សាច់ញាតិ​បណ្ឌិត កែម ឡី គ្រោង​ដង្ហែ​ញត្តិ​ដាក់​ទៅ​ស្ថាប័ន​មួយ​ចំនួន​ដើម្បី​ទាមទារ​យុត្តិធម៌

ដោយ ម៉ម មុនីរតន៍
2016-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​យំ​អោប​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​លោក នា​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
ពលរដ្ឋ​យំ​អោប​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​លោក នា​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

គិត​មក​ដល់​ពេល​នេះ ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​មាន​រយៈពេល​ជិត ៤​ខែ​មក​ហើយ។ ក្រុម​គ្រួសារ​របស់​អ្នក​វិភាគ​នយោបាយ និង​សង្គម​រូប​នេះ ប្រកាស​ថា​នឹង​ដង្ហែ​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​ពេល​ខាង​មុខ​នេះ។ បច្ចុប្បន្ន សំណុំ​រឿង​នៃ​បទ​ឧក្រិដ្ឋ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ឡើយ។

ប្អូន​ប្រុស​បង្កើត​របស់​លោក​បណ្ឌិត កែម ឡី អះអាង​ថា ដោយសារ​រង់ចាំ​យុត្តិធម៌​ដែល​ប្រើ​ពេល​ដ៏​យូរ​បែប​នេះ ក្រុម​គ្រួសារ និង​សាច់ញាតិ​ត្រូវ​បង្ខំ​ចិត្ត​កៀរគរ​អ្នក​ដែល​គាំទ្រ​នូវ​អំពើ​ល្អ​របស់​លោក​បណ្ឌិត កែម ឡី នឹង​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​មួយ​ចំនួន​ទៀត ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ បញ្ចេញ​ខ្សែ​អាត់​វីដេអូ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក កែម រិទ្ធិសិទ្ធ ប្អូន​ប្រុស​របស់​លោក​បណ្ឌិត កែម ឡី ព្រមាន​ថា ពេល​នេះ​ក្រុម​គ្រួសារ​លោក​ពុំ​អាច​អត់ទ្រាំ​រង់ចាំ​យុត្តិធម៌ ដែល​កប់​បាត់​អស់​ពេល​ជាច្រើន​ខែ​មក​ហើយ​នេះ​បាន​ត​ទៅ​ទៀត​ឡើយ។ លោក​បន្ត​ថា ពេល​នេះ​ក្រុម​ដែល​ជិតស្និទ្ធ​នឹង​លោក​បណ្ឌិត កែម ឡី កំពុង​រៀបចំ​ពាក្យ​បណ្ដឹង ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា រួម​ទាំង​តុលាការ​ក្រុង​ភ្នំពេញ​ផង។

លោក​បន្ត​ថា ញត្តិ​ដែល​គ្រោង​នឹង​ហែ​ដោយ​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​ពី​គ្រប់​និន្នាការ​នយោបាយ​នេះ គឺ​ក្នុង​បំណង​ជំរុញ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ បង្ហាញ​រូបភាព​ឃាតក​ដែល​មាន​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​ស្ដារ​ម៉ាត (Star Mart)។ លោក​បន្ត​ថា «ខ្ញុំ​រៀបចំ​តាំង​ពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ មក។ ប៉ុន្តែ​យើង​សុំ​ឲ្យ​លោក​បណ្ឌិតៗ​សរសេរ ហើយ​ជួយ​ពិនិត្យ​ថា​ត្រូវ​ធ្វើ​ម៉េច​សុំ​ហើយ យើង​នឹង​កំណត់​ថ្ងៃ​ដង្ហែ។ ទី​មួយ​យើង​គ្រោង​ដង្ហែ​ទៅ​តុលាការ បន្ទាប់​មក​យើង​អាច​ទៅ​ក្រសួង​យុត្តិធម៌ និង​ស្ថានទូត»

លោក កែម រិទ្ធិសិទ្ធ ឲ្យ​ដឹង​ថា ញត្តិ​ដែល​គ្រោង​នឹង​ហែ​នេះ​បាន​ព្រាង​រួច​ហើយ នៅ​រង់ចាំ​តែ​កំណត់​ថ្ងៃ​បើក​យុទ្ធនាការ​ប៉ុណ្ណោះ។ គិត​ចាប់​ពី​ថ្ងៃ​ឃាតក​បាញ់​ប្រហារ​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា គឺ​មាន​រយៈពេល ៣​ខែ និង ២៧​ថ្ងៃ​មក​ហើយ។ ថ្វី​បើ​ឃាតកម្ម​នេះ​បាន​អូស​បន្លាយ​ជា​យូរ​ខែ​ណាស់​មក​ហើយ ក៏​សំណុំ​រឿង​នៃ​បទ​ឧក្រិដ្ឋ​នេះ នៅ​តែ​កប់​បាត់​ស្រមោល​នៅ​ឡើយ។

ជុំវិញ​អំពើ​ឃាតកម្ម​នេះ គណបក្ស​ប្រឆាំង​បញ្ជាក់​ជំហរ​ថា នឹង​កោះ​ហៅ​លោក ស ខេង ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៃ​បទ​ឧក្រិដ្ឋ​នេះ។ គម្រោង​កោះ​ហៅ​ដែល​មិន​ទាន់​បាន​កំណត់​ពេល​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១ វិច្ឆិកា ថា គណបក្ស​នេះ​នឹង​ចូលរួម​ប្រជុំ​សភា​លើ​ការ​ពិភាក្សា​ស្ដីពី​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧។ ការ​ចូលរួម​ប្រជុំ​សភា​ពេញ​អង្គ​លើក​នេះ ត្រូវ​បាន​លោក យឹម សុវណ្ណ បញ្ជាក់​ថា គឺ​ដើម្បី​ពិនិត្យ និង​ឃ្លាំ​មើល​លើ​ការ​អនុវត្ត​ច្បាប់​រដ្ឋសភា ជាពិសេស​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លោក​បន្ត​ថា «គណៈកម្មការ​ទី​១ ដែល​ជា​គណៈកម្មការ​សិទ្ធិ​មនុស្ស នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​សួរ​នាំ​អំពី​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី គឺ​នឹង​ចាប់​ផ្ដើម​សួរ​នាំ​ក្នុង​ពេល​ឆាប់ៗ​នេះ»

អ្នក​តាមដាន​សង្គម និង​នយោបាយ ចាត់​ទុក​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​ទំនង​ពុំ​មាន​ចេតនា​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ​ទេ។ មាន​សំណុំ​រឿង​ជាច្រើន​ដែល​ពុំ​ទាក់ទង​ទៅ​នឹង​ឃាតកម្ម​អ្នក​វិភាគ​សង្គម ឬ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាដើម សំណុំ​រឿង​នោះ​គឺ​តែង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ឬ​បើ​ចោទ​ប្រកាន់​ដែរ តែ​គេ​អាច​សម្រាល​ស្ថាន​ទម្ងន់​ទោស​ទៅ​វិញ ជាដើម។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា រដ្ឋាភិបាល​ហាក់​ព្យាយាម​ធ្វើ​ឲ្យ​អំពើ​ឃាតកម្ម​ប្រឆាំង​លោក​បណ្ឌិត កែម ឡី ត្រូវ​កប់​បាត់​ពី​ការ​តាមដាន​របស់​មហាជន។ លោក​បន្ត​ថា «យើង​មើល​ឃើញ​ការ​ស៊ើប​អង្កេត​ឃាតកម្ម​លើ​លោក កែម ឡី មក​ដល់​ឥឡូវ​នេះ រដ្ឋាភិបាល​ហាក់​រក្សា​ស្ថានភាព​ឲ្យ​នៅ​ត្រជាក់​ដូច​ករណី​មុនៗ​ដែរ ហើយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បំភ្លេច​ចោល។ ប៉ុន្តែ​ក្នុង​ករណី​នេះ ខ្ញុំ​មើល​ទៅ​សន្ទុះ​ពលរដ្ឋ​មើល​ទៅ​មិន​ព្រម​ឲ្យ​ត្រជាក់​ទេ»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក ទី រិន បញ្ជាក់​ថា សំណុំ​រឿង​នេះ លោក សេង លាង ដែល​ជា​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី​ស៊ើប​អង្កេត​នៅ​ឡើយ ដោយ​ពុំ​ទាន់​បាន​កំណត់​ពេល​ជំនុំ​ជម្រះ​ទេ។

យ៉ាង​ណា​ក៏ដោយ ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី យល់​ឃើញ​ថា ឃាតកម្ម​នេះ គឺ​ពុំ​មែន​មាន​តែ​ឃាតក​ឈ្មោះ ជួប សម្លាប់ ម្នាក់​ទេ​ដែល​ជា​អ្នក​ប្រព្រឹត្តិ។ អំពើ​បាញ់​ប្រហារ​នេះ អាច​នៅ​មាន​អ្នក​សម​គំនិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​ជាច្រើន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ចំពោះការរកយុត្តិធ៌មជូនលោកបណ្ឌិត កែម ឡី នោះ គឺមិនសង្ឃឹមបានយុត្តិធ៌មឡើយពីតុលាការ និងក្រសួងមហាផ្ទៃដែលជាអាយ៉ងនោះ។ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលខ្មែរបច្ចុប្បន្ននេះ យុត្តិធ៌មគ្មានឡើយ ចំពោះអ្នកស្នេហាជាតិ អ្នកក្រីក្រ និងជនស្លូតត្រង់។

Nov 08, 2016 11:22 PM

ហានិភ័យ

ពី តាកែវ

ក្រោយពីការធ្វើឃាតលោកកែមឡីហើយ ពួកគេមិនគ្រាន់តែមិនចង់រកយុត្តិធម៌ទេ គេថែមទាំងបញ្ចេញសាច់ដុំសំឡុតប្រជាពលរដ្ឋទៀតផង តាមរយៈមេទ័ពមេផ្កាយពីរបីនាក់ដែលលុតក្រាបក្រុមគ្រួសារឃាតករ។

Nov 08, 2016 08:18 PM

គេហទំព័រ​ទាំងមូល