លោក មឿន តុលា ប្រាប់​តុលាការ​ថា​ពុំបាន​កិប​កេង​ប្រាក់​បុណ្យ​សព​បណ្ឌិត កែម ឡី

ដោយ អាស៊ីសេរី
2017-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
RFA

ប្រធាន​អង្គការ​មួយ​រូប និង​ជា​អតីត​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី គឺ​លោក មឿន តុលា អះអាង​ថា លោក​ពុំបាន​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត​ កែម ឡី ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​នោះ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា បាន​ចូល​បំភ្លឺ​នៅ​តុលាការ តាម​ដីកា​កោះ​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ​សព​បណ្ឌិត​ កែម ឡី និង​បទ​រំលោភ​លើ​ទំនុក​ចិត្ត​តាម​ពាក្យ​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ចូល​បំភ្លឺ​រួចរាល់ លោក មឿន តុលា ថា តុលាការ​បាន​អនុញ្ញាត​ឲ្យលោក​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​រង់ចាំ​នីតិវិធី​បន្ត។ ទោះ​យ៉ាងណា លោក​អះអាង​ថា គណៈកម្មការរៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី ពុំបាន​ប្រព្រឹត្ត​អំពើពុករលួយ កិប​កែង​លុយ​បុណ្យ​សព​នោះ​ទេ ព្រោះ​ពួកគាត់​ពុំ​មាន​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​ថវិកា​ឡើយ។ ផ្ទុយទៅវិញ គឺ​ក្រុម​គ្រួសារ​ជា​អ្នក​គ្រប់គ្រង និង​ចាត់ចែង​ថវិកា​ទាំងអស់​នោះ។ លោក មឿន តុលា ស្នើ​ឲ្យ​តុលាការ​តម្កល់​សំណុំរឿង​នេះ​ទុក​ឥត​ចាត់ការ​បន្ត​ទៀត៖ «ដោយសារ​តែ​ខ្ញុំ​ជឿ​ទៅ​លើ​អ្វី​ដែល​យើង​អត់​បាន​ប្រព្រឹត្ត​តាម​ការ​ចោទ​ប្រកាន់​នេះ ដូច្នេះ​ទើប​ខ្ញុំ​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​តែម្ដង»

ថ្វីត្បិតតែ​មានការ​រិះគន់ និង​ងឿងឆ្ងល់​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​លើ​ករណី​នេះ ដោយសារ​ដើមបណ្ដឹង​មិន​មែន​ជា​សាច់ញាតិ​នៃ​សព​លោក​បណ្ឌិត កែម ឡី ក្ដី ប៉ុន្តែ លោក មឿន តុលា ព្យាយាម​មិន​បកស្រាយ​ឡើយ ដោយ​ទុក​ឲ្យ​សាធារណជន​ពិចារណា​ដោយ​ខ្លួនឯង។

កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី ៣​នាក់ រួម​មាន លោក មឿន តុលា លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​សាកសួរ​អំ​ពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី និង​បទ​រំលោភ​លើ​ទំនុក​ចិត្ត​តាម​ពាក្យបណ្ដឹង​របស់​លោក​ ពេជ្រ ស្រស់។

លោក ប៉ា ងួនទៀង ក៏​ត្រូវ​បាន​តុលាការ​តម្រូវ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ដែរ តែ​ដោយសារ​លោក​ជាប់រវល់​នៅ​ក្រៅ​ប្រទេស ទើប​លោក​ផ្ដល់​សិទ្ធិ​ឲ្យ​មេធាវី។ ចំណែក​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។ ទោះ​យ៉ាង​ណា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់​មាន​ថេរ​ដីកា​ថា ព្រះអង្គ​នឹង​មិន​ចូល​ព្រះ​កាយ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​នោះ​ទេ ដោយសារ​ព្រះអង្គ​ចាត់ទុកថា តុលាការ​នៃ​របប​របស់​លោក ហ៊ុន សែន នឹង​មិន​អាច​រក​យុត្តិធម៌​ឲ្យ​ព្រះអង្គ​បាន​ឡើយ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែល​តាម​ដាន​សំណុំ​រឿង​នេះ ស្នើសុំ​កុំ​ឲ្យ​តុលាការ​ចោទប្រកាន់​លើ​ករណី​នេះ ដោយ​អះអាង​ថា អ្នក​ទាំង ​៣​នាក់​ជាមនុស្ស​ស្អាត​ស្អំ និង​បាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ច្រើន​នៅ​ក្នុង​ថ្ងៃ​នៃ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ដែល​ជា​ទុក្ខ​ក្រៀមក្រំ​សម្រាប់​ជាតិខ្មែរ។ ផ្ទុយទៅវិញ លោក​សង្កេត​ឃើញ​ថា ដើម​បណ្តឹង​លោក ពេជ្រ ស្រស់ ពុំ​មាន​វត្តមាន​ចូលរួម​ជួយ​កិច្ចការ​នានា​ ក្នុង​ឱកាស​បុណ្យ​សព​នោះ​ឡើយ ដោយ​ទើប​តែ​លេច​មុខ​ចេញ​ពេលនេះ​ទៅវិញ។

លោក ស៊ឹង សែនករុណា ថា ទង្វើ​របស់​លោក ពេជ្រ ស្រស់ នឹង​ទទួល​បាន​នូវ​ការរិះគន់​ថ្កោលទោស​ពី​សាធារណជន និង​ខូច​កេរ្តិ៍ឈ្មោះ​ថែមទៀត​ផង៖ «ជា​ករណី​លើក​ទី​មួយ​ហើយ​ដែល​យើង​មិន​ដែល​ឃើញ ពីព្រោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផ្ទាល់​ជា​ក្រុម​គ្រួសារ​នោះ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង ហើយ​មិន​មាន​ការ​គាំទ្រ​ចំពោះ​ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​ទៅ​ទៀត ព្រម​ទាំង​បាន​គាំទ្រ​ចំពោះ​ទង្វើ​មនុស្សធម៌​របស់​ក្រុម​គណៈកម្មការ​បុណ្យ​សព​ថែម​ទៀត​ផង»

ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី មិន​គាំទ្រ​ការ​ប្ដឹង​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​ទៅ​តុលាការ​ទេ។ ប្អូនប្រុស​បង្កើត​លោក បណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ជឿ​ទុក​ចិត្ត​ថា ក្រុម​អតីត​គណៈកម្មការ​នេះ មិនបាន​កិបកេង​លុយ​បុណ្យ​សព​នោះ​ឡើយ។ ចំពោះ​ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា វិញ ក៏បាន​ជំទាស់​ចំពោះ​ការ​ប្ដឹង​នេះ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ អ្នកស្រី​ទាមទារ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ជួយ​រក​ឃាតក​ពិត​សម្លាប់ លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ នោះ បើសិនជា​សាធារណជន​គ្រប់រូប​អាណិត​ស្រលាញ់​ក្រុម​គ្រួសារ​របស់​អ្នកស្រី។

ទាក់ទិន​ករណី​នេះ​ដែរ អ្នកច្បាប់​ពន្យល់​ថា លោក ពេជ្រ ស្រស់ មិន​មាន​គុណសម្បត្តិ​ផ្លូវ​ច្បាប់គ្រប់គ្រាន់​ដើម្បី​ប្ដឹង​ប្រឆាំង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា ពី​បទ​រំលោភ​លើ​សេចក្ដីទុកចិត្ត​ករណី​បច្ច័យ​បុណ្យ​សព បណ្ឌិត កែម ឡី នោះ​ទេ។

លោក​មេធាវី ហុង គឹមសួន ធ្លាប់​បញ្ជាក់​ថា ការ​ប្ដឹង​ផ្ដល់​ទាក់ទង​នឹង​រឿង​ថវិកា​បុណ្យ​សព​លោក បណ្ឌិត កែម ឡី នេះ មានតែ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹង​នេះ។

អតីត​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី ធ្លាប់​បាន​បកស្រាយ​ពន្យល់​សាធារណជន​ជាច្រើន​លើក​ច្រើន​សា​ថា ពួកគាត់​មិនបាន​ពាក់ព័ន្ធ​នឹង​ថវិកា ដែល​ទទួល​បាន​ពី​សាធារណជន​ចូលរួម​បុណ្យ​សព​នេះ​ទេ គណៈកម្មការ​គ្រប់គ្រង​តែ​ចំនួន​តួលេខ​តែប៉ុណ្ណោះ ចំពោះ​លុយ​ដែល​ទទួល​បាន គឺ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា​របស់​លោក​ផ្ទាល់ ជា​អ្នកទទួល​ថវិកា​ទាំងនោះ។ លោក ប៉ា ងួនទៀង ធ្លាប់​លើក​ឡើង​ថា លោក ពេជ្រ ស្រស់ ប្ដឹង​ប្រឆាំង​រូប​លោក ដោយ​សារតែ​គណបក្ស​កាន់អំណាច​នៅ​ពី​ក្រោយ​ខ្នង៕

ទស្សនាវីដេអូុ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

នយោបាយ ស្មោគគ្រោក ចូលខ្លួន ទំពាំង​រលួយ ពេជ្រ ស្រស់ ឬ ពេជ្រ រលួយ !
ដើរ រៃ អង្គាស​លុយ . ប្រជាពលរដ្ឋមិនចូលរួម ខឹង ច្រណែន​គេ !​

Nov 07, 2017 10:32 AM

គេហទំព័រ​ទាំងមូល