ព្រះមហាក្សត្រ​តែង​តាំង​និង​ផ្ទេរ​តំណែង​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ជាង​១០០​នាក់

ដោយ ជី វិតា
2014-04-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង និង​ផ្ទេរ​មុខ​តំណែង​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ចំនួន​ជាង ១០០​នាក់ បើ​ទោះ​ជា​ចៅក្រម​ខ្លះ​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ហើយ​ក្តី។

ព្រះរាជក្រឹត្យ​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៤ ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ផង​នោះ បាន​តែង​តាំង និង​ផ្ទេរ​មុខ​តំណែង​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នៅ​ទូទាំង​ប្រទេស​ចំនួន ៧៨​រូប។ នៅ​ក្នុង​ព្រះរាជក្រឹត្យ​ដាច់​ដោយ​ឡែក​មួយ​ទៀត ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​៩ មេសា ដដែល ព្រះអង្គ​បាន​អនុញ្ញាត​អោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន​ដែល​មាន​អាយុ​ត្រូវ​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ការងារ​ទៅ​មុខ​ទៀត ដោយ​គ្មាន​ពេល​កំណត់។

ក្នុង​ចំណោម​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ជាច្រើន​ដែល​មាន​អាយុ​ត្រូវ​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់ មាន លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល លោក ជីវ កេង ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ និង​លោក ជុំ សំបាន ព្រះរាជ​អាជ្ញា​ខេត្ត​កំពត។

ព្រះរាជក្រឹត្យ​បាន​អនុញ្ញាត​អោយ លោក ឌិត មន្ទី បច្ចុប្បន្ន​មាន​អាយុ ៦៥​ឆ្នាំ លោក ឃឹម ប៉ុណ្ណ មាន​អាយុ ៧៤​ឆ្នាំ លោក ជីវ កេង អាយុ ៦៣​ឆ្នាំ​ឡើង​ឋានៈ​ជា​អនុប្រធាន​តុលាការ​កំពូល និង​លោក ជុំ សំបាន អាយុ ៦២​ឆ្នាំ ឡើង​ឋានៈ​ជា​អនុប្រធាន​តុលាការ​កំពូល នៅ​បន្ត​ការងារ​ទៅ​មុខ​ទៀត​ដោយ​គ្មាន​កំណត់។ មន្ត្រី​យុត្តិធម៌​ដែល​ត្រូវ​ចូល​និវត្តន៍​ទាំង​នោះ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​អោយ​បន្ត​ការងារ​ទៅ​មុខ​ទៀត​នោះ សុទ្ធសឹងតែ​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

យោង​តាម​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខា​ដោយ ព្រះមហាក្សត្រ ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​៥ កញ្ញា ឆ្នាំ​២០០៥ បាន​ត្រាស់​បង្គាប់​អោយ​ចៅក្រម​ត្រូវ​ចូល​និវត្តន៍​នៅ​ពេល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ។ ហើយ​អាច​អនុញ្ញាត​អោយ​បន្ត​ការងារ​បើ​មាន​ការ​ចាំបាច់។

លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល អាយុ ៧៤​ឆ្នាំ និង​លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល អាយុ ៦៥​ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​ភាំងៗ និង​ភ្លេច​មុខ​ភ្លេច​ក្រោយ​នៅ​ពេល​កំពុង​បើក​សវនាការ និង​ក្នុង​ពេល​បំពេញ​ការងារ​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ជនក្បត់ ឧត្តមគតិជាតិ ក្បត់យុត្តិធម៏ ចាស់ហើយ ដល់ពេលចូលនិវត្តន៍ ហើយ ទៅរកធម៏អារ្យ សន្សំកុសលលាងបាប ទៅជាតិមុខផង !
កុំនៅក្រាញប្រព្រឹត្ត អំពើ អាក្រក់ទៀត !

Apr 13, 2014 07:28 AM

អ្នក​អាន​អនាមិក

តែងតាំង10000​នាក់ក៏គ្មានយុតិ្តធម៏ដែរ សំរាប់កម្ពុជា

Apr 12, 2014 09:43 AM

អ្នក​អាន​អនាមិក

USING THE ALZHEIMER JUDGES AS TOP INJUSTICE KHMER COURT FIT VERY WELL, NO QUESTION TO ASK,AND ALSO EASY TO BE COMMANDED BY HUN SEN ! IT IS A PERFECT BAND.

Apr 12, 2014 09:31 AM

គេហទំព័រ​ទាំងមូល