ព្រះរាជអាជ្ញា​ខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​លោក សៀ ភារម្យ ពី​បទ​ឆបោក

ដោយ ប្រាជ្ញ ចេវ
2016-11-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន (HRTF) លោក សៀ ភារម្យ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។
នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន (HRTF) លោក សៀ ភារម្យ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​ម្នាក់​ដែល​តែងតែ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​លំនៅឋាន គឺ​លោក សៀ ភារម្យ ត្រូវ​បាន​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ទាក់ទង​បទ​ចោទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ឆបោក​ក្នុង​សំណុំ​រឿង​ដី​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ស្ពឺ។

ចំណែក​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ដែល​រង​ការ​ចោទ​ប្រកាន់​នេះ បដិសេធ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​លើក​ឡើង​ទេ ហើយ​លោក​នឹង​តតាំង​តាម​ផ្លូវ​ច្បាប់​ដោយ​មិន​រត់​គេច​ខ្លួន​ឡើយ។ លោក​បញ្ជាក់​ថា លោក​បាន​ទទួល​ដីកា​នេះ​ជាង​មួយ​សប្ដាហ៍​ហើយ។

ដីកា​ចុះ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា របស់​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​ថា លោក សៀ ភារម្យ បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​នៅ​ភូមិ​ក្របីត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០០៩ រហូត​មក​ដល់​ឆ្នាំ​២០១៦។ អ្នក​ប្ដឹង​លោក សៀ ភារម្យ ឈ្មោះ នួន ផល្លី។

ដើម​បណ្ដឹង​ឈ្មោះ នួន ផល្លី រូប​នេះ​ចោទ​ប្រកាន់​ថា មនុស្ស​ពីរ​នាក់ ម្នាក់​ឈ្មោះ ខឹម សុខឃឹម ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ និង​ម្នាក់​ទៀត​គឺ​លោក សៀ ភារម្យ ថា​បាន​រួម​គ្នា​ប្រើប្រាស់​ឯកសារ​ក្លែង​ទាក់ទង​ដី​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ។

លោក សៀ ភារម្យ ថ្លែង​បញ្ជាក់​ថា រឿង​ដីធ្លី​នេះ​ជា​ការ​មួលបង្កាច់​លើ​រូប​លោក​ទាំង​ស្រុង។ លោក​ថា​ដី​មួយ​ដុំ​នេះ​ជា​ដី​ដែល​អ៊ំ​ស្រី​របស់​លោក​ឈ្មោះ ខឹម សុខឃឹម បាន​ធ្វើ​អំណោយ​ដល់​លោក ហើយ​សុរិយោដី​បាន​ផ្ទេរ​កម្មសិទ្ធិ​មក​លោក​ជា​ផ្លូវ​ការ​ហើយ​ដែរ​តាំង​ពី​ឆ្នាំ​២០០៤ មក​ម៉្លេះ ប៉ុន្តែ​នៅ​ពេល​នោះ ឈ្មោះ នួន ផល្លី មិន​បាន​ប្ដឹង​តវ៉ា​ទេ។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​អ៊ំ​ស្រី​របស់​លោក គឺ​លោកស្រី ខឹម សុខឃឹម ទទួល​មរណភាព​បាត់​ទៅ ទើប​ឈ្មោះ នួន ផល្លី ប្ដឹង​លោក​អំពី​រឿង​នោះ​តែ​ម្តង៖ «អត់​បាន​ពាក់ព័ន្ធ​អី​រឿង​គាត់​រក​ស៊ី​ពី​មុន​មក​យ៉ាង​ម៉េចៗ យើង​អត់​ដឹង។ ខ្ញុំ​គិត​ថា គាត់​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ដោយសារ​ដូច​ជា​ដើម​ឆ្នាំ​២០១៦ គាត់​ទូរស័ព្ទ​មក​គ្រួសារ​ខ្ញុំ សុំ​ចរចា​ដី​ហ្នឹង​ឡើង​វិញ​ដែរ ហើយ​ដោយសារ​តែ​មាន​អ្នក​នៅ​ពី​ក្រោយ​ហ្នឹង​គេ​មាន​លុយ ឲ្យ​តម្លៃ​មួយ​ដែល​ខាង​បង​ប្អូន​ខ្ញុំ​អី​គេ​អត់​ព្រម អ៊ីចឹង​គេ​ចាប់​ផ្ដើម​ខឹង ហើយ​ប្ដឹង​ខ្ញុំ​ទៅ​តុលាការ»

ទោះ​យ៉ាង​ណា​ក្តី លោក សៀ ភារម្យ ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​លើ​រឿង​នេះ ខណៈ​លោក​ឃើញ​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់។ លោក​ថា​ពេល​លោក​បាន​ទទួល​ដីកា​នេះ មាន​មិត្តភ័ក្ដិ​សង្គម​ស៊ីវិល​ខ្លះ​ផ្តល់​គំនិត​ឲ្យ​លោក​រត់​គេច​ខ្លួន​សិន​ទៅ ប៉ុន្តែ​លោក​មិន​រត់​ទេ ព្រោះ​លោក​យល់​ថា បើ​លោក​រត់​គេច​ខ្លួន មាន​ន័យ​ថា​លោក​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល