សាលា​ដំបូង​ខេត្ត​តាកែវ​កោះ​ហៅ​ក្រុម​គ្រួសារ​ជន​សង្ស័យ​ជះ​ទឹក​អាស៊ីត​ដាក់​ស្ត្រី​ម្នាក់

ដោយ វោហារ ជាតិ
2014-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​សាលា​ដំបូង​ខេត្ត​តាកែវ
តុលាការ​សាលា​ដំបូង​ខេត្ត​តាកែវ
RFA/Tin Zakariya

សាលា​ដំបូង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៦ ធ្នូ ចេញ​ដីកា​កោះ​ហៅ​ក្រុម​គ្រួសារ​ជន​សង្ស័យ ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ដើម្បី​សាកសួរ​លើ​ករណី​ចោទ​ប្រកាន់​ជះ​ទឹក​អាស៊ីត​ដាក់​ស្ត្រី​ម្នាក់ ដែល​ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ទន្លាប់ ស្រុក​គិរីវង់ ក្នុង​ពេល​ជន​សង្ស័យ​រត់​គេច​ខ្លួន​បាត់។

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​តាកែវ លោក ជិន សុចិត្រា ឲ្យ​ដឹង​ថា ការ​កោះ​ហៅ​ក្រុម​គ្រួសារ​ជន​សង្ស័យ ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ បន្ទាប់​ពី​លោក​បាន​សាកសួរ​ដើម​បណ្ដឹង​ក្នុង​ករណី​ជម្លោះ​ជះ​ទឹក​អាស៊ីត​ដាក់​គ្នា​នេះ។

លោក​ព្រះរាជអាជ្ញា​ឲ្យ​ដឹង​ថា ការ​កោះ​ហៅ​ភាគី​ចុង​ចោទ​មាន​ចំនួន​ច្រើន​នេះ ធ្វើ​ឡើង​តាម​បណ្ដឹង​ដើម​ចោទ​នៃ​ភាគី​ជន​រងគ្រោះ គឺ​អ្នកស្រី មួង ស្រីមុំ អាយុ ៣១​ឆ្នាំ ដែល​ជា​អាជីវករ​លក់​ដូរ​នៅ​តូប​ក្បែរ​គ្នា​ក្នុង​ផ្សារ​ទន្លាប់៖ «គឺ​កោះ​ហៅ​នៅ​ថ្ងៃ​ស្អែក ជន​សង្ស័យ​ហ្នឹង​ណា​ទាំងអស់ ក្នុង​នោះ​មាន​ប្អូន​ស្រី​បង​ស្រី និង​ឪពុក​ម្ដាយ​ក្នុង​រឿង​ហ្នឹង»

មន្ត្រី​តុលាការ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា កន្លង​ទៅ អ្នកស្រី មួង ស្រីមុំ ត្រូវ​បាន​អាជីវករ​នៅ​តូប​ក្បែរ​គ្នា ដែល​អាជ្ញាធរ​សម្គាល់​អត្តសញ្ញាណ​មាន​ឈ្មោះ បេង មាស អាយុ ២៨​ឆ្នាំ និង​ប្អូន​ស្រី​បង្កើត​ឈ្មោះ បេង លក្ខិណា អាយុ ២២​ឆ្នាំ តែ​លោក​ព្រះរាជអាជ្ញា​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​គេច​ខ្លួន​បាត់​មក​ទល់​ថ្ងៃ​នេះ ហើយ​អាជ្ញាធរ​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ភាគី​ចុង​ចោទ និង​ដើម​ចោទ​បាន​ភ្លាម​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ ដើម្បី​សុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម។

ក៏ប៉ុន្តែ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​តាកែវ អ្នកស្រី នុត ចម្រើន ដែល​តាម​ឃ្លាំ​មើល​ករណី​នេះ​យ៉ាង​ដិត​ដល់​នោះ​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​ម្ដង​រួច​មក​ហើយ មុន​ពេល​រឿង​ហេតុ​ជះ​ទឹក​អាស៊ីត​ដាក់​គ្នា​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ដោយ​ភាគី​ទាំង​ពីរ​មាន​ទំនាស់​ដណ្ដើម​ម៉ូយ​ទិញ​អីវ៉ាន់៖ «ហេតុការណ៍​ដំបូង ភាគី​ខាង​ប្រព្រឹត្ត គាត់​លក់​នៅ​ក្បែរ​ហ្នឹង​ដែរ ដល់​ថ្ងៃ​ហ្នឹង​គាត់​ដណ្ដើម​ម៉ូយ​គ្នា​មិន​ដឹង​យ៉ាង​ម៉េច​ទេ ខាង​ភាគី​រងគ្រោះ​គាត់​ខ្វាច​មុខ​ភាគី​ប្រព្រឹត្ត​មាន​ស្លាកស្នាម។ អ៊ីចឹង​ទៅ​មាន​ការ​សម្រួល​ម្ដង​ហើយ​ជាមួយ​អាជ្ញាធរ ដូច​ថា​សន្យា​ថា​ឈប់​ធ្វើ គេ​នឹង​សង​សំណង​ដាច់​មុខ​ដាច់​មាត់​ហ្នឹង​ណា។ អ៊ីចឹង​ខាង​ប្រព្រឹត្ត​គាត់​ថា គាត់​អត់​ទទួល​យក​សំណង​ទេ គាត់​សុំ​ឲ្យ​ដាច់​មុខ​វិញ។ ដល់​ពេល​រំលង​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ គាត់​យក​ទឹក​អាស៊ីត​ទៅ​ចាក់​ពី​លើ​គេ​តែ​ម្ដង គ្នា​កំពុង​បញ្ចុក​អាហារ​កូន​ពេល​ព្រឹក អ៊ីចឹង​ខាង​ជន​ប្រព្រឹត្តិ​ដែល​ឈ្មោះ បេន លក្ខិណា គាត់​យក​ទឹក​អាស៊ីត​ទៅ​ជះ​ទៅ​ស្រោច​ពី​លើ​តែ​ម្ដង»

ប្រភព​ដដែល​បញ្ជាក់​ថា ស្ត្រី​រងគ្រោះ​រង​របួស​ធ្ងន់ ចំណែក​កូន​ស្រី​តូច​នៅ​ក្បែរ​របួស​ស្រាល ដោយសារ​ទឹក​អាស៊ីត​ខ្ទាត​លើ។

ទោះ​យ៉ាង​ណា លោក​ព្រះរាជអាជ្ញា ជិន សុចិត្រា បញ្ជាក់​ថា ភាគី​ចុង​ចោទ​កំពុង​ស្វែងរក​មេធាវី ដើម្បី​ការពារ​ខ្លួន​ក្នុង​រឿង​ក្ដី​នេះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល