តុលាការ​ខេត្ត​តាកែវ​សម្រេច​ឃុំ​ឪពុក​ម្ដាយ​ជន​សង្ស័យ​ពាក់ព័ន្ធ​ជះ​ទឹក​អាស៊ីត​ដាក់​ស្ត្រី​ម្នាក់

ដោយ វោហារ ជាតិ
2014-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​សាលា​ដំបូង​ខេត្ត​តាកែវ
តុលាការ​សាលា​ដំបូង​ខេត្ត​តាកែវ
RFA/Tin Zakariya

មន្ត្រី​សាលា​ដំបូង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៧ ធ្នូ ចេញ​ដីកា​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​ជន​សង្ស័យ​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី ដែល​ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ទន្លាប់ ក្រោយ​ពី​បាន​សាកសួរ​ចប់។

ក្រឡា​បញ្ជី​តុលាការ​ខេត្ត​តាកែវ លោក សែ សុខឃឿន ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​ជន​សង្ស័យ​ជះ​ទឹក​អាស៊ីត​ដាក់​គេ ឈ្មោះ ដេង លក្ខិណា អាយុ ២២​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ខណៈ​ដែល​ជន​សង្ស័យ​ដែល​ជា​កូន​បង្កើត កំពុង​រត់​គេច​ខ្លួន៖ «រឿង​នេះ គឺ​លោក ជិន សុចិត្រា ព្រះរាជ​អាជ្ញា​ឃុំ​ឃាត់​ខ្លួន​ថ្ងៃ​មិញ ព្រះរាជអាជ្ញា​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ឃាត់​ខ្លួន​ហ្នឹង អឺ! ទុក​យ៉ាង​ម៉េច​ចាំ​និយាយ​ស្អែក​ចុះ»

តែ​លោក​ក្រឡា​បញ្ជី​មិន​បាន​បញ្ជាក់​ប្រាប់​ឈ្មោះ​ឪពុក​ម្ដាយ​ជន​សង្ស័យ​នោះ​ទេ។

ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​តាកែវ លោក ជិន សុចិត្រា បាន​ចេញ​ដីកា​កោះ​ហៅ​ឪពុក​ម្ដាយ និង​បង​ជន​សង្ស័យ​មក​សាកសួរ នៅ​ថ្ងៃ​ទី​១៧ ធ្នូ តាម​ពាក្យ​បណ្ដឹង​របស់​ភាគី​ជន​រងគ្រោះ​ឈ្មោះ មួង ស្រីមុំ អាយុ ៣១​ឆ្នាំ ដែល​បាន​ប្ដឹង​កាល​ពី​កន្លះ​ខែ​មុន​នេះ ពី​បទ​សមគំនិត​ប្រព្រឹត្ត​បទល្មើស​ជះ​ទឹក​អាស៊ីត​ដាក់​ជន​រងគ្រោះ នៅ​ផ្សារ​ទន្លាប់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក​ព្រះរាជអាជ្ញា ជិន សុចិត្រា បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ថា លោក​បាន​ចេញ​ដីកា​កោះ​ហៅ​ជន​សង្ស័យ ៣​នាក់ គឺ​ឪពុក​ម្ដាយ និង​បង​ប្រុស​ជន​សង្ស័យ ដើម្បី​មក​សាកសួរ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ភាគី​ជន​រងគ្រោះ​ឈ្មោះ មួង ស្រីមុំ កាល​ពី​កន្លះ​ខែ​មុន​នេះ​រួច​មក។ ក៏ប៉ុន្តែ​បង​ជន​សង្ស័យ​ឈ្មោះ ដេង មាស ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ដែល​សង្ស័យ​ថា​បាន​រួម​គំនិត​ជះ​ទឹក​អាស៊ីត​ដាក់​ជន​រងគ្រោះ​នោះ មិន​បាន​ចូល​ខ្លួន​មក​តុលាការ​តាម​ការ​កោះ​ហៅ ដើម្បី​សាកសួរ​ទេ។

ទាក់ទង​ទៅ​នឹង​ករណី​ជះ​ទឹក​អាស៊ីត​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​តាកែវ អ្នកស្រី នុត ចម្រើន ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​ដណ្ដើម​ម៉ូយ​ទិញ​អីវ៉ាន់​ម្ដង​មក​ហើយ មុន​រឿង​ជះ​ទឹក​អាស៊ីត​នេះ​កើត​ឡើង។ អ្នកស្រី​បាន​រំឭក​ថា កាល​នោះ​ភាគី​ជន​រងគ្រោះ​បាន​វាយ​តប់​ភាគី​ជន​សង្ស័យ​បណ្ដាល​ឲ្យ​របួស​មុខ ហើយ​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​សម្រុះ​សម្រួល ដោយ​តម្រូវ​ឲ្យ​ភាគី​រងគ្រោះ​បង់​សង​ថ្លៃ​ជំងឺ​ចិត្ត តែ​ត្រូវ​ភាគី​សង្ស័យ​បដិសេធ​មិន​ទទួល​សំណង ហើយ​បាន​បោះ​ពាក្យ​ថា នឹង​ធ្វើ​ឲ្យ​ភាគី​ជន​រងគ្រោះ​មាន​របួស​ស្នាម​មុខ​ដូច​គ្នា​ទើប​សុខ​ចិត្ត។ អ្នកស្រី​បន្ត​ថា លុះ​ក្រោយ​មក ទើប​មាន​រឿង​ជះ​ទឹក​អាស៊ីត​ដាក់​ភាគី​រងគ្រោះ គឺ​អ្នកស្រី មួង ស្រីមុំ បណ្ដាល​ឲ្យ​របួស​ធ្ងន់​ត្រង់​ក្បាល មុខ និង​ដង​ខ្លួន​ផ្នែក​ខាង​លើ ចំណែក​កូន​តូច​ដែល​ជន​រងគ្រោះ​កំពុង​បញ្ចុក​បបរ​នៅ​ពេល​នោះ រង​របួស​ស្រាល​ដោយសារ​ទឹក​អាស៊ីត​ខ្ទាត​លើ។

ការ​ប្រើប្រាស់​ទឹក​អាស៊ីត បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​យូរ​ណាស់​មក​ហើយ។

ដោយ​ឡែក​នៅ​ខេត្ត​តាកែវ អ្នកស្រី នុត ចម្រើន ឲ្យ​ដឹង​ថា ករណី​ជះ​ទឹក​អាស៊ីត​ដាក់​គ្នា​នេះ គេ​កម្រ​ប្រើ​ណាស់ គេ​ចូល​ចិត្ត​ប្រើ​កាំភ្លើង​បាញ់​គ្នា​វិញ​នៅ​ពេល​មាន​ជម្លោះ​កើត​ឡើង​ម្ដងៗ៖ «និយាយ​ទៅ​ទឹក​អាស៊ីត​ហ្នឹង​ដូចជា​ខេត្ត​តាកែវ អត់​មាន​ធ្លាប់​បាន​ទទួល​ព័ត៌មាន​ទេ ទាក់ទង​នឹង​ការ​ប្រើប្រាស់​ទឹក​អាស៊ីត​ហ្នឹង ទើប​តែ​លើក​ទី​មួយ​ទេ​ដែល​យើង​បាន​ឮ អត់​មាន​ទេ បើ​ស្នេហា​ត្រីកោណ​មាន​ការ​បាញ់ ខ្ញុំ​មិន​ទាន់​បាន​ទៅ​ស៊ើប​ផង គាត់​បាញ់​ប្រពន្ធ​ចុង​ស្លាប់ អ៊ីចឹង​ខ្ញុំ​ចូល​ធ្វើ​ការ​ហ្នឹង​មាន​ការ​ទាក់ទង​នឹង​ការ​បាញ់ ប្រើ​អាវុធ​ហ្នឹង ហើយ​និង​ទឹក​អាស៊ីត ទើប​ឃើញ​មាន​ពីរ​ករណី​ទេ ស្នេហា​ត្រីកោណ ឬ​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​អាស៊ីត ប្រើប្រាស់​អាវុធ​ហ្នឹង»

ទាក់ទង​ទៅ​នឹង​ការ​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​ជន​សង្ស័យ​ជះ​ទឹក​អាស៊ីត​ដាក់​ជន​រងគ្រោះ​នេះ មន្ត្រី​តុលាការ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​ជន​សង្ស័យ​នឹង​ដោះ​លែង​ទៅ​វិញ ប្រសិន​តុលាការ​រក​ឃើញ​ថា ឪពុក​ម្ដាយ​ជន​សង្ស័យ​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស ហើយ​ជន​សង្ស័យ រួម​ទាំង​បង​ជន​សង្ស័យ​ដែល​ជា​កូន​បង្កើត មក​បង្ហាញ​ខ្លួន​តាម​តុលាការ​កោះ​ហៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ប្រសិនបើអាចជួយបញ្ជូលច្បាប់ ឬទោសដែរពាក់ព័ន្ធនឹងបទល្មើសក្នុងអត្ថបទ មិចបាច់បកស្រាយជ្រើនទេ គ្រាន់តែទ្រួសៗទៅបានហើយ ដើម្បីអោយអ្នកអានបានដឹងខ្លះពីច្បាប់ ពេលដែលពួកគាត់បានអាន។
សូមអគុណ

Dec 18, 2014 03:16 AM

គេហទំព័រ​ទាំងមូល