ដើម​ចោទ​ក្នុង​រឿង​ឆបោក​ប្រាក់​១​លាន​ដុល្លារ​ចង់​ឱ្យ​សាលាឧទ្ធរណ៍​បើក​សវនាការ​បញ្ចប់​រឿង

ដោយ រាជ វិញ្ញូ
2016-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី អេង លីគង់ និង​លោក ស៊ីវ ស៊ីចាន់ ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុមហ៊ុន​ទិញ​អង្ករ​ពី​កម្ពុជា។
លោកស្រី អេង លីគង់ និង​លោក ស៊ីវ ស៊ីចាន់ ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុមហ៊ុន​ទិញ​អង្ករ​ពី​កម្ពុជា។
Provided Photo

អ្នកស្រី អេង លីគង់ ដើម​ចោទ​ក្នុង​សំណុំរឿង​ឆបោក​ប្រាក់ ១​លាន​ដុល្លារ ចង់​ឱ្យ​សាលាឧទ្ធរណ៍​បើក​សវនាការ​សម្រេច​បិទ​បញ្ចប់​សំណុំរឿង​ប្ដឹង​ទាស់​របស់​ចុង​ចោទ​ដែល​ជា​មិត្តភ័ក្ដិ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឱ្យ​បាន​ឆាប់។ ការ​ចង់​បាន​នេះ ដោយសារ​អ្នកស្រី​បញ្ជាក់​ថា ចាប់​តាំង​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​ឱ្យ​អ្នកស្រី​ឈ្នះ​ក្ដី​មក សំណុំ​រឿង​នេះ​ហាក់​គ្មាន​ដំណឹង​អ្វី​សោះ។

អស់​រយៈពេល​ជា​ច្រើន​ខែ​ហើយ ដែល​សំណុំរឿង​ឆបោក​ប្រាក់ ១​លាន​ដុល្លារ មាន​ដើម​ចោទ​គឺ​ជា​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ​ម៉ាស្ទើរ ឃែរ (Master Care) លោកស្រី អេង លីគង់ និង​ចុង​ចោទ ៣​នាក់​ដែល​តុលាការ​សម្រេច​សាលក្រម​ឱ្យ​ជាប់​ពន្ធនាគារ និង​សង​ប្រាក់ ១​លាន​ដុល្លារ មក​ដល់​ពេល​នេះ​ដើម​ចោទ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។

អ្នកស្រី អេង លីគង់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា សាលាឧទ្ធរណ៍​គួរ​បើក​សវនាការ​បញ្ចប់​រឿង​ក្ដី​ឆបោក​ប្រាក់ ១​លាន​ដុល្លារ​ឱ្យ​បាន​ឆាប់ ព្រោះ​អ្នកស្រី​ចង់​ដឹង​ថា តើ​តុលាការ និង​អាជ្ញាធរ នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​បន្ត​ទៀត ចំពោះ​ជន​ទាំង ៣​នាក់ ដែល​អ្នកស្រី​អះអាង​ថា បាន​ឆបោក​ប្រាក់​អ្នកស្រី​អស់ ១​លាន​ដុល្លារ តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​ឆបោក​មួយ​ឈ្មោះ អាក្រា (AKRA Agriculture Partner.Inc)។

អ្នកស្រី អេង លីគង់ បន្ត​ថា ការ​ចង់​បាន​នេះ ដោយសារ​ក្រោយ​ពី​សាលាដំបូង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា បាន​សម្រេច​សាលក្រម​ឱ្យ​អ្នក​ទាំង​បី​នាក់ ត្រូវ​សង​សំណង​ប្រាក់ ១​លាន​ដុល្លារ និង​ជាប់​ពន្ធនាគារ តែ​មក​ទល់​ពេល​នេះ សំណុំរឿង​ហាក់​ស្ងាត់​ឈឹង និង​ពុំ​មាន​ដំណឹង​អ្វី​សោះ៖ «ខ្ញុំ​ចង់​ដឹង ការ​សម្រេច​ឧទ្ធរណ៍​យ៉ាង​ម៉េច ហើយ​ទូទាត់​ឱ្យ​ខ្ញុំ​យ៉ាង​ម៉េច រី​ឯ​នីតិវិធី​តុលាការ និង​ប៉ូលិស ធ្វើ​យ៉ាង​ម៉េច​បន្ត?»

ចុង​ចោទ​ទាំង ៣​នាក់​នោះ មាន​លោក សាន រីច្ឆឺ (San Richer) ពាណិជ្ជករ​ខ្មែរ-​អាមេរិកាំង និង​ត្រូវ​ជា​មិត្តភ័ក្ដិ​របស់​លោក ផៃ ស៊ីផាន មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស៊ីវ ស៊ីចាន់ (Sichan Siv) អតីត​តំណាង​សហរដ្ឋអាមេរិក ប្រចាំ​គណៈកម្មាធិការ​មួយ​នៃ​អង្គការ​សហប្រជាជាតិ និង​លោក ថូម៉ាស់ វីល្លិម (Thomas Willems) អ្នក​ជំនួញ។ ក្នុង​សំណុំរឿង​ឆបោក​នេះ ក៏​ជាប់​ពាក់​នឹង​សមាជិកសភា​ប្រចាំ​រដ្ឋ​ញូវយ៉ក ដែល​បាញ់​សម្លាប់​ខ្លួន​ឯង​ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​សហរដ្ឋអាមេរិក (FBI)។

អ្នកស្រី អេង លីគង់ បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ថ្វី​ត្បិត​មាន​សិទ្ធិ​សេរីភាព​ជាង​មុន​ក្នុង​ការ​ប្រកប​មុខ​របរ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ចង់បាន​​ប្រាក់​មួយ​លាន​ដុល្លារ​មក​វិញ ដូច្នោះ​អ្នកស្រី​មាន​ក្ដី​សង្ឃឹម​លើ​តុលាការ​នៅ​ខ្មែរ និង​នៅ​អាមេរិក ថា​អាច​រក​យុត្តិធម៌​ជូន​អ្នកស្រី។

មេធាវី​ការពារ​ក្ដី​អ្នកស្រី អេង លីគង់ ដែល​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ចុង​ចោទ សាន រីច្ឆឺ បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ការ​សម្រេច​សាលក្រម​របស់​សាលាដំបូង​ភ្នំពេញ ទៅ​សាលាឧទ្ធរណ៍​ហើយ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត លោក​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៖ «សាន រីច្ឆឺ គាត់​ប្ដឹង​ហើយ ហើយ​ពីរ​នាក់​ទៀត ខ្ញុំ​អត់​ដឹង​ច្បាស់​ទេ»

អ្នកស្រី អេង លីគង់ បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​សម្រេច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ស្រដៀង​គ្នា​នៅ​តុលាការ​អាមេរិក ហើយ​តុលាការ​ទី​ពីរ​នេះ កាល​ពី​ចុង​ខែ​វិច្ឆិកា បាន​កោះហៅ​អ្នក​ទាំង​៣ ដែរ តែ​ក្រោយ​មក អ្នកស្រី​មិន​ដឹង​ថា នីតិវិធី​វិវត្តន៍​ដល់​ណា​ទេ ព្រោះ​មេធាវី​នៅ​អាមេរិក​របស់​អ្នកស្រី គឺ​ជា​​អ្នក​ទទួល​ខុស​ត្រូវ​សំណុំ​រឿង​នេះ។

ជុំវិញ​ករណី​លោក សាន រីច្ឆឺ វិញ គឺ​ធ្លាប់​ជាប់​ឃុំ​នៅ​តុលាការ​កម្ពុជា ម្ដង ប៉ុន្តែ​លោក​ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ រហូត​អាច​ចេញ​ពី​ប្រទេស​កម្ពុជា។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មេធាវី​ការពារ​ក្ដី​ឱ្យ​ចុង​ចោទ លោក សាន រីច្ឆឺ បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ រី​ឯ​លោក ផៃ ស៊ីផាន ដែល​ជា​មិត្តភ័ក្ដិ​លោក សាន រីច្ឆឺ ក៏​ពុំ​អាច​ទាក់ទង​បាន​ដែរ។

​អ្នកស្រី អេង លីគង់ យល់​ថា បើសិនជា​សាលាឧទ្ធរណ៍​កាត់​ក្ដី​ប្រឆាំង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ វា​ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​តុលាការ​នៅ​កម្ពុជា ព្រោះ​សំណុំ​រឿង​នេះ ទាំង​តុលាការ​អាមេរិក និង​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា ចុង​ចោទ​ទាំង​៣ ពិតជា​បាន​រៀបចំ​គម្រោង​ដើម្បី​ឆបោក​ប្រាក់ ១​លាន​ដុល្លារ​ពី​អ្នកស្រី​មែន។ ដើម​ចោទ​រូប​នេះ​អះអាង​ថា ខ្លួន​នឹង​ប្ដឹង​បន្ត​ទៅ​តុលាការ​កំពូល បើសិនជា​សំណុំ​រឿង​ឆបោក​ប្រាក់ ១​លាន​ដុល្លារ​ចាញ់​ក្ដី​នៅ​សាលាឧទ្ធរណ៍។

​ក្រៅ​ពី​សំណុំរឿង​ឆបោក អ្នកស្រី អេង លីគង់ បញ្ជាក់​ថា លោក ផៃ ស៊ីផាន ដែល​ជំពាក់​លុយ​អ្នកស្រី​រឿង​ដាំ​ធ្មេញ ក៏​មិន​ទាន់​សង​លុយ​អ្នកស្រី​នៅ​ឡើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល