តើ​មូលហេតុ​អ្វី​បាន​ជា​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មិន​ទាន់​ចេញ​ជា​រូប​រាង?

សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សិទ្ធិ​មួយ​ដែល​មាន​សារសំខាន់​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ និង​ទីផ្សារ​សេរី។ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ នៅ​ប្រទេស​កម្ពុជា បាន​ផ្ដួច​ផ្ដើម​រៀប​ចំ​ឲ្យ​មាន​ច្បាប់​មួយ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​យូរ​ណាស់​មក​ហើយ បើ​គិត​មក​ទល់​ឆ្នាំ​២០១៣ នេះ គឺ​មាន​រយៈពេល​ជិត ១០​ឆ្នាំ។ ប៉ុន្តែ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ​មិន​ទាន់​បាន​ចេញ​រូប​រាង និង​ដាក់​ជូន​រដ្ឋសភា​អនុម័ត​នៅ​ឡើយ។
ដោយ កែវ និមល
2013-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​វិទ្យុ
រូប​វិទ្យុ
Photo: RFA

តើ​មាន​ការ​លំបាក​អ្វី​ខ្លះ បាន​ជា​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ មិន​អាច​ចេញ​រូប​រាង​បាន​មក​ទល់​បច្ចុប្បន្ន​នេះ?

មន្ត្រី និង​អ្នក​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មិន​អាច​កើត​ចេញ​រូប​រាង​ជា​សេចក្តី​ព្រាង ដើម្បី​រដ្ឋសភា​អនុម័ត​បាន​មក​ទល់​បច្ចុប្បន្ន ដោយសារ​មាន​ការ​លំបាក​ច្រើន ដូច​ជា មន្ត្រី​គ្មាន​ការ​យល់​ដឹង​ច្បាស់​លាស់​អំពី​សារសំខាន់​នៃ​ច្បាប់​នោះ ទំនៀមទម្លាប់​លាក់​រឿង​សម្ងាត់​បាន​ស្ថិត​នៅ​ក្នុង​ការ​អនុវត្ត​របស់​មន្ត្រី និង​ប្រជាពលរដ្ឋ​ទូទៅ និង​តើ​ព័ត៌មាន​កម្រិត​ណា​ដែល​អាច​ផ្តល់​ទៅ​ជូន​សាធារណជន​តាម​ការ​សុំ​បាន?

លោក សេក បរិសុទ្ធ ជា​ទីប្រឹក្សា​របស់​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ (API) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ធ្នូ ថា ការ​មិន​យល់​ដឹង​របស់​មន្ត្រី​អំពី​សារសំខាន់​នៃ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ការ​យល់​មិន​ច្បាស់​អំពី​ប្រភេទ​ព័ត៌មាន ដែល​អាច​បញ្ចេញ​ជា​សាធារណៈ​បាន គឺ​ជា​កត្តា​កំណត់​មួយ​ក្នុង​ចំណោម​ឧបសគ្គ​រារាំង​មិន​ឲ្យ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន អាច​ចេញ​រូប​រាង​បាន។

លោក សេក បរិសុទ្ធ៖ «យើង​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​យើង​មិន​ទាន់​ស្គាល់​អា​ហ្នឹង​បាន​ច្បាស់​ផង​ហ្នឹង។ នេះ​វា​ជា​ការ​លំបាក​ជា​ឧបសគ្គ​មួយ​ហើយ។ ដោយសារ​មិន​ទាន់​យល់ ជាក់​ស្ដែង​ពេល​យើង​ជួប​មន្ត្រី​ណា​មួយ ពេល​យើង​ជជែក​ជាមួយ​គាត់​រឿង​ច្បាប់​ទទួល​ព័ត៌មាន គាត់​និយាយ​រឿង​ច្បាប់​សារព័ត៌មាន​ឯណា​ទៅ​វិញ។ អា​នេះ​បង្ហាញ​ថា យើង​មិន​យល់។ កាល​ណា​យើង​មិន​យល់ យើង​មិន​ស្គាល់ បាន​ន័យ​ថា យើង​មិន​ស្គាល់​វា​ផង​ហ្នឹង អ៊ីចឹង​យើង​ក៏​មិន​ដឹង​អំពី​សារសំខាន់​របស់​វា​ដែរ»

ចំណែក លោក ណែប ស៊ីនថៃ ប្រធាន​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ មាន​យោបល់​ថា កន្លង​មក ដោយសារ​រដ្ឋាភិបាល​មិន​បាន​ចាត់​ទុក​ថា​វា​ជា​ការងារ​អាទិភាព បាន​ជា​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​មិន​ទាន់​ចេញ​រូប​រាង​ឡើង។ លោក​មាន​ជំនឿ​ថា នៅ​ក្នុង​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​អាណត្តិ​ថ្មី​ទី​៥ នេះ ឲ្យ​ក្រសួង​ព័ត៌មាន ដឹក​នាំ​បើក​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​សារព័ត៌មាន សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ ដើម្បី​រៀប​ចំ​តាក់​តែង​ឲ្យ​បាន​សម្រេច​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ គឺ​ជា​កម្លាំង​ជំរុញ​ថ្មី​មួយ ដែល​ធ្វើ​ឲ្យ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​អាច​ចេញ​រួច៖ «ជួន​កាល​និយាយ​អំពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន គាត់​និយាយ​អំពី​ច្បាប់​សារព័ត៌មាន។ ដូច្នេះ កាល​ណា​យើង​និយាយ​អំពី​សិទ្ធិ​ទទួល​ព័ត៌មាន គឺ​យើង​ចង់​និយាយ​សំដៅ​ទៅ​សិទ្ធិ​បុគ្គល​ម្នាក់ៗ​ត្រូវ​ដឹង»

មាន​យោបល់​ទាក់ទង​ឧបសគ្គ​រាំង​ស្ទះ​ការ​ចេញ​មិន​រួច​របស់​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ដែរ លោក យង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព មាន​ប្រសាសន៍​ថា កន្លង​មក​ច្បាប់​នេះ​មិន​អាច​ចេញ​រួច ដោយសារ​មន្ត្រី​រដ្ឋាភិបាល​នៅ​ខ្លាច និង​មាន​ទម្លាប់​លាក់​ការ​ផ្ទៃ​ក្នុង អំពើ​ពុក​រលួយ​មាន​កើត​ច្រើន ខ្លាច​ច្បាប់​នេះ​កើត​ចេញ​មក ហើយ​ទម្លាយ​ចេញ​អំពើ​ពុក​រលួយ ការ​យល់​ដឹង​អំពី​ការ​តាក់​តែង​ច្បាប់​នៅ​មាន​កម្រិត​ជាដើម។

លោក យង់ គីមអេង៖ «អ៊ីចឹង ដោយសារ​មន្ត្រី​រដ្ឋាភិបាល​មិន​ដឹង​ថា តើ​លាក់​ការ​នោះ​វា​ប៉ុណ្ណា? ប៉ុណ្ណា ជា​ការ​សម្ងាត់​រដ្ឋបាល​នោះ? អា​នេះ​ជា​ឧបសគ្គ​មួយ​ធំ។ ដែល​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​យល់​ថា ការ​ចេញ​ច្បាប់​នេះ​ទៅ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់ ដល់​កិត្តិយស​របស់​ខ្លួន។ ហើយ​កន្លង​មក ការ​ចាត់​ចែង​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​នោះ វា​មិន​ច្បាស់​លាស់»

ក្រោយ​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដឹក​នាំ​ការ​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​មក វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ បាន​រៀប​ចំ​សិក្ខា​សាលា​ជាតិ​មួយ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ ធ្នូ ដោយ​មាន​មនុស្ស​មក​ពី​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល សង្គម​ស៊ីវិល ប្រព័ន្ធ​ឃោសនា អង្គការ​អន្តរជាតិ និង​អាជ្ញាធរ​មូលដ្ឋាន ប្រមាណ ១៥០​នាក់ ចូល​រួម​ដើម្បី​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ទាក់ទង​ខ្លឹមសារ​នៃ​ពាក្យ​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

ក្រោយ​ពេល​ដំណើរ​ការ​ពិភាក្សា​វែក​ញែក​អស់​រយៈពេល​ជិត ២​ថ្ងៃ អង្គ​សិក្ខា​សាលា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។ អ្នក​ចូល​រួម​សិក្ខា​សាលា បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ទទួល​ខុស​ត្រូវ​តាក់​តែង​ខ្លឹមសារ​ច្បាប់ រៀប​ចំ​ការ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ទូលំទូលាយ មុន​ពេល​បញ្ជូន​ទៅ​ឲ្យ​សភា​អនុម័ត។ ការ​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ គឺ​ជា​ការ​ចាំបាច់។ សេចក្តី​ព្រាង​ច្បាប់​នោះ គួរ​ដាក់​បញ្ចូល​អំពី​ការ​បើក​ចំហ​ព័ត៌មាន​មាន​ស្រាប់ ការ​ផ្តល់​ព័ត៌មាន​តាម​ការ​ស្នើសុំ​មិន​ត្រូវ​បង់​ប្រាក់ ត្រូវ​មាន​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ផ្តល់​ព័ត៌មាន​មិន​ពិត និង​ត្រូវ​មាន​ចែង​អំពី​ការ​ការពារ​ដល់​អ្នក​ស្នើសុំ​ព័ត៌មាន និង​ចែង​ឲ្យ​បាន​ច្បាស់​អំពី​ប្រភេទ​ព័ត៌មាន​សម្ងាត់ និង​ព័ត៌មាន​សាធារណៈ។

សិក្ខា​សាលា​ជាតិ​អំពី​សិទ្ធិ​ទទួល​ព័ត៌មាន នា​សណ្ឋាគារ​អ៊ីនធើខនធីណិនថល (InterContinental Hotel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Keo Nimol
សិក្ខា​សាលា​ជាតិ​អំពី​សិទ្ធិ​ទទួល​ព័ត៌មាន នា​សណ្ឋាគារ​អ៊ីនធើខនធីណិនថល (InterContinental Hotel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Keo Nimol

លោក យង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ឲ្យ​ដឹង​ថា គោលការណ៍​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន កើត​មាន​តាំង​ពី​ឆ្នាំ​២០០២ មក រហូត​ដល់​ឆ្នាំ​២០០៤ កិច្ច​ប្រជុំ​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា បាន​កំណត់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ច្បាប់​នោះ​ឲ្យ​បាន​នៅ​ចុង​ឆ្នាំ​២០០៦។ ប៉ុន្តែ ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ មិន​បាន​កើត​ចេញ​រូប​រាង​ទេ។ មក​ដល់​ឆ្នាំ​២០០៧ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ជា​អ្នក​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់ និង​គោល​នយោបាយ​ទាក់ទង​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ។

ក្រៅ​ពី​មាន​ស្ថាប័ន​រដ្ឋ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀប​ចំ​តាក់​តែង​ខ្លឹមសារ​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ ក៏​មាន​ក្រុម​អ្នក​តំណាង​រាស្ត្រ និង​បុគ្គល​តំណាង​រាស្ត្រ បាន​ខិតខំ​តាក់​តែង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ​ដែរ។ ប៉ុន្តែ គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា បាន​ពិនិត្យ និង​រុញ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ ឲ្យ​ម្ចាស់​ដើម​ធ្វើ​ការ​ពិនិត្យ កែ​សម្រួល​ឡើង​វិញ ពីព្រោះ​មាន​ចំណុច​មួយ​ចំនួន​មិន​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​កម្ពុជា។

បុគ្គល​អ្នក​តំណាង​រាស្ត្រ​ដែល​បាន​ប្រឹងប្រែង​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ គឺ​មាន លោក សុន ឆ័យ អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី។ លោក​បាន​ដាក់​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ​ទៅ​រដ្ឋសភា​ចំនួន ២​លើក គឺ​នៅ​ឆ្នាំ​២០១០ ម្តង និង ២០១២ ម្តង​ទៀត។ ប៉ុន្តែ គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា មិន​បាន​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​របស់ លោក សុន ឆ័យ តាក់​តែង​នោះ​ទៅ​ដាក់​ជូន​រដ្ឋសភា​ពេញ​អង្គ​ពិនិត្យ និង​អនុម័ត​ទេ។

លោក ឈាង វុន អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ឲ្យ​អង្គ​សិក្ខា​សាលា​ដឹង​ថា គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា បាន​បដិសេធ​មិន​ដាក់​សេចក្តី​ព្រាង​ច្បាប់​តាក់​តែង​ដោយ លោក សុន ឆ័យ ទៅ​ឲ្យ​អង្គ​សភា​ពិនិត្យ និង​អនុម័ត​នោះ ដោយសារ​មាន​ចំណុច​មួយ​ចំនួន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ មិន​ច្បាស់​លាស់ ដូច​ជា តួនាទី​របស់​ស្នងការ​ព័ត៌មាន​ឯករាជ្យ​ជាដើម។

ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន មាន​វិសាល​ភាព​ទូលំទូលាយ និង​ទាក់ទង​ជាមួយ​វិស័យ​ជាច្រើន។ ព័ត៌មាន​របស់​រដ្ឋាភិបាល ស្ថាប័ន​ជាតិ ក្រុមហ៊ុន​ជំនួញ សុទ្ធ​តែ​មាន​ការ​កំណត់​ជាក់​លាក់ និង​អាច​បង្ក​ឲ្យ​មាន​ភយន្តរាយ បើ​សិន​ជា​ការ​ផ្តល់​ព័ត៌មាន និង​ការ​ប្រើប្រាស់​ព័ត៌មាន​នោះ​មិន​ត្រឹមត្រូវ។

លោក ឈាង វុន សមាជិក​សភា​ថ្លែង​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ មាន​ទាក់ទង​ក្រម​ព្រហ្មទណ្ឌ ក្រម​រដ្ឋប្បវេណី និង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា ច្បាប់​នេះ​មាន​សារសំខាន់ និង​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ លោក​មាន​ជំនឿ​ថា ច្បាប់​នេះ​អាច​កើត​ចេញ​ជា​រូប​រាង និង​សភា​អនុម័ត​បាន​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​ចំនួន ១​ថ្ងៃ​កន្លះ​នេះ ពិភាក្សា​លើ​កិច្ច​ប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ពុំ​មាន​ការ​ចូល​រួម​ថ្លែងការណ៍​ពី​សំណាក់​មន្ត្រី ឬ​អ្នក​តំណាង​ក្រសួង​ព័ត៌មាន ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

Original Khmer farmer

To Neak-an Ana-mik (reader no name or anonymous on Dec 06, 2013 01:13 AM)
Mr. Dec 06, 2013 01:13 AM, I think only you and CPP is a chaos and instability creator in the society. You're the real idiot on earth.

Dec 07, 2013 12:39 AM

Pak Sotho

ពី Siem Reap

Information privilege is absolutely importance to Cambodian people to learn about the government what is going on and to give their ideas about the development whether we agree or disagree .

Dec 06, 2013 08:51 PM

Roth

មានពត៏មានអីខ្លះដែលត្រូវទទួល? ពត៏មាននៅស្រុកខ្មែរសឹងតែ៨០%មិនពិត ព្រោះតែអ្នកបញ្ចេញពត៏មាន ឬ អ្នកសារពត៌មានខ្វះជំនាញ​ឬមិនមានក្រមសីលធម៌ក្នុងវិជ្ជាជីវះ។ អ្នកសារពត៌មានមិនអព្យាក្រិត្យ បើមិនជឿសួរវិទ្យុអាស៊ីសេរីទៅដឹងហើយ ។ ត្រូវការស្តាប់ពត៌មានចាំបាច់សុំច្បាប់ដែរ? កាលពីជំនាន់ប៉ុល​ ពត បំបិទសិទ្ធិជាងនេះផងគង់លួចស្តាប់បាន ម៉េចមិនទៅប្រាប់អាពតអោយបង្កើតច្បាប់ទទួលពត៌មានទៅ?

Dec 06, 2013 02:33 PM

Khmer US

Cheating or big head PM Hun sen is "torl te you". It take time. If he can't be quiet because you insist to ask for, he will give you some bones. Then give the bone with some meet. Remember, he has a big head, big mouth how can he give you the meet?
When some official do not understand this or know little, it is not true. They don't want to understand or just pretending. That is the only way their seats are safe. When the people know that they work for the big head, they even more pretend. Do something about big head, too.

Dec 06, 2013 10:42 AM

ស៊ីម​ សំអែល

ពី សៀមរាប

ដោយសារតែរដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃ មិនពង្រឺងនៅការគោរពសិទ្ធិមនុស្ស ជារដ្ឋាភិបាលដែលពុករលួយជាចង្កោម។ តើមូលហេតុអ្វីបានជាច្បាប់ស្តីពី ការដាក់ទោសអ្នកដែលមិនទទួលស្គាល់របបប្រល័យពូជសាសន៏​ អាចលេចជារូបរាងក្នុងរយៈពេលមួយសប្តាហ៍ ហើយច្បាប់ស្តីពីសិទ្ធិ​​ ទទួលបានពត៌មានមិនទាន់លេចជារូបរាង តើប៉ុន្មានទសវត្សទៀតទើបច្បាប់នេះអាចបង្កើតចេញ?

Dec 06, 2013 04:13 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល