សមត្ថកិច្ច​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

ដោយ ខែ សុណង
2016-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ចរាចរណ៍​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដើម្បី​ពិនិត្យ​មើល​អ្នក​ដែល​ល្មើស​ច្បាប់ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។
ប៉ូលិស​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ចរាចរណ៍​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដើម្បី​ពិនិត្យ​មើល​អ្នក​ដែល​ល្មើស​ច្បាប់ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Chum Rasy

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ត្រូវ​បាន​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវ​ការ​តាម​ព្រះរាជក្រម​នៅ​ដើម​ឆ្នាំ​២០១៦ នេះ។ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ បន្ទាប់​ពី​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ទោះ​បី​ជា​មាន​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង ដើម្បី​បញ្ចៀស​នឹង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​ណា​ក្ដី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​នេះ នៅ​តែ​យល់​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​អប់រំ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​នេះ​បាន​ទូលំទូលាយ​នៅឡើយ។

«សំឡេង​ចរាចរណ៍​លើ​ដង​ផ្លូវ»៖ នេះ​ជា​ការ​ដាក់​គោលដៅ​រឹត​បន្តឹង​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ ដើម្បី​ពិនិត្យ​មើល​អ្នក​ជិះ​ម៉ូត​ដែល​ល្មើស​ច្បាប់។

អធិការ​រង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខណ្ឌ​មានជ័យ លោក ណិប វិបូ ប្រចាំការ​នៅ​គោល​ដៅ​នេះ​មាន​ប្រសាសន៍​ថា ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​នៅ​លើ​ដង​ផ្លូវ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​បាន​យក​គោលការណ៍​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ពង្រឹង​ច្បាប់​នេះ លោក​ថា ចំពោះ​ការ​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូត​ដែល​ល្មើស​ច្បាប់ ក៏​ករណី​ខ្លះ​ក៏​មាន​ការ​លើក​លែង​ដែរ។

លោក ណិប វិបូ៖ «ការ​អនុគ្រោះ​នេះ​មិន​មែន​ច្បាប់​ឲ្យ​អនុគ្រោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​ជាក់ស្ដែង​មនុស្ស​មាន​ផ្ទៃពោះ មនុស្ស​ចាស់​ជរា​ដែល​គាត់​ពាក់​មួក​អត់​កើត​គាត់​លើស​ឈាម ឬ​មួយ​ក៏​អ្នក​បី​កូន​ទទឹង​នៅ​តូច​នៅ​ឡើយ នេះ​ជា​មនុស្សធម៌ ជា​សីលធម៌ អ៊ីចឹង​ប៉ូលិស​ខុស​ត្រង់​ហ្នឹង ចំពោះ​ច្បាប់​មែន ប៉ុន្តែ​បើ​សិន​ជា​យើង​ឃាត់​គាត់ មាន​កំណើន​ច្រើន មាន​កូន​ខ្ចី គាត់​ក្ដៅ កូន​គាត់​អាច​ឈឺ ហើយ​គាត់​ចាស់ គាត់​លើស​ឈាម គាត់​ប្រញាប់​ទៅ​ពេទ្យ​បើក​ថ្នាំ បើ​ទុក​គាត់​អ៊ីចឹង គាត់​ដួល​គ្រោះថ្នាក់​អ៊ីចឹង​វា​ជា​ផល​លំបាក​មួយ​សម្រាប់​សមត្ថកិច្ច​ទៀត»

បន្ទាប់​ពី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក គិត​ចាប់​ពី​ដើម​ខែ​មករា មក​ដល់​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​ ២០១៦​នេះ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា ចំនួន​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូតូ​ល្មើស​ច្បាប់​ចរាចរណ៍​ក្នុង​កំឡុង​ជាង ៣​ខែ​មក​នេះ មាន​ជាង ៩​ម៉ឺន​គ្រឿង (៩៣.៤១៤)។ ដោយ​ឡែក​ចំនួន​ម៉ូតូ​ដែល​ពិន័យ​ទៅ​តាម​ច្បាប់​មាន​ជិត ៥​ម៉ឺន​គ្រឿង (៤៩.៩៦១)។ ចំណែក​ឯ​ម្ចាស់​ម៉ូតូ​ជាង ៤​ម៉ឺន​គ្រឿង​ទៀត (៤៣.៤៥៣) ទទួល​ការ​អប់រំ​ឲ្យ​យល់​ពី​ច្បាប់​នេះ ហើយ​ប្រាក់​ពិន័យ​ដែល​សមត្ថកិច្ច​ប្រមូល​ចាប់​ថ្ងៃ​ទី​១ ខែ​មីនា ដល់​ថ្ងៃ​ទី​១៤ ខែ​មីនា បាន​ជិត ៦៤​លាន​រៀល៖ «សំឡេង​ប៉ូលិស​និយាយ​ពិន័យ»

ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា ពួកគាត់​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​ច្បាប់​នេះ​នៅ​ឡើយ។ រីឯ​ក្ដី​បារម្ភ​របស់​ពួកគេ​មួយ​ទៀត​នោះ ស្នើ​ឲ្យ​ការ​ផាក​ពិន័យ​មាន​តម្លាភាព៖ «ពាក់ (មួក​សុវត្ថិភាព) រហូត​ខ្លាច​អស់​លុយ​ដែរ។ ពី​មុន​ពាក់​ដែរ តែ​ពេល​ខ្លះ​អត់។ ខ្ញុំ​គិត​ថា ច្បាប់​នេះ​ល្អ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​មួក​ច្រើន កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការពារ​ល្អ​ជាង​ហ្នឹង​ទៀត។ ច្បាប់​ចរាចរណ៍​ចេញ​ថ្មី​នេះ គេ​ឲ្យ​យើង​ពាក់​មួក ម៉ូតូ​មួយ​ដឹក​បាន​តែ​ពីរ​នាក់។ តៃកុង​ហើយ​និង​អ្នក​ជិះ​មួយ លើកលែង​តែ​កូន​ក្មេង​តូច។ ខ្ញុំ​មាន​មួក​ពីរ មាន​ភ្ញៀវ​មក​ជិះ​អ៊ីចឹង ខ្ញុំ​ពាក់​របស់​ខ្ញុំ​មួយ ខ្ញុំ​ហុច​មួក​មួយ​ឲ្យ​គាត់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប៉ូលិស​ផាក។ ធ្វើ​នេះ​ត្រឹមត្រូវ​ហើយ តែ​កន្លែង​ខ្លះ​អត់​ត្រឹម​ត្រូវ ការ​បង់ ១៥.០០០​អ៊ីចឹង ជួន​ធ្វើ​វិក្កយបត្រ​ឲ្យ ជួន​កន្លែង​ខ្លះ​អត់។ ចង់​ឲ្យ​ប៉ូលិស​ធ្វើ​ចរាចរណ៍​ផាក​ពិន័យ​ម៉ូតូ​ឲ្យ​មាន​តម្លាភាព​ឲ្យ​យុត្តិធម៌​ល្អ»

ថ្វីត្បិត​តែ​មាន​ការ​រឹត​បន្តឹង​យ៉ាង​នេះ​ក្ដី នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ទូលំទូលាយ​ជាង​នេះ៖ «ខ្ញុំ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា យើង​សព្វថ្ងៃ ភាគ​ច្រើន​នៅ​ពុំ​ទាន់​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ​នៅ​ឡើយ​ទេ។ រាជ​រដ្ឋាភិបាល​គួរ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​នេះ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​ទូទាំង​ប្រទេស​កម្ពុជា យើង​នេះ ពិសេស​ក្រសួង​អប់រំ​យុវជន និង​កីឡា គួរ​តែ​ជំរុញ​ឲ្យ​មាន​ការ​អប់រំ​នៅ​តាម​សាលា​រៀន​តាំង​ពី​ថ្នាក់​បឋមសិក្សា​រហូត​ដល់​ថ្នាក់​សកលវិទ្យាល័យ​ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​នេះ គាត់​បាន​យល់​ដឹង​ឲ្យ​បាន​ច្រើន​ទូលំទូលាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី»

ការ​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូតូ​មិន​ដាក់​កញ្ចក់ ២០.០០០​រៀល និង​មិន​ពាក់​មួក​សុវត្ថិភាព ១៥.០០០​រៀល។ ចំពោះ​អ្នក​បើកបរ​រថយន្ត​មិន​ពាក់​ខ្សែ​ក្រវាត់​ចំនួន ២៥.០០០​រៀល។

នៅ​ពេល​ថ្ងៃ​សមត្ថកិច្ច​តម្រូវ​អ្នក​ត្រូវ​ជិះ​ម៉ូតូ​ល្មើស​ច្បាប់​ចរាចរណ៍​ទៅ​បង់​ប្រាក់​ផាក​ពិន័យ​នៅ​សាលា​ខណ្ឌ​នីមួយៗ។ ជាក់​ស្ដែង ការ​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​ចរាចរណ៍​លើ​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ នេះ អ្នក​រង​ការ​ផាក​ពិន័យ​ត្រូវ​បង់​នៅ​សាលា​ខណ្ឌ​មានជ័យ មិន​ឲ្យ​លើស​ពី​មួយ ១​សប្ដាហ៍​ទេ។

ផ្ទុយ​ទៅ​វិញ ចំពោះ​ការ​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​យប់ ការ​ផាក​ពិន័យ​យានយន្ត​ដែល​ជិះ​ល្មើស​ច្បាប់ ដូច​ជា​ម៉ូតូ​គ្មាន​កញ្ចក់ អ្នក​បើក​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​នគរបាល​ចរាចរណ៍​តម្រូវ​ឲ្យ​ពួកគេ​បង់​ប្រាក់​ផាក​ពិន័យ​នៅ​នឹង​កន្លែង។ ឯ​ការ​ដាក់​គោលដៅ​នៅ​ពេល​យប់ ដើម្បី​ពិនិត្យ​ជាតិ​អាល់កុល​អ្នក​បើកបរ​ជា​ចម្បង៖ «សំឡេង​ប៉ូលិស​វាស់​ជាតិ​អាល់កុល»

អធិការ​រង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខណ្ឌ​មានជ័យ លោក ណិប វិបូ ថ្លែង​ទៀត​ថា ចំពោះ​អ្នក​បើក​យានយន្ត​ពេល​ខ្លួន​ស្រវឹង សមត្ថកិច្ច​ចាត់​វិធានការ​ផ្សេង​ពី​នេះ អ្នក​បើកបរ​ម៉ូតូ​គ្មាន​កញ្ចក់ អ្នក​បើក​ម៉ូតូ​គ្មាន​ពាក់​មួក​សុវត្ថិភាព៖ «មាន​ភាគ​ច្រើន​គឺ​ក្មេង​ស្ទាវ មាន​ភាគ​ច្រើន​អ្នក​គាត់​សម្បូរ​លុយ​គាត់​ដើរ​ហូប​ចុក​ដល់​ពេល​គាត់​ស្រវឹង​អ៊ីចឹង គាត់​ជិះ​លឿន ឬ​ក៏​គាត់​ក្រោម ០,២៥ ដែល​អាច​អប់រំ​បាន ២​កំប៉ុង​អី​ហ្នឹង អ្នក​ខ្លះ​គាត់​អត់​អាច​ទៅ​ដល់​ការ​ផាក​ពិន័យ​ទេ»

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ត្រង់​មាត្រា ៧៧ ចែង​ថា ជន​ណា​បើកបរ​យានយន្ត​នៅ​ពេល​ដែល​ខ្លួន​ស្ថិត​ក្នុង​ភាព​ស្រវឹង ដោយ​មាន​ជាតិ​អាកុល ចាប់​ពី ០,៤០ មិល្លីក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់​ពី ០,៨០ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨០​ម៉ឺន (ប្រាំ​បី​សែន) រៀល ទៅ ៤​លាន​រៀល៖ «សំឡេង​សមត្ថកិច្ច​វាយ​ខ្នោះ»

ការ​ដាក់​គោល​ដៅ​រឹត​បន្តឹង​ចរាចរណ៍​នៅ​ពេល​យប់​មិន​ត្រឹម​តែ​ផ្ដោត​លើ​អ្នក​ដែល​ជិះ​យានយន្ត​ខុស​ច្បាប់​ចរាចរណ៍​ទេ ប៉ុន្តែ​សមត្ថកិច្ច​ក៏​ឆែកឆេរ​អ្នក​ធ្វើ​ដំណើរ ដើម្បី​រក​មើល​គ្រឿងញៀន​ផង​ដែរ។

ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​មាន​ប្រសិទ្ធភាព​ខ្ពស់ លោក អ៊ា ចរិយា បាន​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​ផ្ដោត​លើ​ការ​ផ្សព្វផ្សាយ​ស្រប​ជាមួយ​នឹង​ការ​រឹត​បន្តឹង​ច្បាប់ និង​កែតម្រូវ​ពី​កត្តា​ផ្សេងៗ​ដែល​អាច​ជួយ​កាត់​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍។ លោក​ថា កត្តា​ទាំង​នោះ​មាន ដូច​ជា​ការ​ពិនិត្យ​លើ​សុវត្ថិភាព​យានយន្ត​និង​កត្តា​ផ្លូវ​ថ្នល់។ លើស​ពី​នេះ ការ​បង្កើន​មធ្យោបាយ​ដឹក​ជញ្ជូន​ឡាន​ក្រុង​របស់​រដ្ឋ ដោយ​ពង្រីក​ទៅ​បណ្ដា​ខេត្ត​នានា ក៏​ជា​កត្តា​មួយ​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល