សហជីព​កម្មករ​ជួប​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​អន្តរជាតិ

ដោយ ឡេង ម៉ាលី
2016-11-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​សហជីព​កម្មករ​មូលដ្ឋាន និង​តំណាង​សហភាព​សហព័ន្ធ​សហជីព​ជួប​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​ពាក្យ​បណ្ដឹង ដាក់​ទៅ​អង្គការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly
តំណាង​សហជីព​កម្មករ​មូលដ្ឋាន និង​តំណាង​សហភាព​សហព័ន្ធ​សហជីព​ជួប​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​ពាក្យ​បណ្ដឹង ដាក់​ទៅ​អង្គការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

តំណាង​សហជីព​កម្មករ​មូលដ្ឋាន និង​តំណាង​សហភាព​សហព័ន្ធ​សហជីព​ប្រមាណ ៩០​នាក់ ជួប​គ្នា​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ ការ​ជួបជុំ​គ្នា​នេះ គឺ​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ការងារ​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា។

នៅ​ឯ​វេទិកា​ដែល​មាន​ឈ្មោះ​ពេញ​ថា "ការ​យល់​ដឹង​របស់​សហជីព​កម្មករ​អំពី​ច្បាប់​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការងារ" ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា គឺ​ជា​ការ​ពិនិត្យ​លើ​យន្តការ​ច្បាប់​ការងារ​ជាតិ និង​អន្តរជាតិ ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ស្ដីពី​សិទ្ធិ​ការងារ​ទៅ​អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

អនុប្រធាន​សហភាព​ការងារ​កម្ពុជា លោក ឯក សុភក្ដី ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ ក៏​ព្រោះ​តែ​ខាង​សហជីព​យល់​ឃើញ​ថា សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​របស់​កម្មករ​និយោជិត​ត្រូវ​បាន​បំបិទ ក្រោយ​ពី​រដ្ឋាភិបាល​បាន​អនុវត្ត​ច្បាប់​សហជីព ដែល​រដ្ឋសភា​បាន​អនុម័ត​រយៈពេល ៦​ខែ​កន្លង​ទៅ«ច្បាប់​ការងារ បើ​សិន​ជា​កម្មករ​គាត់​មាន​វិវាទ គឺ​គាត់​គ្រាន់​តែ​ខល (call) ទៅ​ក្រសួង​ការងារ ក៏​ដោះ​បាន​ដែរ។ ចុះ​រឿង​អី​ដែល​ច្បាប់​សហជីព​នេះ កម្មករ​សហជីព​ប្ដឹង​ហើយ​មិន​ទទួល​បណ្ដឹង? អ៊ីចឹង​បាន​ថា​វា​បំពាន​សិទ្ធិ​របស់​កម្មករ​នៅ​ក្នុង​ច្បាប់​ការងារ ដែល​អនុម័ត​នៅ​ឆ្នាំ​១៩៩៧។ រំលោភ​មួយ​ទៀត គឺ​រំលោភ​ទៅ​ដល់​អនុសញ្ញា​អន្តរជាតិ​លេខ​៨៧ ស្ដីពី​សេរីភាព​នៃ​ការ​បង្កើត​សហជីព។ យើង​មាន​សិទ្ធិ​បង្កើត​សហជីព ប៉ុន្តែ​ដល់​ពេល​យើង​បង្កើត​សហជីព និយោជក​គាត់​បញ្ឈប់​អ្នក​គាំទ្រ​សហជីព តើ​រដ្ឋាភិបាល​បាន​ធ្វើ​អី​ខ្លះ? តើ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​និយោជក​យក​អ្នក​ទាំងនោះ​ចូល​ធ្វើ​ការ​វិញ​ទេ? គឺ​អត់​ទេ! ពេល​យើង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​រដ្ឋាភិបាល រដ្ឋាភិបាល​មិន​ទទួល​បណ្ដឹង​យើង​ទៀត។ តើ​រដ្ឋាភិបាល​ធ្វើ​គាំទ្រ​ពីណា​គេ? គាំទ្រ​កម្មករ​ខ្លួន​ឯង? គាំទ្រ​ប្រជាពលរដ្ឋ​ខ្លួន​ឯង? ឬ​ក៏​គាំទ្រ​អ្នក​វិនិយោគទុន​ខិលខូច ឬ​ក៏​ផ្ដល់​ឱកាស​ឲ្យ​អ្នក​វិនិយោគទុន កេង​ប្រវ័ញ្ច​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង

ច្បាប់​ស្ដីពី​សហជីព ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដ៏​ចម្រូងចម្រាស​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ ភាគី​សហជីព​កម្មករ មិន​ពេញ​ចិត្ត​ច្បាប់​នេះ​ទាំង​ស្រុង​ទេ ដោយ​គេ​ចាត់​ទុក​ថា ច្បាប់​នេះ​បិទ​សិទ្ធិ​ពួក​គេ។

មន្ត្រី​ជំនាញ​ផ្នែក​បទដ្ឋាន​ការងារ​អន្តរជាតិ និង​ច្បាប់​ការងារ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក អាឡាំង ប៉ិលស៍ (Alain Pelce) មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ គឺ​ពាក់ព័ន្ធ​នឹង​រដ្ឋ​ជា​ភាគី ដែល​មិន​អនុវត្ត​តាម​អនុសញ្ញា​អន្តជាតិ​ស្ដីពី​ការងារ។ ជា​ទូទៅ គឺ​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​តាម។

លោក​ឲ្យ​ដឹង​ថា យន្តការ​នៃ​ការ​ធ្វើ​ពាក្យ​បណ្ដឹង គឺ​អាច​ធ្វើ​បាន ដោយ​រដ្ឋ​ភាគី​ផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា និង​គណៈប្រតិភូ​ដែល​ចូលរួម​មហា​សន្និបាត​របស់​គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​អង្គការ​អន្តរជាតិ​ខាង​ការងារ«ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ហ្នឹង យើង​អត់​មាន​ផ្ដល់​សច្ចាប័ន​ពាក់ព័ន្ធ​ណា​មួយ ក៏​យើង​អាច​ធ្វើ​ទៅ​បាន​ដែរ ហើយ​សម្រាប់​ការ​ដាក់​ពាក្យ​បណ្ដឹង​នោះ​ឯង គឺ​អង្គការ​កម្មករ ឬ​និយោជក គឺ​បង្ហាញ​អំពី​ប្រយោជន៍​ផ្ទាល់។ អ៊ីចឹង​គណៈកម្មការ​ដែល​គេ​ត្រួត​ពិនិត្យ គេ​ហៅ​ថា​គណៈកម្មការ​បណ្ដឹង​ទាក់ទង​គណៈកម្មការ​សេរីភាព​សមាគម​ហ្នឹង»

លោក​បញ្ជាក់​បន្ថែម​ថា ទោះ​បី​ជា​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៤៤ ក្ដី ក៏​រដ្ឋ​មាន​កាតព្វកិច្ច​ត្រូវ​គោរព​តាម​គោលការណ៍​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​និយោជក និង​តំណាង​អង្គការ​កម្មករ ពេល​ធ្វើ​របាយការណ៍​រាល់ ៣​ឆ្នាំ​ម្ដង​ដាក់​ជូន​គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ជាពិសេស​របាយការណ៍​អំពី​ការ​អនុវត្ត​អនុសញ្ញា​លេខ​៨៧ ស្ដីពី​សេរីភាព​បង្កើត​សមាគម និង​ការ​ការពារ​សិទ្ធិ​បង្កើត​សមាគម ហើយ​និង​អនុសញ្ញា​ស្ដីពី​ការ​អនុវត្ត​គោលការណ៍​នៃ​សិទ្ធិ​បង្កើត​សមាគម និង​សិទ្ធិ​នៃ​ការ​ចរចា​សមូហភាព។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ក្រុម​សហជីព​នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ​ថា នឹង​ត្រូវ​បញ្ចប់​ការ​ធ្វើ​ពាក្យ​បណ្ដឹង​របស់​ខ្លួន​នៅ​ពេល​ណា ហើយ​នឹង​ដាក់​ជូន​គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​ពេល​ណា​ដែរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​លោក ហេង សួរ ដើម្បី​បញ្ជាក់​លើ​បញ្ហា​ទាំងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា។

មន្ត្រី​ជំនាញ​ផ្នែក​បទដ្ឋាន​ការងារ​អន្តរជាតិ និង​ច្បាប់​ការងារ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ លោក អាឡាំង ប៉ិលស៍ (Alain Pelce) ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ជំនាញ​ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា និង​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ តែង​ធ្វើ​សន្និបាត​ពិនិត្យ​របាយការណ៍​របស់​ប្រទេស​នីមួយៗ​រៀង​រាល់​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ។ ឆ្នាំ​នេះ សន្និបាត​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល