សមាជិក​សភា​និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ពិភាក្សា​លើ​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥

ដោយ អាន ស៊ីថាវ
2014-11-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។
កិច្ច​ប្រជុំ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ បាន​បើក​កិច្ច​ពិភាក្សា​ជា​លើក​ដំបូង​នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​អង្គារ ទី​១៨ វិច្ឆិកា ដោយ​មាន​ការ​ពន្យល់​បង្ហាញ​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ គឺ​ខុស​ប្លែក​ពី​ឆ្នាំ​មុន ដោយ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ទឹក​ប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ចំណាយ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ជាតិ និង​លើក​កម្ពស់​ចំណូល​ប្រជាពលរដ្ឋ​កម្ពុជា។

សិក្ខា​សាលា​រយៈពេល​មួយ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នៅ​វិមាន​រដ្ឋសភា ពិភាក្សា​លើ​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ ត្រូវ​បាន​មន្ត្រី​ជំនាញ និង​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ។ ចំណែក​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​វិញ អង្គុយ​ស្ដាប់​យ៉ាង​ស្ងប់ស្ងៀម ហើយ​ថែម​ទាំង​គ្មាន​ឱកាស ឬ​ពេល​វេលា​ច្រើន​លើក​ជា​សំណួរ និង​ទិតៀន​ច្បាប់​ថវិកា​ជាតិ​នោះ​ទេ។

បទ​បង្ហាញ​របស់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា ក្រសួង​បាន​រៀបចំ​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច គោល​នយោបាយ​អាទិភាព​នៅ​តាម​ក្រសួង​សំខាន់ៗ​នានា លទ្ធភាព​កៀរគរ​ចំណូល​របស់​រាជ​រដ្ឋាភិបាល ការ​កែ​ទម្រង់​ប្រព័ន្ធ​បៀវត្ស​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​បំណុល។

ក្រោយ​ពី​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​សេដ្ឋកិច្ច បាន​បញ្ចប់​បទ​បង្ហាញ​របស់​ខ្លួន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា លោក ឈាង វុន បាន​កោត​សរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សេដ្ឋកិច្ច លើ​ការ​តាក់​តែង​រៀបចំ​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ ដែល​ជា​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ដោយ​តម្លាភាព​បំផុត។

លោក ឈាង វុន បាន​បន្ថែម​ថា ដើម្បី​ពង្រឹង​ថវិកា​ជាតិ​នា​ពេល​ខាង​មុខ​នោះ គឺ​ត្រូវ​ពង្រឹង​ការ​ប្រមូល​ពន្ធ និង​ការ​បណ្ដុះបណ្ដាល​មន្ត្រី​រដ្ឋបាល​សាធារណៈ ដើម្បី​ឈាន​ដល់​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា៖ «សំឡេង»

បន្ថែម​លើ​នេះ ប្រធាន​គណៈកម្មការ​ទី​១០​នៃ​ព្រឹទ្ធសភា លោក ហុង សុខហួ មក​ពី​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ពន្ធ​សម្រាប់​ពង្រឹង​ចំណូល​ថវិកា​ជាតិ ជាពិសេស​ពន្ធ​មក​ពី​វិស័យ​កាស៊ីណូ។ ម្យ៉ាង​វិញ​ទៀត លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​អំពី​យន្តការ​ក្នុង​ការ​ទាក់ទាញ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស នៅ​ក្នុង​បរិបទ​អាស៊ាន៖ «សំឡេង»

ទោះ​បី​ជា​មាន​ការ​ចោទ​សួរ​ពី​សមាជិក​សភា និង​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ទាំង​ពីរ​ក៏ដោយ ក៏​ថ្នាក់​ដឹក​នាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​តែ​បង្ហាញ​ជំហរ​ថា ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​២០១៥ នេះ កើត​ឡើង​ដោយសារ​តែ​ការ​បង្រួបបង្រួម​គ្នា​រវាង​អ្នក​នយោបាយ​សម្រាប់​ពង្រឹង​សមត្ថភាព​របស់​ស្ថាប័ន​រដ្ឋ និង​លើក​កម្ពស់​ការ​កសាង​សេវា​សាធារណៈ។ បន្ថែម​លើ​នេះ ការ​ប្រមូល​ពន្ធ និង​ការ​ទាក់ទាញ​វិនិយោគ គឺ​វិស័យ​អាទិភាព​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ ដើម្បី​យក​ទៅ​ពង្រឹង​ថវិកា​ជាតិ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មាន​ប្រសាសន៍​ថា ចំណុច​លេចធ្លោ​ជាង​គេ​នៃ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ គឺ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ពិសេស​ទៅ​លើ​ការ​ដំឡើង​បៀវត្ស​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ។ ជាក់ស្ដែង ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ បាន​បង្កើន​ចំណាយ​បន្ទុក​បុគ្គលិក​ពី​កម្រិត​គោល ៤០% នៃ​ចំណាយ​ចរន្ត​សរុប ឲ្យ​កើន​ឡើង​រហូត​ដល់​ជាង ៤៨% នៃ​ចំណាយ​ចរន្ត​សរុប ដែល​ស្មើ​ប្រមាណ​ជាង ៦% នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អនុប្រធាន​គណៈកម្មការ​ទី​ពីរ​នៃ​រដ្ឋសភា លោក សុន ឆ័យ បាន​អះអាង​ថា ច្បាប់​ថវិកា​ជាតិ​នេះ​ហាក់​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន ដោយសារ​តែ​ឯកសារ​ដែល​បាន​ស្នើសុំ​មួយ​ចំនួន​មិន​បាន​ទទួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឡើយ។ បញ្ហា​នេះ នឹង​ជះ​ឥទ្ធិពល​ដល់​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​នៅ​ចុង​ខែ​វិច្ឆិកា នេះ នឹង​មាន​ការ​តវ៉ា​ប្រឆាំង ឬ​ធ្វើ​ពហិការ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ដែល​ហៅ​កាត់​ថា អ៊ិនជីអូ ហ្វរ៉ុម (NGOs Forum) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា សិក្ខា​សាលា​បកស្រាយ​ពី​ច្បាប់​ថវិកា​ជាតិ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ហាក់​នៅ​មាន​ការ​លាក់​បាំង​ជាច្រើន ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល​មិន​ទាន់​បាន​ទទួល​របាយការណ៍​ជា​ផ្លូវ​ការ ស្ដី​អំពី​ច្បាប់​ថវិកា​ជាតិ​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​សង្ឃឹម​ថា រដ្ឋសភា​នឹង​មាន​ការ​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ទៀត មុន​នឹង​ច្បាប់​ថវិកា​ជាតិ​នេះ​យក​ទៅ​ឲ្យ​សភា​អនុម័ត​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤៖ «សំឡេង»

តាម​គម្រោង មុន​នឹង​ឈាន​ដល់​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​នេះ នឹង​មាន​ការ​បកស្រាយ​បន្ថែម​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មួយ​លើក​ទៀត​នៅ​សប្ដាហ៍​ក្រោយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន​យល់​ឃើញ​ថា ច្បាប់​ថវិកា​ជាតិ​នេះ​បាន​សរសេរ​ច្បាស់​អំពី​ការ​អនុវត្ត​ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យ​ភាព ប៉ុន្តែ​ពាក្យ​ទាំង​ពីរ​នេះ ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​មិន​យល់​ឡើយ។ ម្យ៉ាង​វិញ​ទៀត សូម្បី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច ក៏​មិន​ដឹង​ថា ថវិកា​ប៉ុន្មាន​គួរ​ឲ្យ​ចាយ​សមរម្យ​សម្រាប់​ឆ្នាំ​ថ្មី​នោះ។

សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៥ មាន ៦​ជំពូក ដែល​បាន​កំណត់​ការ​ចំណាយ​ថវិកា​ជាតិ​សរុប​ស្មើ​នឹង ២០% នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ ដែល​ទឹក​ប្រាក់​នេះ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ប្រមាណ ១០% ហើយ​មាន​ទឹក​ប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល