សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​អាមេរិក​បញ្ជូន​ត្រឡប់មក​កម្ពុជាវិញ

2018-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ជនជាតិ​ខ្មែរ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ ដោយសារ​ពួក​គេ​មាន​ដើម​កំណើត​ជា​ខ្មែរ។ ជន​ជាតិ​ខ្មែរ ៣៦នាក់ ត្រូវ​បាន​បញ្ជូន​តាម​យន្តហោះពី​អាមេរិក​មក​ដល់​កម្ពុជា​ កាល​ពី​អង្គារ ទី១៨ ធ្នូ។

អ្នកនាំពាក្យ​សមាគម​អាដហុក​ (ADHOC) លោក សឺង សែនករុណា ជឿ​ជាក់​ថា​ ជន​ជាតិ​ខ្មែរ​ដែល​ទើប​បញ្ជូន​ពី​អាមេរិក​មក​ដល់​កម្ពុជា​វិញ​នេះ មិន​ទាន់​បាន​យល់​ដឹង​ពី​របៀប​រស់​នៅ និង​ច្បាប់​ទម្លាប់​ក្នុង​សង្គម​ខ្មែរ​ឡើយ​ ដោយ​សារ​ពួក​គេ​ធំ​ដឹង​ក្តី​នៅ​សហរដ្ឋ​អាមេរិក​។ ហេតុ​ដូច​នេះ លោក​ថា របប​ក្រុង​ភ្នំពេញ​ត្រូវគិត​គូរ​ឱ្យ​បាន​ដិត​ដល់​ចំពោះ​ពួក​គេ​ ដូច​ជា ផ្តល់ជា​កន្លែង​ស្នាក់​នៅ​បាន​សមរម្យ ផ្តល់​ជំនាញ​បច្ចេក​ទេស​ និង​ផ្តល់​ការ​អប់រំ​កែប្រែ​ដល់​ពួក​គេ​ឱ្យ​បាន​ត្រឹម​ត្រូវ៖ «»

កាល​ពី​ថ្ងៃទី១៧ ធ្នូ សហរដ្ឋ​​អាមេរិក​​បាន​បញ្ជូន​ជនជាតិ​ខ្មែរ​ចំនួន​ ៣៦នាក់ ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ពួក​គេ​បាន​មក​ដល់​ក្រុង​ភ្នំពេញ​​នៅ​ថ្ងៃបន្ទាប់​។ ជន​ជាតិ​ខ្មែរ​ទាំងនោះ​ ភាគច្រើន​​​ធ្លាប់​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​ពាក់ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត ការ​ប្លន់​ប្រដាប់​អាវុធ អំពើ​ចោរកម្ម ការ​រំលោភ​សេពសន្ថវៈ អំពើ​ហិង្សា និង​ការ​ជួញ​ដូរ​គ្រឿងញៀន​ជាដើម។

អាស៊ីសេរី​បាន​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សាកសួរ​បន្ថែម​អំពី​ករណី​នេះ​ដែរ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​​ថា លោក​មិន​បាន​ដឹង​រឿង​នេះឡើយ​ និង​បាន​បង្វែរ​សំណួរ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​វិញ។ ចំណែក​ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ លោក កែវ វ៉ាន់ថន ថ្លែង​ថា ករណី​បញ្ជូន​ជន​ជាតិខ្មែរ​មក​កម្ពុជា​វិញ​នេះ មិន​ពាក់ព័ន្ធ​នឹង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឡើយ​ គឺ​ពាក់ព័ន្ធ​នឹង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម។ អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ​បាន​នៅ​ឡើយ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

នាយក​ប្រតិបត្តិ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​សហរដ្ឋ​អាមេរិក អ្នកស្រី ណាតាលី អាហ្សឺ (Nathalie Asher) បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ដើម​សប្តាហ៍​នេះថា ការ​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ បាន​កើន​ឡើង​ដល់​ទៅ ២៧៩ភាគ​រយ នៅ​ឆ្នាំ ២០១៨ នេះ ធៀប​នឹង​ឆ្នាំ​២០១៧ កន្លង​ទៅ។ ក៏​ប៉ុន្តែ នៅ​មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជិត ១.៩០០ នាក់​ផ្សេង​ទៀត កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ដោយ​មាន​ដីកា​បណ្ដេញ​ចេញ ក្នុង​នោះ ១.៤០០នាក់ ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ។ អ្នកស្រី​ថ្លែង​បន្ត​ថា ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​សហរដ្ឋ​អាមេរិកនឹង​បន្ត​អនុវត្ត​កិច្ចការ​បណ្ដេញ​ចេញ​ដោយ​ស្របច្បាប់​នេះ ដោយ​ផ្ដោត​អាទិភាព​ទៅលើ​ការ​បណ្ដេញ​ចេញ​ជន​ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​សាធារណៈ​នៅ​អាមេរិក។

អ្នក​នាំពាក្យ​សមាគម អាដហុក (ADHOC) លោក សឺង សែនករុណ សង្កត់​ធ្ងន់​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ការ​អប់រំ​​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​ជន​ជាតិ​ខ្មែរ​ទាំង​នោះ មុន​នឹង​ធ្វើ​សមាហរណកម្ម​ពួក​គេឱ្យ​ចូល​ក្នុង​សង្គម ដើម្បី​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ នៅ​ពេល​ក្រោយ​ទៀត៖ «»

គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ នេះ មាន​ជន​ជាតិ​ខ្មែរ​ជិត​ ៩០០នាក់​ហើយ ដែល​ត្រូវ​បាន​បញ្ជូន​ពី​អាមេរិក​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​មាន​កម្ពុជា​មាន​កិច្ចព្រម​ព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ២០០២។ ពួក​គេ​​ភាគ​ច្រើន​​ពុំ​មាន​ការ​ចងចាំ​ច្រើន​ពី​ប្រទេស​កំណើត​​របស់​ខ្លួន​ទេ ដោយសារ​តែ​ពួក​គេ​បាន​រត់គេច​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ហើយ​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក។ អ្នក​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​វិញ​នេះ​មួយ​ចំនួន​បាន​ទទួល​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ឬ​គ្រីនខាដ (Green Cards) ប៉ុន្តែ​បាន​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ និង​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល