតិវៀតណាម ដែលជាម្ចាស់ម៉ូតូប្រមាណ ១៦លានដុង ស្មើនឹងប្រមាណ ៨០០ដុល្លារអាមេរិក៕