សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត

ដោយ រ៉ាន់ សំណាង
2016-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦។
សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Brach Chev

សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​ដើម្បី​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ តាម​រយៈ​សំឡេង​ឆ្នោត​របស់​ពលរដ្ឋ លោក​រំពឹង​ថា នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​សង្គម​កម្ពុជា នៅ​ពេល​ខាង​មុខ។

ការ​អំពាវនាវ​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​មក​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​នាម​ជា​សាក្សី​នៃ​សំណុំរឿង​លោក សម រង្ស៊ី និង​ជំនួយការ​ពីរ​នាក់ ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ឆ្នាំ​២០១៥៖ «អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​នឹង​បាន​បោះឆ្នោត​ក្នុង​ការ​ផ្លាស់ប្ដូរ​ដើម្បី​ឲ្យ​បាន​តុលាការ​យុត្តិធម៌​ គោរព​សិទ្ធិមនុស្ស និង​ការពារ​បូរណភាព​ទឹក​ដី»

​ប្រធាន​ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ សម្រេច​លើក​សវនាការ​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី៩ ខែ​ធ្នូ វិញ បន្ទាប់ពី​មាន​សំណើ​ពី​មេធាវី​ការពារ​ក្ដី។

លោក​មេធាវី សំ សុគង់ ការ​ពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ទទួល​យក​ការ​លើក​ពេល​សវនាការ​នេះ ដោយ​មូលហេតុ​ថា សវនាការ​ករណី​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា គឺ​ជួន​ពេល​ដែល​ម្ដាយ​ក្មេក​របស់​លោក គឺ​អ្នកស្រី ញឹក ជូឡុង មាសកេត សមភ័ក្រ្ត ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ក្រុងភ្នំពេញ៖ «មេធាវី​ការពារ​មិន​ជំទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ឲ្យ​សវនាការ​មួយ​ដែល​កាត់​ទៅ ទទួល​យក​បាន​ទាំង​អស់​គ្នា គឺ​សវនាការ​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ស្រប​ទៅ​តាម​គោលការណ៍​អន្តរជាតិ គឺ​យើង​ត្រូវ​ឲ្យ​មាន​ភាគី​ពាក់ព័ន្ធ។ ជាពិសេស​គឺ​អ្នក​ជំនាញ បើសិនជា​រឿង​ហ្នឹង​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដូចជា​កុំព្យូទ័រ ហ្វេសប៊ុក​អី​ហ្នឹង គួរ​មាន​អ្នក​មាន​ខាង​ហ្នឹង»

លោក​មេធាវី យ៉ុង ផានិត ដែល​ការពារ​ក្ដី​ឲ្យ​ជំនួយ​ការ​លោក សម រង្ស៊ី សាទរ​ការ​លើក​ពេល​ជំនុំជម្រះ​នេះ។ លោក​លើក​ហេតុផល​ថា ចាត់​តាំង​ពី​លោក​ទទួល​សំណុំ​រឿង​នេះ​ពី​គណៈ​មេធាវី លោក​មិន​ដែល​មាន​ពេល​ជួប​ជាមួយ​កូន​ក្ដី​នោះ៖ «អ្នក​កាន់​ផេក (Page) មិន​ដឹង​ថា តើ​គេ​បញ្ជា​គាត់​ឲ្យ​បង្ហោះ ឬ​ក៏​គាត់​បង្ហោះ​ដោយ​ខ្លួន​ឯង តើ​ចេតនា​ទាំង​អស់​នេះ វា​ជា​ចេតនា​ដែល​គាត់​ត្រូវ​ទទួល​ទោស​ដែរ ឬ​អត់? អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សូម​សំណូមពរ​យ៉ាង​ណា ​ធ្វើ​មិច​ឲ្យ​បាន​ទំនាក់ទំនង​ជាមួយ​កូន​ក្ដី ដើម្បី​ពិភាក្សា​រឿង​បញ្ហា​ហ្នឹង ថា​តើ​កាល​ដែល​គាត់​កាន់​ផេក​ហ្នឹង គាត់​មាន​តួនាទី​អ្វី​ខ្លះ?»

ទាក់ទង​នឹង​រឿង​ដ៏​ចម្រូងចម្រាស​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​លើ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​លោក ហុង សុខហួរ ដាក់​ពន្ធនាគារ ៧​ឆ្នាំ​រួច​ហើយ​ក្នុង​សំណុំរឿង​ក្លែង​សន្ធិសញ្ញា​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម ពី​បទ​ក្លែងបន្លំ​ឯក​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

​ក្នុង​សំណុំ​រឿង​ដដែល​នេះ ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ជំនួយ​ការ​របស់​លោក​ពីរ​នាក់​ទៀត មាន​លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ឬ​កូន​ជ្រូក និង​ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ខណៈ​មាន​បណ្ដឹង​ជា​ច្រើន​ករណី​នៅ​តុលាការ​ដែល​បក្ស​ប្រឆាំង​ថា ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់​អំណាច ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី សម្រេច​និរទេស​ខ្លួន​នៅ​ប្រទេស និង​ជំនួយ​ការ​ពីរ​នាក់​ទៀត ក៏​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

នេះ​ជា​តុលាការ​នៃ​របប​វាល​ពិឃាត​​សម្លាប់​ខ្មែរ​ដំណាក់​កាល​ទី​៣ បន្ទាប់​ពី​សម្លាប់​ដោយ​ផ្ទាល់ សម្លាប់ដោយ​ប្រយោលផែន​ការ​ (ក៥)! យើង​​ពិបាក​ជឿ​ថា​តុលាការ​នៃ​របប​នេះ​ឈរលើ​ហេតុផល​យុត្តិ​ធម៌​ណាស់​ តែ​ពួក​អង្គការ​បក្ស​ចោទ​​អ្នកនយោបាយ​ខ្មែរ​ថា​ ខ្មាំង​ហើយ គឺ​ខ្មាំង​! មិន​អាច​ប្រកែក​បានឡើយ​! ទោះ​ជាមាន​ហេតុផល​ជាក់​លាក់​ បញ្ជាក់​ថា​មិន​អាច​មាន​ទោស​អ្វី​ទាល់​សោះ​យ៉ាង​ណាក្ដី! ម្ដាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​ប្រជាជន​ទាំង​អស់​ដែល​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ បាន​ដោយ​ស្រូល​មិន​ប្រកែក​មិនតបត​អ្វី​សោះ​ ដោយ​មក​ពី​ម្នាក់ៗ​យល់​ខ្លួន​ឯង​ថា​មិនមាន​កំហុស​អ្វី​ ត្រូវ​គេ​ចាប់​ដាក់​គុក​ យក​ទៅ​សម្លាប់​ហ្នឹង​ហើយ​! តែ​មើល​ចុះ​ តំណាង​ព្រឹទ្ធសភា សមាជិក​សភា សកម្មជន​បក្ស​នយោបាយ សកម្មជន​រក្សា​សិទ្ធិមនុស្ស​ ប្រជាជន​រង​គ្រោះ​ បាត់បង់​ដី​ធ្លី​ផ្ទះ​ ។ល។ ត្រូវ​ កងកម្លាំង​ប្រដាប់​អាវុធតុលាការ​​នៃ​របប​នេះ​ ចាប់​ដាក់​គុក បាញ់​សម្លាប់ វាយ​សំពង​ក្បាល តាម​គ្រប់​រូបភាព​...

Nov 25, 2016 02:08 AM

គេហទំព័រ​ទាំងមូល