អង្គការ​ជាតិ​និង​អន្តរជាតិ​ជាង​៥០​ស្ថាប័ន​ថា​ស្ថានភាព​អយុត្តិធម៌​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ

ដោយ អ៊ុំ រង្សី
2016-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​១០ ស្ដីពី​ការ​រួម​គ្នា​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Raingsey
សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​១០ ស្ដីពី​ការ​រួម​គ្នា​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Raingsey
RFA/Um Raingsey

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សហគមន៍​ដីធ្លី សហគមន៍​បរិស្ថាន ប្រមាណ​ជាង ៥០​ស្ថាប័ន​លើក​ឡើង​ថា ស្ថានភាព​អយុត្តិធម៌​នៅ​កម្ពុជា កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ ទន្ទឹម​គ្នា​នេះ ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពង្រឹង​ភាព​យុត្តិធម៌​ឡើង​វិញ ដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា។

ស្ថានភាព​អយុត្តិធម៌​នៅ​កម្ពុជា ដែល​រក​ឃើញ​នៅ​ឆ្នាំ​២០១៦ នេះ​រួម​មាន ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន មន្ត្រី​បក្ស​ប្រឆាំង និង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី និង​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​១០ ស្ដីពី «ការ​រួម​គ្នា​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា។

ប្រធាន​សម្របសម្រួល​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​ស្ថានភាព​អយុត្តិធម៌​ដែល​កើត​មាន​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​ភាព​មិន​ចុះ​សម្រុង​រវាង​គណបក្ស​នយោបាយ កាន់​តែ​ក្លាយ​ជា​បញ្ហា​ប្រឈម និង​រារាំង​ដល់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ពិសេស​នាំ​ឲ្យ​មាន​ការ​លំបាក​ដល់​កិច្ច​សហប្រតិបត្តិការ​របស់​សង្គម​ស៊ីវិល ព្រម​ទាំង​ការ​វិនិយោគ ជាដើម៖ «ប្រសិន​ជា​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ជា​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ មាន​អព្យាក្រឹត្យ​ត្រឹមត្រូវ គឺ​បញ្ហា​អយុត្តិធម៌​សង្គម នឹង​អាច​ដោះស្រាយ​បញ្ហា​សង្គម​បាន»

​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី១០ ស្ដីពី៖ «ការ​រួម​គ្នា​ដើម្បី​យុត្តិធម៌ សង្គម និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»  ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Raingsey
​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី១០ ស្ដីពី៖ «ការ​រួម​គ្នា​ដើម្បី​យុត្តិធម៌ សង្គម និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Raingsey RFA/Um Raingsey

ទន្ទឹម​គ្នា​នេះ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា លើក​ឡើង​ដែរ​ថា កម្ពុជា បាន​បោះ​ជំហាន​ទៅ​ជា​ប្រទេស​ទទួល​បាន​ចំណូល​មធ្យម​កម្រិត​ទាប បាន​ចូល​សមាហរណកម្ម​អាស៊ាន​ជាដើម ហេតុ​នេះ​ការ​ពង្រឹង​យុត្តិធម៌​សង្គម គឺ​ជា​ជំហាន​តែ​មួយ​គត់ ជួយ​ធានា​សិទ្ធិ​មនុស្ស ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​ប្រកួត​ប្រជែង​ថ្នាក់​តំបន់ និង​ពិភពលោក៖ «ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​នៅ​កម្ពុជា ត្រូវ​ធ្វើ​ការ​សហការ​គ្នា និង​ធ្វើ​ការ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សង្គម និង​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព»

ចំណែក​ឯ​តំណាង​សហគមន៍​ផ្លូវ​រថភ្លើង​ទួល​សង្កែ លោកស្រី កែវ បុប្ផា យល់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មិន​ទាន់​បាន​កែ​តម្រូវ​បាន​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ​នៅ​ឡើយ ព្រោះ​ជន​រងគ្រោះ​នៅ​តែ​ទទួល​ភាព​អយុត្តិធម៌ ជាក់ស្តែង​ករណី​ជម្លោះ​ដីធ្លី ជាដើម៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ត្រឹម​ណា ហើយ​ត្រូវ​តែ​យក​សម្ដី​របស់​ពលរដ្ឋ​ទៅ​ធ្វើ​ការ​វិភាគ ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ធ្វើ​ការ​វិនិច្ឆ័យ​សិន មុន​នឹង​ចោទ​ប្រកាន់​គាត់ ឬ​ធ្វើ​ការ​រារាំង​គាត់ ព្រោះ​ប្រជាពលរដ្ឋ ទោះ​ជា​ចំណេះ​ដឹង​គាត់​នៅ​មាន​កម្រិត​តែ​ការ​តវ៉ា ឬ​ទាមទារ​មិន​មែន​ធ្វើ​ឡើង​ដោយ​គ្មាន​ហេតុផល ឬ​មូលហេតុ​នោះ​ទេ ទាល់​តែ​គាត់​ពិបាក​ខ្លាំង​បាន​គាត់​ទាមទារ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ជុំវិញ​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា។

ទាក់ទិន​នឹង​ការ​លើក​ឡើង​នេះ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ ថ្លែង​ក្នុង​សន្និសីទ​ថា រាល់​ការ​តស៊ូ​មតិ​ដើម្បី​ទទួល​បាន​យុត្តិធម៌​ក្នុង​សង្គម គឺ​ទាមទារ​ភស្តុតាង​វិជ្ជាជីវៈ​ត្រឹមត្រូវ មិន​គ្រាន់​តែ​មាន​ទស្សនៈ​ឯករាជ្យ ឬ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​នោះ​ទេ។ លោក​ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ការ​រួម​គ្នា​ដោយ​ស៊ី​សង្វាក់​គ្នា។

សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​១០ ស្ដីពី «ការ​រួម​គ្នា​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព» ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សហគមន៍​ដីធ្លី សហគមន៍​បរិស្ថាន ក្រៅ​ពី​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី និង​បរិស្ថាន​ជា​បន្ទាន់ បញ្ឈប់​ការ​ចោទ​ប្រកាន់​សង្គម​ស៊ីវិល និង​កុំ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​គំរាម​កំហែង​ពលរដ្ឋ​ដែល​តវ៉ា​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល