ក្រសួង​ការងារ បង្គាប់​ឲ្យ​សហជីព​ជាប់​បណ្ដឹង​នៅ​តុលាការ ដាក់​របាយការណ៍​សំណុំ​រឿង​ជូន​ក្រសួង ដើម្បី​ពន្លឿន​បញ្ចប់​ក្ដីក្ដាំ

ដោយ វ៉ែន សុមេធ
2018-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​ផ្ដល់​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​អាស៊ីសេរី ​ទាក់ទង​នឹង​​ច្បាប់​ថ្មី ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា ​កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៨។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​ផ្ដល់​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​អាស៊ីសេរី ​ទាក់ទង​នឹង​​ច្បាប់​ថ្មី ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា ​កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៨។
RFA

ក្រសួង​ការងារ បង្គាប់​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ដាក់​របាយការណ៍​សំណុំ​រឿង​ក្ដី​រៀង​ខ្លួន ទៅ​ក្រសួង​ការងារ​ឲ្យ​បាន មុន​ថ្ងៃ​ទី​១០ ខែធ្នូ ដើម្បី​ឲ្យ​ក្រសួង​ការងារ សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ​ផ្ដល់​សេវាកម្ម​ផ្នែក​ច្បាប់ ក្នុង​ដំណើរការ​នីតិវិធី​តុលាការ ដើម្បី​ឈាន​ទៅ​ពន្លឿន និង​បញ្ចប់​សំណុំរឿង​ឲ្យ​បាន​ឆាប់​រហ័ស។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យ​ដឹង​ថា កន្លង​មក​ក្រសួង​ការងារ បាន​ធ្វើ​សេចក្ដីព្រាង​លិខិត​មួយ ឲ្យ​សហជីព​ម្ដង​រួច​ហើយ ប៉ុន្តែ​អត្ថន័យ​ក្នុង​លិខិត​នោះ មាន​ពាក្យ​ខ្លះ​ដែល​ក្រុម​សហជីព​មិន​អាច​ទទួល​យក​បាន។ អ្នកស្រី​បន្ដថា សហជីព​អ្នកស្រី បាន​យក​របាយការណ៍​សំណុំ​រឿង​ក្ដី ដាក់​ជូន​ក្រសួង​ការងារ​រួច​ហើយ បើ​ទោះ​ជា​បណ្ដឹង​ទាំង​នោះ ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ និង​ជា​បណ្ដឹង ដែល​អាច​មាន​មនុស្ស​នៅ​ពី​ក្រោយ​បញ្ជា​ក៏​ដោយ៖ «ពួក​យើង​ធ្វើ​ការងារ​មិន​មាន​ប្រាក់​ឈ្នួល​មិន​មាន​អី​ទេ ហើយ​តាម​ពិត​យើង​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ ក៏ដូចជា​សង្គម​ទៅ​វិញ​នោះ​ទេ។ មិន​គួរ​ណា​ត្រូវ​បាន​គេ​ប្ដឹង​ពួក​យើង​ទៅ​តុលាការ​ដោយ​មិន​ត្រឹមត្រូវ ​និង​មាន​ការ​គាំទ្រ​ជ្រោមជ្រែង​ពី​អ្នក​មួយ​ចំនួន​ទៅ​វិញ​ទេ។ សង្ឃឹម​ថា​ លិខិត​យើង​ដាក់​ទៅ​ក្រសួង​ទាំង​ប៉ុន្មាន​ហ្នឹង យើង​នឹង​សង្ឃឹម​ថា មាន​ការ​ដោះស្រាយ​ហើយ​ បញ្ចប់​រឿង​កើត​មាន​ទាំង​ប៉ុន្មាន​ហ្នឹង»

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អះអាង​ក្នុង​សេចក្តី​ជូន​ដំណឹង ចុះ​ថ្ងៃ​ទី២៩ វិច្ឆិកា ថា បំណង​ចង់​ពន្លឿន និងបញ្ចប់​សំណុំ​រឿង​លើ​សមាជិក​ ឬប្រធាន​សហជីព​កំពុង​ជាប់​បណ្ដឹង​ឲ្យ​បាន​ឆាប់​រហ័ស​ស្រប​តាម​បទ​បញ្ញត្តិ​ជា​ធរមាន។ សេចក្ដី​ជូន​ដំណឹង​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ការងារ​ និងយុត្តិធម៌​ធ្វើ​យ៉ាង​ណា​បញ្ចប់​ក្តីក្តាំ​ករណី​សហជីព​ នៅ​តុលាការ៖ «នៅ​ពេល​ដែល​គេ​បិទ​បញ្ចប់​នៃ​ការ​ស៊ើប​អង្កេត​ តុលាការ​គេ​នឹង​ធ្វើ​កា​តាម​ដាន​ ឬមួយ​គេ​នឹង​ចាត់ការ​យក​ទៅ​ជម្រះ​ បើ​យក​ទៅ​ជម្រះ​សូម​យក​ទៅ​ជម្រះ​អោយ​បាន​ឆាប់​រហ័ស រឺមួយ​គេ​ទម្លាក់​ចោល ​គេ​មិន​ចាត់ការ​តែ​ម្តង តម្កល់​ទុក​មិន​ចាត់​ការ​ដូច្នេះ​បើ​តម្កល់​ទុក​មិន​ចាត់​ការ​គឺ​វា​ចប់​ហើយ​កុំ​អោយ​វា​មាន​ស្ថានភាព​ដូច​សព្វ​ថ្ងៃ​នេះ។ មេ សហជីព​យើង​ខ្លះ​កំពុង​ធ្វើ​ការ​នៅ​ក្រោម​ ឥទ្ធិពល​នៃ​ពាក្យ​បណ្តឹង​ អា​ហ្នឹង​វា​មិន​ល្អ​នោះ​ទេ»

សហជីព និង​សង្គម​ស៊ីវិល ដែល​កំពុង​ជាប់​ក្ដី​នៅ​តុលាការ ភាគ​ច្រើន​ជា​ក្រុម​មេ​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ និងឯករាជ្យ ដែល​ហ៊ាន​រិះគន់​របប​ក្រុង​ភ្នំពេញ និង​ធ្លាប់​ចេញ​មុខ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល។ មេដឹកនាំ​សហជីព​ទាំងនោះ មាន​ដូច​ជា ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ និង​សហជីព​តាម​មូលដ្ឋាន ជាប់​បណ្ដឹង​ជិត ៥០បណ្ដឹង ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​សហជីព​មូលដ្ឋាន គិត​ត្រឹម​ឆ្នាំ២០១៣​មក ជាប់​បណ្ដឹង​ចំនួន៥ ក្រុម​ថ្នាក់​ដឹក​នាំ​សហជីព​ចលនា​កម្មករ របស់​លោក ប៉ាវ ស៊ីណា យ៉ាង​តិច ៧បណ្ដឹង អតីត​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ​និងប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ( ..) លោក រ៉ុង ឈុន ជា​ដើម។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួគ៍ បាន​ទេ​ ដោយ​សារ​មិន​លើក​ទូរស័ព្ទ និងមិន​មាន​ប្រភព​អាច​ទាក់ទង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ឡើយ នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និងសិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា ស្វាគមន៍​ចំណាត់​ថ្មីៗ​នៃ​របប​ក្រុង​ភ្នំពេញ ក្នុង​ការ​ជួយ​ទម្លាក់​ចោល និង​បញ្ចប់​សំណុំ​រឿង​ក្ដី​នៅ​តុលាការ លើ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល និង​មេ​ដឹក​នាំ​សហជីព។ ប៉ុន្ដែ​បើ​ទោះ​ជា​បែប​ណា ​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា សេរី​ភាព​របស់​អ្នក​ទាំង​នោះ នៅ​តែ​មិន​ទាន់​អាច​ប្រកប​វិជ្ជាជីវៈ​បាន​ល្អ​ទេ ព្រោះ​លំហរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​តូច​ចង្អៀត៖ «នៅ​ក្នុង​ច្បាប់​ក្បួន​របស់​សមាគម​សហជីព ក៏​សូម​អោយ​មាន​ការ​ទម្លាក់​ការ​ចោទ​ទាំងអស់​ផង​ដែរ។ បណ្តឹង​ទាំង​អស់​វា​មិន​សុទ្ធ​តែ​សហជីព​មាន​កំហុស​ទេ អញ្ចឹង​បាន​ជា​នាយក​រដ្ឋមន្ត្រី​គាត់​ស្រែក​កន្លង​មក ការ​ស្រែក​នេះ​ក៏​ជា​ចំណុច​មួយ​ផង​ដែរ ថា តើ​តុលាការ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​នរណា

លោក មឿន តុលា និង លោក រ៉ុង ឈុន ជឿថា​ វិធានការ​របស់​​លោក​ ហ៊ុន សែន ​នេះ​ គ្រាន់​តែ​ជា​ការ​ដោះស្រាយ​ភាព​តានតឹង​ ដើម្បី​​កុំ​ឲ្យ​មាន​ការ​រិះ​គន់​ធ្ងន់ធ្ងរ និងទណ្ឌកម្ម​តែ​ប៉ុណ្ណោះ ប៉ុន្ដែ​​ករណី​នេះ​នឹង​មិន​អាច​បញ្ចៀស​សម្ពាធ​អន្តរជាតិ​បាន​ទេ ព្រោះ​អ្វី​ដែល​សហគមន៍​អន្ដរជាតិ​ចង់​បាន គឺ លទ្ធិ​ប្រជាធិប​តេយ្យ ​និងសេរី​ភាព​ពេញលេញ​ពិត​ប្រាកដ សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល