អភិបាល​ខេត្ត​តាកែវ​និង​បក្ខពួក​ដែល​ជាប់​ទាក់ទង​អំពើ​បាញ់​ប្រហារ​ពុំ​ត្រូវ​បាន​ផ្ដន្ទាទោស

ដោយ ទីន ហ្សាការីយ៉ា
2014-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​ខេត្ត​តាកែវ រូបថត​ថ្ងៃ​ទី ១៦ ធ្នូ ២០១៤។
សាលា​ដំបូង​ខេត្ត​តាកែវ រូបថត​ថ្ងៃ​ទី ១៦ ធ្នូ ២០១៤។
Photo: RFA

ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា អ្នក​មាន​អំណាច​ភាគ​តិច​ណាស់​បាន​ទទួល​ទោស នៅ​ក្រោយ​ពេល​បង្ក​បទល្មើស​ផ្សេងៗ។ ក្រៅ​ពី​នេះ​ទៀត មន្ត្រី​មួយ​ចំនួន​បាន​បង្ក​រឿង​អាស្រូវ​ខុស​ច្បាប់ ហើយ​នៅ​តែ​ទទួល​បាន​ឋានន្តរស័ក្ដិ​ថែម​ទៀត ដូចជា អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ និង​បក្ខពួក បាន​ពាក់ព័ន្ធ​នឹង​រឿង​បាញ់​ប្រហារ​ទៅ​លើ​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ​រស្មី​អង្គរ កាល​ពី​ឆ្នាំ​២០១២ តែ​លោក​មិន​បាន​ទទួល​ទោស​ទេ ថែម​ទាំង​បាន​ឡើង​ឋានៈ​ថែម​ទៀត។

ក្រុម​អ្នក​ច្បាប់​ពន្យល់​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា អនុវត្ត​ច្បាប់​គ្មាន​តម្លាភាព​នោះ​ឡើយ។ ជា​ញឹកញយ គេ​សង្កេត​ឃើញ​មាន​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន បាន​ប្រព្រឹត្ត​ខុស​ច្បាប់ តែ​មិន​ទទួល​ទោស​នោះ​ទេ។

ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា អ្នក​ដែល​មាន​តួនាទី​ខ្ពស់ ត្រូវ​ធ្វើ​ជា​គំរូ​ក្នុង​ការ​គោរព​ច្បាប់​នៅ​ក្នុង​សង្គម ផ្ទុយ​ទៅ​វិញ​មិន​ដូច្នោះ​នោះ​ទេ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ពី​ករណី​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ធ្លាប់​ទាក់ទិន​នឹង​ការ​បាញ់​ប្រហារ​ទៅ​លើ​ម្ចាស់​ហាង​ខារ៉ាអូខេ កាល​ពី​ឆ្នាំ​២០១២ តែ​លោក​ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ឋានន្តរស័ក្ដិ​ទៅ​វិញ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា នៅ​ក្រោយ​ពេល​ក្រុម លោក ឡាយ វណ្ណៈ ជាប់​ទាក់ទង​ករណី​បាញ់​ម្ចាស់​ហាង​រស្មី​អង្គរ ក្នុង​សង្កាត់​រកាក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ បណ្ដាល​ឲ្យ​ម្ចាស់​ហាង​រង​របួស​កាល​ពី​ឆ្នាំ​២០១២ ដែល​កាល​ណោះ លោក​មាន​តួនាទី​ជា​អភិបាល​រង​ខេត្ត​តាកែវ។ ក្រោយ​មក ករណី​នេះ​ត្រូវ​បាន​សម្រប​សម្រួល​បញ្ចប់​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​រវាង​ម្ចាស់​ហាង​ខារ៉ាអូខេ និង​ក្រុម​របស់ លោក ឡាយ វណ្ណៈ។

លោក អំ សំអាត បញ្ជាក់​ថា ករណី​នេះ​ទោះ​បី​ជា​មាន​ការ​សម្រប​សម្រួល​បញ្ចប់​ក៏ដោយ តែ លោក ឡាយ វណ្ណៈ និង​បក្ខពួក មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​បាន​ឡើយ៖ «ចំពោះ​សហគមន៍​ដីធ្លី​មិន​បាន​ប្រព្រឹត្ត​ផង ត្រូវ​បាន​តុលាការ​ចាប់​ដាក់​គុក រីឯ​អ្នក​មាន​អំណាច​មាន​បុណ្យ​ស័ក្តិ ទោះ​ជា​ប្រព្រឹត្ត​អ្វី​ក៏​គ្មាន​ការ​ចាប់​ខ្លួន​ដែរ នេះ​ហើយ​ដែល​មើល​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៨ ធ្នូ។

ការ​លើក​ឡើង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​បែប​នេះ នៅ​បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បន្ទោស លោក ឡាយ វណ្ណៈ ដែល​លោក​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​បិទ​ផ្លូវ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ហែ​ក្បួន​ធម្មយាត្រា-សិទ្ធិ​យាត្រា កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ កន្លង​ទៅ។ លោក ស ខេង លើក​ឡើង​នៅ​ក្នុង​អង្គ​ប្រជុំ​ប្រចាំ​ខែ​ថា លោក ឡាយ វណ្ណៈ បាន​ធ្វើ​ដូច្នេះ មិន​បាន​សួរ​ចៅហ្វាយ​នាយ ឬ​មាន​បញ្ជា​ពី​ថ្នាក់​លើ​នោះ​ទេ។ លោក ស ខេង បញ្ជាក់​ថា អភិបាល​ខេត្ត​គ្មាន​សិទ្ធិ​ឃាត់​ក្បួន​ធម្មយាត្រា-សិទ្ធិ​យាត្រា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​នោះ​ឡើយ៖ «ខេត្ត​តាកែវ គាត់​មាន​រឿង​ចម្លែកៗ ថ្ងៃ​មុន​គាត់​ហៅ​តុលាការ​មក​សាកសួរ​តែ​ម្ដង ហើយ​ថ្ងៃ​មុន​គាត់​ឃាត់​ក្បួន​ធម្មយាត្រា គ្នា​គ្រាន់​តែ​ហែ​ក្បួន​ទេ ថ្ងៃ​ក្រោយ​បើ​ធ្វើ​អី ត្រូវ​ប្រាប់​ផង មិន​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​ប្រើ​អំណាច​របស់​ខ្លួន អាច​ថា​លោក​អាង​ខ្សែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ខ្នង​ក៏​ថា​បាន។

លោក ឡាយ វណ្ណៈ ពី​មុន​លោក​បាន​ទៅ​កាន់​តួនាទី​ជា​អភិបាល​រង អភិបាល​ខេត្ត​តាកែវ នោះ លោក​ធ្លាប់​ធ្វើ​ជា​ប្រធាន​រដ្ឋបាល​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ។

កាល​ពី​ឆ្នាំ​២០១២ លោក ឡាយ វណ្ណៈ មាន​តួនាទី​ជា​អភិបាល​រង​ខេត្ត​តាកែវ នៅ​ឡើយ នៅ​ក្រោយ​ពី​លោក​បាន​ផ្ទេរ​តួនាទី​ពី​ប្រធាន​រដ្ឋបាល​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ ទៅ​កាន់​មុខ​តំណែង​ជា​អភិបាល​រង​ខេត្ត​តាកែវ នោះ លោក និង​មិត្តភ័ក្ដិ​របស់​លោក​ជា​មន្ត្រី​តុលាការ​ខេត្ត ជាប់​ចោទ​ពី​ករណី​បាញ់​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២។ តែ​ក្រោយ​មក លោក និង​មិត្តភ័ក្ដិ​បាន​សម្រប​សម្រួល​ជាមួយ​ម្ចាស់​ហាង​ខារ៉ាអូខេ​បញ្ចប់​រឿង។

មក​ទល់​ពេល​នេះ មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់​អះអាង​ថា លោក ឡាយ វណ្ណៈ និង​មិត្តភ័ក្ដិ មិន​ត្រូវ​បាន​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​សំណុំ​រឿង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក ឡាយ វណ្ណៈ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ប្រកាស​តែង​តាំង​ជា​អភិបាល​ខេត្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៤។

ក្រោយ​ពី​លោក​បាន​ទទួល​ការ​តែង​តាំង​ជា​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​គេ​តែង​តាំង​លោក​ជា​អនុប្រធាន​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៤។ នៅ​ក្នុង​ឱកាស​តែង​តាំង​នោះ លោក  ឡាយ វណ្ណៈ បាន​ប្រកាស​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លុះ​ក្ស័យ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​ថា ការ​ផ្ដល់​តួនាទី​នៅ​កម្ពុជា រដ្ឋាភិបាល​តែង​តែ​ផ្ដល់​តួនាទី​ទៅ​ឲ្យ​អ្នក​ដែល​ធ្វើ​ការ​ជួយ​គណបក្ស​ជា​ធំ មិន​សំដៅ​លើ​អ្នក​មាន​សមត្ថភាព​ជា​ធំ​ទេ៖ «ការ​តែង​តាំង​មន្ត្រី​គេ​មិន​មើល​ពី​សីលធម៌​ចំណេះ​វិជ្ជា​ធំ​ដុំ​ទេ គេ​ផ្ដល់​ទៅ​តាម​អ្នក​ដែល​ជួយ​បក្ស​ជា​ធំ​វិញ»

ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​ថា ច្បាប់​ចែង​បាន​ល្អ​ណាស់​ចំពោះ​អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់ ក៏ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នេះ តុលាការ​បាន​អនុវត្ត​ចាត់​ការ​តែ​លើ​អ្នក​ទន់​ខ្សោយ​ប៉ុណ្ណោះ ច្បាប់​ហាក់​ដូចជា​ការពារ​អ្នក​មាន​អំណាច​ទៅ​វិញ៖ «ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ផ្អែក​លើ​បក្ខពួក​និយម ដូច្នេះ​ដំណើរ​និទ្ទណ្ឌភាព​គ្មាន​ទោស គឺ​ក្រុម​អ្នក​គណបក្ស​កាន់​អំណាច»

សំណុំ​រឿង លោក ឡាយ វណ្ណៈ នេះ ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ ហាក់​ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​បំភ្លឺ​ពី​ករណី​នេះ ដោយ​បាន​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ រីឯ​ស្នងការ​នគរបាល​ខេត្ត មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ប្រាប់​ថា​ជាប់​រវល់។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌ បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដោយ​ក្រសួង​បាន​ធ្វើ​ច្បាប់​៣ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ យ៉ាង​នេះ​ក្ដី លោក ជិន ម៉ាលីន អះអាង​ថា ការ​ចោទ​ប្រកាន់​បុគ្គល​ណា​មួយ​អាស្រ័យ​លើ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ជាក់ស្ដែង។ លោក ជិន ម៉ាលីន មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​ក្រុម លោក ឡាយ វណ្ណៈ ផ្ទុះ​អាវុធ​ត្រូវ​ម្ចាស់​ហាង​ខារ៉ាអូខេ​នោះ​ទេ៖ «ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ច្បាប់ ថា​តើ​អ្នក​ប្រព្រឹត្តិ​ទទួល​ខុស​ត្រូវ​ក្នុង​កម្រិត​ណា ហើយ​យើង​ក៏​មិន​ត្រូវ​ចោទ​នៅ​ពេល​យើង​ឃើញ​ជន​ណា​នៅ​ក្នុង​ក្រុម ប្រព្រឹត្ត​បទល្មើស​នោះ​ថា គេ​ជា​អ្នក​ប្រព្រឹត្តិ​នោះ​ទេ អាស្រ័យ​លើ​តុលាការ​ជា​អ្នក​ស៊ើប​អង្កេត​ពិត​ប្រាកដ ហើយ​ចំពោះ​បុគ្គល​អភិបាល​ខេត្ត​រង​នោះ​វិញ ខ្ញុំ​មិន​អាច​និយាយ​បាន​ថា គាត់​ត្រូវ​ធ្វើ​ជា​គំរូ​គេ​យ៉ាង​ណា​នោះ​ទេ»

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការ​ប្រើប្រាស់​ពាក្យ​ថា ឯករាជ្យ​ភាព​របស់​តុលាការ ជា​ដើម​ចម​ចម្បង​នាំ​អោយ​មាន​អយុត្តិធម៌​សង្គម ព្រោះ​ថា តុលាការ​បច្ចុប្បន្ន​នៅ​តែ​ជា​ប្រភព​អំពើ​ពុក​រលួយ ប្រភព​នៃ​និទ្ទណ្ឌភាព អំពើ​អយុត្តិធម៌​សង្គម ជា​កន្លែង​ដែល​ធ្វើ​អោយ​ឈឺ​ចាប់​ទាំង​ពលរដ្ឋ​ទូទៅ។ ម្យ៉ាង​វិញ​ទៀត មន្ត្រី​ធំៗ​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ធ្វើ​បាប​ប្រជាពលរដ្ឋ និង​បាញ់​បោះ​ទៅ​លើ​អ្នក​ទន់​ខ្សោយ ដូចជា​ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​ប្រហារ​ទៅ​លើ​ហ្វូង​កម្មករ និង​ករណី​ជាប់​ទាក់ទង​នឹង លោក ឡាយ វណ្ណៈ ជាដើម។

លោក​បណ្ឌិត ហ៊ាង ឫទ្ធី បាន​ប្រៀបធៀប​សម័យ​បច្ចុប្បន្ន​ទៅ​នឹង​របប​ខ្មែរ​ក្រហម ដែល​មន្ត្រី​មាន​អំណាច​ចាប់​ពី​មេ​កង​ទៅ អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង គ្មាន​ច្បាប់​ណា​មួយ​កាត់​ទោស​នោះ​ឡើយ៖ «អតីត​កាល​ក្នុង​របប​ខ្មែរ​ក្រហម​ជា​របប​ខ្មែរ​ក្រហម ប៉ុន្តែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​វិញ គឺ​មាន​អំពើ​សាហាវ​ជាច្រើន​ដូចជា​ថ្ងៃ​៦ ថ្ងៃ​៧ ការ​បោក​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភា ការ​បាញ់​សម្លាប់​នៅ​ស្ពាន​អាកាស ការ​បាញ់​នៅ​ថ្ងៃ​ទី​៣ នៅ​ផ្លូវ​វ៉េងស្រេង ជាដើម»

លោក ឡាយ វណ្ណៈ ជា​ចៅ​ប្រសា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​ជា​កូនប្រសា​របស់​អតីត​អភិបាល​ខេត្ត​សៀមរាប គឺ​លោក ស៊ូ ភារិន្ទ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ទទូច​ឲ្យ​តុលាការ​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព និង​ចាត់​ការ​បណ្ដឹង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​បាន​ស្មើ​ភាព​គ្នា ដោយ​មិន​រើស​មុខ ទោះ​ជា​អ្នក​ប្រព្រឹត្តិ​ជាប់​ទាក់ទង​សែស្រឡាយ​មន្ត្រី​ធំ​ណា​ក៏ដោយ ដើម្បី​ឆ្លុះ​បញ្ចាំង​ភាព​យុត្តិធម៌​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

យុត្តិករ

និទណ្ឌភាព និងវិធានការណ៍តុលាការចាប់អ្នកតវ៉ាដីធ្លីនិងនយោ បាយ នឹងកាន់តែមានកើនឡើងច្រើនជាងមុន សាហាវជាងមុន។ "ច្បាប់ជួសការខាតបង់​ law of compensation"​ នឹងជម្រុញឲ្យ CPP រិតតែប្រើអំណាចតុលាការ​តាម"បទចោទនាំបំបះបំបោរ sedition law" កាន់តែខ្លាំង ជាងមុន សាហាវជាងមុនដើម្បីរក្សាទុកបាននូវតុល្យភាពនៃការ ធ្លាក់ចុះនូវអំណាចនិតិបញ្ញត្តិ។ លោករង្ស៊ី និងលោកសុខា គិតខុសធំណាស់បើបែរជាសំរាន្តលក់លើ"ជោគជ័យនិតិបញ្ញត្តិ"។ កុំគិតពីតុលាការ ឯករាជ​ឬមិនឯករាជនោះ តោងគិតធ្វើយ៉ាងណា ឲ្យតុលាការបំរើយុត្តិធម៍ប្រជារាស្ត្រខ្មែរវិញ។​ ប្រយ័ត្ន"ថ្ងៃចប់អភ័យឯកសិទិ្ធ ជាថ្ងៃត្រូវដីកាតុលាការនាំខ្លួនឬ ចាប់ខ្លួន។"

Dec 21, 2014 05:55 AM

អ្នក​អាន​អនាមិក

ទង្វើរ បុគ្គល ឡាយ វណ្ណ: ធ្វើអោយ អាម៉ាស់ មុខលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងខ្លាំង បើមិនដកចេញទេ គឺ ស្អុយ តាមហើយ !

Dec 19, 2014 07:31 AM

អ្នក​អាន​អនាមិក

ជនថោកទាប ឡាយ វណ្ណះ មិនត្រូវអោយធ្វើជា អភិបាលខេត្ត ទៀតទេ !
បើអ្នកណា ការពារ បុគ្គល ឡាយ វណ្ណះ អោយធ្វើអភិបាលខេត្ត ទៀត គឺជាជនថោកទាប ដូចគ្នា !

Dec 19, 2014 07:22 AM

គេហទំព័រ​ទាំងមូល