តុលាការ​សម្រេច​ឃុំ​ខ្លួន​ព្រះសង្ឃ​ពីរ​អង្គ​នៅ​វត្ត​ស្ទឹងមានជ័យ​បណ្ដោះ​អាសន្ន

ដោយ ម៉ម មុនីរតន៍
2014-11-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ ថាច់ សាង និង​ព្រះតេជព្រះគុណ ឃិត វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ព្រះតេជព្រះគុណ ថាច់ សាង និង​ព្រះតេជព្រះគុណ ឃិត វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Rann Samnang

នៅ​ពេល​នេះ សំណុំ​រឿង​ព្រះសង្ឃ​ពីរ​អង្គ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ឡើយ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ឲ្យ​ដឹង​ថា ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ដែល​ត្រូវ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស មុន​នឹង​បន្ត​នីតិវិធី​ស៊ើបសួរ​ជា​ថ្មី​ទៀត។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ប្រឈម​បទ​ចោទ​ចូលរួម​សមាគម​នៃ​ជន​ជន​ទុច្ចរិត ហើយ​បើ​រក​ឃើញ​ថា ព្រះអង្គ​ពិត​ជា​មាន​ទោស​ដូច​ការ​ចោទ​នេះ​មែន អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ទៅ ១០​លាន​រៀល។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ ថ្លែង​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ថា ការ​ចាប់​ខ្លួន​នេះ​ទំនង​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ និង​ឥទ្ធិពល​នៃ​ប្រទេស​ជិត​ខាង​ច្រើន​ជាង។ ម្យ៉ាង​ទៀត លោក​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ក្នុង​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «បើ​យើង​មើល​ទៅ​លើ​ការ​ចាប់​ខ្លួន​ព្រះអង្គ សឺន ហាយ កាល​ពី​ថ្ងៃ​ទី​១១ គ្មាន​មូលដ្ឋាន​ដែល​ត្រូវ​ចាប់​ទេ។ បើ​សិន​ជា​មិន​មាន​គោលដៅ​នៃ​ការ​ដៅ​ទុក តាំង​ពី​មុខ​ស្ថានទូត​វៀតណាម ទៅ​នោះ​បាទ»

កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ព្រះតេជព្រះគុណ ថាច់ សាង និង ឃិត វណ្ណៈ ដែល​សុទ្ធតែ​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់​នៅ​វត្ត​ស្ទឹងមានជ័យ កុដិ​លេខ​៤៤ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន​ភ្លាមៗ​ខណៈ​ព្រះអង្គ​និមន្ត​ទៅ​ចូលរួម​ការ​ទាមទារ​រក​យុត្តិធម៌ រឿង​ជម្លោះ​ដីធ្លី​នៅ​វត្ត​សាមគ្គីរង្សី។ ក្រោយ​ពេល​ចាប់​ខ្លួន រួច​បាន​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ព្រះអង្គ​ទាំង​ពីរ​អង្គ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផ្សឹក​ដោយ​បង្ខំ មុន​នឹង​បញ្ជូន​មក​តុលាការ​ស៊ើបសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា មុន​នឹង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក នូ វាសនា បន្ត​នីតិវិធី​នៅ​ពេល​រសៀល។ កាល​ពី​ព្រឹក​ថ្ងៃ​ដដែល ព្រះតេជព្រះគុណ​ទាំង​ពីរ​ព្រះអង្គ ត្រូវ​បាន​ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ សុភក្រ ចោទ​ប្រកាន់​ពី​បទ​ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត​តាម​មាត្រា​៤៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​ព្រះសង្ឃ និង​បង្ខំ​ផ្សឹក​ដោយ​ខុស​គោលការណ៍​នៃ​ព្រះពុទ្ធ​សាសនា​នេះ អាច​ជាប់​ទាក់ទិន​នឹង​ការ​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម ការ​ដុត​ទង់ជាតិ​វៀតណាម ជា​ជាង​បទ​ចោទ​ដែល​តុលាការ​កំពុង​ពង្រីក​វិសាលភាព​នៃ​មាត្រា​ច្បាប់​នៅ​ពេល​នេះ។ ម្យ៉ាង​ទៀត បទ​ចោទ​ដែល​កំពុង​បន្ត​នីតិវិធី​នេះ គឺ​គ្រាន់​តែ​ជា​មធ្យោបាយ​បិទ​បាំង​ប៉ុណ្ណោះ ដើម្បី​បញ្ចៀស​សំណុំ​រឿង​ជាមួយ​ប្រទេស​វៀតណាម កុំ​ឲ្យ​មើល​ឃើញ​ថា រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ប្រឆាំង​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​រឿង​ទឹក​ដី​កម្ពុជា​ក្រោម​ដោយ​ត្រង់ៗ។

ដោយ​ឡែក​ព្រះសង្ឃ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ គឺ​សុទ្ធតែ​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​មន្ត្រី​ស្ថានទូត​វៀតណាម ដែល​អះអាង​ថា រឿង​ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​របស់​វៀតណាម តាំង​ពី​អតីតកាល។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា ចាត់​ទុក​ថា អង្គការ​សង្គម​ស៊ីវិល​មិន​គួរ​គប្បី​យក​រឿង​បទល្មើស បង្វែរ​មក​ជា​រឿង​នយោបាយ​ដូច្នេះ​ទេ។ ម្យ៉ាង​ទៀត ក្រុម​អ្នក​តវ៉ា​កន្លង​ទៅ​នេះ គឺ​បំពាន​ច្បាប់ ដែល​ចាំបាច់​ត្រូវ​ចាត់​វិធានការ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម៖ «យើង​បាន​ឃើញ​ទង្វើ​ខុស​ឆ្គង​ជាច្រើន​របស់​បុគ្គល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ។ អ៊ីចឹង វិធានការ​ច្បាប់​ត្រូវ​តែ​យក​មក​អនុវត្ត ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។ អ៊ីចឹង សូម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន គួរ​គប្បី​ចូលរួម​នៅ​ក្នុង​ការ​ការពារ​លើ​នីតិរដ្ឋ ប្រសើរ​ជា​ជាង​យើង​យក​វេទិកា​បរិហារ​រិះគន់​មក​លើ​ចំណាត់​ការ​ផ្លូវ ដោយ​មិន​ស្ថិត​នៅ​ក្នុង​ភស្តុតាង​ច្បាស់​លាស់»

ព្រះតេជព្រះគុណ​ទាំង​ពីរ​ព្រះអង្គ នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​រួច​រាល់ ជាពិសេស ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពេល​នេះ គឺ​រង់ចាំ​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

លោកសង្ឃមានពីរ
១./លោកសង្ឃ(ព្រះសង្ឃ)គេមិនហ៊ានបះទេ
២./លោកសង់(លោកយកសាសនាជាខែល)គេចាប់ញាត់គុកហើ្យ

Nov 18, 2014 10:48 AM

អ្នក​អាន​អនាមិក

ខ្មែរអ្នកស្នេហាជាតិជាទីស្រឡាញ់ ខ្ញុំសូមនិយាយមួយម៉ាត់ទៅចុះ ក្រែងអ្នកមិនដឹងឫក៏ភ្លេចខ្លួន យួនបានប្តូរយុទ្ធសាស្រ្តថ្មីក្នុងការ​លេបយក​ទឹកដីខ្មែរហើយ មិនមែនធ្វើសង្រ្គាមនិងអាវុធទៀតទេ ព្រោះ​គេដឹងថាខ្មែរអ្នកតស៊ូអ្នកចម្បាំង អញ្ចឹងគេបានប្តូរយុទ្ធសាស្រ្តថ្មីគឺប្រើ​មនុស្ស​បាតដៃទរទេ(ចូលមកបោះឆ្នោត??)វិញទើបយកដីខ្មែរបាន សូមខ្មែរអ្នកស្នេហាជាតិទាំងអស់ចាំជំណុចនេះឲ្យបាន។

Nov 17, 2014 06:15 PM

អ្នក​អាន​អនាមិក

វិធីសាស្ត្រ មួលបង្កាច់ របស់ មនុស្សក្បាលយួន ខ្លួនខ្មែរ កាច់បំបាក់អ្នកស្រឡាញ់ជាតិ !

Nov 14, 2014 06:51 AM

អ្នក​អាន​អនាមិក

អីយោយ អត់ស្រួលទេស្រុកខ្ញុំ កាលពីមុនឃៀលលិងហ្វៀល តិច​ពេល​នេះឃៀលលិងក្រុងទៅ កាលសម័យអាខ្មែរក្រហមវាផ្សឹក​សង្ឃ​យក​ដោយ​​ឲ្យទៅធ្វើស្រែ ហើយយកវត្តធ្វើគុក ចុះតិចអាជម្ងឺហ្នឹង​ងើប​ឡើង​វិញទៅ ដោយប្តូររូបភាពថ្មី ទៅជាចាប់សង្ឃដាក់ឃុំ ហើយ​យកវត្តធ្វើ​គុកទៀតទៅ​ មុនៗឮតែពួកយួនចាប់សង្ឃខ្មែរក្រោម ឥឡូវលែងខ្មែរចាប់​ខ្មែរលើដែរ អញ្ចឹងសង្ឃបើចង់សុខមានតែទៅគង់នៅ​ខ្មែរកណ្តាល​ហើយ​ពេលនេះ តែអញ្ចេះបើពិបាកពេកយករូបទវតា​មកពាំងទៅអត់មានអ្នក​ណា​​ហ៊ានធ្វើអីទេព្រះអង្គ ព្រោះក្រុមនោះសុទ្ធតែជាមនុស្សល្អ​ទាំងអស់​ហ្នឹងទាន។

Nov 14, 2014 03:29 AM

ធែល សេងថុង

ពី កំពង់ឆ្នាំង

បើដូចនេះសូមកុំមាន គ្រូបង្រៀន និង ព្រះសង្ឃ !

Nov 14, 2014 01:22 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល