តុលាការ​សម្រេច​ផ្ដន្ទាទោស​មនុស្ស​១៣​នាក់​ពី​បទ​រួម​គំនិត​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ យាង សុជាមេត្តា
2014-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ នៅ​ក្នុង​បន្ទប់​ជន​ជាប់​ចោទ នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤។
ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ នៅ​ក្នុង​បន្ទប់​ជន​ជាប់​ចោទ នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ៩​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ចូល​រួម​ក្នុង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ ដែល​ត្រូវ​ផ្ដន្ទាទោស​នោះ ៧​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ និង ៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង នាង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ១៣​នាក់ ពី​បទ​រួម​គំនិត​ក្បត់ តាម​មាត្រា​៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​ចូល​រួម​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ ហើយ​ក៏​ពុំ​ឃើញ​មាន​វត្តមាន​សាច់ញាតិ​គ្រួសារ​ជន​ជាប់​ចោទ​ណា​ម្នាក់​ដែរ។

ក្នុង​ចំណោម​ជន​ជាប់​ចោទ ១៣​នាក់ ១០​នាក់​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៨​ឆ្នាំ រួម​មាន លោក ថាច់ កុងភួង លោក យិន យ៉ាវ លោក យ៉ាន យឿន លោក ខេមា លោក សួន ថុល លោក កៀង សាម៉ន លោក សុខ សុឃាង លោក ថាច់ បៃ អ្នកស្រី ថាច់ ណារី និង​លោក សម សារិទ្ធិ ចំណែក ៣​នាក់​ផ្សេង​ទៀត រួម​មាន ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ត្រូវ​ផ្ដន្ទាទោស ៩​ឆ្នាំ លោក យ៉ន គឹមស្រ៊ុន ត្រូវ​ផ្ដន្ទាទោស ៧​ឆ្នាំ និង​លោក សួន សុទ្ធិគន្ធ ត្រូវ​ផ្ដន្ទាទោស ៥​ឆ្នាំ។ ក្នុង​ចំណោម​ជន​ជាប់​ចោទ ១៣​នាក់​នេះ ៦​នាក់ គឺ​ជា​ខ្មែរ​កម្ពុជា​ក្រោម។

ក្រោយ​ពី​ប្រកាស​សាលក្រម ជន​ជាប់​ចោទ​ទាំង ៧​នាក់ បាន​សម្រេច​ចិត្ត​ភ្លាមៗ​ថា នឹង​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត ហើយ​បាន​ស្រែក​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា ការ​សម្រេច​របស់​តុលាការ មិន​មាន​យុត្តិធម៌​សម្រាប់​ពួក​គេ​ឡើយ។

«សំឡេង​ស្រែក​តវ៉ា»

នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម លោក អាង ច័ន្ទឫទ្ធិ ដែល​លោក​បាន​ចូល​រួម​តាម​ដាន​ដំណើរ​ការ​រឿង​ក្តី​នេះ​តាំង​ពី​ដើម​មក លោក​បាន​មាន​ប្រសាសន៍​ក្រោយ​ការ​ប្រកាស​សាលក្រម​ថា ការ​សម្រេច​របស់​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ជន​ជាប់​ចោទ​ឡើយ៖ «ផ្អែក​ទៅ​តាម​សវនាការ ហើយ​និង​ការ​បំភ្លឺ​របស់​ជន​ជាប់​ចោទ​ទាំង ៧​នាក់ ដែល​មាន​វត្តមាន​នៅ​សវនាការ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤ កន្លង​មក យើង​ឃើញ​ថា ពួក​គាត់​ទាំងអស់​បាន​បដិសេធ​អំពី​ចម្លើយ​សារភាព​ដែល​បាន​ធ្វើ​ឡើង​ពី​ប៉ូលិស​យុត្តិធម៌​ហ្នឹង គឺ​គាត់​បាន​បដិសេធ​ដោយសារ​ការ​ធ្វើ​ទារុណកម្ម ហើយ​និង​ការ​បង្ខំ​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ ហើយ​ភស្តុតាង​ដែល​លើក​យក​មក​សវនាការ​ចោទ​ប្រកាន់​ហ្នឹង គឺ​ភាគ​ច្រើន គឺ​មិន​មាន​ភស្តុតាង​ណា​មួយ​ជា​ស្ថាន​ទម្ងន់ ដើម្បី​ដាក់​បន្ទុក​ក្នុង​លក្ខណៈ​ចោទ​ប្រកាន់​ពួក​គាត់​ជា​ការ​ក្បត់​ជាតិ សម្រាប់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ទេ»

លោក អាង ច័ន្ទឫទ្ធិ ក៏​បាន​កត់​សម្គាល់​ដែរ​ថា តុលាការ​បាន​ផ្ដោត​ទៅ​លើ​តែ​ការ​ស្វែង​រក​ការ​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ​នឹង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ប៉ុន្តែ​តុលាការ​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ថា​តើ​រណសិរ្ស​នេះ​ពិត​ជា​បាន​គាំទ្រ​សកម្មភាព​ហិង្សា ឬ​ក៏​យ៉ាង​ណា​នោះ​ទេ? លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក អនុញ្ញាត​ឲ្យ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ អាច​ធ្វើ​ប្រតិបត្តិការ​លើ​ទឹក​ដី​គេ​បាន នោះ​តុលាការ​កម្ពុជា មិន​គួរ​សន្មត​ថា រណសិរ្ស​នេះ​ជា​ចលនា​មិន​ស្រប​ច្បាប់​នោះ​ទេ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​១០ ខែ​មេសា ថា អាជ្ញាធរ​កម្ពុជា គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង ១៣​នាក់។ ស្ថាប័ន​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បាន​កត់​សម្គាល់​ថា អាជ្ញាធរ​កម្ពុជា មិន​បាន​បង្ហាញ​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​បាន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ឡើយ ហើយ​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន គឺ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៧​នាក់ ដែល​ការពារ​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ គឺ​លោក សំ សុគង់។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ដែល​លោក​មិន​បាន​ចូល​រួម​ស្តាប់​ការ​ប្រកាស​សាលក្រម ដោយសារ​លោក​ជាប់​រវល់​ការពារ​ក្តី​មួយ​ករណី​ផ្សេង​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា លោក សុគង់ ថា​ការ​សម្រេច​របស់​តុលាការ​ជា​ការ​សម្រេច​មួយ​ធ្ងន់ធ្ងរ​សម្រាប់​ជន​ជាប់​ចោទ ហើយ​ដែល​រូប​លោក​ជា​មេធាវី​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​ថា លោក​ពេញ​ចិត្ត​នឹង​ចូល​រួម​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​នៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ប្រសិន​បើ​ជន​ជាប់​ចោទ​នៅ​តែ​ត្រូវ​ការ​រូប​លោក។

លោក សំ សុគង់៖ «ឃើញ​នៅ​ពេល​ដែល​សវនាការ​នោះ គឺ​ថា​មិន​មាន​អ្វី​ដែល​ជា​ការ​ដាក់​បន្ទុក​ទៅ​លើ​ពួក​គាត់​ថា ពួក​គាត់​ហ្នឹង​ពិត​ជា​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ»

ក្រោយ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ អង្គការ​សង្គម​ដើម្បី​ការពារ​ជន​ត្រូវ​បាន​គំរាម​កំហែង ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់ ក៏​បាន​ថ្កោលទោស​ចំពោះ​ការ​សម្រេច​នេះ។ ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ចម្លើយ​សារភាព​ដែល​តុលាការ​ទទួល​បាន​ពី​ប៉ូលិស​យុត្តិធម៌ ជា​ចម្លើយ​បាន​មក​ពី​ការ​បង្ខិតបង្ខំ និង​ទារុណកម្ម ហើយ​ថា ការ​សម្រេច​នេះ គឺ​ជា​រឿង​នយោបាយ។ ស្ថាប័ន​មួយ​នេះ ក៏​បាន​ទាមទារ​ឲ្យ​តុលាការ​ពិនិត្យ​សេចក្តី​សម្រេច​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

ក្មេងវត្ត

ពី វត្តភ្នំ

នេះហើយគេហៅថា"សាលាដំបង"មិនមែន"សាលាដំបូង"ទេ។ហ៊ុន សែនពេញចិត្តនិងចៅក្រមអាយ៉ងនេះណាស់។

Apr 11, 2014 04:17 PM

អ្នក​អាន​អនាមិក

The court should ask why these people wanted to change this dictatorship regime. Maybe the court will see the truth.

Apr 11, 2014 12:22 PM

អ្នក​អាន​អនាមិក

HUN SEN IS THE TRAITOR,NOT THE 13 INDIVIDUALS.THEY ARE TRYING TO LIBERATE KHMER FROM YOURN COLONY [LOOK AT THE EVIDENCES:HUN SEN DESTROYS OR ALLOWS TO DESTROY CAMBODIA,ALLOWS YOURN TO LIVE AND USE KHMER TERRITORY,ECONOMY,PROVIDES OR EASES YOURN LEGAL OR ILLEGAL IMMIGRANTS LIVES IN CAMBODIA,FAVORS TO ALL YOURN .......
I KNOW, YOU KNOW, CAMBODIAN KNOW. NOBODY CAN TOUCH HIM.

Apr 11, 2014 08:55 AM

គេហទំព័រ​ទាំងមូល