សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន ៩​នាក់ ដែល​សង្ស័យ​ចែក​ចាយ​រូប​ភាព​អាសអាភាស​កុមារ ​តាម​ប្រព័ន្ធ​អ៊ីនធើណេត ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប

ដោយ វ៉ែន សុមេធ
2018-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​ជន​ជាតិ​ចិន​ ៣​នាក់ ក្នុង​ចំណោម ៩នាក់ នៅ​ខេត្ត​សៀមរាប ដែល​នគរបាល​ខេត្ត​សៀម​រាប ចុះឃាត់ខ្លួនសង្ស័យ​ធ្វើ​សកម្មភាព​ចែកចាយ​រូប​អាសអាភាស​របស់​កុមារ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០១៨។
​ជន​ជាតិ​ចិន​ ៣​នាក់ ក្នុង​ចំណោម ៩នាក់ នៅ​ខេត្ត​សៀមរាប ដែល​នគរបាល​ខេត្ត​សៀម​រាប ចុះឃាត់ខ្លួនសង្ស័យ​ធ្វើ​សកម្មភាព​ចែកចាយ​រូប​អាសអាភាស​របស់​កុមារ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០១៨។
រូបថត៖ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ

សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន ៩​នាក់ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​សៀមរាប ក្រោម​បទ​ចោទប្រកាន់​​ថា បាន​ធ្វើ​សកម្ម​ភាព ចែក​ចាយ​រូបភាព​អាស​អាភាស​កុមារ តាម​ប្រព័ន្ធ​អ៊ីនធើណេត (Internet)។ សង្គម​ស៊ីវិល​ខេត្ត​សៀមរាប ស្វាគមន៍​ចំណាត់​ការ​នេះ និង​ទាម​ទារ​ឲ្យ​សមត្ថកិច្ច​រឹត​បណ្ដឹង​​វិធានការ​ច្បាប់​លើ​ជន​បរទេស​ទាំង​អស់​​នៅ​​ខេត្ត​សៀមរាប ឲ្យ​បាន​ហ្មត់​ចត់ កុំ​បណ្ដែត​បណ្ដោយ​ ដូច​ខេត្ត​ផ្សេង​ ព្រោះ​ខេត្ត​នេះ​ ជា​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ។

ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន ចំនួន ៩​នាក់​ ដែល​សមត្ថកិច្ច​ខេត្ត​សៀមរាប ​បាន​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ ត្រូវ​បាន​តំណាង​អយ្យការ​​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក​ ជួន​ សុ​បញ្ញា​ រៀបចំ​សំណុំ​រឿង​បញ្ជូន ​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​បន្ត​នីតិវិធី។

គេហទំព័រ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ ចុះផ្សាយ​ថា​ កង​កម្លាំង​នៃ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី រួម​ជាមួយ​​កង​កម្លាំង​ចម្រុះ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​​ដង្គំ និង​សង្កាត់​ស្លក្រាម កាល​ពី ថ្ងៃ​ទី៨ ធ្នូ បាន​ចុះ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ ៩​នាក់ នៅ​ទីតាំង ៣​កន្លែង។ ក្នុង​នោះ ជន​ជាតិ​ចិន​ម្នាក់ ឃាត់​ខ្លួន​នៅ​ក្នុង​បុរី​មួយ​ ឈ្មោះ​​អាក់​ខេត​ នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ ៥​នាក់ ឃាត់​ខ្លួន​នៅ​​ក្នុង​​ផ្ទះ​វីឡា​ជួល​ នៅភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ និង ៣​នាក់​ទៀត ឃាត់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ឈ្មោះ​មហា​មាន​ ស្ថិត​នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម។ ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ដក​ហូត សម្ភារៈ​បច្ចេកវិទ្យា​ជា​ច្រើន​ជា​ភស្ដុតាង។

ជនជាតិ​ចិន​ទាំង ៩នាក់​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ចែក​ចាយ​រូបភាព​អាសអាភាស​របស់​កុមារ តាម​ប្រព័ន្ធ​អ៊ីនធើណេត។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា កុមារ​រង​គ្រោះ​ជា​ជនជាតិ​ណា​ទេ។

ព្រះ​រាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប​ លោក ជួន សុ​បញ្ញា ឲ្យ​អាស៊ីសេរី​ដឹង​ថា ​ដើម​ហេតុ​ដំបូង គឺ​សមត្ថកិច្ច​ជា​អ្នក​ស៊ើប​អង្កេត និង​បាន​អញ្ជើញ វត្តមាន​តំណាង​អយ្យការ​ចុះ​ទៅ​សម្រប​សម្រួល​ការ​ឃាត់​ខ្លួន​តាម​​ផ្លូវ​ច្បាប់ ហើយ​បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង​ ៩​នាក់ ​ត្រូវ​បាន​បញ្ជូន​នៅ​ដំណាក់​កាល​​អយ្យការ និង​កំពុង​ចាត់​វិធាន​ការ​នីតិ​វិធី​ផ្លូវ​ច្បាប់។ ចំណែក​​ភស្តុតាង ចំណាត់​ការ​បន្ដ និង​ព័ត៌មាន​នៃ​​កុមារ​រងគ្រោះ​ កំពុង​ស្ថិត​ក្នុង​​ដំណាក់​កាល​នីតិវិធី​ស៊ើប​សួរ៖ «ការងារ​នេះ សមត្ថកិច្ច​យើង​ធ្វើ​ការ។ យើង​ធ្វើ​ការ​ស៊ើប​អង្កេត។ គាត់ (ប៉ូលិស) ស៊ើប​អង្កេត​ ហើយ​គាត់​​រាយការណ៍​ទៅ​ព្រះ​រាជអាជ្ញា​​តាម​នីតិវិធី​ច្បាប់។ សំណួរ តើ​នីតិវិធី​ដល់​ណា​ហើយ? ក្មេង​រង​គ្រោះ​ជា​នរណា ប៉ុន្មាន​នាក់ ជន​ជាតិ​អ្វី​ជា​ដើម? ឥឡូវ​នេះ កំពុង​ធ្វើ​នីតិវិធី​មាន​តំណាង​អយ្យការ​ម្នាក់​ទៀត គាត់​ជា​អ្នក​ទទួល​ធ្វើ​នីតិវិធី។ អ៊ីចឹង ចាំ​មើល​បន្តិច​​ទៀត​សិន​ទៅ គេ​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​ចប់​សិន​ទៅ ហើយ​អាច​ទាក់​ទង​មក​សួរ​តាម​រយៈ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​​ខេត្ត​សៀមរាប​ណា»

កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ បាន​បញ្ជូន​ជន​សង្ស័យ​​ជន​ជាតិ​ចិន ចំនួន ​២៣៥​នាក់ ឲ្យ​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ ដោយ​សង្ស័យ​ថា ជា​ក្រុម​ឆបោក គំរាម​កំហែង និង​ជំរិត​ទារ​ប្រាក់​​ជនជាតិ​ចិន​ដូច​គ្នា តាម​ប្រព័ន្ធ​​ទូរគមនាគមន៍ (VOIP)

អ្នក​អង្កេត​​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប លោក ច័ន្ទ ចំរើន សង្កេត​ឃើញ​​ស្ថាន​ភាព​ជនជាតិ​ចិន នៅ​ខេត្ត​សៀមរាប មិន​សូវ​សំបូរ​ច្រើន និង​មិន​សូវ​បង្ក​បទ​ល្មើស​ច្រើន​ ដូច​នៅ​ខេត្ត​ព្រះសីហនុ ទេ។ ទោះ​បែប​ណា​ក្ដី សង្គម​ស៊ីវិល​រូប​នេះ ស្វាគមន៍​ចំណាត់​ការ​ អាជ្ញាធរ​បង្ក្រាប​លើ​ជន​បរទេស​ទាំង​ឡាយ ដែល​ប្រព្រឹត្តិ​បទល្មើស​នៅ​កម្ពុជា ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍៖ «ចំពោះ​ការ​បង្ក្រាប​ទៅលើ​ជនជាតិ​ចិន សម្រាប់​សង្គម​ស៊ីវិល យើង​សាទរ​ចំពោះ​ការ​អនុវត្ត​ច្បាប់។ មិន​ថា​ជនជាតិ​ចិន​ទេ ជនជាតិ​ណា​ក៏​ដោយ។ ធម្មតា​ច្បាប់​មាន​គោលដៅ ចំពោះ​មនុស្ស​ទូទៅ។ ចឹង​ សូម​ឲ្យ​ជន​បរទេស​ទាំង​ឡាយ​ ដែល​មក​ ចូល​មក​ប្រទេស​កម្ពុជា សូម​ឲ្យ​សមត្ថកិច្ច​តាម​ដាន​ ឬ​ចាត់​វិធាន​ការ​ទៅ​លើ​ជន​បរទេស​ទាំង​ឡាយ​ណា បំពាន​ខុស​ច្បាប់​ប្រទេស​កម្ពុជា ហើយ​សូម​ចាត់​វិធាន​ការ ឲ្យ​មាន​ប្រសិទ្ធិ​ភាព»

លោក ច័ន្ទ ចំរើន ឲ្យ​ដឹង​ថា កន្លង​មក អាជ្ញាធរ​ខេត្ត​សៀមរាប ​ធ្លាប់​​​បង្ក្រាប​ករណី​​ជន​បរទេស​​ ចែក​ចាយ​រូប​ភាព​អាសអាភាស លើ​កុមារ​ម្ដង​ហើយ ប៉ុន្តែ​មិន​មែន​ជា​ជន​ជាតិ​ចិន​ទេ។ លោក ច័ន្ទ ចំរើន ​ក្រើន​រំលឹក​ឲ្យ​ សមត្ថកិច្ច​ខេត្ត​សៀមរាប រឹត​បន្តឹង​​ជន​បរទេស​ខុស​ច្បាប់ នៅ​ខេត្ត​សៀមរាប ឲ្យ​បាន​ហ្មត់ចត់ ព្រោះ​ខេត្ត​សៀមរាប ជា​ទឹកដី​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​ បើកាលណា ជនបរទេស​ចូល​មក​ទស្សនា​ស្រប​ច្បាប់ មិន​បង្ក​បញ្ហា​ទេ គឺ​នាំ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ តែ​បើ​​ជន​ជាតិ​បរទេស​ ចូល​មក​បង្ក​បញ្ហា អាច​នាំ​ឲ្យ​​ខេត្ត​នេះ មាន​ឈ្មោះ​មិន​ល្អ ដូច​ខេត្ត​ព្រះសីហនុ និង​ធ្វើ​ឲ្យ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល