តុលាការ​បញ្ចប់​ការ​សាកសួរ​សាក្សី​ម្នាក់​ទៀត​ពាក់ព័ន្ធ​បណ្ដឹង​លើ​អ្នកស្រី ទេព វន្នី

ដោយ សន ចាន់រដ្ឋា
2016-12-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ដីធ្លី​ស្ត្រី​បឹងកក់ លោកស្រី ង៉ែត ឃុន ផ្ដល់​បទសម្ភាសន៍​ក្រោយ​ពី​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha
សកម្មជន​ដីធ្លី​ស្ត្រី​បឹងកក់ លោកស្រី ង៉ែត ឃុន ផ្ដល់​បទសម្ភាសន៍​ក្រោយ​ពី​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha
RFA/Sorn Chanratha

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក នូ វាសនា នៅ​រសៀល​ថ្ងៃ​ទី​៨ ធ្នូ នេះ បាន​បញ្ចប់​ការ​សាកសួរ​សាក្សី​ម្នាក់​បន្ថែម​ទៀត វ័យ ៧៥​ឆ្នាំ គឺ​លោកស្រី ង៉ែត ឃុន។

លោកស្រី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អំពើ​ហិង្សា​រវាង​ក្រុម​ស្ត្រី​បឹងកក់ ជាមួយ​នឹង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។ ក្នុង​សំណុំ​រឿង​នេះ សកម្មជន​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

លោកស្រី ង៉ែត ឃុន ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​ថា លោកស្រី​មាន​ជំនឿ​ថា អ្នកស្រី ទេព វន្នី អាច​នឹង​ត្រូវ​​តុលាការ​បន្ធូរបន្ថយ​ទោស។ លោកស្រី ង៉ែត ឃុន អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នកស្រី ទេព វន្នី ទទួល​បាន​យុត្តិធម៌៖ «សុំ​ឱ្យ​សម្ដេច​ជួយ​ធ្វើ​អន្តរាគមន៍ ហើយ​និង​ប្រព័ន្ធ​តុលាការ​ហ្នឹង​ឲ្យ​ឯករាជ្យ ឲ្យ​យុត្តិធម៌ ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​អ្នកស្រី ទេព វន្នី ផង ព្រោះ​អ្នកស្រី ទេព វន្នី មិន​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុគ្គល​ណា​មួយ​ទេ​ណា! មាន​តែ​ពួក​កម្លាំង​សមត្ថកិច្ច​ទេ រាប់​រយ​នាក់​ដែល​មក​ប្រើ​អំពើ​ហិង្សា​លើ​ពួក​ខ្ញុំ»

កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ លោក នូ វាសនា បាន​កោះ​ហៅ​សកម្មជន​បឹងកក់ ពីរ​នាក់ គឺ​លោកស្រី បូ ឆវី និង​លោកស្រី គង់ ចន្ថា ទៅ​សាកសួរ។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សកម្មជន​ដីធ្លី និង​ជា​ជ័យលាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ អ្នកស្រី ទេព វន្នី ប្រើ​អំពើ​ហិង្សា​ក្បែរ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣ នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ។ អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក៏​ត្រូវ​ចោទ​ពីរ​ករណី​ផ្សេង​ទៀត គឺ​ពី​បទ​ជេរ​ប្រមាថ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ និង​រឿង​ក្តី​ទាក់ទង​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល