សាលាដំបូង​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ជនជាតិ​ចិន ៩​នាក់ ក្រោម​បទ​ចោទ​​ចែកចាយ​រូបភាព​អាស​អាភាស​កុមារ

ដោយ ហេង រស្មី
2018-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​ជន​ជាតិ​ចិន​ ៣​នាក់ ក្នុង​ចំណោម ៩នាក់ នៅ​ខេត្ត​សៀមរាប ដែល​នគរបាល​ខេត្ត​សៀម​រាប ចុះឃាត់ខ្លួនសង្ស័យ​ធ្វើ​សកម្មភាព​ចែកចាយ​រូប​អាសអាភាស​របស់​កុមារ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០១៨។
​ជន​ជាតិ​ចិន​ ៣​នាក់ ក្នុង​ចំណោម ៩នាក់ នៅ​ខេត្ត​សៀមរាប ដែល​នគរបាល​ខេត្ត​សៀម​រាប ចុះឃាត់ខ្លួនសង្ស័យ​ធ្វើ​សកម្មភាព​ចែកចាយ​រូប​អាសអាភាស​របស់​កុមារ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០១៨។
រូបថត៖ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ

សាលាដំបូង​​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​ បុរស​ជនជាតិ​ចិន​ ៩​នាក់ ដែល​សង្ស័យ​​ពី​បទ​ចែក​ចាយ​រូបភាព​អាសអាភាស​របស់​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធើណេត ជា​បណ្ដោះអាសន្ន។ សង្គម​ស៊ីវិល​ខេត្ត​សៀមរាប​ ស្វាគមន៍​ចំណាត់​ការ​ផ្លូវ​ច្បាប់​នេះ និង​ទាម​ទារ​ឲ្យ​រឹត​បន្តឹង លើ​ជន​បរទេស​ឲ្យ​បាន​ខ្លាំង កុំ​ឲ្យ​កើត​មាន​រឿង​អាស្រូវ​ ដូច​នៅ​ខេត្ត​ព្រះសីហនុ។

ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង ប្រាប់​អាស៊ីសេរី​ថា​ ចៅក្រម​ស៊ើប​សួរ​បាន​​សម្រេច​ឃុំខ្លួន ​បុរស​ជន​ជាតិ​ចិន​​៩​នាក់ ​បណ្ដោះ​​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត តាម​បទ​​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​ខេត្ត ​ពី​បទ​ចែក​ចាយ​រូបភាព​អាស​អាភាស​​​របស់​កុមារ។ បើ​ទោះ​បែប​ណា អ្នកនាំពាក្យ​តុលាការ​រូប​នេះ មិន​ផ្ដល់​ព័ត៌មាន​ អំពី​កុមារ​រង​គ្រោះ​ទេ៖ «ចៅក្រម​គាត់​បាន​ឃុំ​ខ្លួន ពួកគាត់​ហើយ ឃុំខ្លួន​បណ្ដោះ​អាសន្ន​ណា។ ឥឡូវ​ពួកគាត់​កំពុង​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប។ សំណួរ៖ បទ​ចោទ​រក្សា​ទុក​ដដែល ឬ​យ៉ាង​ណា? ឆ្លើយ៖ បាទ! នៅ​ដដែល»

កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ កង​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​​​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប រួម​ជាមួយ​​កង​កម្លាំង​ចម្រុះ​របស់​អធិការដ្ឋាន​នគរបាល​​ក្រុង​សៀមរាប ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​​ដង្គំ និង​សង្កាត់​ស្លក្រាម បាន​ចុះ​ឃាត់​ខ្លួន​ជនជាតិ​ចិន ៩​នាក់ នៅ​ទីតាំង ៣​កន្លែង។ ក្នុង​នោះ ជន​ជាតិ​ចិន​ម្នាក់ ឃាត់​ខ្លួន​នៅ​ក្នុង​បុរី​មួយ​ ឈ្មោះ អាក់ខេត នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដង្គំ ៥​នាក់ ឃាត់​ខ្លួន​នៅ​​ក្នុង​​ផ្ទះ​វិឡា​ជួល​ នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដង្គំ និង ៣​នាក់​ទៀត ឃាត់​ខ្លួន​បាន​​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ឈ្មោះ​ មហា​មាន​ ស្ថិត​នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម។ ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ដក​ហូត សម្ភារៈ​បច្ចេកវិទ្យា​​ជា​ច្រើន​ជា​ភស្ដុតាង។ ជនជាតិ​ចិន​ទាំង ៩នាក់​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ចែក​ចាយ​រូបភាព​អាសអាភាស​របស់​កុមារ តាម​ប្រព័ន្ធ​អ៊ីនធើណេត។

នៅ​មុន​ការ​ចាប់​ខ្លួន​​ជនជាតិ​ចិន នៅ​ខេត្ត​សៀមរាប ២ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ជន​ជាតិ​ចិន ចំនួន ២៣៥​នាក់ ឲ្យ​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ ដោយ​សង្ស័យ​ថា ជា​ក្រុម​ឆបោក គំរាម​កំហែង និង​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូច​គ្នា តាម​ប្រព័ន្ធ​​ទូរគមនាគមន៍ (VOIP)

របាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា បង្ហាញ​ថា ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​ចំនួន ២១ម៉ឺន​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​កំពុង​រស់​នៅ​ច្រើន​​ជាង​គេ គឺ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ជាង ៧ម៉ឺន ៨​ពាន់​នាក់។ ចំពោះ​ជនជាតិ​ចិន ដែល​​រង​ការ​ចុះ​ចាប់​ខ្លួន ដល់​ទីតាំង​និង​បណ្ដេញ​ចេញ ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ចិន​វិញ គិត​ត្រឹម​ខែ​ធ្នូ​នេះ មាន​ចំនួន ៦០៨នាក់។ បទ​ល្មើស​ដែល​ប្រព្រឹត្ត​ច្រើន​ជាង​គេ គឺ​បទ​គំរាម​ជំរិត និង​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)

អ្នក​អង្កេត​​សមាគម​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​សៀមរាប លោក ច័ន្ទ ចំរើន ស្វាគមន៍​ចំណាត់​ការ​ផ្លូវ​ច្បាប់​ លើ​ជន​បរទេស ដើម្បី​ព្រមាន​កុំ​ឲ្យ​ជនបរទេស​ផ្សេង​ទៀត​ ចាត់​ទុក​ប្រទេស​កម្ពុជា ជា​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​អាសអាភាស។ លោក​ឲ្យ​ដឹង​ថា កន្លង​មក អាជ្ញាធរ​ខេត្ត​សៀមរាប ធ្លាប់​បង្ក្រាប​ករណី​​ជន​បរទេស​ចែក​ចាយ​រូប​ភាព​អាសអាភាស របស់​កុមារ​ តាម​ប្រព័ន្ធ​អ៊ីនធើណេត​ម្ដង​ហើយ ប៉ុន្តែ​មិន​មែន​ជា​ជន​ជាតិ​ចិន​ទេ៖ «សម្រាប់​សង្គម​ស៊ីវិល យើង​សាទរ ចំពោះ​ការ​អនុវត្ត​​ច្បាប់»

សង្គម​ស៊ីវិល​រូប​នេះ ក្រើន​រំលឹក​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ទប់​ស្កាត់​បទល្មើស​ ដែល​ប្រព្រឹត្តិ​ដោយ​ជន​ជាតិ​ចិន លើ​ទឹក​ដី​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​បាន​ប្រសើរ កុំ​បណ្ដែត​បណ្ដោយ​ឲ្យ​ជន​ជាតិ​ចិន​បង្ក​រឿង​អាស្រូវ ដូច​នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​ខេត្ត​សៀមរាប ជា​ទឹកដី​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល