សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់​កំពុង​ស្នើ​កោះ​ហៅ​មនុស្ស​ពីរ​នាក់​សង្ស័យ​សម្លាប់​ជនជាតិ​ចាម​ម្នាក់

ដោយ ជិន ជេដ្ឋា
2016-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ពោធិ៍សាត់
ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

នគរបាល​ខេត្ត​ពោធិ៍សាត់ កំពុង​ស្នើ​តំណាង​អយ្យការ​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ពីរ​នាក់ ដើម្បី​សាកសួរ ដែល​សង្ស័យ​ថា​បាន​បាញ់​សម្លាប់​បុរស​ជនជាតិ​ចាម ម្នាក់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។

ស្នងការ​រង​ខេត្ត​ពោធិ៍សាត់ ទទួល​បន្ទុក​ព្រហ្មទណ្ឌ លោក កែវ សុគន្ធា ថ្លែង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា ក្រោយ​ឃាតកម្ម​ពីរ​ថ្ងៃ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​លើ​បុរស​ពីរ​នាក់​ដែល​រស់នៅ​ភូមិ​ព្រៃឪម៉ាល់ សង្កាត់​ស្វាយអាត់ ក្រុង​ពោធិ៍សាត់ ជាមួយ​ជន​រងគ្រោះ​ដែរ។ ជន​រងគ្រោះ​ចិញ្ចឹម​គោ​ប្រមាណ ៤០​ក្បាល ធ្លាប់​ចូល​ស៊ី​ដំណាំ​គេ ហើយ​ម្ចាស់​ដំណាំ​ក៏​ធ្លាប់​ព្រមាន​គាត់​ទាក់ទង​នឹង​រឿង​នេះ​ដែរ៖ «គាត់​ថា​ហ៊ឺ! បើ​គោ​ស៊ី​ដំណាំ​របស់​ប្អូន​ឯង គាត់​សង​ជា​ដំឡូង​វិញ​ក៏​បាន សង​ជា​លុយ​ក៏​បាន​លើ​ការ​ខូចខាត​នោះ​ណា។ ហើយ​អា​ម្ចាស់​ដំណាំ​ក៏​អត់​មាត់​អត់​ក​អី វា​គ្រាន់​តែ​ប្រើ​ពាក្យ​មួយ​ម៉ាត់​ថា កុំ​ឲ្យ​មាន​លើក​ទី​ពីរ។ អា​នេះ​មុន​កើត​ហេតុ ដល់​ពេល​កើត​ហេតុ បាន​យើង​ចាប់​ផ្ដើម​សង្ស័យ ហើយ​សុំ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើ​ការ​សាកសួរ​ក្រែងលោ​មាន​ពន្លឺ»

សមត្ថកិច្ច​សន្និដ្ឋាន​បឋម​លើ​ករណី​ឃាតកម្ម​នេះ​ថា កើត​ចេញ​ពី​រឿង​គំនុំ​គោ​ស៊ី​ដំឡូង​របស់​ជន​សង្ស័យ ហើយ​ជន​ដៃ​ដល់​អាច​ប្រើ​កាំភ្លើង​ខ្លី​ម៉ាក​អាកា (AK) បាញ់​ប្រហារ​លើ​ជន​រងគ្រោះ​ពីរ​គ្រាប់​ផ្ទួនៗ។

បុរស​វ័យ ៦៤​ឆ្នាំ​ឈ្មោះ ភាស់ ភា ត្រូវ​ឃាតក​បាញ់​ពីរ​គ្រាប់ ដោយ ១​គ្រាប់​ត្រូវ​គុម្ព​ត្រចៀក និង ១​គ្រាប់​ទៀត​ត្រូវ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ឋិត​នៅ​ភូមិ​ព្រៃឪម៉ាល់ សង្កាត់​ស្វាយអាត់ ក្រុង​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល