ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​មណ្ឌលគិរី​ត្រៀម​ប្ដឹង​សមត្ថកិច្ច​ពី​បទ​ដុត​បំផ្លាញ​ផ្ទះ

ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​មណ្ឌលគិរី បាន​ប្រើ​វិធាន​ការ​ក្តៅ រុះរើ​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដើម្បី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ការ​តាំង​ទីលំនៅ​ក្នុង​ព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា។ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​បាន​សម្រេច​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ករណី​នេះ​តាម​ផ្លូវ​តុលាការ។
ដោយ រដ្ឋា វិសាល
2013-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី បាន​រៀប​ចំ​ពាក្យ​ប្ដឹង​ក្រុម​សមត្ថកិច្ច ពី​បទ​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​ធ្វើ​លិខិត​ជូន​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត ហើយ​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​ភូមិ​ក្នុង​ព្រៃ មក​តាំង​ទីលំនៅ​នៅ​តាម​ដង​ផ្លូវ​ទើប​អភិវឌ្ឍ​ថ្មី​នៅ​តំបន់​នោះ។

តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ចំនួន​បី​ក្នុង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា លោក ញៀន មី នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ បាន​នាំ​យក​ស្នាម​មេដៃ​អ្នក​ភូមិ​ជាង ៣០០​នាក់ តំណាង​ប្រជាពលរដ្ឋ ១៦០​គ្រួសារ មក​ការិយាល័យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ជួយ​រៀប​ចំ​ពាក្យ​ប្ដឹង​ជូន​ប្រជាពលរដ្ឋ។

លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា សុវត្ថិភាព​រស់​នៅ​របស់​អ្នក​ភូមិ​ស្ថិត​ក្នុង​ការ​គំរាម​កំហែង បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​លើក​រួច​ទៅ​ហើយ។ លោក​ចាត់​ទុក​ថា នេះ​គឺ​ជា​អំពើ​ផ្តាច់​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ ហេតុ​នេះ អ្នក​ភូមិ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ស្ថាប័ន​អយ្យការ ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់៖ «គេ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទៅ​រុះរើ​ដុត​កាប់​ផ្ទះ​ប្រជាពលរដ្ឋ បើ​មិន​ធ្វើ​តាម​បទ​បញ្ជា គេ​ចាប់​ដាក់​ខ្នោះ​ពួក​ខ្ញុំ។ ប្រជាពលរដ្ឋ​ឃើញ​ដង​ផ្លូវ​រស់​នៅ​សុខសាន្ដ មាន​ផ្លូវ ប្រជាពលរដ្ឋ​ចង់​នៅ​តាម​ផ្លូវ។ ផ្លូវ​ក្នុង វា​ពិបាក​ពេក ជិះ​ម៉ូតូ​ទម្រាំ​ដល់​ផ្លូវ​មាន​បញ្ហា​កូន​ឈឺ ក្រុម​គ្រួសារ​ឈឺ​វា​ពិបាក»

ចាប់​ពី​ដើម​ខែ​វិច្ឆិកា រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣៩​ខ្នង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ មាន​មន្ត្រី​ព្រៃ​ឈើ កង​រាជ​អាវុធហត្ថ មន្ត្រី​អយ្យការ​ប្រើ​វិធាន​ការ​ក្តៅ អារ​ជើង​សសរ ហើយ​យក​រថយន្ត​ទាញ​រំលំ និង​ដុត​បំផ្លាញ​ចោល ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​អានាធិបតេយ្យ​ក្នុង​តំបន់​ព្រៃ​អភិរក្ស។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ពីព្រោះ​លោក​កំពុង​ធ្វើ​ដំណើរ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ពិត​ជា​បាន​អនុវត្ត​វិធាន​ការ​ហិង្សា​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជនជាតិ​ដើម​ភាគ​តិច។ លោក​បន្ត​ថា អ្នក​ភូមិ​ជនជាតិ​ភាគ​តិច​ទាំង​នោះ​រស់​នៅ​ជា​សហគមន៍​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ថ្មីៗ​នេះ ដោយសារ​ក្រុមហ៊ុន​សម្បទាន​បាន​ធ្វើ​ផ្លូវ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ភ្ជាប់​មក​ផ្លូវ​ជាតិ ទើប​អ្នក​ភូមិ​បោះ​បង់​ភូមិ​ចាស់​ក្នុង​ព្រៃ ហើយ​មក​តាំង​ទីលំនៅ​តាម​បណ្តោយ​ផ្លូវ​ថ្មី និង​បាន​ធ្វើ​សំណើ​សុំ​តាម​រយៈ​មេ​ភូមិ មេ​ឃុំ​របស់​ខ្លួន​ទៀត​ផង៖ «ឯកសារ​ដែល​គាត់​កាន់​មក​មាន​តែ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទាំង​ប៉ុន្មាន​នាក់​ហ្នឹង និង​លិខិត​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ​នៅ​ក្នុង​តំបន់​ហ្នឹង គ្រាន់​ឃើញ​មាន​ការ​ទទួល​ស្គាល់​ពី​មេ​ភូមិ ក្នុង​ហ្នឹង​មាន​ការ​ទទួល​ស្គាល់​ពី​មេ​ឃុំ យង់ ប៊ុន ដែល​មាន​បោះ​ត្រា និង​ស៊ីញេ»

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ តំណាង​អ្នក​ភូមិ​អះអាង​ថា មន្ត្រី​អាជ្ញាធរ​ខេត្ត​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់ ដើម្បី​យក​ទៅ​ពិនិត្យ។ ចំណែក​ស្ថាប័ន​អយ្យការ​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​កែ​សម្រួល​ខ្លឹមសារ​ពាក្យ​ប្ដឹង ជាពិសេស​ឈ្មោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ប្ដឹង។ តំណាង​ប្រជាពលរដ្ឋ​បញ្ជាក់​ដែរ​ថា នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ជា​ថ្ងៃ​ដែល​សមត្ថកិច្ច​កំណត់​ថា​ចុះ​រុះរើ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សល់​ចំនួន ១០​ខ្នង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល