សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​សំណុំ​រឿង​លោក នី ចរិយា នៅ​ថ្ងៃ​ទី​១៤​ធ្នូ

ដោយ ម៉ម មុនីរតន៍
2016-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា (រូប​កណ្ដាល) ពេល​នាំ​មក​កាន់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា (រូប​កណ្ដាល) ពេល​នាំ​មក​កាន់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ សាលា​ឧទ្ធរណ៍​បាន​បើក​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក នី ចរិយា។ ជុំវិញ​បទ​ចោទ​បរិហារ​កេរ្តិ៍​ដែល​ដើម​បណ្ដឹង គឺ​ជា​មន្ត្រី​តុលាការ ២​នាក់​របស់​តុលាការ​ខេត្ត​សៀមរាប នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សភា​ស៊ើបសួរ សម្រេច​ប្រកាស​សាល​ដីកា​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ខាង​មុខ។

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ប៉េហ្ស៊ី (PJ) បញ្ជូន​ទៅ​ឃុំ​ខ្លួន​វិញ​តាម​រថយន្ត​មួយ​គ្រឿង ក្រោយ​ពី​បើក​ការ​ជំនុំ​ជម្រះ​ជា​សាធារណៈ​ដែល​ប្រើ​ពេល​ប្រហែល ១​ម៉ោង ក្រោម​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​ពី​នគរបាល​យាម​ទ្វារ​ចូល​បន្ទប់​សវនាការ ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន។

ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​ជា​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា មិន​ហ៊ាន​សន្និដ្ឋាន​ថា ថ្ងៃ​ប្រកាស​សាល​ដីកា​ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ប្រមាណ ៨​ថ្ងៃ​ខាង​មុខ​ទៀត​នេះ នឹង​មាន​លទ្ធផល​បែប​ណា​នោះ​ទេ។ លោក​បន្ត​ថា ក្នុង​នាម​ជា​ជន​ត្រូវ​ចោទ លោក​បាន​ដឹង​ត្រឹម​តែ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ មាន​ភាព​អយុត្តិធម៌​ចំពោះ​លោក​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ លោក​មើល​ឃើញ​ថា សវនាការ​ដំណើរ​ការ​ទៅ​បែប​ណា​នោះ គឺ​អាស្រ័យ​លើ​ការ​វិនិច្ឆ័យ​របស់​ក្រុម​អ្នក​តាមដាន​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​ផ្ទាល់​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​ជឿ​ថា​មាន​អ្នក​សង្កេតការណ៍​ច្រើន មាន​អ្នក​សារព័ត៌មាន​ច្រើន​ដែល​ចូល​ស្ដាប់ អ៊ីចឹង​ធ្វើ​ការ​វិនិច្ឆ័យ​ខ្លួន​ឯង​ចុះ។ ដូច​ខ្ញុំ​បាន​ជម្រាប​មិញ​អ៊ីចឹង ខ្ញុំ​ពាក់ព័ន្ធ​ជាមួយ​រឿង​ក្តី អ៊ីចឹង​មិន​ធ្វើ​ការវាយ​តម្លៃ​ទៅ​លើ​ការ​ជម្រះ​ហ្នឹង​ទេ»

ជុំវិញ​សំណុំ​រឿង​បរិហារ​កេរ្តិ៍​នេះ កាល​ពី​ខែ​កញ្ញា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ឃី ឆៃ បាន​សម្រេច​ចេញ​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក នី ចរិយា ចំនួន ៦​ខែ និង​ពិន័យ​លុយ ៦​លាន​រៀល។ ទាក់ទិន​អង្គ​ហេតុ​នៃ​សំណុំ​រឿង​នេះ អគ្គលេខាធិការ​រង​នៃ គ..ប រូប​នេះ ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ២​នាក់ គឺ​លោក សុខ កែវបណ្ឌិត ជា​ព្រះរាជអាជ្ញា​រង និង​លោក គី រិទ្ធី មាន​តួនាទី​ជា​ចៅក្រម បាន​ប្ដឹង​លោក​ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ ជុំវិញ​ដី​ទំនាស់​របស់​អ្នក​ភូមិ​មួយ​កន្លែង​នៅ​ឃុំ​ជប់រំដេង ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១៥។

លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា យល់​ឃើញ​ថា សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ គឺ​ដំណើរ​ការ​ទៅ​អាច​ទទួល​យក​បាន។ លោក​រំពឹង​ថា នៅ​ថ្ងៃ​ប្រកាស​សាល​ដីកា​ខាង​មុខ​នេះ ប្រាកដ​ណាស់​កូន​ក្តី​របស់​ខ្លួន​អាច​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​បាន តាម​រយៈ​ការ​ជំនុំ​ជម្រះ​ដែល​បាន​ផ្ដល់​ឱកាស​ពី​ការ​ទាញ​ហេតុ​គ្រប់គ្រាន់​របស់​ភាគី​ដែល​រង​ការ​ចោទ​ប្រកាន់។ លោក​បន្ត​ថា «សវនាការ​កាល​ពី​ព្រឹក​មិញ​នេះ យើង​ឃើញ​បរិយាកាស​នៅ​ក្នុង​បន្ទប់​សវនាការ​មាន​លក្ខណៈ​មួយ​ល្អ។ យើង​អាច​ទទួល​យក​បាន ដោយសារ​ភាគី​ទាំងអស់​មាន​ឱកាស​ក្នុង​ការ​និយាយ និង​ដេញដោល​បាន​លម្អិត​ក្នុង​រឿង​ហ្នឹង»

អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​សង្កេត​ឃើញ​ថា រឿង​ក្ដី​របស់​លោក នី ចរិយា នេះ​មាន​ទំនោរ​រឿង​នយោបាយ​ច្រើន​ជាង។ ក្នុង​ករណី​សំណុំ​រឿង​ដែល​ឡូកឡំ​ដោយ​នយោបាយ​នេះ សង្គម​ស៊ីវិល​រំពឹង​ថា ឱកាស​នៃ​ការ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​អាច​មាន​សង្ឃឹម​ច្រើន។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា ផ្អែក​លើ​អង្គ​ហេតុ និង​បរិយាកាស​នយោបាយ​វិវឌ្ឍន៍​ទៅ​រក​ភាព​ប្រសើរ​នេះ លោក​មាន​ជំនឿ​ថា អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ អាច​មាន​វាសនា​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​បាន។ លោក​បន្ត​ថា «ចំណុច​វិជ្ជមាន​លើក​ដំបូង​នោះ គឺ​ការ​លើកលែង​ទោស​ចំពោះ​ឯកឧត្ដម កឹម សុខា ហើយ​ខ្ញុំ​ជឿជាក់​ថា អ្នក​នយោបាយ​នឹង​ដោះស្រាយ​បន្ត​ទៀត។ សំខាន់​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៤​នាក់​របស់​អាដហុក ហ្នឹង និង​លោក នី ចរិយា ហើយ​និង​អ្នកស្រី ទេព វន្នី ដែល​ជា​សកម្មជន​ដីធ្លី ក៏ដូចជា​សកម្មជន​គណបក្ស​នយោបាយ​នានា»

កាល​ពី​ចុង​ខែ​តុលា កន្លង​ទៅ​នេះ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង ធ្លាប់​បាន​ដាក់​សំណើ​សុំ​ឲ្យ​ដោះលែង​លោក នី ចរិយា រួម​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ដែរ។ ទាក់ទិន​រឿង​នេះ ចំពោះ​លោក នី ចរិយា ខ្លួន​ឯង​ផ្ទាល់ ធ្លាប់​លើក​ឡើង​ថា ករណី​នេះ​វា​ជា​ទំនាស់​ផ្នែក​នយោបាយ​ច្រើន​ជាង ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​វិវឌ្ឍន៍​ទៅ​រក​ភាព​វិជ្ជមាន លោក​ក៏​នឹង​អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ​ដែរ។

បើ​ទោះ​ជា​បែប​ណា អគ្គលេខាធិការ​រង​នៃ គ..ប រូប​នេះ នៅ​ជាប់​សំណុំ​រឿង​សូកប៉ាន់​សាក្សី​មួយ​ករណី​ផ្សេង​ទៀត ជុំវិញ​រឿង​អាស្រូវ​ស្នេហា​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល