តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​គុក លោក ស៊ុត ឌីណា ៥​ឆ្នាំ​និង​ពិន័យ​ប្រាក់​១០​លាន​រៀល

ដោយ ម៉ម មុនីរតន៍
2016-12-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា (ស្ដាំ) ពេល​នាំ​មក​ចូល​រួម​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា (ស្ដាំ) ពេល​នាំ​មក​ចូល​រួម​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

អតីត​ឯកអគ្គរាជទូត​ខ្មែរ​​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ។ មេធាវី​ដែល​ការពារ​ក្ដី​ឲ្យ​លោក ស៊ុត ឌីណា ប្រតិកម្ម​ចំពោះ​សាលក្រម​នេះ​ដោយ​ចាត់​ទុក​ថា ការ​ផ្ដន្ទាទោស​នេះ គឺ​បាន​ផ្ដល់​ភាព​អយុត្តិធម៌​ដល់​កូន​ក្ដី​របស់​លោក។ ជុំវិញ​រឿង​នេះ តុលាការ​បាន​បើក​ផ្លូវ​តវ៉ា​ប្ដឹង​ឧទ្ធរណ៍ គិត​ពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ចំពោះ​លោក ស៊ុត ឌីណា។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក កោ វណ្ឌី សម្រេច​ផ្ដន្ទាទោស​លោក ស៊ុត ឌីណា ដាក់​គុក ៥​ឆ្នាំ និង​ពិន័យ​លុយ​ចំនួន ១០​លាន​រៀល​បង់​ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ ក្រោម​បទ​ចោទ​កេងប្រវ័ញ្ច​លុយកាក់​របស់​រដ្ឋ និង​រំលោភ​អំណាច​តាម​មាត្រា ៣៥ ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ មាត្រា ៥៩៧ និង​មាត្រា ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ។

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ភ្លាម មេធាវី​ការពារ​ឲ្យ​លោក ស៊ុត ឌីណា គឺ​លោក ហុក ផល្លា ចាត់​ទុក​សាលក្រម​ដែល​ចេញ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក កោ វណ្ឌី នៅ​ពេល​នេះ​ថា ជា​ការ​សម្រេច​ដែល​ពុំ​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា បើ​ផ្អែក​ទៅ​លើ​អង្គហេតុ គឺ​ពុំ​មាន​ធាតុផ្សំ​គ្រប់គ្រាន់​ណា​មួយ​ដែល​រក​ឃើញ​ថា អាច​ដាក់​បន្ទុក​ប្រឆាំង​លោក ស៊ុត ឌីណា បាន​ទេ។

លោក​បន្ថែម​ថា ដោយសារ​ការ​ជំនុំជម្រះ​នេះ មិន​ផ្អែក​ទៅ​លើ​នីតិវិធី និង​អង្គហេតុ​ពិត ទើប​សេចក្ដី​សម្រេច​នេះ​បាន​ផ្ដល់​ភាព​អយុត្តិធម៌​ដល់​កូន​ក្ដី​របស់​លោក៖ «ចំពោះ​អង្គហេតុ និង​អង្គ​ច្បាប់​មិន​មាន​បន្ទុក​គ្រប់គ្រាន់ ឬ​ក៏​បង្ហាញ​ថា កូន​ក្តី​ខ្ញុំ​នឹង​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ ដោយសារ​យ៉ាង​ម៉េច ដោយសារ​តែ​សិក្សា​ទៅ​លើ​ភស្តុតាង ទៅ​ឯកសារ និង​ទៅ​លើ​សាក្សី​ចង្អុល​បង្ហាញ​ទៅ​លើ​កូន​ក្តី​ខ្ញុំ​ហ្នឹង គឺ​កូន​ក្តី​ខ្ញុំ​អ្វីៗ ដែល​គាត់​បាន​ធ្វើ គឺ​ធ្វើ​តាម​បែបបទ​រដ្ឋបាល។ ក្នុង​នាម​ជា​ឯកអគ្គរាជទូត​ហ្នឹង មិន​មែន​គាត់​ចេះ​តែ​សម្រេច​ដោយ​ខ្លួន​គាត់​ទេ»

ទាក់ទិន​រឿង​នេះ សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា អំពី​សំណុំរឿង​អតីត​មន្ត្រី​ទូត លោក ស៊ុត ឌីណា នេះ បទ​ចោទ​ដែល​កសាង​សំណុំរឿង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក ឱម យ៉ិនទៀង គឺ​ចោទ​ប្រកាន់​ពី​បទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​លុយ​ប្រមាណ ១១​ម៉ឺន​ដុល្លារ​អាមេរិក និង​មាស​សុទ្ធ​ជិត ៣៤០​តម្លឹង។ ផ្ទុយ​ពី​នេះ​វិញ នៅ​ក្នុង​អង្គ​សវនាការ គេ​សង្កេត​ឃើញ​ថា ការ​សួរ​ដេញដោល​ផ្ទាល់​មាត់​នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ​បែរ​ជា​លើក​ពី​អង្គហេតុ​ការ​វេរ​លុយ​ចូល​ក្រសួង​សេដ្ឋកិច្ច យឺតយ៉ាវ និង​ការ​កាច់កុង​គ្នា​ទៅ​វិញ។

លោក ស៊ុត ឌីណា ធ្លាប់​និយាយ​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា សាលក្រម​នេះ​គឺ​ជា​ផ្ដន្ទាទោស​លោក​ដ៏​ធ្ងន់ធ្ងរ​បំផុត។ ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ប្រកាស​សាលក្រម​លើក​នេះ លោក ស៊ុត ឌីណា ពុំ​បាន​ផ្ដល់​ការ​យល់​ឃើញ​របស់​លោក​ក្នុង​ដំណាក់កាល​ជាប់​សាលក្រម​​នេះ​សូម្បី​មួយ​ម៉ាត់​ឡើយ។ ដោយ​ឡែក នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ​ទាំង​ថ្ងៃ​សវនាការ និង​នាទី​ចុង​ក្រោយ​នៃ​ថ្ងៃ​ប្រកាស​សាលក្រម ក្រុម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​តែ​អាច​ថត​សំឡេង និង​រូបភាព​ពេញ​បន្ទប់​សវនាការ​ ស្រប​ពេល​បន្ទប់​នៃ​អង្គ​ជំនុំជម្រះ​នេះ ត្រូវ​បាន​រឹតត្បិត​សូម្បី​ទូរស័ព្ទ​ក៏​តម្រូវ​ឲ្យ​បិទ និង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ដ៏​តឹងរ៉ឹង​បំផុត។

អតីត​អ្នក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ដោយ​មិន​សំចៃ​មាត់ មុន​បាន​ក្លាយ​ជា​មន្ត្រី​ទូត​លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។៣​ថ្ងៃ​ក្រោយ​ពី​អង្គភាព​នេះ​ឃាត​ខ្លួន លោក ស៊ុត ឌីណា ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ មេសា។ ការ​ឃាត់​ខ្លួន​នេះ ក្រោយ​ពី​លោក​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រមាណ ២​ឆ្នាំ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​តែ​រក​ឃើញ​មាន​ភាព​លម្អៀង។ លោក​បន្ត​ថា អ្នក​ដែល​ផ្ដល់​ផលប្រយោជន៍​ឲ្យ​រដ្ឋាភិបាល បើ​មាន​បទល្មើស​តែង​ត្រូវ​បាន​តុលាការ​សម្រាល​ស្ថាន​ទម្ងន់​ទោស ផ្ទុយ​ទៅ​វិញ បើ​ក្រុម​ប្រឆាំង ក្រៅ​ពី​មិន​សម្រាល​ហើយ​ថែម​ទាំង​ផ្ដន្ទាទោស​ក្នុង​កម្រិត​អតិបរមា​ទៀត​ផង៖ «យើង​ឃើញ​ថា ជន​ដែល​ពាក់ព័ន្ធ​បាន​ន័យ​ថា មិន​ប្រឆាំង​ជា​មួយ​រដ្ឋាភិបាល ឬ​មួយ​ក៏​អ្នក​ដែល​ធ្លាប់​បម្រើ​ការងារ​ជូន​រដ្ឋាភិបាល​ការ​សម្រេច​ផ្ដន្ទាទោស​វា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ស្ថាន​សម្រាល។ បើ​សិន​ជា​អ្នក​ដែល​ប្រឆាំង​ជា​មួយ​រដ្ឋាភិបាល ឬ​មិន​ធ្លាប់​បម្រើ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ។ ការ​ចោទ​ប្រកាន់​ទៅ​រក​ទិស​ដៅ​មួយ​ដាក់​ស្ថាន​ទម្ងន់​ទោស»

ជុំវិញ​រឿង​នេះ​ដែរ លោក ហុក ផល្លា ដែល​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ២​រូប​ផ្សេង​ទៀត នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ការ​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត​នៅ​ពេល​ណា​នោះ​ទេ ដោយ​ត្រូវ​រង់​ចាំ​ការ​ពិគ្រោះ​យោបល់​ពី​ក្រុម​គ្រួសារ​លោក ស៊ុត ឌីណា ជា​មុន​សិន។ អតីត​មន្ត្រី​ទូត​ដែល​ធ្លាប់​ចេញ​ពី​ក្រុម​ប្រឆាំង​រូប​នេះ ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ​ភ្លាមៗ ក្រោយ​ប្រកាស​សាលក្រម​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Reader

ពី Phnom Penh

តុលាការសម្រេចផ្តន្ទាទោសតែរូបលោកម្នាក់ហើយចុះអ្នកដែលពាក់ព័ន្ធ មិនមានទេ?តើរឿងក្តីនេះជារឿងត្រឹមតែបុគ្គល? បើលោកស៊ុត ឌីណាមានទ្រពសម្បតិ្តច្រើន ខណៈដែលលោកកំពង់មានបញ្ហា តើទ្រព្យសម្បត្តិនោះបានមកពីអំពើពុករលួយមែនទេ? បើមែន ចុះលុយឬទ្រពសម្បតិ្តរបស់ឧត្តមមន្រ្តីនានា បានដោយរបៀបម៉េច ទន្ទឹមនឹងប្រាក់ខែមន្ត្រីរាជការទាបជាងប្រទេសជិតខាង?

Nov 30, 2016 11:39 PM

គេហទំព័រ​ទាំងមូល