សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​សៀមរាប​ថា​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដោយ​ពុំ​មាន​ភស្តុតាង

តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ស្ត្រី​រូប​នោះ​ពី​ទីក្រុង​ភ្នំពេញ ដោយសារ​ជន​សង្ស័យ​ក្នុង​រឿង​ចែក​ចាយ​សារធាតុ​ញៀន​មួយ​ចំនួន ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដល់​លេខ​ទូរស័ព្ទ​របស់​ស្ត្រី​នោះ។ ក៏ប៉ុន្តែ ក្រុម​អ្នក​ច្បាប់ និង​អង្គការ​សិទ្ធិ​មនុស្ស បាន​រិះគន់​ថា បើ​គ្រាន់​តែ​ជន​សង្ស័យ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ពាក់ព័ន្ធ​នឹង​លេខ​ទូរស័ព្ទ​អ្នក​ដទៃ​ទៀត​នោះ គឺ​តុលាការ​មិន​អាច​យក​មក​ធ្វើ​ជា​ភស្តុតាង​ផ្លូវ​ច្បាប់​ក្នុង​ការ​ចាប់ និង​ឃុំ​ខ្លួន​ស្ត្រី​រូប​នោះ​បាន​ឡើយ។
ដោយ ហង្ស សាវយុត
2013-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ខេត្ត​សៀមរាប។
តុលាការ​ខេត្ត​សៀមរាប។
Photo: RFA

ការ​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​មិន​ដឹង​រឿង គឺ​ជា​ការ​ប្រើ​អំណាច​ខុស​ច្បាប់​ផង និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ផង។

មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ក្រីក្រ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) កំពុង​ទាមទារ​ឱ្យ​ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប ដោះ​លែង​ស្ត្រី​ម្នាក់​ដែល​កង​រាជ​អាវុធហត្ថ​បាន​ចាប់​ខ្លួន​ពី​ទីក្រុង​ភ្នំពេញ ហើយ​តុលាការ​នៃ​ខេត្ត​សៀមរាប បាន​ចេញ​ដីកា​ឃុំ​ខ្លួន​រយៈពេល​ប្រមាណ​ជិត ៣​ខែ​មក​ហើយ។

មេធាវី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​សៀមរាប ដែល​ទទួល​ការពារ​រឿង​ក្តី​នោះ គឺ​កញ្ញា ពូក យ៉ារ៉ាន់។ កញ្ញា​បាន​មាន​ប្រសាសន៍​ថា ចៅក្រម​សាលា​ដំបូង​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់ ដោយ​គ្រាន់​តែ​មាន​ជន​សង្ស័យ​ក្នុង​រឿង​ចែក​ចាយ​សារធាតុ​ញៀន​ខ្លះ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច ហើយ​ប៉ះ​ចំ​ទៅ​លើ​លេខ​ទូរស័ព្ទ​កូន​ក្តី​របស់​នាង​ប៉ុណ្ណោះ។ ការ​គ្រាន់​តែ​ឆ្លើយ​ដាក់​ទៅ​លើ​លេខ​ទូរស័ព្ទ​នោះ តាម​ផ្លូវ​ច្បាប់ គឺ​តុលាការ​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ឃុំ​ខ្លួន​ទេ។

មេធាវី​ដដែល បាន​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​កូន​ក្តី​របស់​នាង​ឱ្យ​មាន​សេរីភាព​វិញ៖ «កូន​ក្ដី​ខ្ញុំ​នៅ​ភ្នំពេញ តែ​ការ​ចោទ​ប្រកាន់​ថា​នៅ​សៀមរាប ហើយ​ពេលវេលា​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៣ ហ្នឹង កូន​ក្ដី​ខ្ញុំ​នៅ​ភ្នំពេញ មិន​មែន​នៅ​សៀមរាប ទេ។ ខ្ញុំ​គិត​ថា មិន​គ្រប់គ្រាន់​ទេ​តាម​ផ្លូវ​ច្បាប់ ពីព្រោះ​គ្រាន់​តែ​លេខ​ទូរស័ព្ទ​បច្ចុប្បន្ន​នេះ គឺ​ថា​យើង​មិន​អាច​យក​មក​ធ្វើ​ជា​ភស្តុតាង​ចាប់​ឃុំ​ខ្លួន​មនុស្ស​ម្នាក់​នោះ​ទេ។ ក្នុង​នាម​ខ្ញុំ​ជា​មេធាវី ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ ដោយ​យោង​ទៅ​តាម​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ គឺ​វិមតិ​សង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ»

កាល​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា កន្លង​ទៅ កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ផល សុភាព អាយុ ៣៤​ឆ្នាំ ជា​អ្នក​ប្រកប​របរ​លក់​ហ្គាស នៅ​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ទៅ​តាម​ដីកា​នាំ​ខ្លួន​របស់ លោក អ៊ិត សុធា ជា​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​សៀមរាប។

កាល​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា កន្លង​ទៅ ចៅក្រម​ស៊ើប​សួរ​នៃ​សំណុំ​រឿង​ក្តី​នេះ គឺ លោក អ៊ិត សុធា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ស្ត្រី​ឈ្មោះ ផល សុភាព បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​ពី​បទ​រក្សា​ទុក ដឹក​ជញ្ជូន ឬ​ជួញ​ដូរ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នា​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៣។ រហូត​មក​ដល់​ពេល​នេះ មន្ត្រី​តុលាការ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ដោះ​លែង​ស្ត្រី​ម្នាក់​នោះ​ទៅ​តាម​ការ​ទាមទារ​របស់​មេធាវី​ការពារ​ក្ដី​នៅ​ឡើយ​ទេ។

ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប ដែល​កាន់​សំណុំ​រឿង​ក្តី​នោះ លោក អ៊ិត សុធា បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ស្ត្រី​រូប​នោះ ដោយសារ​តែ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ហើយ​ជន​នោះ​បាន​ប្រាប់​អំពី​បក្ខពួក​មួយ​ចំនួន​ទៀត ដោយ​ឆ្លើយ​ចំ​ទៅ​លើ​លេខ​ទូរស័ព្ទ​របស់​ស្ត្រី ឈ្មោះ ផល សុភាព រស់នៅ​ឯ​ទីក្រុង​ភ្នំពេញ នោះ។ លោក​ចៅក្រម​បាន​បញ្ជាក់​ថា ក្រៅ​តែ​ពី​ភស្តុតាង​ដែល​ជន​សង្ស័យ​បាន​ឆ្លើយ​ដាក់​ចំ​លេខ​ទូរស័ព្ទ​នោះ គឺ​តុលាការ​មិន​បាន​រក​ឃើញ​ភស្តុតាង​អ្វី​ផ្សេង​ទៀត​ឡើយ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​ទាន់​សម្រេច​ដោះ​លែង​ស្ត្រី​ម្នាក់​នោះ​ទេ៖ «ឥឡូវ​នេះ កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្តិច​សិន ព្រោះ​តាម​មេធាវី គាត់​ឱ្យ​យើង​សួរ​ត​ទល់ ក៏ប៉ុន្តែ​យើង​កំពុង​តែ​រក​ឈ្មោះ​មួយ​ទៀត ដើម្បី​ចាប់​មក យើង​សួរ​ត​ទល់​បី​នាក់។ ឥឡូវ​ហ្នឹង ខាង​មេធាវី​ស្រី គាត់​ដាក់​ពាក្យ​សុំ​មក​ធានា​នៅ​ក្រៅ​ឃុំ។ ប៉ុន្តែ វា​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត ខ្ញុំ​អត់​ទាន់​ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ គឺ​ខ្ញុំ​ស៊ើប​សិន»

ក្រុម​គ្រួសារ​របស់​ស្ត្រី​ដែល​កំពុង​ជាប់​ឃុំ បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​សៀមរាប ថា គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​មិន​មាន​ភស្តុតាង​ត្រឹមត្រូវ។

បុរស​ឈ្មោះ ប៉ែន ផល បាន​អះអាង​ថា តុលាការ​ខេត្ត​សៀមរាប ដែល​ចោទ​ប្រកាន់​ទៅ​លើ​កូន​ស្រី​របស់​គាត់ ថា​បាន​រក្សា​ទុក ដឹក​ជញ្ជូន ឬ​ជួញ​ដូរ​សារធាតុ​ញៀន​នៅ​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៣ នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​នៅ​ក្នុង​ថ្ងៃ​នោះ​កូន​ស្រី​របស់​គាត់​នៅ​ផ្ទះ​លក់​ដូរ​ហ្គាស ឯ​ទីក្រុង​ភ្នំពេញ។ លោក ប៉ែន ផល បាន​បញ្ជាក់​ថា មាន​សាក្សី​ជាច្រើន​ទៀត​ដែល​សុទ្ធតែ​បាន​ឃើញ​កូន​ស្រី​គាត់​នៅ​ទីក្រុង​ភ្នំពេញ មិន​មែន​នៅ​ខេត្ត​សៀមរាប ក្នុង​ថ្ងៃ​ទី៣០ ខែ​មេសា ទេ៖ «គេ​ចាប់​ទៅ​ហ្នឹង អត់​មាន​ស្អី​ជា​ភស្តុតាង​សោះ។ អា​នេះ​គេ​ចោទ​ប្រកាន់​ឈ្មោះ ស៊ឹម ចំរើន ហើយ ស៊ឹម ចំរើន នោះ ឆ្លើយ​ដាក់។ ប៉ុន្តែ ការ​ពិត ឈ្មោះ ស៊ឹម ចំរើន ហ្នឹង មិន​ដឹង​ជា​នៅ​ស្រុក​ណា​ផង​ទេ អត់​ដែល​ស្គាល់​គ្នា​ផង។ ខ្ញុំ​សំណូម​ពរ​ដល់​តុលាការ​ដោះស្រាយ​ដល់​កូន​ខ្ញុំ​ឱ្យ​បាន​រួច​ចេញ​ពី​ពន្ធនាគារ​ឡើង​វិញ ឱ្យ​មាន​សេរីភាព។ កុំ​ទុក​កូន​ខ្ញុំ​ផ្អឹប​ចោល! ម្យ៉ាង កូន​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ផង ៤-៥​ខែ​ហើយ»

បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​កន្លែង​លក់​ហ្គាស ជាមួយ​ស្ត្រី​ជាប់​ឃុំ​នោះ បាន​អះអាង​ថា គាត់​មិន​ជឿ​តុលាការ​ដែល​ចោទ​ប្រកាន់​ទៅ​លើ​ស្ត្រី​ឈ្មោះ ផល សុភាព ពី​បទ​រក្សា​ទុក ឬ​ជួញ​ដូរ​សារធាតុ​ញៀន​នោះ​ទេ។ គាត់​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ ផល សុភាព នោះ គឺ​នៅ​តែ​ក្នុង​ផ្ទះ​នា​ទីក្រុង​ភ្នំពេញ ពីព្រោះ​១​ថ្ងៃៗ​ជាប់​រវល់​តែ​របរ​លក់​ហ្គាស ហើយ​ស្ត្រី​នោះ​ក៏​មិន​ដែល​ទៅ​ខេត្ត​សៀមរាប ដែរ ដោយសារ​មិន​មាន​បង​ប្អូន​រស់នៅ​ទី​នោះ៖ «ដល់​ពេល​គេ​ថា​គាត់​លក់​គ្រឿង​ញៀន​អីចឹង ខ្ញុំ​អត់​ជឿ​ទេ។ ព្រោះ​អី គាត់​មិន​ដែល​ទៅ​សៀមរាប ផង គាត់​នៅ​តែ​ផ្ទះ។ បើ​បង​ប្អូន​អត់​មាន​នៅ​សៀមរាប ទេ មាន​តែ​នៅ​កំពង់ចាម ហើយ​និង​ភ្នំពេញ»

អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​ហៅ​ការ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​អំពី​លេខ​ទូរស័ព្ទ ដើម្បី​ធ្វើ​ឱ្យ​ពាក់ព័ន្ធ​បទ​ល្មើស​ទៅ​លើ​ជន​ណា​ម្នាក់​នោះ គឺ​គ្រាន់​តែ​ជា​ព័ត៌មាន​ដែល​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​ប៉ុណ្ណោះ មិន​អាច​យក​ធ្វើ​ជា​ភស្តុតាង និង​ឈាន​ទៅ​ដល់​ឃុំ​ខ្លួន​តាម​ផ្លូវ​ច្បាប់​បាន​ទេ។ លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ទៀត​ថា តុលាការ​ដែល​ឃុំ​មនុស្ស​ដោយ​គ្រាន់​តែ​មាន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ឆ្លើយ​ដាក់​លេខ​ទូរស័ព្ទ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

មេធាវី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ព្រមាន​ថា ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ គេ​បាន​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​ខេត្ត​សៀមរាប ចំនួន ២​លើក​ហើយ ឱ្យ​ដោះ​លែង​ស្ត្រី​ឈ្មោះ ផល សុភាព បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។ ប្រសិន​បើ​តុលាការ​មិន​ព្រម​ដោះ​លែង​ទេ គឺ​គេ​នឹង​ដាក់​ពាក្យ​ប្ដឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍ ព្រម​ទាំង​ប្ដឹង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល