អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​នឹង​ដាក់​ញត្តិ​ជូន​ស្ថាប័ន​យុត្តិធម៌​បី​នៅ​ភ្នំពេញ​សុំ​ដោះ​លែង​តំណាង

អ្នក​ភូមិ​ឡពាង ជាង ៥០​នាក់ នឹង​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ភ្ជាប់​ជាមួយ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ចំនួន ៥២​គ្រួសារ ជូន​ទៅ​ស្ថាប័ន​យុត្តិធម៌​របស់​រដ្ឋាភិបាល​ចំនួន​បី ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​របស់​ពួក​គាត់ ដែល​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន​ដោយសារ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។
ដោយ ជិន ជេដ្ឋា
2013-11-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ចំនួន ៥២​គ្រួសារ នឹង​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ទៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ដើម្បី​ទាមទារ​ក្រសួង​យុត្តិធម៌ សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល ពិចារណា​ដោះ​លែង​តំណាង​ពួក​គាត់​ម្នាក់​ឈ្មោះ ស សុង ដែល​កំពុង​ជាប់​នៅ​ពន្ធនាគារ​នៅ​ខេត្ត​កំពង់ចាម។

តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ុំ សុភី មាន​ប្រសាសន៍​ថា លោក ស សុង នឹង​ដល់​ថ្ងៃ​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​នៅ​ចុង​ខែ​វិច្ឆិកា បន្ទាប់​ឃុំ​ខ្លួន​អស់​រយៈពេល ៦​ឆ្នាំ​រួច​មក។ សាលា​ឧទ្ធរណ៍​កាត់​ទោស លោក ស សុង ក្រោម​បទ​ចោទ​ថា​បាន​ប្រើ​អំពើ​ហិង្សា និង​រំលោភ​កាន់​កាប់​លើ​ដី​មាន​ប្លង់​កម្មសិទ្ធិ។ អ្នកស្រី​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​នឹង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង លោក ស សុង ព្រម​ទាំង​សុំ​ឲ្យ​រដ្ឋាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់៖ «ទី​មួយ យើង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង ហើយ​ក្រសួង​យុត្តិធម៌​ហ្នឹង​ជួយ​អន្តរាគមន៍​ទៅ​សាលា​កំពូល ឲ្យ​ចេញ​អា​ការ​លើក​លែង​ទោស លោក ស សុង»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​មន្ត្រី​ក្រសួង​យុត្តិធម៌ រួម​ទាំង​មន្ត្រី​តុលាការ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ដែរ ក៏ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន។

ទោះ​ជា​យ៉ាង​ណា លោក ជិន លីដា ជា​មេធាវី​ការពារ​ក្ដី​ឲ្យ លោក ស សុង បញ្ជាក់​ថា កូន​ក្ដី​របស់​គាត់​ពុំ​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «គាត់​ត្រូវ​ផុត​ទៅ ៦​ឆ្នាំ ថ្ងៃ​ទី​២៤ ខែ​១១ ហើយ​អ៊ីចឹង​ធ្វើ​ម៉េច​ឲ្យ​តុលាការ​កំពូល​ហ្នឹង រួសរាន់​បើក​សវនាការ​អី​ទៅ បើ​មិន​បើក​សវនាការ​ទេ អា​ហ្នឹង​ខ្ញុំ​នឹង​ដាក់​ពាក្យ​មួយ​សុំ​ដោះ​លែង​គាត់ ព្រោះ​អី​គាត់​ត្រូវ​ចប់​ទោស»

កាល​ឆ្នាំ​២០០៨ សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​កាត់​ទោស​ឲ្យ លោក ស សុង ជាប់​ពន្ធនាគារ​សរុប​ចំនួន ១១​ឆ្នាំ ៨​ខែ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​លើ​បុរស​ជនជាតិ​ចាម ម្នាក់​ឈ្មោះ សុះ វណ្ណី និង​ពី​បទ​រំលោភ​កាន់​កាប់​លើ​ដី​ដែល​មាន​ប្លង់​កម្មសិទ្ធិ។ ដោយ​មើល​ឃើញ​ពី​ភាព​អយុត្តិធម៌​ក្នុង​ការ​កាត់​សេចក្ដី​នេះ មេធាវី​របស់ លោក ស សុង បាន​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ក៏ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​រក្សា​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ដដែល។ ក្រោយ​មក ក៏​ប្ដឹង​ទៅ​តុលាការ​កំពូល ទៀត ហើយ​តុលាការ​កំពូល​បាន​បញ្ជា​ឲ្យ​សាលា​ឧទ្ធរណ៍​កាត់​ក្ដី​ឡើង​វិញ ហើយ​សាលា​ឧទ្ធរណ៍​បាន​កាត់​ទោស លោក ស សុង ឲ្យ​ជាប់​ទោស​រយៈពេល ៦​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល